ប្រទេសវៀតណាមបានប្រកាសពីការបិទសកម្មភាពទូទាំងប្រទេសដើម្បីប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយបានបញ្ជាពលរដ្ឋរបស់ខ្លួនជិត ១០០ លាននាក់ មិនឲ្យចាកចេញពីគេហដ្ឋាន លើកលែងតែក្នុងករណីត្រូវការទិញស្បៀងអាហារនិងទៅពេទ្យ។ នេះជាវិធានការតឹងរ៉ឹងបំផុតដែលវៀតណាមបានធ្វើក្រោយពីប្រទេសនេះទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតដំបូងៗនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc (ង្វៀន ស៊ួនហ្វុក) បានចុះហត្ថលេខាលើបទបញ្ជានេះ កាលពីថ្ងៃអង្គារ ដែលតម្រូវឲ្យមនុស្សគ្រប់គ្នានៅផ្ទះរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃពុធទី ១ ខែមេសាតទៅ។ វិធានការនេះរួមមានការបិទអាជីវកម្មស្ទើរតែទាំងអស់ លើកលែងតែអាជីវកម្មដែលគេចាត់ទុកថាចាំបាច់បំផុត។
ការបិទនេះធ្វើឡើងចំពេលដែលអ្នកវិនិយោគបរទេសជាច្រើនកំពុងផ្លាស់ទីតាំងសង្វាក់ផលិតកម្មរបស់ខ្លួនពីប្រទេសចិនមកប្រទេសវៀតណាម ដែលមួយផ្នែកដោយសារពួកគេត្រូវបង្ខំបិទអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់តាមគេហទំព័រផ្លូវការរបស់ខ្លួនថា ខ្លួននឹងបន្តអនុវត្តវិធានការនេះ «ដោយផ្អែកលើគោលការណ៍ថាគ្រប់គ្រួសារ ភូមិ ឃុំ ស្រុក និងខេត្តនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក»។
ការប្រកាសរបស់រដ្ឋាភិបាលនេះត្រូវបានផ្សាយតាមឧគ្ឃោសនស័ព្ទតាមផ្លូវសាធារណៈនៅរដ្ឋធានីហាណូយ ស្របពេលដែលប្រជាពលរដ្ឋប្រញាប់ប្រញាល់ចេញទៅទិញឥវ៉ាន់កាលពីថ្ងៃអង្គារមុននឹងលែងចេញពីផ្ទះ។
នៅមុនការប្រកាសនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានទទួលការកោតសរសើរពីអន្តរជាតិចំពោះជោគជ័យរបស់ខ្លួនក្នុងការឆ្លើយតបនឹងការរាតត្បាតនៃមេរោគកូរ៉ូណានេះ ដោយអាជ្ញាធរវៀតណាមបានចាត់វិធានការភ្លាមៗក្នុងការដាក់អ្នកជំងឺកូវីដ១៩ឲ្យនៅដាច់ដោយឡែកពីគេ និងស្វែងរកជនទាំងឡាយណាដែលបានទាក់ទងជាមួយអ្នកឆ្លងមេរោគនោះ។
ទោះបីប្រទេសវៀតណាមជាប្រទេសកំពុងអភិវឌ្ឍដែលមានធនធានតិចក្ដី ក៏វៀតណាមបានគ្រប់គ្រង់ដោយជោគជ័យនៃការរាតត្បាតដំណាក់កាលទីមួយនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះកាលពីខែមករា។ ក៏ប៉ុន្តែការផ្ទុះរាលដាលដំណាក់កាលទី ២ នៃជំងឺកូវីដ១៩ នេះ បាននាំឲ្យចំនួនឆ្លងកើនឡើងដល់ ២០៤ ករណីគិតត្រឹមថ្ងៃច័ន្ទ (៣០ មីនា) ដោយមិនទាន់មានការរាយការណ៍អំពីការស្លាប់នៅឡើយទេ។
ការចេញបញ្ជារបស់រដ្ឋាភិបាលវៀតណាមនេះ កើតមានឡើងក្រោយពីមានមនុស្សជាច្រើនដែលជាប់ទាក់ទងនឹងមន្ទីរពេទ្យដ៏ធំបំផុតមួយរបស់វៀតណាម គឺមន្ទីរពេទ្យ Bach Mai នៅក្នុងទីក្រុងហាណូយ បានធ្វើតេស្តឃើញមានឆ្លងមេរោគជំងឺកូវីដ១៩។ ក្រុមអាជ្ញាធរកំពុងតាមរកមកមនុស្សពាក់ព័ន្ធទាំងអស់ចំនួនជាង ១០.០០០ នាក់ដែលបានស្ថិតនៅមន្ទីរពេទ្យនេះតាំងពីថ្ងៃទី ១២ ខែមីនាមក និងណែនាំពួកគេឲ្យធ្វើតេស្តពិនិត្យរកមេរោគនេះ។
ពលរដ្ឋទាំងអស់ត្រូវបានគេបញ្ជាឲ្យនៅគម្លាតពីគ្នាចម្ងាយ ២ ម៉ែត្រនៅពេលពួកគេចេញក្រៅ និងហាមមិនឲ្យមានការជួបប្រជុំគ្នាលើសពី ២ នាក់ លើកលែងតែនៅសាលារៀន មន្ទីរពេទ្យ និងតាមកន្លែងអាជីវកម្មណាដែលគេអនុញ្ញាតឲ្យនៅបើកដំណើរការតែប៉ុណ្ណោះ។
វៀតណាមបានភ្ជាប់ការផ្ទុះរាតត្បាតជំងឺកូវីដ១៩ដំណាក់កាលទី ២ នេះ ភាគច្រើនទៅជនបរទេសដែលបានចូលក្នុងប្រទេសវៀតណាម ក្រោយពីប្រទេសនេះហាក់បានទប់ស្កាត់ដោយជោគជ័យនូវការរាតត្បាតដំណាក់កាលទី ១ នៃជំងឺនេះ៕
ប្រែសម្រួលដោយ សឹង សុផាត