ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍សម្រេចរក្សាទុកការកាត់ទោសលោក ថាច់ សេដ្ឋា ពីបទចេញសែកអត់ប្រាក់ ខណៈមេធាវីត្រៀមប្តឹងសាទុក្ខ


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ ​បាន​សម្រេច​តម្កល់​សាល​ក្រម​កាត់​ទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក​ ថាច់ សេដ្ឋា​ ក្នុង​សំណុំ​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ ដែល​នាំឱ្យអ្នក​នយោបាយ​ជំទាស់​រូប​នេះបន្ត​គ្មាន​សេរីភាព​ និង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ​នេះ​បើ​តាម​មេធាវី​ការពារ​ក្តី​លោក​ ថាច់ សេដ្ឋា ​និង​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស។​

លោក​ សេដ្ឋា ​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ កាលពី​ខែ​មករា​ ឆ្នាំ​ ២០២៣​ តាម​បណ្តឹង​មួយ​ដែល​បាន​ចោទ​ថា ​លោក​បាន​ចេញ​មូលប្បទាន​ប័ត្រ​ចំនួន​៥សន្លឹក​ដែល​គ្មាន​ទឹក​ប្រាក់​ កាល​ពី​ឆ្នាំ​ ២០១៩​ ដើម្បី​សងហាង​បញ្ចាំ​រិន ឆាយ (Rin Chhay Pawn Shop)។​

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​តាម​ដាន​ករណី​នេះ ​ចុះ​ថ្ងៃទី​ ២២ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់​ទោស​លោក​ឱ្យជាប់​ពន្ធនាគារ ១៨​ខែ។ ​ក្រោយ​ការ​ប្រកាស​សាលក្រម​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ចន្ទ​ លោក​ សេដ្ឋា ត្រូវ​បាន​តុលាការ​បង្គាប់ឱ្យកង​កម្លាំង​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ភ្លាមៗ។​

សហ​មេធាវី​ការពារ​ក្តីឱ្យលោក​ ថាច់ សេដ្ឋា​ គឺ​លោក ​សឺន ជុំជួន ​ប្រាប់​វីអូអេ​ថា​ ការ​កាត់​សេចក្តី​របស់​សាលា​ឧទ្ធរណ៍​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​ទេ​ ដូច្នេះ​កូនក្តី​និង​មេធាវី​នឹង​មាន​ការ​ពិភាក្សាអំពី​ការ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ជំទាស់​នឹង​សាល​ក្រម​របស់​សាលាដំបូង។​

លោក​ថ្លែង​ថា៖​ «កូន​ក្តីខ្ញុំ​ គាត់​មិន​អាច​ទទួល​យក​បាន​នូវ​អ្វី​ដែល​ជា​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​ហើយ​យើង​គិត​ថា​ អាច​នឹង​ប្តឹង​សាទុក្ខ​បន្ត​ទៀត​ ដោយ​សារ​តែ​យើង​ពិចារណា​ទៅ​ឃើញ​ថា​ អ្វីដែល​ជា​ការ​សម្រេច​សេចក្តី​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ហ្នឹង​ គឺ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​ទេ។ ​ហើយ​វា​ជា​ភាព​អយុត្តិធម៌​មួយ​សម្រាប់​កូនក្តី។ យើង​នឹង​អាច​នឹងប្តឹងសាទុក្ខ​ច្រើន​ជាង»។​

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​កន្លង​មក​ លោក ​ថាច់ សេដ្ឋា​ បាន​ប្រាប់​ចៅក្រម​ថា​ លោក​មិន​ធ្លាប់​ចេញ​សែកឱ្យដើម​បណ្តឹង​រដ្ឋប្បវេណី​តាំងពី​ឆ្នាំ ​២០១៦​ មក ​តែ​លោក​បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ រហូត​ត្រូវ​ផ្តន្ទា​ទោស​ទាំង​អយុត្តិ​ធម៌។​ នេះ​បើ​តាម​លោក​មេធាវី ​សឺន ជុំជួន។​

លោក​បន្ថែម​ថា​ កូនក្តីលោក​មាន​គោល​ដៅ​ចម្បង​ពីរ​ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការ​ គឺ​ទីមួយ​លោក​ចង់​បាន​សេរីភាព​នៅ​ក្រៅ​ឃុំ ​និង​ទី​ពីរ​ លោក​ទាមទារឱ្យតុលាការ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​លោក។​

លោក​ ថាច់ សេដ្ឋា​ អាយុ​៧០​ឆ្នាំ​ ជា​អ្នក​នយោបាយ​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។ ​លោក​ក៏ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី។​

ក្រៅ​ពីសំណុំ​រឿង​ចេញ​មូលប្បទាន​ប័ត្រ​មិន​អាច​បើក​ប្រាក់​បាន​នេះ​ អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ក៏ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ថ្ងៃទី​ ១៨​ ខែ​តុលា​ ឆ្នាំ​ ២០២៣​ ផង​ដែរ​ ពី​បទ​«ញុះ​ញង់​បង្កឱ្យមាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ និង​បទ​ញុះញង់​ឱ្យមាន​ការ​រើស​អើង​ នៅ​ពេល​លោក​ថ្លែង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​កាលពី​ឆ្នាំ​ ២០២៣។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា ​រឿង​ក្តី​លោក ​ថាច់ សេដ្ឋា ​នៅ​តែត្រូវ​បាន​គិត​ថាជា​បញ្ហា​នយោបាយ​ ជា​ជាង​ចំណាត់​ការ​ច្បាប់​ ព្រោះ​លោក​សេដ្ឋាបាន​បកស្រាយ​ហើយ​ថា​ បញ្ហា​បំណុល​នេះ​ ជា​រឿងរដ្ឋប្បវេណី​ដែល​ត្រូវ​បាន​ដោះ​ស្រាយរួច​ហើយ​ដែរ​តាម​ផ្លូវ​តុលាការ​ដែល​បាន​កាត់​សេចក្តីឱ្យលោក​ឈ្នះ។

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មីក្រោម​ការ​ដឹកនាំ​ដោយ​អ្នក​នយោបាយ​ឈាម​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ គួរ​គិត​គូរ​បញ្ចប់​សំណុំ​រឿង​លោក ​ថាច់ សេដ្ឋា ​ដើម្បី​បំបាត់​វិបត្តិ​នយោបាយ​ ដែល​នៅ​សេស​សល់​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ អ្វីដែល​សំខាន់​គឺ​យើង​ឃើញ​ថា ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ ហើយ​សុទ្ធ​តែ​ឈាម​ជ័រ​ថ្មី​ គួរ​ណាស់​តែ​យើង​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​ ដែល​សេស​សល់ ​គឺ​ធ្វើ​យ៉ាង​ណា​ ​អាច​នឹង​រក​ច្រក​ចេញ​ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​ដែល​សេស​សល់។ ​អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​ផ្តល់​ផល​ចំណេញ​សម្រាប់​កម្ពុជា»។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក​ ប្លង់ សំណាង​ តាម​ទូរស័ព្ទ​បាន​ទេ​ នៅ​ថ្ងៃអង្គារ​នេះ។​

កាលពី​ថ្ងៃទី​ ២១ ​ខែកញ្ញា​ ឆ្នាំ ​២០២៣ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ថាច់ សេដ្ឋា​ ពី​បទ​មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ ​ដោយយោង​តាម​មាត្រា ​២៣១​ នៃច្បាប់​ស្តី​ពី​ឧបរកណ៍​អាច​ជួញដូរ​បាន​ និង​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់។ ​លោកត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ និង​បង្គាប់​ឱ្យ​សង​ជា​ប្រាក់​ពិន័យ​ ៣​លាន​រៀល​ (ប្រមាណ​ជា​ ​៧៥០​ដុល្លារ) ​និង​សង​ប្រាក់​ទៅ​កាន់​ដើម​បណ្តឹង​ ​ដែល​ជា​ហាង​បញ្ចាំ​ ​រិន​ឆាយ​ ចំនួន​ ៣៣.៤០០​ដុល្លារ ​និង​ ​សំណង​ជំងឺចិត្ត​ ​៥​ ​លាន​រៀល​ (ប្រមាណ​ ១២៥០​ដុល្លារ) ​ផង​ដែរ។ នេះ​បើតាម​អង្គការ​ការ​ពារសិទ្ធិ​មនុស្ស​លីកាដូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG