ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកបានធ្វើឡើងកាលពីថ្ងៃទី៨ខែវិច្ឆិកាហើយលទ្ធផលគឺលោកមហាសេដ្ឋីដូណាល់ ត្រាំដែលមកពីគណបក្សសាធារណរដ្ឋជាអ្នកទទួលបានជ័យជម្នះ។
ក្នុងថ្ងៃបោះឆ្នោតនៅមណ្ឌលមួយចំនួននៅក្នុងក្នុង Fairfax រដ្ឋ Virginia បង្ហាញពីការខិតខំប្រឹងប្រែងរបស់សកម្មជនគណបក្សនិងរបស់មន្ត្រីបោះឆ្នោតក្នុងការធានាឱ្យលទ្ធផលនេះមានលក្ខណៈសុក្រិត។
ការឃោសនានៅសហរដ្ឋអាមេរិកធ្វើឡើងរហូតដល់ថ្ងៃបោះឆ្នោតហើយស្ថានីយ៍បោះឆ្នោតនៅរដ្ឋVirginia នេះបើកនៅម៉ោង៦ព្រឹកទទួលអ្នកបោះឆ្នោតរហូតដល់ម៉ោង៧យប់មុននឹងបិទបញ្ចប់។
លោកស្រីខារ៉ូល មឺរិក ប្រធានក្រុមគណបក្សប្រជាធិបតេយ្យប្រចាំមណ្ឌលលីនប្រ៊ូកបាននាំក្រុមអ្នកស្ម័គ្រចិត្តមកដល់កន្លែងបោះឆ្នោតនៅសាលាបឋមសិក្សាលីនប្រ៊ូកនេះតាំងពីមុនពេលស្ថានីយ៍បើកទ្វារ៖
«ខ្ញុំរៀបចំក្រុមអ្នកស្ម័គ្រចិត្តហើយអ្វីដែលយើងធ្វើគឺស្វាគមន៍អ្នកបោះឆ្នោតនៅពេលដែលពួកគេចូលមកហើយផ្តល់សន្លឹកឆ្នោតគំរូរបស់គណបក្សប្រជាធិបតេយ្យដើម្បី ឱ្យពួកគេដឹងថាអ្នកណាជាបេក្ខជនរបស់យើងនិងជំហររបស់យើងលើបញ្ហាដែលនៅលើសន្លឹកឆ្នោត»។
បន្ថែមលើការទាក់ទាញឱ្យពលរដ្ឋបោះឆ្នោតជូនលោកស្រីហ៊ីលឡារី គ្លីនតុន លោកស្រីមឺរិកយល់ថាបញ្ហានៅថ្នាក់មូលដ្ឋានក៏សំខាន់ដែរដែលទាមទារការយល់គាំទ្ររបស់អ្នកបោះឆ្នោតដូចជាការបង្កើនពន្ធលើអាហារជាដើម៖
«ខ្ញុំគិតថាបញ្ហាដ៏ធំមួយគឺមូលនិធិគាំទ្រដល់សាលារៀន។ ខ្ញុំគិតថាសាលារៀនត្រូវការលុយថែមទៀតដើម្បីកាត់បន្ថយកុំឱ្យសិស្សច្រើនពេកក្នុងមួយថ្នាក់ៗនិងដើម្បីបង្កើនប្រាក់ខែសម្រាប់គ្រូបង្រៀនដូច្នេះពន្ធលើអាហារនេះនឹងបង្កើនថវិកាបាន៧០លានដុល្លារដែលនឹងជួយដល់ផ្តល់ថវិកាដល់សាលារៀន»។
អ្នកស្ម័គ្រចិត្តនៃគណបក្សទាំងពីរនៅមណ្ឌលបោះឆ្នោតក្នុងសាលាវិទ្យាល័យមួយនេះក៏ខិតខំនៅនាទីចុងក្រោយឱ្យអ្នកបោះឆ្នោតប្តូរចិត្តផងដែរប៉ុន្តែពួកគេត្រូវធ្វើការងារនេះនៅចម្ងាយយ៉ាងតិចបំផុត១២ម៉ែត្រពីកន្លែងបោះឆ្នោត។ នេះជាច្បាប់កំណត់នៅក្នុងរដ្ឋ Virginia។
លោកប៉ូល អាន់ដឺសុន ប្រធានមណ្ឌលបោះឆ្នោតRavenswood ក្នុងក្រុង Falls Church ជាអ្នកធានាថាច្បាប់បោះឆ្នោតត្រូវបានគោរពតាមនិងផ្តល់ជំនួយដល់អ្នកបោះឆ្នោត៖
«ប្រសិនបើពួកគេត្រូវការជំនួយក្នុងពេលបោះឆ្នោតហើយពួកគេមានអ្នកណាម្នាក់ដែលអាចជួយគេបានគឺយើងមានពាក្យស្នើសុំមួយដែលពួកគេអាចបំពេញសុំឱ្យគេជួយបាន។ យើងក៏អនុញ្ញាតឱ្យអ្នកដែលមិនអាចចូលទៅក្នុងស្ថានីយ៍បោះឆ្នោតមកបោះនៅខាងក្រៅបានប្រសិនបើពួកគាត់ចាស់និងមានបញ្ហាសុខភាពរាងកាយប៉ុន្តែយើងក៏មានស្លាកសញ្ញាជាច្រើននៅខាងក្នុងពន្យល់ពីរបៀបបោះឆ្នោតដែរ។ យើងមានមនុស្សដែលអាចណែនាំអ្នកបោះឆ្នោតពីរបៀបគូសលើសន្លឹកឆ្នោតដោយមិនមើលសន្លឹកឆ្នោតរបស់អ្នកទេ»។
ក្នុងយុទ្ធនាការបោះឆ្នោតមានបេក្ខជនខ្លះចោទថាការបោះឆ្នោតមានការបន្លំប៉ុន្តែលោកប៉ូល អាន់ដឺសុន មិនគិតថាអីចឹងទេ៖
«ពិតជាមិនកើតមាននៅទីនេះទេ។ ខ្ញុំមិនគិតថាការបោះឆ្នោតនេះមានការបន្លំទាល់តែសោះ។ យើងមានតំណាងដែលមកពីគណបក្សផ្សេងៗគ្នាតាមដានមើលអ្វីៗដែលយើងធ្វើក្នុងពេលបើកនិងបិទម៉ាស៊ីននិងសរុបលទ្ធផល។ តំណាងមកពីគណបក្សទាំងពីរត្រូវតែចូលរួម។ ហើយពួកគេត្រូវតែចុះហត្ថលេខាទទួលស្គាល់ថាពួកគេឃើញថាវាត្រឹមត្រូវ។ ដូច្នេះមានការផ្ទៀងផ្ទាត់ជាច្រើនផងដែរ។ វាជាការលំបាកក្នុងការកែប្រែលទ្ធផលដោយមិនមានអ្នកណាម្នាក់មើលឃើញហើយលទ្ធផលនោះ ក៏នឹងត្រូវផ្ទៀងផ្ទាត់ឡើងវិញពេញមួយសប្តាហ៍ពេលវាទៅដល់សាលាក្រុង។ ដូច្នេះគ្មានអ្វីជាការសង្ស័យទេថាការបោះឆ្នោតនេះគឺពិតជាត្រឹមត្រូវ»។
លើសពីនេះអ្នកបោះឆ្នោតមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសបេក្ខជនដែលគេពេញចិត្តដោយមិនមានការបង្ខិតបង្ខំទេ។
លោកលឹម រតនា ពលរដ្ឋរស់នៅតំបន់Falls Church រដ្ឋVirginia ក៏តែងតែផ្លាស់ប្តូរការគាំទ្ររបស់លោកតាមការពេញចិត្តផងដែរ។
«ក្នុងការបោះឆ្នោតរបស់ខ្ញុំមានការផ្លាស់ប្តូរជារៀងរាល់លើកមិនអាចថាយើងមិនជ្រើសរើសយកតែគណបក្សហ្នឹងមួយដែលស្រឡាញ់ហ្នឹងឈរឈ្មោះមួយជីវិតអីចឹងទេ។ យើងត្រូវផ្លាស់ប្តូរមើលថាលក្ខណៈដឹកនាំឬយោបល់របស់អ្នកនេះអ្នកនោះផ្សេងដើម្បីមានការដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងឡើងវិញ»។
សម្រាប់ការបោះឆ្នោតលើកនេះ លោកលឹម រតនាបានបោះឆ្នោតជូនលោកស្រីគ្លីនតុនដែលមកពីគណបក្សប្រជាធិបតេយ្យ។
«អ្នកទាំងពីរក្នុងគោលបំណងរបស់ខ្ញុំហ្នឹងខ្ញុំជ្រើសរើសយកហ៊ីលឡារី គ្លីនតុនព្រោះគាត់ជាមនុស្សម្នាក់ដែលថាមើលទៅអាចមានសមត្ថភាពក្នុងការដឹកនាំប្រទេសដែលខ្ញុំចង់បានហ្នឹងគឺគាត់មានទំនាក់ទំនងក្នុងនិងក្រៅប្រទេសបានល្អហើយអ្វីមួយទៀតអាចបញ្ជាក់ថាគាត់និយាយអ្វីក៏ដោយមានហេតុផលច្បាស់លាស់ត្រឹមត្រូវ។ ចំពោះដូណាល់ត្រាំខ្ញុំស្តាប់ទៅយោបល់គាត់មិនជាអ្វីទេគាត់មិនជាអ្នកនយោបាយចំតួគាត់ជាអ្នកជំនួញគ្រាន់តែគាត់និយាយទៅ មានការមិនពេញចិត្តរបស់ខ្ញុំ។ អ្នកដទៃទៀតខ្ញុំមិនដឹងទេ»។
ទីក្រុង Fairfax ក្នុងរដ្ឋVirginia មានអត្រាអ្នកចេញមកបោះឆ្នោតច្រើនរហូតដល់ចន្លោះពី៧០ទៅ៨០ភាគរយដែលខ្ពស់ជាងអត្រាថ្នាក់ជាតិដែលមានតែជាង៥០ភាគរយតែប៉ុណ្ណោះ។
នៅក្នុងរដ្ឋVirginia នេះលោកស្រីហ៊ីលឡារីគ្លីនតុនជាអ្នកមានជ័យជម្នះលើលោកដូណាល់ ត្រាំបើទោះបីជាលទ្ធផលនៅទូទាំងប្រទេសលោកដូណាល់ត្រាំជាអ្នកឈ្នះក៏ដោយ៕