នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយក្នុងតំបន់របស់អាមេរិក នៅពេលដែលបេក្ខជនខ្មែរអាមេរិកាំងពីរនាក់កំពុងតែប្រកួតប្រជែងគ្នា ដើម្បីទទួលជ័យជន្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨ Middlesex រដ្ឋម៉ាសាឈូសេត។
នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ លោក មុំ រ៉ាឌី ដែលបច្ចុប្បន្នគឺជាតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨ Middlesex និងជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ នឹងប្រឈមនឹងការប្រកួតប្រជែងពីលោក កៃ កាម៉ារ៉ា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតំណាងឲ្យសង្កាត់ទី១៨ សម្រាប់អាណត្តិថ្មី២០១៧ ដល់ឆ្នាំ២០១៨។
សព្វថ្ងៃនេះ បេក្ខជនទាំងពីរ ដែលជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរ កំពុងតែស្វះស្វែងបន្តយុទ្ធនាការឃោសនារបស់ខ្លួន មុនថ្ងៃបោះឆ្នោតទូទាំងរដ្ឋឈានមកដល់ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ខាងមុខនេះ។
លោក មុំ រ៉ាឌី និងលោក កៃ កាម៉ារ៉ា បានឆ្លងកាត់ដំណើរជីវិតស្រដៀងគ្នា ដោយសារបេក្ខជនទាំងពីរគឺជាអ្នកដែលរួចរស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបានភៀសខ្លួនមករស់នៅជំរុំជនភៀសខ្លួនខាវអ៊ីដាង នៅប្រទេសថៃ កាលពីដើមទសវត្សរ៍១៩៨០ ហើយបានទទួលសិទ្ធិមករស់នៅសហរដ្ឋអាមេរិក និងក្លាយជាពលរដ្ឋអាមេរិកាំងពេញសិទ្ធិកាលពីដើមទសវត្សរ៍១៩៩០។
បន្ថែមលើនេះ បេក្ខជនខ្មែរអាមេរិកាំងទាំងពីររូបនេះធ្វើយុទ្ធនាការបោះឆ្នោតដោយផ្តោតលើបញ្ហាជាច្រើនស្រដៀងគ្នា ដូចជាការពង្រឹងវិស័យអប់រំ ពង្រីកឱកាសការងារ និងបង្កើនកំណើនសេដ្ឋកិច្ច និងការរក្សាសន្តិសុខក្នុងសង្កាត់ទី១៨ ក៏ដូចជាទីក្រុងឡូវែលទាំងមូល។ ក៏ប៉ុន្តែ លោកទាំងពីរមានគោលនយោបាយខុសគ្នា ក្នុងការដោះស្រាយបញ្ហាខាងលើនេះ។
គោលការណ៍នយោបាយ
នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោក មុំ រ៉ាឌី បានឲ្យដឹងថា អាទិភាពទីមួយរបស់លោកគឺបង្កើតច្បាប់ផ្តន្ទាទោសជនដៃដល់ដែលបើកយានយន្ត ហើយបាញ់កាំភ្លើងសំដៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋសាមញ្ញ ហើយគេចខ្លួនបាត់ ដែលឧក្រិដ្ឋកម្មនេះត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Drive-by Shooting។
«នៅតាមទីក្រុងជាច្រើននៅរដ្ឋម៉ាសាឈូសេត យើងកំពុងប្រឈមនឹងបញ្ហាបាញ់កាំភ្លើងហើយបើករថយន្តគេចខ្លួនបាត់នេះ»។
ការបង្កអំពើហិង្សាដោយក្រុមជនពាលគឺជាបញ្ហាសន្តិសុខដ៏សំខាន់មួយ នៅក្នុងសង្កាត់ទី១៨នេះ ដែលមួយផ្នែកធំស្ថិតនៅទីក្រុងឡូវែល ដែលនៅទីនេះមានពលរដ្ឋខ្មែរច្រើនបំផុតទីពីររស់នៅ បន្ទាប់ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
លោក មុំ រ៉ាឌី បន្ថែមថា៖
«ហេតុដូច្នេះហើយ ខ្ញុំធ្វើការយ៉ាងជិតស្នីទជាមួយអគ្គស្នងការប៉ូលិស សមាជិកក្រុមប្រឹក្សាក្រុង ចៅហ្វាយក្រុង និងអ្នកចាត់ចែងការងារក្នុងក្រុង»។
លោក មុំ រ៉ាឌី បានបញ្ជាក់ថា សេចក្តីព្រៀងច្បាប់នេះត្រូវបានសភាតំណាងរាស្ត្រប្រចាំរដ្ឋម៉ាសាឈូសេតអនុម័តរួចរាល់ហើយ តែត្រូវរង់ចាំការពិនិត្យ និងសម្រេចដោយព្រឹទ្ធិសភាតំណាងរាស្ត្របន្ថែមទៀត។
បើទោះបីជាលោកទទួលស្គាល់ថា បញ្ហាសន្តិសុខសាធារណៈគឺជាកត្តាសំខាន់ក៏ដោយ ក៏លោក កៃ កាម៉ារ៉ា យល់ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក មុំ រ៉ាឌី លើសេចក្តីព្រៀងច្បាប់មួយនេះនឹងមិនមានប្រយោជន៍ដល់សាធារណៈជនណាស់ណាទេ ដោយសារតែទីក្រុងឡូវែលនេះមានវិធានការច្រើនណាស់ក្នុងការពង្រឹងសន្តិសុខសាធារណៈរបស់ពលរដ្ឋ។
លោក កៃ កាម៉ារ៉ា ឲ្យដឹងថា៖
«កិច្ចខិតខំប្រឹងប្រែងនេះគឺធ្វើឡើងនាំតែខាតពេលវេលាប៉ុណ្ណោះ ពីព្រោះថា សេចក្តីព្រៀងច្បាប់នេះអាចនឹងមិនទទួលបានលទ្ធផលអ្វីនោះទេ»។
យ៉ាងណាមិញ លោក កៃ កាម៉ារ៉ា បានប្រាប់ VOA ថា បើសិនជាលោកឈ្នះឆ្នោត បញ្ហាជាអាទិភាពដំបូងនៅក្នុងគោលការណ៍នយោបាយរបស់លោក គឺការធ្វើសេចក្តីព្រៀងច្បាប់ផ្តោតលើកំណែទម្រង់ដ៏ស៊ីជម្រៅមួយលើប្រព័ន្ធអប់រំនៅទីក្រុងឡូវែលនេះ។
«យើងចាំបាច់ត្រូវចេញច្បាប់កែទម្រង់ប្រព័ន្ធអប់រំដ៏ស៊ីជម្រៅមួយ ដើម្បីពង្រីកសាលារៀនឯករាជ្យដែលទទួលថវិកាឧបត្ថម្ភ និងការត្រួតពិនិត្យពីរដ្ឋាភិបាលក្នុងតំបន់ ដើម្បីផ្តល់ជម្រើសបន្ថែមដល់ឪពុកម្តាយថា តើប្រព័ន្ធអប់រំមួយណាដែលសមរម្យសម្រាប់កូនៗរបស់ពួកគេ»។
ប៉ុន្តែ លោកបានបញ្ជាក់ថា ការតាក់តែងច្បាប់នេះមិនមែនមានន័យថា លោកគាំទ្រឲ្យមានការលុបបំបាត់ចោលសាលារៀនរដ្ឋនោះទេ។
ទាក់ទងនឹងការតាក់តែងច្បាប់នេះ លោក មុំ រ៉ាឌី ដែលសព្វថ្ងៃក៏ជាសមាជិកគណៈកម្មការអប់រំប្រចាំសភាតំណាងរាស្ត្ររដ្ឋម្នាក់ដែរនោះ មិនយល់ស្របនឹងការពង្រីកសាលារៀនឯករាជ្យ ឬហៅថា Charter Schools នេះទេ ដោយសារបញ្ហាថវិកា។
លោក មុំ រ៉ាឌី បានឲ្យដឹងថា៖
«មូលហេតុតែមួយគត់របស់ខ្ញុំ គឺបញ្ហាថវិកា។ យើងមិនទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការផ្តល់ថវិកាឧបត្ថម្ភនៅឡើយទេ»។
ដោយឡែក ទាំងលោក មុំ រ៉ាឌី និងលោក កៃ កាម៉ារ៉ា ទទួលស្គាល់ថា កិច្ចការសំខាន់ដែលត្រូវធ្វើនោះគឺពង្រីកឱកាសការងារនៅក្នុងទីក្រុងឡូវែលនេះ។
លោក កៃ កាម៉ារ៉ា បានឲ្យដឹងថា៖
«មានជនអន្តោប្រវេសន៍ច្រើនណាស់រស់នៅទីក្រុងនេះ ដែលចង់ទទួលបានជោគជ័យ។ ដើម្បីឲ្យអ្នកទាំងអស់នេះទទួលបានជោគជ័យក្នុងការរស់នៅ យើងត្រូវតែផ្តល់ការបណ្តុះបណ្តាលដែលផ្តល់ជំនាញច្បាស់លាស់ ដើម្បីឲ្យពួកគេអាចស្វែងរកការងារដែលទទួលប្រាក់កម្រៃល្អប្រសើរជាងនេះ»។
ចំណែកឯលោក មុំ រ៉ាឌី វិញ លោកផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឲ្យបានរឹងមាំជាងនេះ ដើម្បីសម្រួលដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងបង្កើតការងារកាន់តែច្រើនទៀតទាំងនៅក្នុងទីក្រុង និងក្រៅទីក្រុងឡូវែលនេះ។
លោក មុំ រ៉ាឌី បានឲ្យដឹងថា៖
«មានក្រុមហ៊ុនច្រើនណាស់ ដែលបានដាក់ទីតាំងនៅក្នុងទីក្រុងឡូវែលនេះ ដែលខ្ញុំព្យាយាមតាក់តែងគោលនយោបាយដែលជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងបង្កើតការងារកាន់តែច្រើន»។
លោក មុំ រ៉ាឌី បានលើកឡើងពីគម្រោងបង្កើតសាលសវនាការបែបទំនើប ដែលទទួលបានទឹកប្រាក់២០០លានដុល្លារ និងការពង្រីកតំបន់សេដ្ឋកិច្ចនៅទីក្រុងឡូវែលមួយកន្លែង ដែលត្រូវបានគេស្គាល់ថាតំបន់ Cupples Square ថា ជាសមិទ្ធិផលពីការបំពេញតួនាទីជាតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨នេះ ដោយធ្វើការជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗ។
ក៏ប៉ុន្តែ លោក កៃ កាម៉ារ៉ា បានតិះទៀនសមិទ្ធិផលរបស់លោក មុំ រ៉ាឌី ដែលជាដៃគូប្រកួតប្រជែងមកពីគណបក្សប្រជាធិបតេយ្យថា មិនបានដើរតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍទាំងអស់នេះ ដូចដែលលោក មុំ រ៉ាឌី បានលើកឡើងនោះទេ។
លោក កៃ កាម៉ារ៉ា ឲ្យដឹងថា៖
«គាត់គ្រាន់តែភ្ជាប់ឈ្មោះគាត់ទៅនឹងកិច្ចការដែលត្រូវបានគេអនុវត្ត ហើយបានទទួលលទ្ធផលតែប៉ុណ្ណោះ»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា រដ្ឋម៉ាសាឈូសេតនេះគឺសម្បូរទៅដោយអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ។ ជាក់ស្តែង នៅក្នុងសភាតំណាងរាស្ត្រប្រចាំរដ្ឋម៉ាសាឈូសេតនាពេលបច្ចុប្បន្ននេះ ដែលមាន១៦០អាសនៈ សមាជិកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមានចំនួន១២៦នាក់ ហើយសមាជិកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋមានចំនួនត្រឹមតែ៣៤នាក់ប៉ុណ្ណោះ។
យោងតាមរដ្ឋធម្មនុញ្ញប្រចាំរដ្ឋម៉ាសាឈូសេត សមាជិកសភាតំណាងរាស្ត្រម្នាក់ឈរជាតំណាងឲ្យសង្កាត់មួយ ក្នុងអណត្តិដែលមានរយៈពេលពីរឆ្នាំ។ ក្នុងរយៈពេលមួយឆ្នាំពេញ សមាជិកសភាតំណាងរាស្ត្រទាំងអស់ជួបជុំគ្នា ពិភាក្សាតស៊ូមតិគ្នា ដើម្បីតាក់តែងច្បាប់ បង្កើតគម្រោងថវិកា និងចាត់ចែងការប្រើប្រាស់ថវិកា ក៏ដូចជាចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងការយកពន្ធក្នុងរដ្ឋផងដែរ។
ដោយសារតែសមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋមកពីគណបក្សប្រជាធិបតេយ្យមានចំនួនច្រើនលើសលុប លោក មុំ រ៉ាឌី បានលើកឡើងថា វាមិនមែនជាការងាយស្រួលនោះទេសម្រាប់លោក កៃ កាម៉ារ៉ា ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ក្នុងការសម្រេចបានកិច្ចការអ្វីមួយនៅសភា បើសិនជាលោកត្រូវបានជ្រើសតាំងឲ្យក្លាយជាតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨ សម្រាប់អណត្តិថ្មីនេះ។
លោក មុំ រ៉ាឌី បាននិយាយថា៖
«គិតមើល បើយើងមានតំណាងរាស្ត្រដែលមកពីគណបក្សសាធារណរដ្ឋ ព្យាយាមតាក់តែងច្បាប់នៅក្នុងសភា។ តំណាងរាស្ត្រនោះមិនមានឱកាសធ្វើអ្វីបានច្រើនទេ។ នេះគឺជាតថភាពជាក់ស្តែងនៅក្នុងសភា»។
លោក មុំ រ៉ាឌី បានលើកឡើងដូច្នេះ នៅក្នុងការជជែកដេញដោលមតិជាសាធារណៈមួយរវាងលោកដែលជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក កៃ កាម៉ារ៉ា មកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានរៀបចំឡើងដោយកាសែតក្នុងស្រុកឈ្មោះ Lowell Sun ដែលផ្សាយបន្តផ្ទាល់ជាសាធារណៈតាមទំព័រហ្វេសប៊ុក។
បើទោះបីជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលមិនសូវមានប្រជាប្រិយភាពនៅក្នុងរដ្ឋម៉ាសាឈូសេតនេះក្តី ក៏លោក កៃ កាម៉ារ៉ា បានសង្កត់ធ្ងន់ថា ការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់លោក គឺកើតឡើងដោយសារការជំរុញលើកចិត្តរបស់ពលរដ្ឋក្នុងតំបន់មួយចំនួន ដែលលោកថា ចង់ឲ្យលោកឈរឈ្មោះដោយសារតែពួកគេលែងជឿទុកចិត្តលើលោក មុំ រ៉ាឌី។
លោក កៃ កាម៉ារ៉ា បាននិយាយថា៖
«ខ្ញុំទទួលបានការកោតសរសើរពីមនុស្សជាច្រើន ជាពិសេសអ្នកបោះឆ្នោត ដែលសំណូមពរឲ្យខ្ញុំឈរឈ្មោះ ដោយសារតែពួកគេលែងជឿទុកចិត្តតំណាងរាស្ត្រសព្វថ្ងៃនេះ»។
លោកក៏បានបន្ថែមថា អ្វីដែលអ្នកបោះឆ្នោតចង់បានពីអ្នកដឹកនាំក្នុងសង្កាត់នេះគឺ«តម្លាភាព»។
យ៉ាងណាមិញ បើទោះជាបេក្ខជនមកពីគណបក្សពីរខុសគ្នាក្តី ក៏បេក្ខជនដែលជាពលរដ្ឋអាមេរិកដើមកំណើតខ្មែរទាំងពីររូបនេះមានមោទនៈភាពដូចគ្នា ដែលពួកគេមានដើមកំណើតជាខ្មែរ និងជាពលរដ្ឋអាមេរិកាំង ដែលរស់នៅក្នុងប្រទេសដែលពោរពេញទៅដោយឱកាស និងសេរីភាពដែលអ្នកទាំងពីរអាចចាប់យកឱកាសក្លាយជាអ្នកដឹកនាំបានដោយសេរី និងយុត្តិធម៌។
ក៏ប៉ុន្តែ លោកទាំងពីរមានទស្សនៈខុសគ្នាអំពីនយោបាយនៅប្រទេសកំណើត គឺប្រទេសកម្ពុជា ដែលត្រូវបានដឹកនាំដោយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចជាងបួនទសវត្សរ៍កន្លងមកនេះ។
សម្រាប់លោក មុំ រ៉ាឌី លោកយល់ថា នយោបាយនៅប្រទេសកម្ពុជាគួរតែទុកឲ្យអ្នកដឹកនាំ និងពលរដ្ឋនៅកម្ពុជាដោះស្រាយ។
លោក មុំ រ៉ាឌី បានឲ្យដឹងថា៖
«ខ្ញុំឈរឈ្មោះ ដោយយកចិត្តទុកដាក់លើបញ្ហាដែលកើតមានឡើងនៅទីក្រុងនេះ។ ដូច្នេះ ខ្ញុំមិនយកចិត្តទុកដាក់នឹងរឿងនយោបាយនៅកម្ពុជាទេ»។
សម្រាប់លោក កៃ កាម៉ារ៉ា លោកយល់ថា ពលរដ្ឋខ្មែរនៅទីក្រុងឡូវែលនេះផ្តោតការយកចិត្តទុកដាក់លើបញ្ហាទាំងឡាយដែលកំពុងកើតមានឡើងនៅកម្ពុជា ដោយសារតែពួកគេមានបងប្អូន និងក្រុមគ្រួសាររស់នៅទីនោះ ដែលអាចរងផលប៉ះពាល់ពីការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់លើសិទ្ធិក្នុងការបញ្ចេញមតិពីសំណាក់រដ្ឋាភិបាល និងអ្នកមានអំណាច។
លោក កៃ កាម៉ារ៉ា បានឲ្យដឹងថា៖
«យើងជឿជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសកម្ពុជាបានគាបសង្កត់សិទ្ធិពលរដ្ឋនៅកម្ពុជា។ ហេតុដូច្នេះ ការទទួលស្វាគមន៍វត្តមានរបស់លោក ហ៊ុន ម៉ាណែត គឺជាបញ្ហាខ្វែងគំនិតគ្នាខាងមនោគមវិជ្ជាតែប៉ុណ្ណោះ»។
លោក កៃ កាម៉ារ៉ា បានលើកឡើងយ៉ាងដូច្នេះ ក្នុងន័យបញ្ជាក់គោលជំហររបស់លោក ពាក់ព័ន្ធការធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ទីក្រុងឡូវែល កាលពីខែមីនាដើមឆ្នាំ២០១៦កន្លងទៅនេះ។
ប្រវត្តិរូបសង្ខេប
លោក មុំ រ៉ាឌី អាយុ៤៦ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី វ៉ាន់ ស៊ីរ៉ាឌី ហើយមានកូនបួននាក់ ប្រុសមួយ ស្រីបីនាក់។ លោកមានស្រុកកំណើតនៅភូមិចម្ការចេក ខេត្តប៉ៃលិន។ ក្រោយរបបខ្មែរក្រហមបានបញ្ចប់ លោក មុំ រ៉ាឌី និងគ្រួសាររបស់លោកបានរត់ភៀសខ្លួនមកជំរុំជនភៀសខ្លួនខាវអ៊ីដាង នៅប្រទេសថៃកាលពីឆ្នាំ១៩៨០។
នៅឆ្នាំ១៩៨២ លោក និងក្រុមគ្រួសាររបស់លោកត្រូវបានទទួលមករស់នៅទីក្រុង Duluth រដ្ឋ Minnesota សហរដ្ឋអាមេរិក ហើយនៅឆ្នាំ១៩៨៤ ក្រុមគ្រួសាររបស់លោក និងលោកបានសម្រេចចិត្តមកតាំងទីលំនៅនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ ក្រៅពីកាន់តួនាទីជាតំណាងរាស្ត្រប្រចាំសង្កាត់ទី១៨ Middlesex នេះ លោក មុំ រ៉ាឌី គឺជាអ្នកចាប់សរសៃដ៏អាជីពម្នាក់ដែលលោកបានបើកមជ្ឈមណ្ឌលមួយផ្តល់សេវាកម្មនេះអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
លោក កៃ កាម៉ារ៉ា អាយុ៤៤ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី សុភ័ណ្ឌ កៃ ហើយមានកូនបីនាក់ ប្រុសមួយ ស្រីពីរនាក់។ លោកមានអាយុប្រមាណ៨ឆ្នាំប៉ុណ្ណោះ នៅពេលដែលលោក និងក្រុមគ្រួសាររបស់លោកបានរត់ភៀសខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទៅរស់នៅក្នុងជំរុំជនភៀសខ្លួនខាវអ៊ីដាង កាលពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨១។
នៅឆ្នាំ១៩៨២ លោក កៃ កាម៉ារ៉ា និងក្រុមគ្រួសាររបស់លោកបានទទួលសិទ្ធិមករស់នៅទីក្រុង Richmond រដ្ឋ Virginia ហើយនៅឆ្នាំ១៩៨៧ លោកបានផ្លាស់ទីលំនៅមករស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ ក៏ប៉ុន្តែ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រកាលពីឆ្នាំ១៩៩៥ លោកបានផ្លាស់ទៅរស់នៅរដ្ឋ Georgia។ លោក កៃ កាម៉ារ៉ា ទើបតែបានមកតាំងទីលំនៅសារជាថ្មីនៅទីក្រុងឡូវែលនេះ កាលពីឆ្នាំ២០១៤ ពីរឆ្នាំកន្លងទៅនេះតែប៉ុណ្ណោះ។
ខណៈពេលដែលថ្ងៃបោះឆ្នោតទូទាំងរដ្ឋនឹងខិតជិតមកដល់នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ បេក្ខជនខ្មែរអាមេរិកាំងដ៏មានមោទនៈភាពទាំងពីរនាក់នេះ គឺលោក មុំ រ៉ាឌី និងលោក កៃ កាម៉ារ៉ា នឹងបេ្តជ្ញាចិត្តបម្រើសហគមន៍នៅសង្កាត់ទី១៨ Middlesex និងសហគមន៍នៅទីក្រុងឡូវែលទាំងមូលឲ្យអស់ពីសមត្ថភាព។
លោក មុំ រ៉ាឌី បានឲ្យដឹងថា៖
«ខ្ញុំបានឈ្នះការបោះឆ្នោតបឋមសម្រាប់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។ ហើយខ្ញុំជឿថា អ្នកបោះឆ្នោតស្គាល់សមាសធាតុរបស់បេក្ខជនដែលឈរឈ្មោះយ៉ាងច្បាស់។ ខ្ញុំចូលចិត្តធ្វើជាតំណាង និងធ្វើកិច្ចការបម្រើពលរដ្ឋ ដើម្បីធ្វើឲ្យសហគមន៍ឡូវែល ជាពិសេសសង្កាត់របស់ខ្ញុំ មានភាពប្រសើរឡើង»។
ចំណែកឯលោក កៃ កាម៉ារ៉ា បានឲ្យដឹងថា៖
«ខ្ញុំពិតជាប្តេជ្ញាចិត្តក្នុងការឈរជាតំណាងឲ្យផលប្រយោជន៍របស់ពលរដ្ឋនៅសង្កាត់ទី១៨នេះ រួមទាំងពលរដ្ឋនៅទីក្រុងឡូវែលផងដែរ»។
បន្ថែមលើនេះ បេក្ខជនទាំងពីរនេះបានសន្យាថា នឹងធ្វើការជាមួយគ្នាដោយសាមគ្គីគ្នា ដើម្បីការរីកលូតលាស់របស់សហគមន៍នៅសង្កាត់ទី១៨ និងសហគមន៍នៅទីក្រុងឡូវែលទាំងមូល៕