ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជំរុញ​ឱ្យ​សមាជិក​អាស៊ាន​ចាត់​វិធាន​ការខ្លាំងក្លា​លើ​ល្បែង​អនឡាញ និង​ការបោក​បញ្ឆោត​តាម​ទូរគមនាគមន៍


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​សន្និសីទ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi នៅ​ពេល​ដែល​លោក​ទៅ​ចូលរួម​សន្និសីទ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តី​ការ​បរទេស​ចិន ​លោក​ Wang Yi​ បាន​ជួប​ជាមួយ​ប្រេសិត​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​ជំរុញ​ឱ្យ​អាស៊ាន​ចាត់​វិធានការ​ខ្លាំង​ក្លា​ក្នុង​ការ​បង្រ្កាប​ល្បែង​អនឡាញ ​និង​ការ​បោក​បញ្ឆោត​តាម​ទូរ​គមនាគមន៍ ​(Telecom Fraud)។

លោក​បាន​លើក​ឡើង​ថា​ មាន​ករណី​ច្រើន​ពាក់​ព័ន្ធ​នឹង​ល្បែង​អនឡាញ ​និង​ការ​បោក​បញ្ឆោត​តាម​ទូរ​គមនាគមន៍​នៅ​តាម​ព្រំដែន​ថៃ ​និង​មីយ៉ាន់ម៉ា ​ដែល​លោក​ថាបាន​គំរាម​និង​ដាក់​ប្រជាជន​ចិន​ និង​ប្រជាជន​នៃ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ហានិភ័យ។ ​លោក ​Wang Yi ​ត្រូវ​បាន​ដក​ស្រង់​សម្តី​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បន្ថែម​ថា​ ចិន​មាន​«ឆន្ទៈ»​នៅ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​ដើម្បី​ពង្រឹង​ច្បាប់ ​និង​សន្តិសុខ និង​ដើម្បី​ផ្តល់​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​អស់​ក្នុង​ការ​ធ្វើ​ដំណើរ។​

ការ​ជំរុញ​របស់​ចិន​ស​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​គំរាម​កំហែង​ដែល​កើន​ឡើង​នៅ​ក្នុង​ការ​បោក​បញ្ឆោត​តាម​ទូរ​គមនាគមន៍ ​និង​ការ​ជួញដូរ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជា​ត្រូវ​បាន​រាយ​ការណ៍​ថា​ក្លាយ​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam) ​ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។ ​ឧក្រិដ្ឋ​ជន​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNHCHR)​ ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​ ២០២៣ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មនុស្ស​ប្រមាណ​១០​ម៉ឺន​នាក់​ ដែល​ជា​ជន​បរទេស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៥​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​កម្ពុជា ​ថៃ ​ឡាវ​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG