ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​បង្ក្រាប​រាល់​​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​អស់


រូបឯកសារ៖ មនុស្ស​កំពុង​មើល​ការប្រកួត​បាល់ទាត់ខណៈដែល​មានការ​ភ្នាល់​បាល់​នៅ​ទីក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​០៨ ធ្នូ ឆ្នាំ២០១២។
រូបឯកសារ៖ មនុស្ស​កំពុង​មើល​ការប្រកួត​បាល់ទាត់ខណៈដែល​មានការ​ភ្នាល់​បាល់​នៅ​ទីក្រុង​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​០៨ ធ្នូ ឆ្នាំ២០១២។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​អស់​ក្នុង​ទីក្រុង​ភ្នំពេញ​បង្ក្រាប​ និង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បើកល្បែង​ស៊ី​សង​គ្រប់​ប្រភេទបន្ថែមទៀតនៅ​ក្នុង​តំបន់​មូលដ្ឋាន​ឡើយ​។ នេះ​បើ​តាមសារ​ជូន​ដំណឹងមួយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត បាន​ចេញ​សារ​ជា​សំឡេង​មួយ​ ​បញ្ជា​ឱ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​បង្ក្រាប​មិន​ឱ្យ​មាន​ល្បែង​ផ្សង​សំណាង​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​។

អភិបាល​រង​រាជធានី​ភ្នំពេញ​ លោក ​កើត ឆែ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​នេះ​ អាជ្ញាធរ​មូលដ្ឋាន​នៅ​រាជធានី​នឹងអនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បើក​បន្ថែម​ទីតាំង​ថ្មី​នៃ​ល្បែង​ផ្សង​សំណាង​ផ្សេង​ទៀត​ឡើយ​។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វី​ដែល​អនុវត្ត​ប្រសាសន៍​សម្តេច​ធិបតី​ម្សិល​មិញ​គឺ​មិន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​ឱ្យ​ធ្វើ​ទីតាំង​ថ្មី​ទៀត​ទេ​ អ៊ីចឹង​កន្លង​មក​អ្នក​ដែល​បាន​ទទួល​ ដែល​ហៅ​ថា​ទិដ្ឋាការ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​គាត់​សុំ​ដាក់​ទីតាំង​នៅ​តាម​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ​ ឥឡូវ​សម្តេច​ធិបតី​លោក​ណែនាំ​ថា​មិន​ឱ្យ​មាន​ថ្មី​ទេ មាន​ប៉ុណ្ណា​គឺ​ប៉ុណ្ណឹង»។

លោក​បញ្ជាក់​ទៀត​ថា កន្លង​ទៅ​ការ​អនុវត្ត ឬ​ការ​ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង​គឺ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​មូល​ដ្ឋាន និង​ជំនាញ​នៃ​ការ​ស៊ើប​អង្កេត​របស់​កម្លាំង​សមត្ថកិច្ច​។

អ្នកនាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​លោក ​សំ វិច្ឆិកា ប្រាប់​វីអូអេ​ថា បន្ទាប់​ពី​ទទួល​បាន​ខ្លឹម​សារ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពី​ការ​ត្រួត​ពិនិត្យ និង​បង្ក្រាប​ល្បែង​ផ្សង​សំណាង​នានា​ក្នុង​រាជធានី​ភ្នំពេញ កម្លាំង​នគរ​បាល​រាជ​ធានី​នឹង​ចាត់​វិធានការ​ និង​ការ​អនុវត្ត​តាម​បទបញ្ជា​ខាង​លើ​នេះ​។

លោក​ថ្លែង​ថា៖ «ពាក់​ព័ន្ធ​រឿង​ល្បែង​ស៊ីសង​នេះ ខ្ញុំ​ក៏​មិន​ទាន់​បាន​ដឹង​ស៊ីជម្រៅ​ដែរ ព្រោះ​អី​យើង​មិន​ដែល​ទទួល​នូវ​កិច្ច​ការងារ​ជំនាញ​ពី​ការងារ​នេះ ប៉ុន្តែ​កន្លង​មក​យើង​ទទួល​បាន​ថា​មាន​ល្បែង​អនឡាញ​ ល្បែង​ពាក់​ព័ន្ធ​នឹង​ហ្គេម​បាញ់​ត្រី។ អ៊ីចឹង​យើង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ និង​បន្ត​អនុវត្ត​រាល់​ល្បែង​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ច្បាប់»។

តាម​រយៈ​សារ​សំឡេង​មានរយៈពេល​ជាង​២នាទី​ដែល​បាន​ចែក​រំលែក​តាម​ប្រព័ន្ធទំនាក់​ទំនង​សង្គមកាល​ពី​ថ្ងៃពុធ លោក ហ៊ុន ម៉ាណែ​ត បានបញ្ជា​ឱ្យ​ផ្អាក​រាល់​ការ​ផ្តល់​អាជ្ញាបណ្ណ​ក្នុង​ការ​បើក​ល្បែង​ផ្សង​សំណាង​នានា​ក្នុង​តំបន់​មូលដ្ឋាន ក៏​ដូច​ជា​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់​គ្រង​ល្បែង​ស៊ីសង​កម្ពុជា ចំណុះ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ រួមទាំង​បណ្ដា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ពិនិត្យ​ឡើង​វិញ និង​រៀបចំ​ឡើង​វិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់​គ្រង​ល្បែង​ផ្សង​សំណាង​ផ្សេង​ៗ​នៅ​ទូទាំង​ប្រទេស​។

លោក ហ៊ុន ម៉ាណែត​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ឱ្យ​ឯកឧត្តម​លោក​ជំទាវ​ អភិបាល គណៈ​អភិបាល​រាជធានី​ខេត្ត​ចាត់​វិធាន​ការ​ជា​បន្ទាន់​ ដើម្បី​ត្រួត​ពិនិត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង​នៅ​តាម​មូលដ្ឋាន​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្នុង​ករណី​នៅ​មាន​បន្ត​បើក​ថ្មី​ថែម​ទៀត សូម​ចាត់​វិធាន​ការ​បិទ​ជា​បន្ទាន់​ហើយ​រាយការណ៍​ត្រង់​មក​ខ្ញុំ​ ដើម្បី​ចាត់​វិធាន​ការ​ដែល​អាច​ឈាន​ដល់​ការ​ដក​អាជ្ញាបណ្ណ​នៅ​ក្នុង​ខេត្ត ឬ​នៅ​ទូទាំង​ប្រទេស​តែ​ម្តង​»។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ប៉ុន្តែ​លោក​ ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា ​តើ​ត្រូវ​បិទ​ទីតាំង​ល្បែង​ផ្សង​សំណាង​ដែល​មាន​ស្រាប់​ឬ​យ៉ាងណា​នោះ​ទេ​។ លោក​ក៏​មិន​បាន​បញ្ជាក់ចំៗ​ថា ​តើ​ល្បែង​ផ្សង​សំណាង​នោះ​មាន​ឡូតូ​ឬ​យ៉ាង​ណា​នោះ​ទេ​។ ល្បែង​ឡូតូ​ត្រូវ​គេសង្កេត​ឃើញថា​ កំពុង​រីក​ដុះដាល​នៅ​តាម​ទីសាធារណៈ ជា​ពិសេស​កន្លែង​លេង​កីឡា​ក្នុង​ប្រទេស​កម្ពុជា​។

បទ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត​ដែល​សំដៅ​ខ្ទប់​មិនឱ្យ​មាន​ការ​រីក​រាល​ដាល​នៃ​ល្បែង​ស៊ីសង​បន្ថែមទៀត​នេះ​ កើត​ឡើង ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អន​ឡាញ​មួយ​ឈ្មោះ​ថា​ DIG88 រហូត​ដល់​មាន​ការ​រិះគន់​យ៉ាង​សន្ធឹក​សន្ធាប់​ទៅ​លើ​តារា​កំប្លែង​ល្បី​ឈ្មោះ​ម្នាក់​ ឈ្មោះ​នាយ ​គ្រឿន ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ល្បែង​តាមរយៈការ​ថតវីដេអូ​ចម្រៀងកាយ​វិកា​រ​។ នាយ​គ្រឿន​ ក្រោយ​មក​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ផ្សព្វ​ផ្សាយ​នោះ​ បន្ទាប់​ពីមាន​ប្រតិកម្ម​ពី​សាធារណ​ជន​ជា​បន្តបន្ទាប់​ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក ​យង់ គិមអេង យល់​ឃើញ​ថា ចំណាត់​ការ​ក្នុង​ការ​បង្ក្រាប​ល្បែង​ផ្សង​សំណាង​ទាំង​នេះ​ជា​រឿង​ដែល​ប្រសើរ​មួយ ដោយថា កន្លង​ទៅ​មាន​សកម្មភាព​នៃ​ការ​ប្រព្រឹត្តិ​ល្បែង​ទាំង​អស់​នេះ​ច្រើន ហើយ​ភាគ​ច្រើន​នៃ​ប្រតិបត្តិការ​ល្បែង​ទាំង​នោះ​ ត្រូវ​គេ​ឃើញ​មាន​នៅ​តាម​ហាង​កាហ្វេ​ដែល​មិន​មែន​ជា​រូបភាព​ល្អ​នៅ​ក្នុង​សង្គម​។

លោក​ថ្លែង​ថា៖ «វិធានការ​ខ្ញុំ​គិត​ថា​អាជ្ញាធរ​ត្រូវ​តែ​ពិនិត្យ​មើល​ ហើយ​និង​ចាត់​វិធានការ​ទាំង​ល្បែង​ ហើយ​និង​បិទ​ទាំង​អស់​ កុំ​ស្រាប់​តែ​ធ្វើ​អា​ខុស​ច្បាប់​ អា​មាន​ច្បាប់​ទុក​ឱ្យ​ គឺ​មាន​បញ្ហា​នៅ​ក្នុង​សហគមន៍​ច្រើន​ណាស់។ អ៊ីចឹង​ទាល់​តែ​បិទ​ទាំង​អស់ ហើយ​លុប​ចោល​ License [អាជ្ញាបណ្ណ] ហើយ​រឹត​បន្តឹង​ក្នុង​សហគមន៍​កុំ​ឱ្យ​មាន​ល្បែង​ស៊ីសង​ ហ្នឹង​ជា​ការ​ប្រសើរ»។

ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ធ្លាប់​បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បានផ្តល់​អាជ្ញា​បណ្ណ​ដល់ក្រុមហ៊ុន​លែ្បង​ស៊ី​សង​អនឡាញ​ឱ្យ​ប្រកប​អាជីវកម្ម ឬ​រកស៊ី​នៅ​កម្ពុជា​នោះ​ទេ​ ចាប់​តាំង​ពីពាក់​កណ្តាល​ឆ្នាំ​ ២០១៩​មក គឺ​នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​អន​ឡាញ ដែល​គេ​តែង​ហៅ​ថា​អនឡាញ​ហ្គេមដ៏​ពេញ​និយម​នោះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG