វ៉ាស៊ីនតោន៖ អ្នកវិភាគឯករាជ្យក្នុងប្រទេសកម្ពុជាព្រមានថា ភាពអយុត្តិធម៌ដែលបង្កើតដោយតុលាការគឺជាមូលហេតុនាំឲ្យអន្តរាយដល់ឯកភាពជាតិនិងបង្កឲ្យមានសង្គ្រាម ការបំផ្លិចបំផ្លាញដូចសម័យខ្មែរក្រហម។ នេះជាការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។
លោក ឡៅ ម៉ុងហៃ បានអះអាងថា នៅពេលពលរដ្ឋពឹងពាក់តុលាការជាស្ថាប័ន រដ្ឋមិនបាន តុលាការស្ថិតនៅក្រោមអំណាចអ្នកមានអំណាច និងអ្នកមានលុយ អំពើអយុត្តិធម៌កើតឡើងចំពោះតែអ្នកទន់ខ្សោយ ពលរដ្ឋសាមញ្ញ តែអ្នកមាន អំណាចចេះតែរួចខ្លួន ពេលនោះហើយសង្គមនេះងាយនឹងត្រូវគេបំបែកដូច សម័យខ្មែរក្រហមជាឧទាហរណ៍ស្រាប់។
លោកថ្លែងយ៉ាងដូច្នេះ ដោយយោលថាមានការកាត់ទោសមិនយុត្តិធម៌ គឺរួមទាំង សំណុំរឿងលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំពីបទអបគមន៍ សំណុំរឿង ប៊ន សំណាង និង សុក សំអឿនដែលត្រូវគេចាត់ទុកថាជាឃាតករ សិប្បនិម្មិតនៃឃាតកម្មលើមេដឹកនាំកម្មករដ៏ល្បីល្បាញគឺ លោក ជា វិជ្ជា កាលពី ឆ្នាំ២០០៤ ការកាត់ទោសអ្នកស្រី យ៉ោម បុប្ផា អ្នកភូមិបឹងកក់ដែលតវ៉ារឿងដីធ្លី របស់គាត់។ ការកាត់ទោសសំណុំរឿងលោក ឈុត វុទ្ធី ជាអ្នកអភិរក្សខាងព្រៃឈើដ៏កម្រម្នាក់ដែលត្រូវគេបាញ់សម្លាប់ក៏មិនត្រូវបានផ្តល់យុត្តិធម៌និងសំណុំរឿងផ្សេងៗទៀតក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ តែដោយឡែកតុលាការខេត្តស្វាយរៀងបានទម្លាក់បទចោទរឿង លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ខេត្តស្វាយរៀង ពីបទបាញ់កម្មករទៅវិញ៕