ក្រោយពេលដែលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦មក ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន ព្រួយបារម្ភពីសហគមន៍របស់ខ្លួន តែខ្លះទៀតយល់ថា គោលនយោបាយលោក ត្រាំ នឹងមិនប៉ះពាល់ដល់សហគមន៍ខ្លួនទេ។
នៅម៉ោងជិត៣ទាបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅ ពលរដ្ឋអាមេរិកាំងបានទទួលដំណឹងនៃលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដោយលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្សសាធារណរដ្ឋទទួលជ័យជម្នះ ហើយលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទទួលបរាជ័យ។
លទ្ធផលនៃការបោះឆ្នោតនេះបានធ្វើឲ្យសហគមន៍ខ្មែរនៅរដ្ឋខ្លះភ្ញាក់ផ្អើល និងតក់ស្លុត ដោយសារតែគោលនយោបាយរស៊ើបមួយចំនួនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ។
លោក លាង ស៊ីដនី គឺជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បានប្រាប់ VOA ថា លោកតក់ស្លុតនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ។
«ខ្ញុំក៏ដូចគេដទៃទៀតដែរ គឺមានភាពភ្ញាក់ផ្អើលបន្តិច ព្រោះថា តាមមើលស្ថិតិ និងការស្ទង់មតិផ្សេងៗ ឃើញថាអ្នកស្រី គ្លីនតុន នឹងឈ្នះ»។
ក្នុងកំឡុងពេលឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ បានប្តេជ្ញារឹតបន្តឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ដោយសន្យាថានឹងបញ្ចូនជនដែលរស់នៅខុសច្បាប់នៅសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ក្រៅពីនេះ លោក ត្រាំ គឺជាបេក្ខជនប្រធានាធិបតីម្នាក់ដែលមានភាពចម្រូងចម្រាសច្រើន ដោយសារតែការប្រើប្រាស់ភាសាអសីលធម៌ ការរើសអើងលើជនជាតិភាគតិច ដូចជាពលរដ្ឋដែលកាន់សាសនាអ៊ីស្លាម និងពលរដ្ឋអាមេរិកាំងស្បែកខ្មៅជាដើម និងការមិនគោរពសិទ្ធិស្ត្រីផងដែរ។
លោក លាង ស៊ីដនី បានបន្ថែមថា ស្ថានភាពនៅក្នុងសហគមន៍លោក ក្រោយលោក ត្រាំ ឈ្នះឆ្នោត គឺថា ពលរដ្ឋមួយភាគធំ ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍ពោរពេញដោយភាពភ័យខ្លាច។
«ដល់ពេលព្រលឹមឡើងឃើញអីចឹង ក្មេងៗម្នាក់ៗគ្នាភ័យ គ្នាភ័យខ្លាចថា ដូណាល់ ត្រាំ ធ្វើបាប ហើយខ្លាច ដូណាល់ ត្រាំ ធ្វើនេះ ធ្វើនោះ។ ដូច្នេះ វាធ្វើឲ្យសង្គមវាច្របូកច្របល់គួរសម។»។
លោកបានបន្ថែមទៀតថា នៅក្នុងរដ្ឋដែលលោករស់នៅ ប្រជាពលរដ្ឋភាគច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យ និងលោកស្រី គ្លីនតុន ដែលជាស្ត្រីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រនយោបាយសហរដ្ឋអាមេរិក ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតី។
ដូច្នេះ លទ្ធផលនៃការចាញ់ឆ្នោតរបស់លោកស្រី គ្លីនតុន បានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីវ័យចាស់ៗខកចិត្ត។
«សូម្បីតែម្តាយមិត្តភក្តិខ្ញុំ ដែលមានជំងឺ ក៏ទៅតម្រង់ជួរបោះឆ្នោតដែរ ព្រោះថាពួកគាត់ចង់ឃើញស្ត្រីមួយរូបក្លាយជាប្រធានាធិបតី។ ហើយឥឡូវបែរជាខកចិត្ត ហើយពួកគាត់ក៏មិនដឹងមានគំនិតយ៉ាងដូចម្តេចដែរ ហាក់បីដូចជាភាំងមួយសន្ទុះទៅ ដូចគេដូចឯងដែរ»។
រីឯនៅរដ្ឋអ៊ីល្លីណយវិញ លោក លឿង សុភ័ណ្ឌ ដែលជាប្រធានសមាគមខ្មែររដ្ឋអ៊ីល្លីណយ និងជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមួយរូប បានប្រាប់ VOA ថា លោកខកចិត្តនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នេះ។
«មិនកួរកើតឡើងរឿងហ្នឹង ព្រោះលោក ដូណាល់ ត្រាំ មិនមែនជាអ្នកនយោបាយ ហើយសម្តីដែលគាត់និយាយមានភាពអសុរសច្រើន។ ខកចិត្ត ខ្ញុំខកចិត្តដែរ ព្រោះខ្ញុំមិនបានបោះឆ្នោតឲ្យគាត់ទេ»។
យោងតាមការសាកសួរជាមួយនឹងពលរដ្ឋខ្មែរដទៃទៀតនៅរដ្ឋនេះ លោកក៏បានបន្ថែមថា ពលរដ្ឋខ្លះភ័យព្រួយនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ ដូចគ្នានឹងពលរដ្ឋខ្មែរខ្លះនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេតដែរ។
«ភាគច្រើនអ្នកដែលមករស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ គឺត្រូវតែមានការភ័យព្រួយយ៉ាងខ្លាំង ដោយសារសម្តី និងអ្វីដែលគាត់បាននិយាយឃោសនាពីមុនមក វាធ្វើឲ្យយើងភ័យព្រួយ»។
លោក សុភ័ណ្ឌ ក៏បានសង្កត់ធ្ងន់ថា ការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានចាត់ទុកថា ជាបុគ្គលមិនសូវយកចិត្តទុកដាក់នឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់បណ្តាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានបង្កជាក្តីបារម្ភមួយទៀតដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជាជាដើម។
លោកយល់ថា៖
«គាត់មិនសូវជាយកចិត្តទុកដាក់នឹងរឿងសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យច្រើនទេ។ ដូច្នេះ ខ្ញុំមានការព្រួយបារម្ភផងដែរ ដូចថា ប្រទេសដែលអាចជួយខ្មែរបាន គឺប្រទេសអាមេរិកនេះហើយដែលជាប្រទេសមហាអំណាចដ៏ធំ។ ដូច្នេះ បើប្រទេសមហាអំណាចមិនយកចិត្តទុកដាក់រឿងសេរីភាព សិទ្ធិមនុស្សទេ វាអាចធ្វើឲ្យប្រទេសយើងហ្នឹងកាន់តែធ្លាក់ចុះ ក្រោមការដឹកនាំរបស់លោកហ៊ុន សែន»។
ក៏ប៉ុន្តែ ពលរដ្ឋខ្មែរខ្លះមិនតក់ស្លុតទេ ហើយបានចាត់ទុកលទ្ធផលនៃការបោះឆ្នោតនេះជាលក្ខណៈប្រវត្តិសាស្ត្រ ដោយសារលោក ដូណាល់ ត្រាំ ដែលមិនដែលមានបទពិសោធន៍ខាងវិស័យនយោបាយ និងជាសេដ្ឋីអចលនទ្រព្យមួយរូបឈ្នះឆ្នោត។
លោក សេក កុសល ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់សកម្មក្នុងសង្គម និងសហគមន៍ខ្មែរ បានប្រាប់ VOA ថា លទ្ធផលនៃការបោះឆ្នោតប្រជាធានាធិបតីឆ្នាំនេះគឺជាសារថ្មីមួយដល់ជួរដឹកនាំរដ្ឋាភិបាលអាមេរិករបស់លោក បារ៉ាក់ អូបាម៉ា ដែលបានកាន់អំណាចរយៈពេល៨ឆ្នាំកន្លងទៅនេះ។
«យប់មិញនេះ ជាសារមួយដែលបងប្អូននៅសហរដ្ឋអាមេរិកទាំងអស់គ្នា បានផ្ញើឲ្យតំណាងរាស្ត្រទាំងអស់ គាត់មិនសប្បាយចិត្ត និងរីករាយអំពីស្ថាប័នដែលបានបម្រើប្រជាពលរដ្ឋនៅក្នុងរយៈពេល៨ឆ្នាំមុននេះ។ អីចឹងគាត់កែប្រែ គាត់ដូរ»។
លោក កុសល បានកត់សម្គាល់ថា ការបោះឆ្នោតរបស់ពលរដ្ឋអាមេរិកាំងនៅរដ្ឋមីណីសូតានេះមានលក្ខណៈប្រវត្តិសាស្ត្រ ជាងការបោះឆ្នោតប្រធានាធិបតីអាណត្តិមុនៗ។
«គាត់បោះឆ្នោតប្រឆាំងនឹងអ្នកដែលគាត់មិនពេញចិត្ត។ គាត់មិនមែនបោះឆ្នោតដើម្បីការគាំទ្រគណបក្សណាដូចពីមុនទេ។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកនេះ ដូចចង់លើស១៥០ឆ្នាំហើយ មិនដែលដូចយប់មិញ»។
ក្នុងអំឡុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅរដ្ឋមីណីសូតានេះបានប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារអំពើប្រព្រឹត្តខុសច្បាប់របស់ពួកគេ។ ទោះជាយ៉ាងណាក្តី លោក កុសល យល់ថា ការឈ្នះឆ្នោតរបស់លោក ត្រាំ និងគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ នឹងមិនប៉ះពាល់ដល់សហគមន៍របស់លោកណាស់ណាទេ។
«បងប្អូនខ្មែរខ្លះដែលត្រូវគេបញ្ជូនទៅគេ គឺគាត់មករស់នៅទីនេះដោយស្របច្បាប់។ អីចឹង ខ្ញុំក៏ជឿថា យើងគួរតែយកច្បាប់មកអនុវត្ត ក្នុងការកាត់ក្តីពួកគាត់ដែរ។ អីចឹង ខ្ញុំមិនមានការព្រួយបារម្ភអ្វីទេ សម្រាប់កាលៈទេសៈនេះ»។
ក្រោយពេលប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកទី៤៥មក ទាំងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកស្រី គ្លីនតុន ដែលជាបេក្ខជនចាញ់ឆ្នោត បានទូរស័ព្ទទៅអបអរសាទរលោក ត្រាំ។
ទង្វើបែបនេះត្រូវបានពលរដ្ឋខ្មែរអាមេរិកាំងខ្លះ ដូចជាលោក លាង ស៊ីដនី យល់ថាជាការផ្សះផ្សារជាតិ និងការសាមគ្គីគ្នាមួយដ៏ល្អ បើទោះបីជាអ្នកទាំងអស់នេះមិនយល់ស្របគ្នាលើបញ្ហាប្រទេសជាតិជាច្រើន។
លោក លាង ស៊ីដនី បានឲ្យដឹងថា៖
«គេ call ទៅ ហើយធ្វើការកោតសរសើរ លើកតម្កើងអីចឹងទៅ។ អាហ្នឹងគឺគេបញ្ចប់ និងជូនពរប៉ុណ្នឹងឯង។ គេមិននៅដូចថា ប្រកាន់គ្នា ឬមួយក៏ប្រឆាំងគ្នា គេរួមដៃគ្នា»។
លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោត នឹងចូលស្បថទទួលយកតំណែងជាប្រធានាធិបតីអាមេរិកទី៤៥ជាផ្លូវការនៅខែមករា ឆ្នាំ២០១៧ខាងមុខនេះ៕