ក្រុមអ្នកបោះឆ្នោតជាពលរដ្ឋខ្មែរអាមេរិកាំងដែលស្ថិតក្នុងចំណោមពលរដ្ឋអាស៊ីរាប់ លាននាក់ នៅតាមរដ្ឋនានាក្នុងប្រទេសអាមេរិក បានត្រៀមខ្លួនបោះឆ្នោត និងបានបោះឆ្នោតរួចជាស្រេច ដើម្បីផ្ញើវាសនាទៅលើបេក្ខជនមួយក្នុងចំណោមបេក្ខជន ប្រធានាធិបតីស.រ.អាទាំងពីររូបមកពីគណបក្សផ្សេងគ្នា។
ក្នុងចំណោមបេក្ខជនទាំងពីរគឺលោកស្រី ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) មកពីគណបក្សប្រជាធិបតេយ្យជាអតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតលោកស្រីទី១ នៅពេលស្វាមីលោកស្រី គឺលោក Bill Clinton កាន់មុខតំណែងជាប្រធានាធិបតីស.រ.អា។ រីឯលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនប្រធានាធិបតីមកពីខាងគណបក្សសាធារណរដ្ឋ ដែលលោកជាមហាសេដ្ឋីជំនួញអាមេរិកាំងម្នាក់។ ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងក៏ដូចជាពលរដ្ឋអាមេរិកាំងបានបង្ហាញពីការពេញចិត្តរបស់ពួកគេទៅលើលក្ខណៈសម្បត្តិរៀងខ្លួន និងការរំពឹងទុកអំពីផលប្រយោជន៍រៀងៗខ្លួនដែរ។
ក្នុងចំណោមពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គេរំពឹងថា នឹងមានពលរដ្ឋខ្មែររាប់ម៉ឺននាក់ក្នុងចំណោមជាង៣០ម៉ឺននាក់ នឹងចេញទៅបោះឆ្នោត ឬបានបោះឆ្នោតតាមរយៈសំបុត្រប្រៃសណីយ៍ ឬការបោះឆ្នោតមុនកាលកំណត់ជាផ្លូវការ។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋម្នាក់គឺ លោក លែរី សេង មកពីសង្កាត់ សៀអាថុល (Seattle) រដ្ឋវ៉ាស៊ីនតោនស្តេត (Washington State) ធ្វើការជាវិស្វករក្នុងក្រុមហ៊ុនយន្តហោះបូអ៊ីង បានបញ្ជាក់ថា លោកគឺជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ឬ Republican Party ហើយនេះជាលើកទី១ ដែលលោកមិនបោះឆ្នោតឲ្យបេក្ខជនគណបក្សលោកគឺលោក ដូណាល់ ត្រាំ។
«បាទដូចខ្ញុំបានជម្រាបអញ្ចឹងថា ការខកចិត្តចំពោះខាងគណបក្សសាធារណរដ្ឋ ឬ Republican ហ្នឹង ខ្ញុំចេះតែមានចម្ងល់ហើយ មានចម្ងល់ទៀតថា ហេតអ្វីបានជាខាង គណបក្សសាធារណរដ្ឋ ឬ Republican បណ្តែតបណ្តោយឲ្យ ដូណាល់ ត្រាំ ហ្នឹងក្លាយ ទៅជាបេក្ខជនប្រធានាធិបតីទៅកើត ពីព្រោះ ដូណាល់ ត្រាំ ហ្នឹងអត់មានការពិសោធន៍នៅក្នុងនយោបាយសោះ។ គាត់ពូកែមែនតែខាងសេដ្ឋកិច្ច ខាងធ្វើជំនួញ business គាត់ពូកែ។ អាហ្នឹងពេលដែលគាត់បានក្លាយជាបេក្ខជនប្រធានាធិបតីហើយបានជានាំគ្នាដកទំនុកចិត្ត។ រឿងហ្នឹងធ្វើឲ្យការគាំទ្ររបស់អ្នកដែលគាំទ្រ ធ្លាប់គាំទ្រហ្នឹងខកចិត្ត មិនមែនតែខ្ញុំមួយទេបាទ»។
លោកថា លោកនឹងបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យ Democratic Party ដោយ សារបទពិសោធន៍ និងបុគ្គលិកលក្ខណៈរបស់បេក្ខជនគឺលោកស្រី ហ៊ីល្លីរី គ្លីនតុន។
«ឆ្នាំនេះខ្ញុំដូរព្រោះដូចថាអញ្ចឹង ខ្ញុំមិនដែលបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ (Democrat) ទេ និយាយទៅ។ ប៉ុន្តែខ្ញុំដូរដោយសារ ខ្ញុំយល់ថាគណបក្សប្រជាធិបតេយ្យ ហាក់បីដូចជាគេមានការស្និទ្ធស្នាល និងការគាំទ្រច្រើនពីថ្នាក់ដឹកនាំកំពូលៗរបស់គេ ហាក់បីដូចជាគេធ្វើការរលូនជាមួយគ្នា ហើយមួយទៀតលោកស្រី ហ៊ីល្លីរី គ្លីនតុន ហាក់ដូចជាមានបទពិសោធន៍ច្រើនខាងរដ្ឋបាល និងការគ្រប់គ្រង។ នេះជាអ្វីដែលខ្ញុំបានយល់ដឹង»។
លោក ឡារី សេង បានប្រើការបោះឆ្នោតតាមលិខិតស្របច្បាប់ដើម្បីបោះឆ្នោតនៅ សប្តាហ៍មុន ដោយសារថាលោកមានកិច្ចការត្រូវធ្វើនៅថ្ងៃបោះឆ្នោតទី៨ ខែវិច្ឆិកាខាងមុខ។
ក៏ប៉ុន្តែសម្រាប់លោក មុយ ចំរើន ជាអតីតទាហ៊ានអាមេរិកាំងម្នាក់ ហើយរស់នៅក្នុងរដ្ឋ ធានីវ៉ាស៊ីនតោនវិញ បានថ្លែងថា លោកនឹងបោះឆ្នោតជូនលោក ដូណាល់ ត្រាំ ដោយសារជឿថា លោក ត្រាំ អាចនឹងផ្លាស់ប្តូរសង្គមអាមេរិកាំងបាន។ លោកមិនបោះឆ្នោត ជូនលោកស្រី ហ៊ីល្លីរី ទេដោយសារលោកចោទប្រកាន់ថា មានអំពើពុករលួយ និងអំពើភូតកុហក់ច្រើន ជាពិសេសលើរឿងប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួនខុសច្បាប់ ពេលលោកស្រីកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា ដែលលោកចាត់ទុកថា នោះជារឿងដែលធំជាងកំហុសលោក ដូណាល់ ត្រាំ។
«យើងជាប្រទេសមួយមហាអំណាច យើងមិនអាចដើរលើច្បាប់បានទេ ជាពិសេស ស្រុកនេះ។ សរុបសេចក្តី បើសិនជាគាត់ធ្វើអញ្ចឹងបាន ធ្វើឲ្យប្រទេសតូចៗដូចខ្មែរ ធ្វើតាមអំពើចិត្ត ព្រោះថាគាត់ធំជាងច្បាប់ទៅទៀតគ្នាគាត់ ក្រុមគាត់ប៉ុន្មាននាក់ហ្នឹង ដូចតែស្រុកយើងអញ្ចឹងដែរ»។
លោកបានអះអាងថា លោកត្រាំអាចនឹងឈ្នះបើសិនជាគាត់ប្រយ័ត្នសំដី និងកុំនិយាយចោលទៀត។
«ត្រឡប់ទៅរឿងលោក ដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ មិនមែនស្ថិតនៅក្នុងមុខ តំណែងដើម្បីដឹកនាំប្រទេសនៅឡើយទេ។ លោកគឺជាអ្នកខាងក្រៅ។ តែលោកស្រី ហ៊ីល្លីរី នឹងព្យាយាមស្តីបន្ទោសលោកលើបញ្ហាដូចជា ការចែចង់ស្រីៗ ឬមិនគោរពស្ត្រីភេទជាដើម ដែលរឿងនេះ វាជារឿងតូចតាច បើធៀបនឹងកំហុសរបស់លោកស្រីហ៊ីល្លីរី បានធ្វើ»។
ពលរដ្ឋអាមេរិកាំង និងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី អាហ្រ្វិក អាមេរិកឡាទីន ជាដើម នឹងចេញទៅបោះឆ្នោតដើម្បីជ្រើសរើសអង្គបោះឆ្នោត ឬប្រតិភូបោះឆ្នោត ៥៣៨នាក់។ បេក្ខជនប្រធានាធិបតីស.រ.អាត្រូវការសំឡេង៥០ភាគ បូកមួយឬ ២៧០ នាក់នៃអង្គបោះឆ្នោត ឬប្រតិភូបោះឆ្នោតទាំងនេះ ដើម្បីក្លាយជាប្រធានាធិបតីបាន។ បេក្ខជនប្រធានាធិបតីខ្លះឈ្នះសំឡេងឆ្នោតជាងកន្លះលានសន្លឹកមែន តែចាញ់សំឡេងឆ្នោតរបស់អង្គបោះឆ្នោត ក៏មិនអាចក្លាយជាប្រធានាធិបតីបានដែរ។
កាលពីឆ្នាំ២០០០ លោកអតីតបេក្ខជនប្រធានាធិបតី អាល់ ហ្គ័រ ខាងគណបក្សប្រជា ធិបតេយ្យ ដែលឈ្នះសំឡេងឆ្នោតទូទៅជាង៥សែនសំឡេង មិនបានទទួលសំឡេង ឆ្នោតពីអង្គបោះឆ្នោត ក៏បានធ្វើឲ្យលោក George W. Bush ឈ្នះអង្គបោះឆ្នោត ចំនួន២៧០សំឡេងនោះឈ្នះ ទោះជាលោក ប៊ូស ពេលនោះចាញ់សំឡេងឆ្នោតជាទូ ទៅក្តី។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀតនៅសង្កាត់ ស្ព្រីងហ្វៀល (Springfield) រដ្ឋវីជីនៀ(Virginia) គឺលោក ហ៊ីម ហន ជាជាងជួសជុលយានយន្តនៅសាលារៀនបានអះអាងថា លោកនឹងបោះឆ្នោតជូនលោក ដូណាល់ ត្រាំ ដែរ ដោយសារថា លោកមិនចូលចិត្តនឹងការដឹកនាំប្រទេសរបស់គណបក្សប្រជាធិបតេយ្យ ដែលមានបញ្ហាបិទបើករដ្ឋាភិបាលច្រើនលើក ដែលធ្វើឲ្យមានបញ្ហាស្មុគស្មាញដល់ប្រទេស និងអ្នកធ្វើការ។
«ខ្ញុំឃើញថា ឥឡូវ ខ្ញុំបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ចុះ ទោះជាលោក ត្រាំ សំដី អាក្រក់ម៉េចក៏ដោយ។ តែគាត់ខាងគណបក្សសាធារណរដ្ឋ Republican ។ ហើយនេះ ខ្ញុំយល់ទេ គឺថា បើសិនជា ត្រាំ ម៉េចទៅមួយអាណត្តិ យើងអាចបោះឆ្នោតទម្លាក់ បាន»។
លោកបានអះអាងបន្តថា លោកចង់ឲ្យមានការដូរគណបក្សនយោបាយកាន់កាប់ ប្រទេសម្តង ដើម្បីសង្កេតមើលថា តើលោក ត្រាំ អាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ធ្វើឲ្យ ពលរដ្ឋមានការងារធ្វើដូចដែលលោកបានសន្យា ឬនិយាយក្នុងពេលមានការពិភាក្សា រវាងបេក្ខជនទាំងពីរឬទេ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក សេរីរដ្ឋ ឈិន មកពីសង្កាត់ យូស្តន់ (Huston) រដ្ឋតិចសាស់ (Texas) ជាភ្នាក់ងារដោះលែងជនជាប់ទោសបានថ្លែងថាសម្រាប់លោកការបោះឆ្នោតលើកនេះ លោកបានបោះឆ្នោតតាមសំបុត្រជូនលោកស្រីបេក្ខជនគណបក្សប្រជាធិបតេយ្យគឺលោកស្រី ហ៊ីល្លីរី គ្លីនតុន។
«ពីព្រោះតាមមើលចរិកគាត់ មិនខែងដូចជាលោក ដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ ជាអ្នករកស៊ីមែន តែគាត់មានចរិកខែងពេក។ ហេតុដូច្នេះហើយខ្ញុំមិនចង់ឲ្យ ប្រធានាធិបតី ដែលមានចរិកខែងធ្វើជាអ្នកដឹកនាំខ្ញុំទេ»។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងបាននិយាយថា សម្រាប់នយោបាយការបរទេសវិញពួកគេ បាននិយាយប្រហាក់ប្រហែលគ្នាថា ប្រធានាធិបតីថ្មីណាមួយក៏ដោយ គឺគេមានការ សម្រេចតាមសភា និងការដេញដោលគ្នាដែលលោកថា មិនមែនជារឿងបារម្ភទេគឺ ដោយសារស.រ.អាមានប្រព័ន្ធផ្ទៀងផ្ទាត់ច្បាស់លាស់។ ក្រុមពលរដ្ឋក៏បាននិយាយថា ប្រធានាធិបតីស.រ.អាមិនអាចធ្វើអ្វីតាមចិត្តបានទេ ក្នុងការសម្រេចចិត្តរឿងនយោបាយការបរទេស និងបញ្ហាផ្ទៃក្នុងក្តី៕