យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ដែលជាបណ្ដឹងធ្វើឡើងដោយចេតនាដើម្បីបំបាក់ទឹកចិត្ត បំភិតបំភ័យ រំខាន បង្អាក់ បំបិទសំឡេងប្រឆាំង ការរិះគន់ ឬការមិនយល់ស្រប ត្រូវបានដែលរដ្ឋាភិបាលកម្ពុជា និងតុលាការប្រើប្រាស់ជាញឹកញាប់ ដែលប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងបន្ទុចបង្អាក់ការចូលរួមរបស់ពលរដ្ឋ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាពដែលបានចងក្រងសាលាកប័ត្រព័ត៌មានស្តីពី «យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈនៅកម្ពុជា» ចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ ២០២៣។
ពួកគេលើកឡើងថា នៅកម្ពុជា យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ត្រូវបានរដ្ឋាភិបាល ឬតុលាការប្រើប្រាស់ជាញឹកញាប់ក្នុងទម្រង់ជាការដាក់ទោសព្រហ្មទណ្ឌ ដូចជាការកោះហៅមកសាកសួរ ឬដាក់ឱ្យជាប់បណ្តឹងអាជ្ញា ហើយចំនួនមនុស្សដែលជាប់ក្នុងបណ្តឹងនេះមានការកើនឡើងក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។
យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះត្រូវបានយកមកប្រើប្រាស់ជាយុទ្ធសាស្ត្រមួយក្នុងការបំភិតបំភ័យបុគ្គលទាំងឡាយ ដូចជាតួអង្គសង្គមស៊ីវិល ថ្នាក់ដឹកនាំសហគមន៍ អ្នកសារព័ត៌មាន អ្នកផ្សាយព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ឱ្យមានការភ័យខ្លាច និងស្ងៀមស្ងាត់។
បើតាមក្រុមអង្គការសង្គមស៊ីវិល យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់មានគោលដៅការពាររដ្ឋាភិបាល និងបុគ្គលមានអំណាចប្រឆាំងនឹងការរិះគន់ ឬការជំទាស់ ដើម្បីបំបិទសំឡេងរិះគន់ និងបំបាក់ទឹកចិត្តមិនឱ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការសង្គម។ អង្គការសង្គមស៊ីវិលលើកឡើងទៀតថា មានការចាប់ខ្លួនបុគ្គលជាច្រើន និងការជំនុំជម្រះរឿងក្តីព្រហ្មទណ្ឌ ដែលមានរយៈពេលយូរ មិនកំណត់ ព្រមទាំងចំណាយធនធានជាច្រើន ហើយជារឿយៗ ករណីទាំងនោះតែងមានការឃុំខ្លួនបណ្តោះអាសន្នជាច្រើនខែឆ្នាំ។ យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះធ្វើឱ្យការចូលរួមរបស់ពលរដ្ឋនៅក្នុងសង្គមធ្លាក់ចុះ ដោយសារតែភ័យខ្លាចជាប់ពន្ធនាគារ និងខ្លាចបង្កជាបន្ទុកធ្ងន់ធ្ងរផ្នែកថវិកាក្នុងការចំណាយលើសេវាច្បាប់ និងប្រាក់ពិន័យផ្សេងៗ។
យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈត្រូវបានប្រើប្រាស់ចំនួន ៣៩ ដង ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។ ៣១% នៃករណី ដែលមានមនុស្ស៥២នាក់ពាក់ព័ន្ធ គឺជាបណ្ដឹងលើសកម្មជននយោបាយ ឬអ្នកនយោបាយពាក់ព័ន្ធករណីបង្ហោះ ឬចែករំលែកមតិយោបល់អំពីការបោះឆ្នោតសកលឆ្នាំ ២០២៣។ បន្ថែមពីនេះ ២១% នៃករណីសរុបដែលមានមនុស្ស ៩ នាក់ពាក់ព័ន្ធគឺជាបណ្ដឹងជំទាស់មកលើអ្នកសារព័ត៌មាន បន្ទាប់ពីរាយការណ៍ឬបកស្រាយរឿងអំពើពុករលួយ ឬបញ្ហារសើប។ នេះបើតាមការរកឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល។
មានការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ចំនួន ១០ ករណី អំឡុងពេលបោះឆ្នោតជាតិ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ដែលជាខែមានករណីកើតបណ្តឹងនេះច្រើនជាងគេ។ ទន្ទឹមនឹងនេះ ករណីភាគច្រើន គឺរដ្ឋាភិបាល ឬតុលាការជាអ្នកប្រើបណ្ដឹងនេះ ព្រមទាំងកំណត់មុខសញ្ញាលើបុគ្គលចម្រុះ។
នៅក្នុងឆ្នាំ ២០២២ មានការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ចំនួន ៣៧ ករណី ពាក់ព័ន្ធនឹងមនុស្ស ៧៩ នាក់។ បើប្រៀបធៀបនឹងឆ្នាំ ២០២៣ មានបុគ្គលចំនួន ១២៧ នាក់។ អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់នេះកើនឡើងជាលំដាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលមិនមានការអនុវត្តយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ ដូចជាការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលឡើយ។
លោកថ្លែងថា៖ «រដ្ឋាភិបាលដូចអត់មានយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់អីទេ។ រដ្ឋាភិបាលមានតែជំរុញ និងការអនុវត្តច្បាប់តាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ហើយខាងអង្គការសង្គមស៊ីវិលមួយចំនួនតូចលើកឡើង ដោយសារតែគាត់ភ័យខ្លួនខ្លួនគាត់ ដោយសារគាត់អាចថា ខ្លួនគាត់ធ្វើសកម្មភាពក្នុងចេតនានយោបាយ ឬក៏ចេតនាមិនល្អណាមួយ។ គាត់ភ័យខ្លួនគាត់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការស្រាវជ្រាវសាលាកប័ត្រយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់នេះ ធ្វើឡើងដើម្បីកុំឱ្យរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងឡាយណាដែលតែងតែប្រើប្រាស់ចេតនា យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ទៅលើអ្នកនយោបាយ សកម្មជនដីធ្លី សហជីព អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានប្រើប្រាស់យុទ្ធសាស្រ្តនេះជាបន្តទៀត។
លោកថ្លែងថា៖ «យើងចង់ជំរុញឱ្យមានច្បាប់ហាមប្រាមយុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ ប្រឆាំងការចូលរួមជាសាធារណៈ ហើយច្បាប់ហ្នឹងក៏ត្រូវតែចែងពីការផ្តន្ទាទោសដល់បុគ្គល ឬក៏ស្ថាប័ន ដែលប្រើប្រាស់យុទ្ធសាស្រ្តបណ្តឹងផ្លូវច្បាប់ហ្នឹង។ នៅត្រឹមឆ្នាំ ២០២៦ គឺចង់ឱ្យមានច្បាប់ហ្នឹង បាទ»។
ដើម្បីទប់ស្កាត់ករណីយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែជំរុញឱ្យមានច្បាប់ដែលហាមប្រាមយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ ហើយច្បាប់នោះមានចែងពីការផ្តន្ទាទោសដល់បុគ្គល ឬស្ថាប័នដែលប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ ពិនិត្យ និងវិសោធនកម្មក្រមព្រហ្មទណ្ឌជាពិសេសបទល្មើសបរិហារកេរ្តិ៍ និងការញុះញង់ឱ្យស្របទៅតាមក្របខណ្ឌច្បាប់សិទ្ធិមនុស្សអន្តរជាតិ ផ្តល់ការបណ្តុះបណ្ដាលដល់មន្ត្រីនគរបាល និងមន្ត្រីតុលាការឱ្យយល់ដឹងពីយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងនឹងការចូលរួមជាសាធារណៈ បង្កនិងបង្កើតបរិយាកាសល្អសម្រាប់អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ និងសកម្មជន ដោយអនុញ្ញាតឱ្យអ្នកទាំងនោះអាចធ្វើការ និងធ្វើសកម្មភាពស្របតាមច្បាប់៕
វេទិកាបញ្ចេញមតិ