ចាប់តាំងពីខែកញ្ញាមកបុគ្គលិក និងអ្នកស្ម័គ្រចិត្តនៃអង្គការ Khmer Girls in Action បានទូរស័ព្ទ និងចុះទៅជួបសមាជិកសហគមន៍ខ្មែរអាមេរិកាំងជាច្រើននៅក្នុងទីក្រុងឡុងប៊ិច ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យគាំទ្រសេចក្តីស្នើច្បាប់ចំនួនពីរដែលពួកគេយល់ថា នឹងជួយដោះស្រាយបញ្ហាប្រឈមនានាដែលសហគមន៍ជួបប្រទះ។
លោកស្រី Sophya Chhiv នាយិកាកម្មវិធី នៃអង្គការ Khmer Girls in Action បានបញ្ជាក់ប្រាប់ VOA ថា៖
«ការបោះឆ្នោតនេះធំណាស់ ហើយគេផ្តោតខ្លាំងតែលើការពិភាក្សារបស់បេក្ខជនប្រធានាធិបតី និងផ្នែកផ្សេងទៀតនៃការបោះឆ្នោត ហើយគេភ្លេចអំពីសេចក្តីស្នើច្បាប់នានា និងសារៈសំខាន់នៃច្បាប់នេះ និងផលប៉ះពាល់ដែលវាមានមកលើសហគមន៍នានាដែលមិនមែនស្បែកស ជាពិសេសសហគមន៍ខ្មែរ»។
អ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ានឹងត្រូវគូសសម្រេចថា«យល់ព្រម»ឬ«បដិសេធ»លើសេចក្តីស្នើច្បាប់ជាច្រើន ជាការបន្ថែមទៅនឹងការជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី និងអ្នកតំណាងរាស្ត្រ។ ក្នុងចំណោមសេចក្តីស្នើច្បាប់ជាច្រើន គឺសេចក្តីស្នើច្បាប់លេខ៥៥ និង៥៧ ដែលសកម្មជននៃអង្គការ Khmer Girls in Action កំពុងធ្វើយុទ្ធនាការឱ្យមានការគាំទ្រ។
សេចក្តីស្នើច្បាប់លេខ៥៥សម្រាប់រដ្ឋកាលីហ្វ័រញ៉ានេះគឺពាក់ព័ន្ធនឹងការដកហូតយកពន្ធ។ ពេលដែលពលរដ្ឋគូសយល់ព្រមគឺមានន័យថា គាំទ្រដល់ការពន្យាការបង្កើនពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់អ្នកដែលមានចំណូលលើសពី២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីយកថវិកាមកជួយឧបត្ថម្ភដល់វិស័យអប់រំ និងសុខាភិបាល។ បើបោះឆ្នោតមិនយល់ព្រមទេ ការបង្កើនការយកពន្ធនេះនឹងបញ្ចប់នៅឆ្នាំ២០១៩។
លោកស្រី Sophya Chhim បានបញ្ជាក់បន្ថែមថា៖
«ហើយដោយដឹងថាសេចក្តីស្នើច្បាប់នេះគឺជាការពន្យានៃច្បាប់ពន្ធ វានឹងជួយសហគមន៍ និងយុវជនរបស់យើងបានច្រើនលើផ្នែកជួយឱ្យរៀនបានចប់មធ្យមសិក្សានិងបន្តរហូតដល់ឧត្តមសិក្សា។ ដូច្នេះ នេះគឺជាផលប្រយោជន៍ដែលមានលើសហគមន៍របស់យើង»។
សេចក្តីស្នើច្បាប់លេខ៥៧សំដៅលើការបន្ធូរបន្ថយទោសដល់អនីតិជន និងជនល្មើសស្ថិតក្នុងសំណុំរឿងអហិង្សា។ បើអ្នកបោះឆ្នោតយល់ព្រមគឺគាំទ្រដល់ការបង្កើនការបន្ធូរបន្ថយទោស និងឱកាសចេញពីពន្ធនាគារបានឆាប់សម្រាប់ទណ្ឌិតក្នុងសំណុំរឿងមិនហិង្សា បើសិនជាជននោះបានប្រព្រឹត្តល្អក្នុងពេលជាប់ទោស និងទីពីរអនុញ្ញាតឱ្យចៅក្រមជាអ្នកសម្រេចថា ត្រូវកាត់ទោសអនីតិជនខ្លះដូចមនុស្សពេញវ័យដែរឬយ៉ាងណា។ ហើយបើមិនយល់ព្រមវិញ គឺរក្សាទុកច្បាប់នេះដដែល ហើយឱ្យរដ្ឋអាជ្ញាជាអ្នកកំណត់កម្រិតនៃការកាត់ទោសអនីតិជន។
លោកស្រី Sophya Chhim បានបន្ថែមថា៖
«ដោយមានរឿងរ៉ាវដែលយុវជនរបស់យើងបានប្រាប់យើង បទពិសោធន៍របស់ពួកគេជាមួយនឹងច្បាប់ និងប្រព័ន្ធសិក្សាយើងដឹងថា ច្បាប់នេះនឹងធ្វើឱ្យមានការខុសប្លែកច្រើន»។
បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់អង្គការនេះបានទូរស័ព្ទបញ្ចុះបញ្ចូល និងដើរទៅជួបសមាជិកសហគមន៍ ដើម្បីឱ្យពួកគេគាំទ្រសេចក្តីស្នើច្បាប់ទាំងពីរនេះ ហើយគោលដៅចម្បងមួយដែរ គឺអ្នកបោះឆ្នោតវ័យក្មេង។ ពួកគេក៏បានជួយចុះឈ្មោះអ្នកបោះឆ្នោតវ័យក្មេងបានចំនួន១០៦នាក់ ដែលលើសគោលដៅកំណត់ដែលដាក់ត្រឹមតែ១០០នាក់ប៉ុណ្ណោះ។
ពលរដ្ឋក៏ទទួលបានសេវាជំនួយពីអង្គការសហគមន៍ខ្មែរផងដែរ។
កញ្ញា ស៊ូសានណា ស្ងៀម នាយិកាប្រតិបត្តិនៃអង្គការសហគមន៍ខ្មែរ បានបញ្ជាក់ប្រាប់VOA ថាមានអ្នកបោះឆ្នោតចំនួន៣០នាក់ បានមកសុំជំនួយបកប្រែ និងពន្យល់ពីខ្លឹមសារដែលមាននៅលើសន្លឹកឆ្នោត៖
«នៅឆ្នាំនេះក្នុងរដ្ឋកាលីហ្វ័រញ៉ាមានសេចក្តីស្នើច្បាប់ចំនួនជាង១៧ ដូច្នេះត្រូវការការពន្យល់ជាច្រើនសម្រាប់សមាជិកសហគមន៍ខ្មែរ ដើម្បីអាចយល់បាន។ ចំណុចមួយដែលយើងបានឃើញគឺថា សមាជិកសហគមន៍យើងថ្លែងអំណរគុណដោយទទួលបានការបកប្រែខ្លឹមសារក្នុងសន្លឹកឆ្នោត។ ប៉ុន្តែពួកគេភាគច្រើនមិនចេះអក្សរខ្មែរទេ។ ដូច្នេះពួកគាត់ត្រូវការការពន្យល់ពីសេចក្តីស្នើច្បាប់ទាំងនោះផងដែរ»។
សេចក្តីស្នើច្បាប់ដទៃទៀតមានដូចជាការផ្តល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា ការពិនិត្យប្រវត្តិរូបអ្នកមកទិញគ្រាប់រំសេវ និងការស្នើសុំលុបចោលទោសប្រហារជីវិតជាដើម។
ការបោះឆ្នោតប្រធានាធិបតី និងសភាជាតិនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ ដោយមានលោកស្រី ហ៊ីល្លីរី គ្លីនតុន (Hillary Clinton) ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ។
ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅជាង៦០.០០០នាក់។
សហគមន៍ខ្មែរនេះបានចូលប្រឡូកក្នុងសកម្មភាពនយោបាយសហរដ្ឋអាមេរិកកាន់តែខ្លាំងជាងមុនសម្រាប់ការបោះឆ្នោតលើកនេះ។
ពួកគេនឹងក៏មានការរៀបចំវេទិកាសាធារណៈលើកទីមួយនៅថ្ងៃអាទិត្យ ដើម្បីឱ្យបេក្ខជនតំណាងរាស្រ្តនានានៅតំបន់នោះបានមកបង្ហាញគោលនយោបាយ។ ក្នុងចំណោមនេះមានលោក Alan Lowenthal លោកស្រី Loretta Sanchez និងលោកស្រី Jenice Hanh ជាដើម៕