ការឡើងកម្តៅនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន និងការគំរាមកំហែងម្តងទៀតរបស់លោកប្រធានាធិបតី Donald Trumpក្នុងការដំឡើងពន្ធគយលើទំនិញនាំចូលមកសហរដ្ឋអាមេរិកពីប្រទេសចិន នឹងរារាំងដល់កំណើនសេដ្ឋកិច្ចសកលោកក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ នេះបើយោងតាមការប្រកាសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃអង្គារ។
តាមរយៈការវាយតម្លៃថ្មីមួយដែលត្រូវបានដាក់បង្ហាញនៅក្នុងកិច្ចប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិបានធ្វើការព្យាករណ៍ថា ប្រទេសទាំងអស់នឹងរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងពិភពលោកជុំវិញការដំឡើងពន្ធគយលើទំនិញដាក់គ្នាទៅវិញទៅមក។ មូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា ជម្លោះរវាងសហរដ្ឋអាមេរិកនិងចិននឹងធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍នានារងគ្រោះដោយសារភាពតានតឹងនេះ។
ទីភ្នាក់ងារហិរញ្ញវត្ថុអន្ដរជាតិនេះបានព្យាករណ៍ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោកពី៣,៩ភាគរយមកនៅត្រឹម ៣,៧ភាគរយសម្រាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ទីភ្នាក់ងារនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ កើនឡើង២,៩ភាគរយ ប៉ុន្តែនឹងធ្លាក់ចុះមកនៅ ២,៥ភាគរយនៅឆ្នាំក្រោយ ហើយនឹងធ្លាក់ចុះមកនៅ១,៨ភាគរយនៅឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃការកាត់ពន្ធក្នុងសហរដ្ឋអាមេរិក និងសង្គ្រាមពាណិជ្ជកម្មជាមួយចិនដែលរារាំងដល់កំណើននេះ៕