នៅរដ្ឋ Connecticut ដែលមានពលរដ្ឋខ្មែររស់នៅតិចតួចប្រមាណតែ៤០០០នាក់ប៉ុណ្ណោះនោះ គេមិនរំពឹងថា នឹងមានអ្នកដឹកនាំជាខ្មែរដែលអាចក្លាយជាតំណាងរាស្ត្រនោះទេ។
ក៏ប៉ុន្តែ លោក រឿន វាសនា បានឲ្យដឹងថា លោកមានគោលបំណងបង្កើតប្រវត្តិសាស្ត្រនៅក្នុងវិស័យនយោបាយនៅរដ្ឋ Connecticut នេះ ដោយឈរឈ្មោះជាបេក្ខជនខ្មែរអាមេរកាំងម្នាក់ដំបូងគេបង្អស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្នាក់រដ្ឋនៅឆ្នាំ២០១៦នេះ។
«មូលហេតុមួយ ដែលខ្ញុំសម្រេចចិត្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺដោយសារតែខ្ញុំចង់លើកទឹកចិត្តឲ្យសហគមន៍ខ្មែរយើង ចូលរួមសកម្មភាពនយោបាយ និងសង្គមឲ្យបានច្រើន»។
លោកបានបន្ថែមថា ពលរដ្ឋខ្មែរបានមករស់នៅសហរដ្ឋអាមេរិកជិត៤០ឆ្នាំហើយ តែវាគួរឲ្យស្តាយ ដែលនៅក្នុងសង្គមខ្មែរមិនសូវមានតំណាងខ្មែរជាអ្នកដឹកនាំច្រើនទេនៅក្នុងសហគមន៍ និងក្នុងជួររដ្ឋាភិបាលក្នុងតំបន់ ក៏ដូចជារដ្ឋាភិបាលសហព័ន្ធ។
លោក រឿន វាសនា អាយុ៣៧ឆ្នាំ ឈរឈ្មោះជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដើម្បីប្រកួតយកតំណែងជាតំណាងរាស្ត្រប្រចាំសង្កាត់លេខ១០៩ រដ្ឋ Connecticut ពីលោក David Arconti ដែលជាតំណាងរាស្ត្រប្រចាំសង្កាត់នេះ និងជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតអាណត្តិថ្មីនេះ។
ជាក់ស្តែង ពលរដ្ឋនៅទូទាំងរដ្ឋ Connecticut ដែលមានចំនួនប្រមាណ៣លាននាក់ ភាគច្រើនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ហើយសព្វថ្ងៃនេះ សភាតំណាងរាស្ត្ររដ្ឋ Connecticut ភាគច្រើនគឺជាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ។ នៅក្នុងចំណោមសមាជិក១៥១រូប តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យមានចំនួន៨៦នាក់ ហើយតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋមានចំនួន៦៤នាក់ប៉ុណ្ណោះ។
ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក រឿន វាសនា បានសង្កត់ធ្ងន់ថា លោកគឺជាបេក្ខជនវ័យក្មេងម្នាក់ ដែលមានសមត្ថភាព មានគំនិតផ្តួចផ្តើមថ្មី និងការប្តេជ្ញាចិត្តខ្ពស់។
«បញ្ហាដែលសភាភាគច្រើនគ្រប់គ្រងដោយគណបក្សតែមួយ គឺថា យើងមិនអាចបង្កើតគំនិតថ្មីៗបានទេ។ តែនេះគឺជាអ្វីដែលខ្ញុំបានធ្វើតាមរយៈការឃោសនា ដោយនាំមកនូវសមាសភាពថ្មី និងគំនិតថ្មី»។
ទាក់ទងនឹងគោលនយោបាយ លោក រឿន វាសនា បានប្រាប់ VOA ថា លោកផ្តោតសំខាន់លើវិស័យអប់រំ ពន្ធដារ និងវិស័យសេដ្ឋកិច្ច។ លោកបានបញ្ជាក់ថា ពលរដ្ឋនៅទីក្រុង Danbury នៃសង្កាត់លេខ១០៩នេះ ជួបបញ្ហាខ្វះថវិកាសម្រាប់ពង្រឹងវិស័យអប់រំ ហើយពន្ធកាន់តែឡើងថ្លៃ។ ក្រៅពីនេះ ឱកាសការងារក្នុងតំបន់កាន់តែខ្វះខាត ដោយសារតែក្រុមហ៊ុនធំៗសម្រេចចិត្តផ្លាស់ទីចេញពីរដ្ឋ Connecticut។
លោកបានឲ្យដឹងថា៖
«នៅពេលដែលខ្ញុំធ្វើយុទ្ធនាការ ខ្ញុំបាននិយាយថា ពលរដ្ឋគ្រប់គ្នា ទាំងអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យក្តី ត្រូវយកចិត្តទុកដាក់លើការចំណាយថវិការបស់រដ្ឋាភិបាលដែលគ្រប់គ្រងរដ្ឋ Connecticut នេះ»។
តាមរយៈការឃោសនាបេក្ខភាពជាតំណាងរាស្ត្រប្រចាំសង្កាត់លេខ១០៩កន្លងមក លោក រឿន វាសនា យល់ថា ពលរដ្ឋទូទៅនៅសង្កាត់នេះ មិនថាពលរដ្ឋខ្មែរ ឬពលរដ្ឋសាសន៍ដទៃទេ គឺពួកគេរីករាយដែលឃើញរូបលោក ដែលជាពលរដ្ឋខ្មែរដំបូងគេបង្អស់ឈរឈ្មោះជាតំណាងរាស្ត្រ។
«មនុស្សជាច្រើនមានសុទិដ្ឋនិយមចំពោះបេក្ខភាពរបស់ខ្ញុំ ហើយពួកគេរីករាយឃើញខ្ញុំ ដែលជាអតីតទាហាន និងជាពលរដ្ឋខ្មែរដំបូងគេបង្អស់ឈរឈ្មោះ»។
ថ្មីៗនេះ លោក រឿន វាសនា ទើបតែលាឈប់ពីការងារមួយនៅក្រសួងការងារប្រចាំរដ្ឋ Connecticut ដែលលោកបានបម្រើការងារអស់រយៈពេលជាង៥ឆ្នាំនៅទីនោះ ដើម្បីធ្វើយុទ្ធនាការសម្រាប់បេក្ខភាពជាតំណាងរាស្ត្រប្រចាំសង្កាត់លេខ១០៩នេះ។
ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨ លោក រឿន វាសនា គឺជាទាហានម្នាក់បម្រើក្នុងជួរកងទ័ពអាមេរិក (Army National Guardman) ដែលត្រូវបានបញ្ជូនទៅប្រចាំការនៅប្រទេសមានសង្គ្រាមដូចជា ប្រទេសប៊ូស្នៀ និងអាហ្វហ្គានីស្ថាន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Central Connecticut State University។
ក្រៅពីនេះ លោក រឿន វាសនា គឺជាសកម្មជនខ្មែរអាមេរិកាំងដ៏សកម្មមួយរូប ដែលយកចិត្តទុកដាក់នឹងស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ លោកគឺជាអនុប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិក (Cambodia-America Alliance) ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាម្នាក់នៃមូលនិធិ United Khmer Foundation ប្រចាំរដ្ឋ Connecticut។
បេក្ខជនខ្មែរអាមេរិកាំងរូបនេះ មានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបង។ លោក និងក្រុមគ្រួសាររបស់លោកបានរត់ភៀសខ្លួនមកជំរុំជនភៀសខ្លួនខាវអ៊ីដាងកាលពីឆ្នាំ១៩៨១ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួនមករស់នៅទីក្រុង Danbury រដ្ឋ Connecticut សហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣ ដែលកាលនោះលោកមានអាយុប្រមាណបីឆ្នាំប៉ុណ្ណោះ។
លោក រឿន វាសនា បានបញ្ជាក់ថា លោកមានស្មារតីខ្ពស់ក្នុងការបម្រើសហគមន៍។ លោកក៏បានបន្ថែមថា ទោះបីជាលទ្ធផលនៃការបោះឆ្នោតវិជ្ជមាន ឬអវិជ្ជមានក្តី ក៏លោកនៅតែបន្តធ្វើជាសកម្មជនក្នុងសហគមន៍របស់លោកបន្តទៀត។
«យើងមិនចាំបាច់ក្លាយជាមន្ត្រីរាជការ ដើម្បីធ្វើការងារដែលនាំមកនូវការផ្លាស់ប្តូរគោលនយោបាយនោះទេ។ កាលណាយើងចេះសហការគ្នា ហើយទទួលបានការគាំទ្រគ្រប់គ្រាន់ពីអ្នកដទៃ នោះយើងអាចធ្វើអ្វីក៏បានដែរ។ សកម្មជនសហគមន៍ក៏អាចក្លាយជាអ្នកមានឥទ្ធិពលម្នាក់ ដូចគ្នានឹងសមាជិកក្រុមប្រឹក្សាក្រុង និងសមាជិកព្រឹទ្ធសភាដែរ»។
ទោះជាយ៉ាងណាក្តី លោកសង្ឃឹមថានឹងឈ្នះការបោះឆ្នោតនេះ ហើយក្លាយជាតំណាងរាស្ត្រម្នាក់ ដែលមានដើមកំណើតជាខ្មែរដំបូងគេបង្អស់នៅរដ្ឋ Connecticut នេះ។
ជាមួយគ្នានេះ តាមរយៈការឈរឈ្មោះនេះ លោក រឿន វាសនា ក៏សង្ឃឹមថានឹងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរនៅក្នុងសហគមន៍ ចូលរួមក្នុងដំណើរការនយោបាយកាន់តែច្រើន ដើម្បីនាំមកនូវការផ្លាស់ប្តូរ៕