ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​រងគ្រោះ​ដោយ​លោក​ឈូក បណ្ឌិត​បាញ់​បន្ត​ស្រែកទាម​ទារ​រក​យុត្តិធម៌​


សំណុំ​រឿង​បាញ់​កម្មករ​ឱ្យ​រង​របួស​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ ឆ្នាំ​
សំណុំ​រឿង​បាញ់​កម្មករ​ឱ្យ​រង​របួស​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ ឆ្នាំ​
ភ្នំពេញ៖ អ្នកស្រី ​នុត សាខន​គឺ​ជា​ជនរងគ្រោះ​មួយ​រូប​ក្នុង​ចំណោម​ជន​រងគ្រោះ​ចំនួន​បីរូប​ដែល​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ឱ្យ​រងរបួស​បាន​ឈរ​សម្រក់​ទឹក​ភ្នែក​យំអួល​ដើម​ក​ក្នុង​កណ្តាល​ហ្វូង​មនុស្ស​ជាច្រើន​រាប់​ពាន់​នាក់​ដែល​ធ្វើ​ឱ្យអ្នកចូល​រួម​ខ្លះ​ដោយ​រាប់​បញ្ចូល​ទាំង​ជនបរទេស​បាន​រំជួល​ចិត្តគ្រប់​គ្រប់​គ្នា។​

ពិធី​ដោយ​មិន​បានព្រៀង​ទុកនេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃច័ន្ទ​នៅទីលាន​ប្រជាធិបតេយ្យ​ក្នុង​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ការទូត​បាន​ចូល​រួម​ប្រារព្ធ​ខួប​លើក​ទី​៦៤​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។​
អ្នក​ស្រី​នុត សាខន​និយាយ​មិន​រួច​ក្រៅពី​ស្នើសុំ​ឱ្យតុលាការ​ស្វែងរក​យុត្តិធម៌​ពាក់​ព័ន្ធ​នឹង​ករណី​លោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ដែល​បាន​បាញ់​កម្មករ​ចំនួន​បី​នាក់​ឱ្យរង​របួស។​

លោកស្រី​នុត សាខន​បាន​បញ្ជាក់​ថា៖
«ត្រូវ​បាន​លោក​ឈូក បណ្ឌិត​បាញ់​មកលើ​ពួក​ខ្ញុំ​ទាំង​បី​នាក់។​ឥឡូវ​នេះ​លោក​ឈូក​ បណ្ឌិត​នៅ​មាន​សេរីភាព​ដើរ​ហ៊ឺហារ​នៅឡើយ។ ជាចុងក្រោយ​នេះ​សុំឱ្យរដ្ឋាភិបាល​រក​យុត្តិធម៌​ឱ្យខ្ញុំ​ផង»។​

កាល​ពី​ខែ​កុម្ភៈ​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី​របស់​លោក​បាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ទៅ​លើ​ក្រុម​កម្មករ​រោង​ចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ក្នុង​ខណៈ​ពេល​ដែល​មាន​ បាតុកម្ម​ដ៏​រំជើប​រំជួល​មួយ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ។នេះបើ​តាម​ការ​បញ្ជាក់​ពី​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។​

យ៉ាង​តិច​មាន​កម្មការិនី​ចំនួន​បីនាក់​គឺ​កញ្ញា​ កែវ នា ​អ្នកស្រី​ប៊ុន ចិន្តា​និង​អ្នកស្រី​នុត សាខន​បាន​ទទួល​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​តវ៉ា​នោះ។​

លោក​ឈូក បណ្ឌិត​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា​ជា​ជន​ដៃ​ដល់​ដែល​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន ​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​តែ​ប៉ុណ្ណោះ។​

សំណុំ​រឿង​បាញ់​កម្មករ​ឱ្យ​រង​របួស​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ ឆ្នាំ​តែ​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​ដ៏​យឺតយ៉ាវ​របស់​ខ្លួន​នៅ​ឡើយ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។​

កញ្ញា​កែវ នា​ អាយុ១៩​ឆ្នាំ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​បានធ្វើ​ឱ្យ​ពួកគេ​ចងចាំ​មិន​ភ្លេច​ក៏ប៉ុន្តែ​អ្វីដែល​ពួកគេ​រឹត​តែ​ឈឺចាប់​នោះ​គឺ​យុត្តិធម៌​នៅ​មិនទាន់​បាន​ទទួល​ទេ​ដោយ​សារ​តែ​លោក​ឈូក បណ្ឌិត​មិន​ទាន់​ត្រូវបាន​ផ្តន្ទាទោស។​

កញ្ញា​បាន​បញ្ជាក់​ថា​ពួកគេ​ប្រាថ្នា​ចង់​ឱ្យរដ្ឋាភិបាល​រក​យុត្តិ​ធម៌​ចំពោះ​ជនរងគ្រោះ​ដែល​រង​របួស​ក្រោយ​ពី​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នោះ។​

«ពីព្រោះ​គេ​អ្នក​បាញ់​ខ្ញុំហ្នឹង​គេនៅ​តែដដែល​ គេនៅ​តែអ្នក​ធំដដែល​ គេនៅជិះ​ឡាន​ហូរហែរ​ដដែល ក៏ប៉ុន្តែ​ពួក​ខ្ញុំ​វិញ​ឈឺចាប់​ណាស់។ ​ខ្ញុំ​គិតថា​ប្រសិន​បើ​គេមិន​រក​យុត្តិធម៌​ឱ្យខ្ញុំ​គឺ​ខ្ញុំ​ចប់​ហើយ​បង​ពីព្រោះ​ខ្ញុំ​ជា​កម្មករ​តូចតាច​មិន​អាច​ប្រៀប​ធៀប​ជាមួយ​អ្នក​ធំបាន​ទេ»។​

លោក ជិន លីដា​មេធាវី​ការពារក្តី​ជនរងគ្រោះ​បាន​និយាយ​ថា​លោក​មិន​ទាន់​ទទួល​ដីការ​កោះ​ពី​តុលាការ​ថា​នឹង​បើក​សវនាការ​នៅពេល​ណា​ទេ។​

«ខ្ញុំ​អត់ទាន់​ដឹង​សវនាការ​នៅថ្ងៃ​ណា​ទេ។​ពីព្រោះ​អីរឿង​ហ្នឹង​នៅ​ចៅក្រម​ស៊ើបតែ​ចៅក្រម​ស៊ើប​គេ​បញ្ចប់​ការស៊ើបសួរ​យក​ទៅ​ជម្រះ​យ៉ាង​ម៉េច​ក៏​ខ្ញុំ​អត់​បាន​ដឹង​ដែរ»។​

លោក​ ឈូក ​បណ្ឌិត ​អភិបាល​ក្រុង​បាវិត​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ កន្លង​មក​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា​ អាជ្ញាធរ​មិន​ហ៊ាន​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ផ្តន្ទាទោស​ភ្លាម​ៗ​ទេ​ ដោយសារ​តែ​ខ្លាច​អំណាច​ក្រុម​បក្ខ​ពួក​និយម ​និង​មាន​មន្រ្តី​ធំ​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ជួយ​ការពារ​លោក ​ឈូក បណ្ឌិត។
លោក ព្រះរាជ​អាជ្ញា​ហ៊ីង ប៊ុនជា ​និង​លោកប៉ិច ឈឿត​ប្រធាន​តុលាការ​និង​ជាចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្វាយ​រៀង​នៅ​ក្នុង​សំណុំរឿង​បាញ់​កម្មករ​នេះ​មិន​អាច​ស្នើសុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ៕
XS
SM
MD
LG