ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​ចិន​ប្រឆាំង​នឹង​កម្មវិធី​ទូរទស្សន៍ «ទស្សនៈ​លោក Xi Jinping‍»


រូបឯកសារ៖ បុរសម្នាក់ដើរកាត់បដារូបប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅ​ក្រុងប៉េកាំង ប្រទេស​ចិន។ 
រូបឯកសារ៖ បុរសម្នាក់ដើរកាត់បដារូបប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅ​ក្រុងប៉េកាំង ប្រទេស​ចិន។ 

ទស្សនៈ​វិស័យ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping អំពី​ទ្រឹស្ដី​សង្គម​និយម​តាម​បែប​ចិន​សម្រាប់​យុគសម័យ​ថ្មី​ត្រូវ​បាន​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ជាង​មុន​តាម​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍ បន្ថែម​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត។

គណបក្ស​កុម្មុយនិស្ត​ចិន​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ពង្រីក​ការ​ឃោសនា​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ដោយ​បាន​ចាប់ផ្ដើម​ឃោសនា​តាម​កម្មវិធី​ល្បែង​កម្សាន្ត​តាម​ទូរទស្សន៍​មួយ បន្ថែម​ទៅ​នឹង​ការ​ឃោសនា​តាម​សារព័ត៌មាន។

កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាញ​ទូរទស្សន៍​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ចាក់​ផ្សាយ​កម្មវិធី​ចំណោទ​ថ្មី​មួយ​អំពី​ជីវិត និង​លទ្ធិ​នយោបាយ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា «ទស្សនៈ​របស់​លោក Xi Jinping អំពី​លទ្ធិ​សង្គម​និយម​តាម​បែប​ចិន​សម្រាប់​យុគសម័យ​ថ្មី‍» ឬ​ក៏​ហៅ​ឲ្យ​សាមញ្ញ​ថា «ទស្សនៈ​របស់​លោក Xi Jinping‍»។

ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​ដោយ​មិន​លាក់លៀម​ដើម្បី​ពង្រីក​ទ្រឹស្ដី​សង្គម​និយម​នេះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​លក្ខណៈ​ធម្មតា​ទៀត​នោះ​ទេ ហើយ​កម្មវិធី​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ការ​តវ៉ា​តាម​អ៊ីនធឺណិត

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Weibo ម្នាក់ បាន​ត្អូញត្អែរ​ថា៖ «តើ​យើង​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កម្មវិធី​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​នៃ​ប្រទេស​ចិន​បែប​ថ្មី​នេះ? ខ្ញុំ​មិន​ជឿ​លើ​មេដឹកនាំ​កុម្មុយនិស្ត​ចិន​កំពូលៗ​ទាំង​នេះ​ទេ‍!‍»។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Weibo រូប​នេះ លើក​ឡើង​ដូច្នេះ​ដើម្បី​តបត​ទៅ​នឹង​សារ​បង្ហោះ​របស់​កម្មវិធី​ថ្មី​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ Hunan ដែល​ជា​បណ្ដាញ​ទូរទស្សន៍​ដែល​គេ​និយម​ទស្សនា​ច្រើន​ជាង​គេ​បំផុត​ទី ២ នៅ​ក្នុង​ប្រទេស​ចិន។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Weibo មួយ​រូប​ទៀត បាន​សរសេរ​ថា៖ «ទស្សនិកជន​នឹង​មិន​ចូលចិត្ត​កម្មវិធី​នេះ​ទេ។ យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា កម្មវិធី​នឹង​ធ្លាក់​ការ​គាំទ្រ​ជា​មិន​ខាន‍»។

ទោះបីជា​អ្នក​ខ្លះ​ថា កម្មវិធី​នេះ​ជា​កម្មវិធី «បំពុល‍» ក៏​ដោយ ក៏​អ្នក​ខ្លះ​ទៀត​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម Weibo នេះ​ថា ការ​បង្ហាញ​អំពី​លទ្ធិ​សង្គម​និយម​ដូច​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ​នៅ​ក្នុង​អំឡុង​ពេល​ទិវា​បុណ្យ​ជាតិ​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​ចិន។

ចាប់​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​មក ទូរទស្សន៍ Hunan TV ដែល​ជា​ទូរទស្សន៍​ពេញ​និយម​ខ្លាំង​ក្នុង​ចំណោម​យុវជន​សម្រាប់​កម្មវិធី​កម្សាន្ត និង​កម្មវិធី​ភាពយន្ត​ភាគ​របស់​ខ្លួន បាន​ចាក់​ផ្សាយ​កម្មវិធី​មួយ​មាន ៥ ភាគ មិន​ដែល​មាន​ពី​មុន​មក ដែល​មាន​ចំណងជើង​ថា «ការ​សិក្សា​ពី​លោក Xi Jinping នៅ​ក្នុង​យុគសម័យ​ថ្មី‍»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ដោយ​មាន​ទម្រង់​គួរ​ឲ្យ​ទាក់ទាញ មាន​ការ​បញ្ចូល​បច្ចេកវិទ្យា​ទំនើប និង​មាន​ការ​ចូលរួម​ពី​អ្នក​ប្រកួតប្រជែង​ក្មេងៗ កម្មវិធី​ទូរទស្សន៍​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​ថ្មី​ចុង​ក្រោយ​បំផុត​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ដើម្បី​បញ្ជ្រាប​ទស្សនៈ​របស់​លោក Xi Jinping ទៅ​ក្នុង​ចិត្ត​គំនិត​របស់​យុវជន​ក្មេងៗ ដែល​បាន​ធំ​ដឹង​ក្ដី​ក្នុង​សម័យ​កាល​មួយ​ដែល​ទទួល​បាន​ឥទ្ធិពល​បរទេស​ជាង​ទ្រឹស្ដី​សង្គម​និយម​ចិន។

ការ​ឃោសនា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន

លោក Bruce Lui អតីត​អ្នក​កាសែត​ដែល​ឈ្នះ​ពាន​រង្វាន់​មួយ​រូប និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សាកលវិទ្យាល័យ Hong Kong Baptist University និយាយ​ថា៖ «វា​មិន​មែន​ជា​រឿង​ប្រជាប្រិយភាព​នោះ​ទេ។ វា​គឺ​អំពី​ការ​ឃោសនា អំពី​វិធី​ដែល​ធ្វើ​ឲ្យ​ទស្សនៈ​របស់​លោក Xi Jinping អាច​លេចឮ​គ្រប់​កន្លែង​ទាំង​អស់​តាម​រយៈ​ការ​ប្រើ​វិធី​បែប​កម្សាន្ត និង​វិធី​ស្រួល​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍‍»។

លោក Bruce Lui បាន​បន្ថែម​ថា កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​លោក Xi Jinping លេខ​មុខមាត់​ច្រើន​ឡើង​វិញ បន្ទាប់ពី​លោក​មិន​សូវ​បង្ហាញ​មុខ​ជា​សាធារណៈ​ច្រើន​កន្លង​មក ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ថា អ្នក​ខ្លះ​អាច​រិះគន់​លោក​ថា​ជា​អ្នក​បង្ក​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​កើត​ឡើង។

អ្នក​នាំ​ពាក្យ​របស់​បណ្ដាញ​ទូរទស្សន៍​ដែល​ចាក់​ផ្សាយ​កម្មវិធី​នេះ​មិន​បាន​ឆ្លើយ​តប​ចំពោះ VOA អំពី​ការ​ស្នើ​សុំ​បញ្ចេញ​យោបល់​លើ​រឿង​នេះ​ទេ។

ចាប់តាំង​ពី​ពេល​ដែល​ទស្សនៈ​វិស័យ​របស់​លោក Xi Jinping ត្រូវ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ចិន​កាល​ពី​ខែ​មិនា​មក រលក​នៃ​យុទ្ធនាការ​សិក្សា​អំពី​ទ្រឹស្ដី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​សាខា​គណបក្ស​តាម​មូលដ្ឋាន សាលារៀន និង​សាកលវិទ្យាល័យ​នានា ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ព្រះ​វិហារ​គ្រិស្ត​សាសនា​ផង​ដែរ។

តើ​កម្មវិធី​នេះ​អាច​ផ្លាស់ប្ដូរ​ចិត្ត​គំនិត​របស់​អ្នក​ទស្សនា​បាន​ដែរ​ឬ​ទេ?

ប៉ុន្តែទោះបីជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ទស្សនៈ​វិស័យ​របស់​លោក Xi Jinping ទាំង​នេះ ដែល​មាន​ទាំង​កម្មវិធី​លេង​ល្បែង​កម្សាន្ត​របស់​ទូរទស្សន៍​នេះ​ផង​ដែរ សម្រេច​បាន​ប៉ុណ្ណា​ក៏​ដោយ ក៏​លទ្ធផល​ដែល​ពួកគេ​ចង់​បាន​នៅតែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

លោក Xu Huiming សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​នៃ​សាកលវិទ្យាល័យ Guangzhou បាន​និយាយ​ថា៖ «សម្រាប់​ករណី​ភាគ​ច្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​អាច​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​អ្នក​ទស្សនា​បាន​ទេ។ ជា​ទូទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រាន់តែ​អាច​ពង្រឹង​ការ​យល់​ឃើញ​ដែល​មាន​ស្រាប់​របស់​អ្នក​ទស្សនា​តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត អ្នក​ដែល​ពេញចិត្ត​នឹង​ទស្សនៈ​វិស័យ​របស់​លោក Xi Jinping នឹង​ស្វែងរក​កម្មវិធី​ផ្សាយ​ដូច​នេះ​ដើម្បី​ទស្សនា ចំណែក​ឯ​អ្នក​ដែល​មិន​ពេញចិត្ត​វិញ គឺ​មិន​ទស្សនា​កម្មវិធី​នេះ​ទេ‍»។

លោក Bruce Lui បាន​បន្ថែម​ថា កម្មវិធី​ចំណោទ​នេះ និង​ការ​ផ្ទុះ​ឡើង​នូវ​កំហឹង​របស់​អ្នក​រាយការណ៍​ព័ត៌មាន​រដ្ឋ​ចិន​មួយ​រូប​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ស្រប​ពេល​ដែល​មុខមាត់​របស់​ចិន​នៅ​ក្នុង​ពិភពលោក​កើន​ឡើង ប្រទេស​ចិន​កាន់តែ​មាន​ភាព​គឃ្លើន​ជាង​មុន​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ទស្សនៈ​វិស័យ​សង្គម​និយម​របស់​ខ្លួន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​កន្លង​ទៅ​នេះ អ្នកស្រី Kong Linlin អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍ CCTV ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ឆាឆៅ​វាគ្មិន​ម្នាក់​នៅ​ឯ​សន្និសីទ​គណបក្ស​អភិរក្ស​និយម​របស់​អង់គ្លេស និង​បាន​ហៅ​វាគ្មិន​ដទៃ​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​សកម្មជន​ប្រជាធិបតេយ្យ​មក​ពី​ទីក្រុង​ហុងកុង​ផង​ដែរថា​ជា «ជន​ក្បត់»។

អ្នកស្រី​ត្រូវ​បាន​គេ​ចាប់​ខ្លួន​រយៈពេល​ខ្លី​ពី​បទ​បំពារ​បំពាន​លើ​អ្នក​ដទៃ ក្រោយ​ពី​អ្នកស្រី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ទះ​កំផ្លៀង​អ្នក​ស្ម័គ្រចិត្ត​រៀបចំ​សន្និសីទ​ម្នាក់ ដែល​បាន​ស្នើ​អ្នកស្រី​ឲ្យ​ចាកចេញ​ពី​សន្និសីទ​ស្ដី​ពី​ការ​បាត់បង់​សេរីភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង​ក្រោម​ការ​ត្រួតត្រា​របស់​ចិន​នេះ។ នេះ​បើ​យោង​តាម​វីដេអូ​ឃ្លីប​មួយ​ដែល​បាន​ចែកចាយ​នៅ​លើ​អ៊ីនធឺណិត។

ការ​កើន​ឡើង​នូវ​ភាព​គឃ្លើន​របស់​ចិន​នៅ​បរទេស

អ្នក​រៀបចំ​សន្និសីទ​នេះ​បាន​ហៅ​ការ​ផ្ទុះ​ឡើង​នូវ​កំហឹង​របស់​អ្នកស្រី Kong Linlin នេះ ថា​ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នូវ​ភាព​គឃ្លើន និង​ការ​គំរាមកំហែង​របស់​ចិន​នៅ​បរទេស។

ប៉ុន្តែស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​វិញ បែរ​ជា​គាំទ្រ​អ្វី​ដែល​អ្នក​កាសែត​ចិន​រូប​នោះ​លើក​ឡើង​ទៅ​វិញ។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​ហៅ​ទង្វើ​នោះ​ថា​ជា​ការ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​កាសែត​នោះ​ផ្ទាល់ ដោយ​ពួកគេ​និយាយ​ថា៖ «អ្នកស្រី Kong Linlin គ្រាន់តែ​ចោទ​សួរ និង​បញ្ចេញ​មតិ​យោបល់​របស់​អ្នកស្រី​តែ​ប៉ុណ្ណោះ»។

មន្ត្រី​ស្ថានទូត​ចិន​បាន​ហៅ​ការ​ដោះស្រាយ​របស់​អ្នក​រៀបចំ​សន្និសីទ​នោះ​ចំពោះ​បញ្ហា​នេះ​ថា​ជា​រឿង​ដែល «មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង»។

ហេតុការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​ផ្ទុយ​គ្នា​ចំពោះ​តួនាទី​របស់​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សាស្ត្រាចារ្យ Xu Huiming។

លោក​សាស្ត្រាចារ្យ Xu Huiming បាន​និយាយ​ថា មិន​ដូច​អ្នក​កាសែត​នៅ​បស្ចិម​ប្រទេស​ទេ «អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​គេ​បណ្ដុះ​បណ្ដាល​ឲ្យ​បម្រើ​គណបក្ស​កុម្មុយនិស្ត​ចិន។ អ្នក​កាសែត​ទាំង​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ពង្រីក​បន្ថែម​នូវ​ឥទ្ធិពល​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ដូច​ដែល​អតីត​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Lenin បាន​លើក​ឡើង​ដូច្នេះ​ដែរ។ ពេល​នៅ​រស់ លោក Lenin ធ្លាប់​បាន​លើក​ឡើង​ថា វិស័យ​សារព័ត៌មាន​គឺជា​ផ្នែក​ស្នូល​នៃ​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត។

លោក Xu Huiming បាន​និយាយ​ថា ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​កាសែត​ទាំង​នោះ​មើល​ទៅ​ដូចជា​អ្នក​ឃោសនា​ឲ្យ​រដ្ឋាភិបាល​ដូច្នេះ​ដែរ គឺ​មិន​មែន​ជា​អ្នក​កាសែត​តំណាង​ឲ្យ​សារព័ត៌មាន​សេរី​នោះ​ទេ។

ការ​បាត់បង់​សេរីភាព​របស់​ទីក្រុង​ហុងកុង

លោក Bruce Lui បាន​និយាយ​ថា មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ដែល​យល់​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​អំពី​អ្វី​ដែល​អ្នកស្រី Kong Linlin បាន​លើក​ឡើង​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ អាច​ឯកភាព​ថា ឥរិយាបថ​របស់​អ្នកស្រី​ដូច​នេះ​គឺ​គ្មាន​លក្ខណៈ​វិជ្ជា​ជីវៈ​ត្រឹមត្រូវ និង​មិន​សមរម្យ​នោះ​ទេ ទោះបីជា​ការ​ផ្ទុះ​ឡើង​នូវ​កំហឹង​របស់​គាត់​ដូច​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាតិ​និយម​នៅ​ក្នុង​ប្រទេស​ចិន ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​ក្នុង​បរិយាកាស​បំបិទ​សិទ្ធិ​ក៏​ដោយ។

លោក Bruce Lui បាន​បន្ថែម​ថា ការ​កើន​ឡើង​នូវ​ភាព​គឃ្លើន​របស់​ចិន​បាន​បង្ក​នូវ​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​គេ​សរសើរ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ទីក្រុង​ហុងកុង ស្រប​ពេល​ដែល​ការ​ពិភាក្សា​នានា​មាន​ការ​កើន​ឡើង​ទាក់ទិន​នឹង​បញ្ហា​អនាគត​របស់​ទីក្រុង​ហុងកុង។

នា​ពេល​បច្ចុប្បន្ន​នេះ ការ​ជជែក​ដេញដោល​ផ្នែក​នយោបាយ​ណា​មួយ​អំពី​ការ​គ្រប់គ្រង​ដោយ​ឯក​បក្ស​នៅ​ក្នុង​ប្រទេស​ចិន​គឺ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ការ​ហាម​ឃាត់។

លោក Bruce Lui និយាយ​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​ប្រឆាំង​កាន់តែ​ច្រើន​ឡើង​ចំពោះ​ទីក្រុង​ហុងកុង។ យើង​មិន​អាច​និយាយ​អំពី​នេះ ឬ​អំពី​នោះ​បាន​ទេ។ ដូច្នេះ យើង​កំពុង​ប្រឈម​នឹង​បរិយាកាស​កាន់តែ​អាប់អួ​ជាង​មុន​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG