ឆ្លើយតបទៅនឹងការចង់ឱ្យដាក់ទោសទណ្ឌលើអ្នកដែលកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានថ្លែងបែបចំអកទៅអ្នករិះគន់ថា បើចង់ឱ្យមានការកាត់ទោសគឺកាត់ទោសរូបលោក។
ភ្ជាប់ជាមួយការថ្លែងបែបនេះ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យដាក់ភ្នំតាម៉ៅដែលរងការកាប់បំផ្លាញព្រៃ ឈើជាតំបន់អភិរក្សដើម្បីកុំឱ្យមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើទាំងនោះនាថ្ងៃអនាគត។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានអានសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គមដែលចង់ឱ្យកាត់ទោសអ្នកកាប់ព្រៃឈើ និងអ្នកចុះហត្ថលេខាអភិវឌ្ឍតំបន់ភ្នំតាម៉ៅទៅក្រុមហ៊ុនឯកជន ដោយរូបលោកអះអាងថា បើចង់កាត់ទោសគឺត្រូវកាត់ទោសរូបលោក។
លោក ហ៊ុន សែន ថ្លែងបែបចំអកថា៖«ត្រូវកាត់ទោសអ្នកបំផ្លាញព្រៃអភិរក្សភ្នំតាម៉ៅ និងអ្នកស៊ីញ៉េផ្តល់សិទ្ធិ។ នាងអើយ ទៅកាត់ទោស កាត់ទោសអញមក»។
បើតាមលោក ហ៊ុន សែន កងអង្គរក្សជាង១ពាន់នាក់បានកំពុងប្រើប្រាស់គ្រឿងចក្រជាង១០០ដើម្បីឈូសឆាយដីឱ្យល្អឡើងវិញសម្រាប់ដើមឈើល្អៗ ដូចជាធ្នង់ នាងនួន និងបេងជាដើម។
លោក ហ៊ុន សែន បន្ថែមថា ភ្នំតាម៉ៅនឹងត្រូវដាក់បញ្ចូលជាតំបន់អភិរក្សក្រោមក្រសួងកសិកម្មដើម្បីកុំឱ្យមានការព្រួយបារម្ភអំពីការបាត់បង់ទៅថ្ងៃខាងមុខ។
លោក ហ៊ុន សែន បញ្ជាក់ថា៖«ប៉ុន្តែឥឡូវយើងសម្រេចចិត្តថា ទុកព្រៃហ្នឹងទាំងមូល និងដើម្បីធានាអះអាងជាមួយនឹងការមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់តំបន់ទាំងមូលនេះ ទាំងសួនសត្វតាម៉ៅ ទាំងព្រៃព័ទ្ធជុំវិញនេះ ដែលដកហូតពីឯកជន ឱ្យទៅជាតំបន់អភិរក្ស»។
ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដាក់បញ្ចូលសួនភ្នំតាម៉ៅជាតំបន់អភិរក្សនេះធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនមនុស្ស៩នាក់ កាលពីថ្ងៃអង្គារ ដែលក្នុងនោះមានសកម្មជនបរិស្ថានវ័យក្មេង៤នាក់ ដែលចុះទៅពិនិត្យមើលតំបន់នោះ និងអ្នកសារព័ត៌មាន៥នាក់ ដែលចុះទៅរាយការណ៍នៅទីកន្លែងនោះ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា វាជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដែលរដ្ឋាភិបាលសម្រេចទុកតំបន់នេះទាំងស្រុងដើម្បីអភិរក្ស ដោយហេតុថា ប្រទេសកម្ពុជាមិនមានសួនច្រើនឡើយ។ អ្នកស្រីបន្តថា ការអភិវឌ្ឍត្រូវតែដើរស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗកើតមានឡើងនាពេលក្រោយ។
ពាក់ព័ន្ធជាមួយការឃាត់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន នាយិការូបនេះលើកឡើងថា វាឆ្លុះបញ្ចាំងពីស្ថានភាពសេរីភាពសារព័ត៌មាននៅមានកម្រិត។
អ្នកស្រីថ្លែងថា៖«ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលអ្នកសារព័ត៌មានបំពេញភារកិច្ច បំពេញវិជ្ជាជីវៈរបស់ខ្លួន យើងឃើញថា តែងតែប្រឈមនូវការរឹតត្បិត ឬក៏ការគំរាមកំហែងតាមរូបភាពផ្សេងៗពីសំណាក់អាជ្ញាធរ ពីសំណាក់មន្ត្រីមានសមត្ថកិច្ច»។
សមាជិកក្រុមយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ លើកឡើងថាលោកសាទរចំពោះការសម្រេចរបស់លោក ហ៊ុន សែន ដែលដាក់ភ្នំតាម៉ៅជាតំបន់អភិរក្ស។ ទោះជាយ៉ាងណា លោកមានការងឿងឆ្ងល់ចំពោះការដែលអាជ្ញាធរឃាត់ខ្លួនរូបលោក ក៏ដូចជាអ្នកផ្សេងទៀត ហើយក៏មានការប្រើអំពើហិង្សាផងដែរ។
លោកបញ្ជាក់ថា៖ «តាមពិត បើសិនជាគ្រាន់តែជាការឈូសឆាយ ហើយដើម្បីសម្អាតកន្លែងហ្នឹង ខ្ញុំគិតថា វាមិនមានអីរហូតដល់ការឃាត់ខ្លួនពួកយើង ប្រើហិង្សាមកលើពួកយើងហ្នឹង ហើយរហូតដល់វាយដំច្រំធាក់អ៊ីចឹង។ យើងអត់យល់! ងឿងឆ្ងល់ថា ហេតុអ្វីក៏ដល់ថ្នាក់ហ្នឹង?»
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN)ប្រាប់វីអូអេថា ជាការល្អដែលរដ្ឋាភិបាលចេញមកបកស្រាយជាមួយភាពវិជ្ជមានអំពីបញ្ហាចម្រូងចម្រាសក្នុងតំបន់ភ្នំតាម៉ៅនេះ។ លោកជំរុញឱ្យរដ្ឋាភិបាលមានតម្លាភាពតាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់សាធារណជនមុនពេលធ្វើអ្វីមួយដើម្បីចៀសវាងការយល់ច្រឡំ។
លោកថ្លែងថា៖ «ដើម្បីធានាបាននូវតម្លាភាព និងកុំឱ្យមានការព្រួយបារម្ភអីច្រើន ជាពិសេសការព្រួយបារម្ភជុំវិញករណីនេះ យើងឃើញថា អាចនឹងអនុវត្តនូវគោលការណ៍តម្លាភាព និងគណនេយ្យភាពឱ្យបានល្អប្រសើរជាងមុន គឺរាល់ការអភិវឌ្ឍ ការសម្រេចរបស់រដ្ឋាភិបាលទៅលើបញ្ហាភ្នំតាម៉ៅ ឬបញ្ហាអភិវឌ្ឍន៍ណាមួយ ឬក៏បញ្ហាការពារណាមួយហ្នឹង គួរតែមានការផ្សព្វផ្សាយព័ត៌មានជាមុនដោយតម្លាភាព»។
គួរបញ្ជាក់ថា ព្រៃឈើនៅភ្នំតាម៉ៅរងការឈូសឆាយ បន្ទាប់ពីរដ្ឋប្រគល់ដីព្រៃភ្នំនោះឱ្យទៅក្រុមហ៊ុនរបស់ឧកញ៉ាធំៗមួយចំនួន ដូចជាឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឃុន សៀ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍ។ ការណ៍នេះនាំឱ្យមានការរិះគន់ខ្លាំងៗពីសាធារណជន។ ក្រោយមានការរិះគន់ច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា បានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពឈូសឆាយព្រៃបន្តទៀត និងសម្រេចលុបចោលទាំងស្រុងនូវការដោះដូរ និងការអភិវឌ្ឍតំបន់ភ្នំតាម៉ៅនោះ៕