ក្រុមអ្នកវិភាគ និងតាមដាននយោបាយអាមេរិកាំងបាននិយាយថា ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមរដ្ឋនានា គួរចេញទៅបោះឆ្នោតឲ្យបានច្រើនដើម្បីផលប្រយោជន៍ សហគមន៍និងប្រទេសកំណើតខ្លួន។
នេះជាការអះអាងរបស់លោក គុជ ច័ន្ទលី អ្នកវិភាគក្នុងរដ្ឋ ម៉ារីឡែន និងលោក ព្រហ្ម សោរ៍នរ៉ា អ្នកវិភាគក្នុងរដ្ឋវីជីនៀ (Virginia) ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ ដើម្បីពិភាក្សាអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស.រ.អា នៅឆ្នាំ២០១៦ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ក្រុមវាគ្មិនបានអះអាងថា បើសិនជាខ្មែរអាមេរិកាំងចង់ផ្លាស់ប្តូរប្រទេសកំណើតខ្លួនឯង និងសង្គមអាមេរិកាំង គឺត្រូវចេញទៅបោះឆ្នោតដើម្បីឲ្យអ្នកនយោបាយអាមេរិកាំងមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់បញ្ហាខ្មែរអាមេរិកាំង និងស្រុកកំណើតខ្មែរ។
ក្រុមវាគ្មិនស្តីបន្ទោសថា ពលរដ្ឋខ្មែរអាមេរិកាំងមិនសូវអើពើនឹងការបោះឆ្នោតទេកន្លងមក ដោយសារតែមានរបាយកាណ៍បញ្ជាក់ថា ពួកគេមិនខ្វល់នឹងនយោបាយអាមេរិកាំង ដែលក្រុមវាគ្មិនចាត់ទុកថា នោះជាការខាតប្រយោជន៍ខ្មែរជារួម។សូមស្តាប់ការបកស្រាយរបស់ក្រុមវាគ្មិនទាំងពីរដូចតទៅ៕