មន្រ្តីជាន់ខ្ពស់ខាងអន្តោប្រវេសន៍អះអាងថា សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតបន្ថែមពាក់ព័ន្ធនឹងជនបរទេសប្រមាណ ២០០ នាក់ ដែលភាគច្រើនជាជនជាតិចិន។ ពួកគេត្រូវបានឃាត់ខ្លួន ក្រោយសមត្ថកិច្ចចុះបង្រ្កាបទីតាំងមួយកន្លែងនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ។
សារព័ត៌មានក្នុងស្រុកដូចជា Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលបានចុះផ្សាយកាលពីថ្ងៃពុធថា អាជ្ញាធរបានចុះបង្រ្កាបទីតាំងមួយកន្លែង ដោយឃាត់បានជនជាតិចិន និងជនជាតិប៉ាគីស្ថានជិត២០០នាក់ ដោយសង្ស័យពីការប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ សារព័ត៌មាន Fresh News បានចុះផ្សាយទៀតថា ការចុះបង្រ្កាបនៅទីតាំងនោះកើតឡើង ក្រោយអាជ្ញាធរទទួលបានព័ត៌មានពីជនរងគ្រោះដែលបានប្តឹងថា ខ្លួនត្រូវបានចាប់បង្ខាំងនៅក្នុងអគារ។
លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា មកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងសាកសួរជនបរទេសទាំងនោះ ហើយសមត្ថកិច្ចត្រៀមបញ្ជូនពួកគេទៅប្រទេសកំណើតវិញ។
លោកថ្លែងថា៖ «រាល់ជនណាដែលយើងបានបង្រ្កាបហើយគឺយើងត្រូវអនុវត្តតាមនីតិវិធីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាហើយ។ អ៊ីចឹងទេ ជនជាតិចិនដែល[ឃាត់]ហ្នឹងគឺមិនមានអ្វីទេ យើងនឹងបញ្ជូនពួកគាត់ចេញហើយ។ ហើយចំពោះការប្រតិកម្មអីនោះក៏ខាងភាគីចិនក៏គោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជារបស់យើងដែរ»។
អ្នកនាំពាក្យរូបនោះអះអាងថា លោកមិនទាន់អាចបញ្ជាក់ពីចំនួនជនជាតិចិន និងជនជាតិប៉ាគីស្ថានដែលកម្លាំងសមត្ថកិច្ចចុះបង្រ្កាបពីបទល្មើសល្បែងអនឡាញខុសច្បាប់នេះនៅឡើយទេ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រាប់វីអូអេយ៉ាងខ្លីថា អាជ្ញាធរកំពុងសាកសួរជនបរទេសទាំងនោះ ហើយត្រៀមបញ្ជូនពួកគេទៅប្រទេសកំណើតវិញ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យវីអូអេសួរអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។ វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាននៅឡើយទេ។
ចំណែកអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេថា អ្នកស្រីមិនបានដឹងអំពីការចុះបង្រ្កាបរបស់កម្លាំងសមត្ថកិច្ច ហើយឃាត់ខ្លួនជនបរទេសខាងលើឡើយ។ អ្នកស្រីស្នើឱ្យទាក់ទងសមត្ថកិច្ចពាក់ព័ន្ធវិញ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទល្បែងកាស៊ីណូអនឡាញចាប់តាំងពីដើមឆ្នាំ ២០២០ ដោយអនុញ្ញាតឱ្យមានតែកាស៊ីណូលេងល្បែងផ្ទាល់នៅនឹងកន្លែងតែប៉ុណ្ណោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បច្ចុប្បន្ននេះបញ្ហាល្បែងអនឡាញហាក់បីកើតជាហូរហែនៅតាមអគារតូចធំជាច្រើន ដែលលោកថា ភាគច្រើនសុទ្ធសឹងតែជាជនបរទេស។ លោកបន្តថា ការបើកល្បែងអនឡាញក៏ជាផ្នែកមួយនាំឱ្យមានការឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា Scam ដូចជាការឆបោកមនុស្សយកមកធ្វើការនិងការបង្ខាំងមនុស្សជាដើម។
លោកបន្ថែមថា បញ្ហាល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអនឡាញនៅតែជាភាពចម្រូងចម្រាសមួយសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «បច្ចុប្បន្នរឿងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអនឡាញនេះ វាជារឿងចម្រូងចម្រាសដ៏ក្តៅគគុកសម្រាប់កម្ពុជាយើង។ អ៊ីចឹង វាប៉ះពាល់ច្រើនទី១ វិស័យទេសចរណ៍ ទី ២ វិស័យវិនិយោគ ទី ៣ វាទាក់ទងនឹងសន្តិសុខ សុវត្ថិភាពសង្គមអីជាដើម ដែលធ្វើឱ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះនៃប្រទេសកម្ពុជាយើង»។
លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកក្នុងការបង្រ្កាប ឱ្យមានប្រសិទ្ធភាពទៅលើល្បែងអនឡាញ បូករួមទាំងការឆបោកតាមប្រព័ន្ធអនឡាញ និងលុបបំបាត់នូវរាល់អំពើពុករលួយគ្រប់រូបភាព ហើយក៏ត្រូវសហការល្អជាមួយប្រទេសជិតខាងដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជន។
គួរបញ្ជាក់ថា ជាបន្តបន្ទាប់ ប្រទេសកម្ពុជាត្រូវបានរាយការណ៍ថា ក្លាយជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជនដែលភាគច្រើនជាជនបរទេសបានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ដែលចេញផ្សាយកាលពីចុងខែសីហា ឆ្នាំ ២០២៣ នៅក្នុងប្រទេសកម្ពុជា មនុស្សប្រមាណជា ១០ ម៉ឺននាក់ ដែលជាជនបរទេសត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះក៏បានកើតឡើងនៅក្នុងប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន៕
វេទិកាបញ្ចេញមតិ