ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យ​ឆបោក​តាម​អនឡាញ​​ជិត​៥០០​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ


សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​ទីតាំង​ចំនួន​បី​ក្ហើយ​បាន​ឃាត់​ខ្លួន​​ជនសង្ស័យ​ជាច្រើន​នាក់​ ដូច​ជា​​ចិន ថៃ វៀតណាម​ មីយ៉ាន់ម៉ា​ និង​ពលរដ្ឋ​កម្ពុជា។ (Ministry of Interior Cambodia / Facebook)
សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​ទីតាំង​ចំនួន​បី​ក្ហើយ​បាន​ឃាត់​ខ្លួន​​ជនសង្ស័យ​ជាច្រើន​នាក់​ ដូច​ជា​​ចិន ថៃ វៀតណាម​ មីយ៉ាន់ម៉ា​ និង​ពលរដ្ឋ​កម្ពុជា។ (Ministry of Interior Cambodia / Facebook)

ក្រុម​ការងារ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Scammed online) របស់​ក្រសួង​មហាផ្ទៃ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មនុស្ស​ប្រុសស្រី​ជនជាតិ​ខ្មែរ និង​បរទេស​ប្រមាណ​ជិត​៥០០​នាក់ ទាក់ទង​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃទី៩​ដល់​ ថ្ងៃ​ទី១០​ ខែ​មីនា ​ឆ្នាំ​២០២៤។

ការ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Scammed online) របស់​ក្រសួង​មហាផ្ទៃ ធ្វើ​ឡើង​តាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ។

ក្រសួង​មហាផ្ទៃ​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា នៅ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​នៅ​ទីតាំង​ចំនួន​បី​ក្នុង​នោះ​អតីត​កាស៊ីណូ ​ភែរឺដាយ​ អាយលែន (Paradise Island) ហើយ​បាន​ឃាត់​ខ្លួនជន​បរទេស​ជាច្រើន​នាក់​ ដូច​ជាចិន ថៃ វៀតណាម​ មីយ៉ាន់ម៉ា​ និង​ពលរដ្ឋ​កម្ពុជា។ ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន ​នៅ​ក្នុង​ការ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ គឺ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ដែល​ដឹកនាំ​ប្រតិបត្តិការ​បង្រ្កាប​នេះ ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​ថា ការ​ចុះ​បង្រ្កាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ ធ្វើ​ឡើង​ទៅ​តាម​ការណែនាំ​របស់​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត ដែល​បាន​ធ្វើឡើង​កាល​ពីចុង​ខែ​កុម្ភៈ។

លោក​បន្ថែម​ថា៖ «ទន្ទឹម​នឹង​នេះ​ ក៏​អំពាវនាវ​អ្នក​ដែល​ប្រកប​ល្បែង​ស៊ីសង​ខុស​ច្បាប់​បាទ ខ្ញុំ​សូម​បញ្ជាក់​គឺ​ល្បែង​ស៊ីសង​ខុស​ច្បាប់​ យើង​មាន​ល្បែង​ដែល​ត្រូវ​ច្បាប់​អាហ្នឹង​អត់​អី​ទេ។ Scammed Onlineនេះ​គឺ​ថា សុំ​ឱ្យ​ស្វ័យប្រវិត្ត​បិទ​ដោយ​ខ្លួន​ឯង​ ដើម្បី​រក​ឱកាស​ប្រកប​របរ​អី​ដែល​បាន​សមស្រប​ទាំង​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៅ​ពេល​ខាង​មុខ»។

លោក ​គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ក៏​បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១០ មីនា ដែរ​ថា បន្ទាប់​ពី​បង្ក្រាប​បាន​ករណី​នេះ​រួច​ អាជ្ញាធរ​ និង​ភាគី​ពាក់ព័ន្ធ​ នឹង​បន្ត​ចុះ​ត្រួត​ពិនិត្យ និង​បង្ក្រាប​ល្បែង​អនឡាញ​ខុស​ច្បាប់​ ឬ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ថែមទៀត។

លោក​ស្នើ​ឱ្យ​សាធារណជន​ទាំង​អស់​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​ ដើម្បី​ផ្តល់​ជា​ដំណឹង​ ប្រសិន​បើ​មាន​ករណី​បើក​ទីតាំង​ល្បែង​ខុស​ច្បាប់​ដូច​ដែល​ត្រូវ​បាន​បង្ក្រាប​កាល​ពីពេល​ថ្មីៗ​នេះ។

ចំណែក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ លោក ​ស រដ្ឋា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កំពុង​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​ល្មើស​ទាំង​នោះ​តាម​នីតិវិធី​ច្បាប់​ ចំណែក​ជនបរទេស​វិញ​កំពុង​បន្ត​នីតិវិធី​បណ្ដេញ​ចេញ​ពី​កម្ពុជា។

លោក ស រដ្ឋា ថ្លែង​ថា៖ «ចំពោះ​ជនបរទេស​យើង​ធ្វើ​នីតិវិធី​ដើម្បី​បណ្ដេញ​ចេញ។ ជនជាតិ​ខ្មែរ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​ក្បាល​ម៉ាស៊ីន​ក៏​យើង​ផ្តទ្ទាទោស​តាម​ហ្នឹង​ដែរ»។

លោក​បន្ថែម​ថា ករណី​ឆបោក​តាម​អនឡាញ និង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​នៅកម្ពុជា​ និង​នៅ​តាម​តំបន់​អាស៊ី​ ដោយ​សារ​តែ​ជន​ខិលខូច​មួយ​ចំនួន​តែង​ធ្វើ​សកម្ម​ភាព​ល្មើស​លួច​លាក់​នៅ​តាម​បន្ទប់​ស្នាក់នៅ​របស់​ខ្លួន។

​ជា​ផ្នែក​មួយ​នៃ​ការ​ទប់ស្កាត់​មិន​ឱ្យ​មានអំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ​ អាជ្ញាធរ​កម្ពុជាធ្លាប់​បាន​ចុះបង្រ្កាប​ករណី​ឆបោក​ ​ទៅ​តាម​ទីតាំង និង​អគារដែល​ជួល នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​តាម​តំបន់​ព្រំដែន​មួយ​ចំនួន។ នគរបាល​កម្ពុជា​ក៏​បើក​ឱ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ហើយ​ការ​ដាក់​ពាក្យ​បណ្តឹង​នោះ​ធ្វើ​ទៅ​តាម​បណ្តាញ​អ៊ីនធឺណិត។​

​លោក ​យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព យល់​ថា​ ការ​បង្ក្រាប​ចុងក្រោយ​នេះ​បាន​រួមចំណែក​ដល់​ការ​លុបបំបាត់​បទល្មើស​តាម​ប្រព័ន្ធ​បចេ្ចកវិទ្យា។ លោក​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​ខិតខំ​ថែមទៀត​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​លែង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ធ្វើសកម្មភាពឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​ដើម្បី​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

លោក យង់ គិមអេង ថ្លែង​ថា៖ «ការ​បង្រ្កាប​របស់​អាជ្ញាធរ​នេះ​គឺ​វា​មាន​សារៈសំខាន់​ ហើយ​ប្រសិន​បើ​អាជ្ញាធរ​បង្រ្កាប​អត់​បាន​ទេ ហើយ​យើង​មិន​អាច​ទប់​ស្កាត់​ល្បែង​អនឡាញ​ទេ គឺ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​របស់​កម្ពុជា ជាពិសេស​ឱកាស​វិនិយោគ​កម្ពុជា​យើង​ដែរ»។

លោក​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ផ្សេងៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​ ព្រមទាំង​ល្បែងស៊ីសងខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​អាជ្ញាធរ​គួរ​តែ​ផ្សព្វផ្សាយ​ អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​ចៀសវាង​ចាញ់​បោក​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG