ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងយុត្តិធម៌កម្ពុជាដាក់ចេញយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ


រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ចូលរួម​សន្និសីទសារព័ត៌មាន​ស្តីពី​យុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ (Facebook/ក្រសួងយុត្តិធម៌ Ministry of Justice)
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ចូលរួម​សន្និសីទសារព័ត៌មាន​ស្តីពី​យុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ (Facebook/ក្រសួងយុត្តិធម៌ Ministry of Justice)

ក្រសួង​យុត្តិធម៌​បាន​សម្រេច​ដាក់​ចេញ​ «យុទ្ធនាការ​ត្រួត​ពិនិត្យ​ និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ» ​ដើម្បី​ជួយ​ដោះ​ស្រាយ​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ ​លើក​កម្ពស់​តម្លាភាព​ សុចរិត​ភាព​ និង​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រព័ន្ធ​តុលាការ។​

«យុទ្ធនាការ​ត្រួត​ពិនិត្យ ​និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ»​នេះ​ត្រូវ​បាន​ដាក់​ចេញ​នៅ​ថ្ងៃ​ទី​ ៩ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ និង​មាន​រយៈ​ពេល​ ៥ ​ឆ្នាំ ​គិត​ចាប់​ពី​ថ្ងៃ​ដាក់​ចេញ​ឱ្យ​ដំណើរ​ការ។​

ក្នុង​ការ​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ ​នៅ​ទីស្តី​ការ​ក្រសួង​យុត្តិធម៌ ​កាល​ពី​ថ្ងៃ​អង្គារ​ លោក ​កើត រិទ្ធ ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា​ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពី​អំពើ​អយុត្តិធម៌​នានា​នៅ​ក្នុង​សង្គម ​និង​លើក​កម្ពស់​តម្លាភាព ​សុចរិត​ភាព​ និង​ភាព​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ចំណាត់​ការ​រឿង​ក្តី​ដោយ​តុលាការ។​

លោក ​កើត រិទ្ធ ​បន្ត​ថា​ យុទ្ធនាការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​នេះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សំខាន់​មួយ​ចំនួន​ រួម​មានការ​ពិនិត្យ ​និង​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​លើ​ផ្នែក​អភិបាល​កិច្ច​នៅ​តាម​សាលា​ជម្រះ​ក្តី ​អយ្យការ​អម​សាលា​ជម្រះ​ក្តី ​ចំណាត់​ការ​សំណុំ​រឿង និង​ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ខ្ញុំ​ក៏​សូម​គូស​បញ្ជាក់​ជូន​ផង​ដែរ​ថា​ ពាក្យ​ថា ​«យុត្តិធម៌ ​ឬ​អយុត្តិធម៌» ​គឺ​មិន​ចំណុះ​ត្រឹម​តែ​ការ​លើក​ឡើង​របស់​ភាគី​ណា​មួយ​នៅ​ក្នុង​រឿង​ក្តី​ទេ​ ប៉ុន្តែ​វា​ចំណុះ​ទៅ​លើ​អង្គ​ហេតុ។ ​វា​ចំណុះ​ទៅ​លើ​អង្គ​ច្បាប់​ និង​ចំណុះ​ទៅ​លើ​ភស្តុតាង​ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់»។​

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​រូប​នេះ​ក៏​សង្កត់​ធ្ងន់​ដែរ​ថា​ ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អយុត្តិធម៌​ ដោយ​ការ​រំលោភ​បំពាន​ខុស​ច្បាប់​ក្នុង​សង្គម ​ឬ​ភាព​មិន​ប្រក្រតី​តាម​តុលាការ​ អាច​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​មាន​ការ​ត្រួត​ពិនិត្យ ​និង​ដោះ​ស្រាយ​រក​យុត្តិធម៌។​

លោក ​ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​ថា ​សមាគម​សាទរ​ចំពោះ​ការ​ដាក់​ចេញ​យុទ្ធនាការ​នេះ។ ​លោក​បន្ត​ថា ​ កន្លង​ទៅ រដ្ឋាភិបាល​អាណត្តិ​ចាស់​ក៏​មាន​ការ​កែ​ទម្រង់​បញ្ហា​ផ្សេងៗ ​ប៉ុន្តែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។ ​លោក​កត់​សម្គាល់​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន​គិត​គូរ​ច្រើន​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​ដែល​កំពុង​រង​ការ​រិះគន់។​

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​ដោយ​ឡែក​នៅ​ក្នុង​អាណត្តិ​នេះ​ យើង​ឃើញ​ថា​ រដ្ឋ​មន្រ្តី​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ហ្នឹង​ហាក់​ដូច​ជា​មាន​ការ​គិត​គូរ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​ ជាក់​ស្តែង​ថ្មីៗ​នេះ​ មាន​គណៈ​កម្មាការ​ដែល​មាន​សហ​ប្រធាន​ពី​ខាង​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ និង​ប្រធាន​តុលាការ​កំពូល​ដែល​មាន​ព្រះ​រាជ​ក្រឹត្យ​ដោយ​ឡាយ​ព្រះ​ហស្ថលេខា​ដោយ​ព្រះ​មហា​ក្សត្រ​ប្រទាន។ ​អ៊ីចឹង​វា​ជា​រឿង​មួយ​ដែល​ថ្មី​ ដែល​មាន​សមាស​ភាព​ចូល​អនុវត្ត​ហ្នឹង​ច្រើន»។​

បើ​តាម​អភិក្រម​ទាំង​ ៣ ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​ គណៈ​បញ្ជាការ​ដឹក​នាំ​យុទ្ធនាការ​ គណៈ​កម្មការ​ដឹកនាំ ​ត្រូវ​អនុវត្ត​ការងារ​ដោយ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ​ មិន​ត្រូវ​ធ្វើ​បុរេ​វិនិច្ឆ័យ​លើ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ថា​ មិន​ប្រក្រតី ​ឬ​អយុត្តិធម៌​ និង​ត្រូវ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព​ ច្បាស់​លាស់ ត្រឹម​ត្រូវ​ និង​យុត្តិធម៌។​

ពាក់​ព័ន្ធ​នឹង​ឯករាជ្យ​ភាព​នៃ​តុលាការ​ លោក​ ស៊ឹង សែន​ករុណា​ យល់​ថា​ ប្រសិន​ជា​ការងារ​ក្នុង​យុទ្ធនាការ​នេះ​ធ្វើ​លើស​ពី​តួនាទី ​និង​ដាក់​សម្ពាធ​ទៅ​លើ​ចៅ​ក្រម ​ឬ​តំណាង​អយ្យការ​នោះ​ វា​នឹង​អាច​ប៉ះ​ពាល់​មួយ​ផ្នែក​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ ​ប៉ុន្តែ​លោក​ថា​ បញ្ហា​ឯករាជ្យ​ភាព​របស់​តុលាការ​តែង​តែ​ត្រូវ​បាន​ចោទ​សួរ ​និង​ទទួល​រង​ការ​រិះ​គន់​ផ្សេងៗ​ថា​ មិន​ឯករាជ្យ​ និង​មិន​អព្យាក្រឹត្យ។​

លោក​ថ្លែង​ថា៖​ «ក៏​ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ​ ការ​ធ្វើ​ហ្នឹង​វា​គ្រាន់​តែ​ធ្វើ​ប្រព័ន្ធ​ហ្នឹង​នៅ​តែ​មិន​អាច​កែ​ប្រែ​បាន ​នៅ​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​កិច្ច​ការ​អនុវត្ត​ច្បាប់​ ឬ​ក៏​ធ្វើ​ឡើង​ដោយ​នៅ​មិន​មាន​ភាព​ច្បាស់​លាស់​ នៅ​អយុត្តិធម៌​អី​ទាំង​អស់​នេះ ​ខ្ញុំ​គិត​ថា​ ចង់​មិន​ចង់​នឹង​ជះ​ឥទ្ធិពល​ទៅ​ក្រសួង​យុត្តិធម៌​ទៅ​វិញ​ទេ។​ វា​អត់​អាច​មាន​ការ​ជឿ​ជាក់​អី​បាន​នោះ​ទេ។ ​អ៊ីចឹង​យ៉ាង​ណា​យើង​ក៏​មិន​អាច​វាយ​តម្លៃ​បាន​នៅ​ពេល​នេះ​ដែរ»។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​លោក ​កើត រិទ្ធ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖​ «សូម​បញ្ជាក់​អភិក្រម​នេះ​ឱ្យ​ហើយ​ ធ្វើ​កិច្ច​ការ​ងារ​នេះ​មែន​ ប៉ុន្តែ​មិន​មែន​សម្រេច​សេចក្តី​ជំនួស​ចៅ​ក្រម​ទេ។ ការ​សម្រេច​ក្តី​មាន​តែ​ចៅ​ក្រម​ទេ ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ក្តី​ដដែល។ ​អ៊ីចឹង​អភិក្រម​ទី ១ ​គណៈ​កម្មការ​ដឹក​នាំ ​និង​អនុវត្ត​យុទ្ធនាការ។ ​ទី​ ២ ​ត្រូវ​ធានា​ថា​ មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯករាជ្យ​នៃ​អំណាច​តុលាការ។ ​អ្វី​ដែល​យើង​ចង់​បាន​ពិត​ប្រាកដ​ គឺ​យុត្តិធម៌។ ប៉ុន្តែ​យុត្តិធម៌​នេះ​ក៏​យើង​មិន​ត្រូវ​បំពាន​អំណាច​របស់​តុលាការ​ដែរ»។​

បើ​តាម​អភិក្រម​ការងារ​សម្រាប់​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ​ចៅ​ក្រម​ ព្រះ​រាជ​អាជ្ញា ​ក្រឡា​បញ្ជី​ អាជ្ញា​សាលា ​មន្ត្រី​តុលាការ​ និង​តួអង្គ​ពាក់​ព័ន្ធ​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ​ឬ​បាន​ឆ្លៀត​ឱកាស​នៃ​យុទ្ធនាការ​នេះ​ ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ តាម​របៀប​«ត្រី​ងៀត​ឆ្លៀត​ពង»​ ឬ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​អភិក្រម​ នឹង​ត្រូវ​កត់​ត្រា​ជា​កំហុស ​តាម​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ទាំង​វិន័យ ​និង​វិធាន​ការ​ច្បាប់។​

កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​ ២០២៤​ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ចេញ​របាយ​ការណ៍​មួយ​ស្តី​ពី​ការ​ឃ្លាំ​មើល​សវនាការ​ជំនុំ​ជម្រះ​ចំនួន​ ១៧៥ ​ករណី ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ខែ​មករា ​ឆ្នាំ​ ២០២២​ ​ដល់​ខែ​កក្កដា ​ឆ្នាំ ​២០២៣។ ​សមាគម​រក​ឃើញ​ថា​ ចៅក្រម ​និង​តំណាង​អយ្យការ​មិន​បាន​អនុវត្ត​ការងារ​របស់​ខ្លួន​ត្រឹម​ត្រូវ​នោះ​ទេ។​

សមាគម​អាដហុក​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា ​ការងារ​ដែល​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ទាំង​នោះ ​មាន​ដូចជា​ការ​រារាំង​សាធារណ​ជន​ និង​អ្នក​សារ​ព័ត៌មាន​មិន​ឱ្យ​ចូល​បន្ទប់​សវនាការ ​ឬ​បណ្តេញ​ចេញ​ពី​បន្ទប់​សវនាការ ​ចៅក្រម​និង​តំណាង​អយ្យការ​សម្តែង​អាកប្ប​កិរិយា​សម្លុត​ គំរាម​ជន​ជាប់​ចោទ ​និង​ប្រាប់​ឱ្យ​ជន​ជាប់​ចោទ​សុំ​ទោស ​និង​មិន​បាន​ពន្យល់​លម្អិត​អំពី​សិទ្ធិ​មាន​មេធាវី​ ឬ​សិទ្ធិ​ការពារ​ខ្លួន​ និង​សិទ្ធិ​មិន​ឆ្លើយ​ ជាដើម។​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ជំរុញ​ក្រសួង​យុត្តិធម៌​ឱ្យ​ពិនិត្យ ​និង​ចាត់​វិធាន​ការ​តឹងរ៉ឹង​លើ​ចៅ​ក្រម ​និង​តំណាង​អយ្យការ​ ដែល​អនុវត្ត​ការងារ​មិន​បាន​ត្រឹម​ត្រូវ​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG