ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស៊ុន ចាន់ថុល ទទួល​ស្គាល់​ថា ការ​ឆបោក​អនឡាញ​ជា​រនាំង​ក្នុងការ​ទាក់ទាញ​វិនិយោគ


អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចពិភាក្សាសាធារណៈមួយ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ (YouTube Screenshot / CSIS)
អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ថ្លែងនៅក្នុងកិច្ចពិភាក្សាសាធារណៈមួយ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ (YouTube Screenshot / CSIS)

អនុ​ប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ ស៊ុន ចាន់ថុល​ ប្រាប់​វេទិកា​មួយ​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ ដោយ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​បាន​បង្ក​ជា​ឧបសគ្គ​ដល់​វិនិយោគិន​ដែល​ចង់​បណ្តាក់​ទុន​រក​ស៊ី​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។​

ថ្លែង​នៅ​ឯ​វេទិកា​កិច្ច​ពិភ្សា​មួយ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ ​(CSIS) ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ លោក ​ស៊ុន​ ចាន់​ថុល​ ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ ហើយ​បច្ចុប្បន្ន​មាន​តំណែង​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ផង​នោះ​ បាន​ផ្តល់​ការ​យល់​ឃើញ​ថា​ ​ប្រតិបត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក៏​មាន​ផល​ប៉ះ​ពាល់​លើ​ឧស្សាហ​កម្ម​ទេសចរណ៍​របស់​កម្ពុជា​ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​បទ​ល្មើស​បច្ចេក​វិទ្យា​នេះ​ឱ្យ​ដល់​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ថ្លែង​ថា៖​ «យើង​មិន​បណ្តោយ​ឱ្យ​មាន​រឿង​នេះ​ ឬ​ក៏​ព្រម​ឱ្យ​មាន​រឿង​ហ្នឹង​ទេ។​ ដូច្នេះ ​យើង​កំពុង​ប្រយុទ្ធ​នឹង​រឿង​នេះ​យ៉ាង​ខ្លាំង​ក្លា។ ​នាយក​រដ្ឋមន្ត្រី​របស់​យើង​បាន​ណែនាំ​ទៅ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​បង្ក្រាប​បន​ល្បែង​អនឡាញ​ខុស​ច្បាប់​ ល្បែង​ខុស​ច្បាប់​ ហើយ ព្យាយាម​បង្ក្រាប.​.. ​មិនមែន​ព្យាយាម​ធម្មតា​ទេ! ​ គឺ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​បង្ក្រាប​អំពើ​ឆបោក​អនឡាញ​នេះ។​ វា​ប៉ះ​ពាល់​យើង​ខ្លាំង​ជា​ទីបំផុត​ ក៏​ដូច​ជា​ពិភព​លោក​ទាំងមូល​ និង​មុខមាត់​របស់​កម្ពុជា។ ​ វា​មិន​ល្អ​ទេ»។​

លោក​បន្ថែម​ថា៖​ «ដូច្នេះ​ ដើម្បី​ទាក់​ទាញ​ទេសចរ​មក​ប្រទេស​កម្ពុជា ​ឬ​ក៏​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​...​ខ្លះ​និយាយ​ថា​ ​“ខ្ញុំ​ខ្លាច​មិន​ហ៊ាន​ទៅ “។ ​អ្នក​ដឹង​ទេ​ ដូច្នេះ ​យើង​ត្រូវ​ធ្វើការ​ងារ​ហ្នឹង​ឱ្យ​ខ្លាំង​បំផុត ហើយ​យើង​កំពុង​ធ្វើ​ការ​ហ្នឹង​ខ្លាំង​ណាស់​ ...​ខ្ញុំ​មិន​គិត​ថា​ យើង​អាច​លុប​បំបាត់​បាន​១០០​ភាគរយ​ទេ។ ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ បំបាត់​វា​ឱ្យ​បាន​ច្រើន​បំផុត​ ដូច្នេះ​រឿង​ហ្នឹង​មិន​កើត​មាន​ទៀត​ទេ​នៅ​ប្រទេស​យើង។ ​ដូច្នេះ​ នេះ​គឺ​ជា​អ្វី​ដែល​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ»។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​បញ្ហា​នេះ​ក៏​ប៉ះពាល់​ការងារ​របស់​លោក​ផង​ដែរ​នៅ​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិយោគទុន​ពីក្រៅ​ប្រទេស។​ លោក​បាន​បន្ថែម​ថា៖​ «ជាការណ៍​ពិត​ វា​ប៉ះពាល់​ការងារ​ខ្ញុំ​ផង​ដែរ។​ នៅ​ពេល​ខ្ញុំ​ទៅ​ផ្សព្វផ្សាយ​ពី​ការ​វិនិយោគ​ ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​សំណួរ​ដូច​គ្នា​នេះ​ ​ខ្ញុំ​មិន​ហ៊ាន​ទៅ​វិនិយោគ​នៅ​កម្ពុជា​ទេ ​ដោយ​សារ​តែ​ការ​បោក​អនឡាញ​ ការ​ជួញ​ដូរ​មនុស្ស។​ វាប៉ះ​ពាល់​យើង​ខាង​សេដ្ឋកិច្ច។​ ដូច្នេះ​ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នេះ​ បន្ត​មាន​ទៀត។ ​យើង​នឹង​ចាត់​ការ​រឿង​នេះ​ឱ្យ​ខ្លាំង​បំផុត»។​

ការ​អត្ថាធិប្បាយ​របស់​លោក ​ស៊ុន ចាន់ថុល ​យ៉ាង​ដូច្នេះ​ កើត​ឡើង​នៅ​ក្នុង​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ​អាស៊ាន​រៀបចំ​ដោយ​ CSIS ​ដែល​ជា​វេទិកា​សំខាន់​បំផុត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហើយ​នឹង​ដៃគូ​សន្ទនា​សំខាន់ៗ​ជាច្រើន​ទៀត​រួម​មាន​អ្នក​រៀប​ចំគោល​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​វ៉ាស៊ីនតោន​ឌីស៊ី​ (Washington DC)។​

នៅ​ក្នុង​វេទិកា​នោះ​ លោក​ ស៊ុន​ ចាន់ថុល​ ក៏​បាន​ប្រាប់​អ្នក​ចូលរួម​អំពី​សក្តានុពល​ក្នុង​ការ​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា ​ទី​ដែល​លោក​អះអាង​ថាមាន​ប្រជា​ពលរដ្ឋ​វ័យ​ក្មេង​ដែល​ប្រកប​ដោយ​ថាម​ពល​ និង​ងាយ​ស្រួល​បណ្តុះ​បណ្តាល​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​ ហើយ​កម្ពុជា​ក៏​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះពន្ធ​«គ្រប់​មុខ​ទំនិញ ​លើកលែង​សព្វាវុធ » ​ឬ​ EBA ​របស់​សហ​ភាព​អឺរ៉ុប ​និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​មួយ​ចំនួន​ទៀត​ដូច​ជា​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP)។​

លោក​ស៊ុ ន ចាន់ថុល ​ត្រូវ​បាន​អ្នក​កាសែត​ចោទ​សួរ​អំពី​ការ​ចាប់ខ្លួន​អ្នក​កាសែត​លោក ​ម៉ិច ដារ៉ា​ នៅ​ប្រទេស​កម្ពុជា​ ហើយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ពេលៗ​នេះ​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​លើ​លោក​ឧកញ៉ា​ លី យ៉ុងផាត់​ ចំពោះ​ការ​ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន​លោក​ក្នុង​ប្រតិបត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ផង​ដែរ។​

ឆ្លើយ​ទៅ​នឹង​សំណួរ​ទាំង​នោះ​ លោក ​ស៊ុន ចាន់ថុល​ ថា​ លោក​មិន​បាន​ដឹង​ទេ​អំពី​ការ​ចាប់​ខ្លួន​លោក​ ម៉ិច ដារ៉ា​ ខណៈ​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ តែ​លោក​អះអាង​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​គឺ​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់។ ​ទាក់​ទិន​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ឧប​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​ ​វា​ជា​បញ្ហា​របស់​ក្រុមហ៊ុន​ឯក​ជន​ រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ការពារ​ហើយ​លាង​ជម្រះ​ឈ្មោះ​លោក ​លី យ៉ុងផាត់ ​បាន​ទេ​ គឺ​មាន​តែ​លោក​ឧកញ៉ា​រូប​នេះ​ដែល​មាន​កាតព្វ​កិច្ច​ដោះ​ស្រាយ​រឿង​នេះ​ផ្ទាល់​ដោយ​ខ្លួន​លោក។

ក្រសួង​ការ​បរទេស​កម្ពជា​ កាល​ពី​ថ្ងៃ​ទី ១៣​ ខែ​កញ្ញា ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ហើយ​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់ ​និង​ក្រុមហ៊ុន​របស់​លោក​ជា​ «ការ​សម្រេច​ចិត្ត​ដោយ​អយុត្តិ​ធម៌»។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖​ «វិធាន​ការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយ​ការណ៍​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​អនឡាញ​នេះ​ មាន​ចេតនា​នយោបាយ​ និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ និង​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។​

រដ្ឋ​សភា​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​«អយុត្តិ​ធម៌»។​

ចំណែក​លោក​ ហ៊ុន ម៉ានី​ ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា ​ថា​ ​ទណ្ឌ​កម្ម​របស់​អាមេរិក​លើ​លោក ​លី យ៉ុងផាត់ ​ជា​ការ​«ចាប់​ដៃ ​ជាន់​ជើង»។​

ទោះជា​យ៉ាងណា​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ កន្លង​មក​ អំពើ​ឆបោក​អនឡាញ​បាន​បង្ក​ផល​អាក្រក់​លើ​ប្រទេស​កម្ពុជា​ ហើយ​ប្រទេស​ជាច្រើន​បាន​លើក​អំពី​បញ្ហា​នេះ​ និង​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​របស់​ពួក​គេ​ តួ​យ៉ាង​ដូច​ករណី​ ជួយ​សង្គ្រោះ​ពលរដ្ឋ​ឥណ្ឌា​ជាង​៦០​នាក់​កាលពី​ពេល​ថ្មីៗ​នេះ។​

លោក​យល់​ឃើញ​ថា ​បើ​រឿង​នេះ​នៅ​បន្ត​កើត​ទៀត​នៅ​ប្រទេស​កម្ពុជា ​អ្នក​វិនិយោគ​នឹង​ពិបាក​សម្រេច​ចិត្ត​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ហើយ​វិស័យ​ទេសចរណ៍​ក៏​អាច​នឹង​បន្ត​រង​សម្ពាធ​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ដែរ។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​នៅ​មាន​បញ្ហា​នេះ​កើត​ឡើង​ វា​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​កម្ពុជា ​ជា​ពិសេស​ទៅ​លើ​ការ​វិនិយោគ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ និង​បញ្ហា​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​នោះ​បាទ»។​ ​

បើ​តាម​លោក ​អំ សំអាត​ រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេក​វិទ្យា​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តាក់តិក​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ប្រើប្រាស់​ បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ក្នុង​តំបន់​ និង​អន្តរជាតិ​ដើម្បី​កំណត់​មុខ​សញ្ញា​ឧក្រិដ្ឋ​ជន ​ឈាន​ដល់​ការ​ទប់​ស្កាត់​ និង​ការ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​លុប​បំបាត់​រាល់​អំពើ​ពុក​រលួយ​ ពោល​គឺ​កុំ​ឱ្យ​មាន​មន្ត្រី​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ឆបោក​អនឡាញ​នេះ ហើយ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើ​ភាព​ចំពោះ​រាល់​បុគ្គល​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​បទល្មើស​បច្ចេក​វិទ្យា​នេះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG