ការការពារសិទិ្ធមនុស្សនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងចំពោះរាល់វិធានការដែលបានដាក់ចេញចាប់តាំងពីប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) ឡើងកាន់តំណែងកាលពីឆ្នាំ២០១២មក។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។
របាយការណ៍របស់គណៈកម្មការសភាមកពីគណបក្សទាំងពីរទទួលបន្ទុកកិច្ចការក្នុងប្រទេសចិនបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានបង្ក្រាបមិនធ្លាប់មានពីមុនមកលើក្រុមជនជាតិភាគតិច និងបានប្រកាសថា ទង្វើរំលោភបំពានទាំងនោះអាចបង្កជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ថ្នាក់ដឹកនាំគណៈកម្មការនេះ ដែលមានលោក Marco Rubio សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Florida និងលោក Chris Smithសមាជិកសភាមកពីរដ្ឋ New Jersey បានថ្លែងនៅក្នុងសេចក្តីសង្ខេបរបស់របាយការណ៍នេះថា «ទង្វើទាំងនេះបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសគឺការចាប់ឃុំខ្លួនតាមតែអំពើចិត្តទៅលើជនជាតិអ៊ុយហ្គ័រនិងជនជាតិភាគតិចកាន់សាសនាឥស្លាមជាងមួយលាននាក់ដាក់ក្នុងជំរំកែប្រែនយោបាយដែលស្ថិតនៅភាគខាងលិចប្រទេសចិន។
សមាជិកសភាទាំងពីរបានអះអាងថា បក្សកុម្មុយនីស្តនៅតែបន្តកាន់អំណាចនយោបាយផ្តាច់ការតាមរយៈការបង្ក្រាបដែលមានការគាំទ្រដោយរដ្ឋ ការឃ្លាំមើល ការបញ្ជូលមនោគមន៍វិទ្យា និងអំពើឃោឃៅផ្សេងៗទៀត។
លោកRubio និងលោក Smith បានថ្លែងបន្ថែមថា «យើងមើលឃើញថា ប្រទេសចិនកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈការបង្កើតនូវបទដ្ឋានសកលថ្មីៗដែលផ្តោតលើការអភិវឌ្ឍ ពាណិជ្ជកម្ម ប្រព័ន្ធអ៊ិនធឺណិត និងសិទ្ធិមនុស្សជាដើម។ ក៏ប៉ុន្តែស្របពេលជាមួយគ្នានោះប្រទេសចិននៅតែរក្សាប្រព័ន្ធនយោបាយដែលមានចរិតផ្តាច់ការដដែរ។
របាយការណ៍របស់គណៈកម្មការសភាក៏បានបង្ហាញថា គណបក្សកាន់អំណាចរបស់ចិនកំពុងព្យាយាមកំណត់ឡើងវិញនូវសិទ្ធិមនុស្សនិងមូលដ្ឋាននៃសេចក្តីថ្លៃថ្នូររបស់មនុស្ស៕