ក្រុមអ្នកការពារបរិស្ថាន សាទរចំណាត់ការបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាឱ្យក្រុមហ៊ុនរបស់ឧកញ៉ាធំៗ បញ្ឈប់ការឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅថាជា«ជ័យជម្នះ»មួយសម្រាប់កិច្ចការពារសម្បត្តិព្រៃឈើដែលសេសសល់ក្នុងតំបន់ភ្នំតាម៉ៅ ជាទីតាំងសួនសត្វព្រៃមួយនៅក្នុងខេត្តតាកែវ។
កាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានចេញសារប្រញាប់មួយប្រាប់សាធារណជនថា គម្រោងការអភិវឌ្ឍនានានៅតំបន់ភ្នំតាម៉ៅ ត្រូវតែបញ្ឈប់ ហើយក្រុមហ៊ុនឯកជនដែលបានឈូសឆាយដីព្រៃត្រូវដាំដើមឈើឡើងវិញ។
ដំណាលគ្នានឹងសេចក្តីត្រេកអរចំពោះសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមសកម្មជនការពារបរិស្ថាន សម្តែងការខកចិត្តនៃការបាត់បង់ព្រៃឈើ និងបានទាមទារឱ្យរដ្ឋនិងក្រុមហ៊ុនដែលឈូសឆាយដីព្រៃទាំងនោះបង្ហាញទំនួលខុសត្រូវដោយត្រូវធ្វើយ៉ាងណាធានាថាតំបន់ដែលបានរងការកាប់បំផ្លាញព្រៃឈើត្រូវមានដើមឈើដុះពេញឡើងវិញ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)លោក ហេង គឹមហុងនិយាយថា ការរួមសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការសម្រេចចិត្តមួយត្រឹមត្រូវ ឈានដល់បញ្ឈប់រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់នៅតំបន់ភ្នំតាម៉ៅ។
ប៉ុន្តែលោកទទូចសុំឱ្យលោក ឡេង ណាវ៉ាត្រា ម្ចាស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលល្បីខាងជំនួញអចលនទ្រព្យនិងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវដាំដើមឈើឡើងវិញ និងត្រូវមើលថែទាំដើមឈើនោះរហូតដល់ធំ។
លោកប្រាប់វីអូអេថា៖ «ជារួមខ្ញុំសាទរ ហើយចង់ឱ្យរដ្ឋាភិបាលមេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍តម្លាភាព ការពិគ្រោះជាមុនរវាងពលរដ្ឋនៅគ្រប់ទិសទី និងភាគីពាក់ព័ន្ធ ដើម្បីកុំឱ្យមានបញ្ហាប្រឈមនេះ»។
បន្ថែមពីនេះ លោកស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមើល និងដោះស្រាយបញ្ហាព្រៃឈើក្នុងតំបន់ងាយរងគ្រោះផ្សេងទៀតផងដែរ។
លោកនិយាយថា៖ «យើងសង្ឃឹមថា អន្តរាគមន៍ឆ្លើយតបជាមួយកង្វល់របស់ប្រជាពលរដ្ឋនេះនឹងកើតមានឡើង ហើយជាពិសេសស្ថានភាពព្រៃឈើដែលកំពុងប្រឈម ដូចជាតំបន់ព្រៃឡង់ ព្រៃព្រះរការ និងតំបន់ការពារផ្សេងទៀតហ្នឹង ក៏គួរតែមានការសិក្សាឡើងវិញដែរ»។
លោកបន្ថែមថា៖ «ហើយជាពិសេសក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ និងលោកនាយករដ្ឋមន្ត្រីដែរ សូមមេត្តាពិនិត្យមើលក្នុងព្រៃមេត្តាធម្មជាតិក្នុងស្រុកឱរ៉ាល់ផង។ យើងឃើញថាក្រុមទាហានដែលទទួលបានអនុប្រយោគនៅទីនោះ គឺតែងតែគំរាមកំហែង ដោយប្រើអាវុធ ប្រើកាំភ្លើងទៅលើសហគមន៍ និងប្រជាពលរដ្ឋ រហូតដល់មានការប្រើប្រាស់អំពើហិង្សាជាដើម»។
សកម្មជនក្រុមខ្មែរថាវរៈ អ្នកស្រី ឈឿន ដារ៉ាវី យល់ថា ការអភិវឌ្ឍលើទីតាំងទ្រព្យសម្បត្តិរដ្ឋ ដោយមិនបានធ្វើប្រជាមតិជាមុន និងមិនបង្ហាញផែនការមេនៃដំណើរការអភិវឌ្ឍនោះ ឆ្លុះបញ្ចាំងឱ្យឃើញពីកង្វះតម្លាភាពក្នុងគម្រោងអភិវឌ្ឍន៍ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈ និងទទួលរងការរិះគន់។
អ្នកស្រីនិយាយថា៖ «ភ្នំតាម៉ៅនេះ ជាឧទាហរណ៍សម្រាប់រឿងផ្សេងៗ [ដែល]មុនរដ្ឋាភិបាលសម្រេចចិត្តក្នុងការកាប់ ឬអភិវឌ្ឍតំបន់ណាមួយ ដែលជាសម្បត្តិរដ្ឋត្រូវតែសិក្សាឱ្យបានស៊ីជម្រៅពីបញ្ហាប្រឈម និងជុំវិញនៃរាល់បញ្ហាដែលមាននៅម្តុំហ្នឹង»។
កាលពីសប្តាហ៍មុន គេឃើញមានការឈូសឆាយយ៉ាងសកម្ម និងខ្លាំងក្លា នៅក្នុងតំបន់ព្រៃឈើភ្នំតាម៉ៅ បន្ទាប់ពីរដ្ឋប្រគល់ដីព្រៃភ្នំនោះ ឱ្យទៅក្រុមហ៊ុនរបស់ឧកញ៉ាធំៗមួយចំនួនដូចជាឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ា ឃុន សៀ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបើកផ្លូវឱ្យមានការអភិវឌ្ឍ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋ និងអ្នកការពារបរិស្ថាន បញ្ចេញប្រតិកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមជាបន្តបន្ទាប់ ហើយបានធ្វើយុទ្ធនាការផ្សេងៗ សុំឱ្យរដ្ឋ និងក្រុមហ៊ុនបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះបន្តទៀត។
ក្រោយមានប្រតិកម្មបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស និងបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពឈូសឆាយព្រៃបន្តទៀត និងសម្រេចលុបចោលទាំងស្រុងនូវការដោះដូរ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅនោះ។
លោក ហ៊ុន សែន បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យទី៧ ខែសីហាថា៖ «១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាត ឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ»។
ទាក់ទិនតំបន់ដីព្រៃនៅភ្នំតាម៉ៅនេះ សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី កាលពីសប្តាហ៍មុន បានចេញផ្សាយសេចក្តីរាយការណ៍មួយបង្ហាញថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទទួលបានដីធំជាងគេ ដែលគ្រោងឈូសព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំប្រមាណ១.៥០០ហិកតា ហើយផ្ទៃដីទំហំ៥០០ហិកតានៅតំបន់ភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជនដោយមិនបានបញ្ជាក់ពីទីតាំងឬម្ចាស់កម្មសិទ្ធិឡើយ។ ចំណែកផ្ទៃដី៧០០ហិកតាផ្សេងទៀត ត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group របស់ឧកញ៉ា ឃុន សៀ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ឡេង ណាវ៉ាត្រា និងលោក ឃុន សៀ បានទេ តាមរយៈទូរស័ព្ទនៅថ្ងៃចន្ទនេះ។
ប៉ុន្តែលោក ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនលោកកាលពីថ្ងៃ៧ ខែសីហា ដោយគាំទ្របទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី និងបានអំពាវឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅកន្លែងដែលបានឈូសឆាយ។ លោកលើកឡើងថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុបស.ជ.ណ[សេចក្តីជូនដំណឹង] តំបន់ភ្នំតាម៉ៅទាំងអស់ ហើយបងប្អូនដែលស្រលាញ់កូនឈើអាចមកដាំកូនឈើជាមួយខ្ញុំ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គនាយករដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បាននៅឡើយទេ តាមប្រព័ន្ធទូរស័ព្ទ។
សកម្មជនបរិស្ថានលោក ថុន រដ្ឋា ចង់ឃើញតម្លាភាពនៅពេលមានការអភិវឌ្ឍណាមួយដោយត្រូវផ្តល់ព័ត៌មានឱ្យប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋបានដឹងឮ ដោយគ្មានការលាក់បាំង។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវហ៊ានបញ្ចេញមតិយោបល់ និងធ្វើសកម្មភាពចូលរួមការងារសង្គមនានា ដូចបញ្ហាព្រៃឈើភ្នំតាម៉ៅនេះ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានថ្លែងរិះគន់ ការបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម លើកឡើងលើហ្វេសប៊ុកផ្ទាល់ខ្លួនលោកនៅថ្ងៃចន្ទនេះថា ៖«យើងនៅតែឆ្ងល់ថានៅកម្ពុជាមានសត្វ ព្រៃភ្នំ ព្រៃឈើសមុទ្រ ទន្លេ បឹងបួ ទេសភាពធម្មជាតិជាច្រើន ម្ដេចក៏គេមិនគិតគូរអភិរក្ស អភិវឌ្ឍប្រកបដោយចីរភាពដល់កូនចៅយើងជំនាន់ក្រោយ? ហេតុអ្វីគេនាំគ្នាបំផ្លាញ? ហើយអស់លោក ឧកញ៉ា គហិបតី អ្នកបំផ្លាញខ្លះនោះ មានលុយឡានសម្បត្តិហូរហៀរ ចង់មានបានមិនចេះឆ្ឣែត គេបំផ្លាញនៅស្រុកខ្មែរ រួចហើយគេនាំគ្នា បក្ខពួកគ្រួសារ ទៅកម្សាន្តនៅបរទេស រកតំបន់ធម្មជាតិ បរិស្ថាន ព្រៃឈើ បឹងបួ ផ្សារទំនើបទៅវិញ»។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា៖ «រដ្ឋាភិបាលនិងក្រុមហ៊ុនត្រូវទទួលខុសត្រូវក្នុងការដាំនិងថែរក្សាព្រៃឈើទាំងនេះឡើងវិញ។ ការសម្រេចចិត្តគម្រោងរបៀបនេះត្រូវមានការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធដូចជាប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលដោយផ្សាភ្ជាប់ជាមួយផែនការមេ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា ការសម្រេចកន្លងមកឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ គឺមិនខុសនីតិវិធីច្បាប់ និងមិនចាំបាច់ធ្វើប្រជាមតិនោះទេ ដោយក្រសួងពាក់ព័ន្ធបានសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សេដ្ឋកិច្ចរួចរាល់ហើយ មុននឹងផ្តល់ភ្លើងខៀវឱ្យមានសកម្មភាពអភិវឌ្ឍ។
លោកបន្ថែមថា៖ «ដូច្នេះ ជួនកាលយើងអនុវត្តច្បាប់ ក៏ប៉ុន្តែវាទើប[មាន]ការចង់បានរបស់ប្រជាពលរដ្ឋ ដូច្នេះមានការសម្របសម្រួលទៅវិញ តាមរយៈនយោបាយ អាស្រ័យហេតុដូចនេះហើយបានសម្តេចនាយករដ្ឋមន្ត្រី លោកសម្រួលទៅតាមកម្រិតនយោបាយទៅវិញ។ បើតាមនីតិវិធីគឺអត់មានខុសទេ»។
មកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ដីព្រៃឈើដែលបានឈូសឆាយនោះ មានទំហំប៉ុណ្ណានៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា ការកាត់ដីនៅតំបន់ភ្នំតាម៉ៅឱ្យក្រុមឈ្មួញដែលគេដឹងថាជាអ្នកវិនិយោគក្នុងជំនួញអចលនទ្រព្យនោះ គឺដោយសារតែដីនោះជាប្រភេទដីខ្សាច់ ដើមឈើដុះលូតលាស់មិនសូវល្អ ហើយសត្វជ្រូកព្រៃជាញឹកញាប់ចេញមកបំផ្លាញដំណាំប្រជាពលរដ្ឋ៕