នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានព្រមានរដ្ឋាភិបាលចិនមិនឲ្យប្រឡូកនៅក្នុងការបន្ទាបតម្លៃរូបិយវត្ថុដែលមានការប្រកួតប្រជែង ស្របពេលដែលប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ លោក Mnuchin ថ្លែងដូច្នេះនៅក្នុងអត្ថបទបញ្ចេញមតិមួយដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត Financial Times។
មានកត្តាជាច្រើនដែលធ្វើឲ្យមានការធ្លាក់ចុះនូវតម្លៃរូបិយវត្ថុយ័នរបស់ចិនកាលពីពេលថ្មីៗនេះ ដែលក្នុងនោះមានទាំងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Mnuchin នៅក្នុងអត្ថបទបញ្ចេញមតិនេះ មុនពេលកិច្ចប្រជុំរបស់អង្គការរូបិយវត្ថុអន្តរជាតិ IMF ធនាគារពិភពលោក និងកិច្ចប្រជុំ G20 ធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
កន្លងមក ប្រធានាធិបតីអាមេរិកលោក Donald Trump បានចោទប្រទេសចិនម្ដងហើយម្ដងទៀតថាបានក្រឡុករូបិយវត្ថុរបស់ខ្លួន ដោយធ្វើឲ្យរូបិយវត្ថុរបស់ខ្លួនធ្លាក់តម្លៃជាងមុន ដើម្បីមានប្រៀបជាងសហរដ្ឋអាមេរិកនៅក្នុងជម្លោះពាណិជ្ជកម្ម។
ប្រាក់យ័នបានធ្លាក់តម្លៃអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយបើប្រៀបជាមួយនឹងប្រាក់ដុល្លារ ដោយធ្លាក់តម្លៃចំនួន ៩ ភាគរយ នៅក្នុងរយៈពេល ៦ ខែកន្លងមកនេះ ដែលធ្វើឲ្យទំនិញរបស់ចិនមានតម្លៃថោកជាងមុនសម្រាប់ការនាំចេញ ទោះបីជាអាមេរិកបានយកពន្ធគយធ្ងន់ធ្ងរក៏ដោយ។
ប្រាក់ដុល្លារអាមេរិកបានកើនតម្លៃ ៤ ភាគរយ នៅក្នុងឆ្នាំនេះ ស្របពេលដែលអត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើង។
លោក Mnuchin និយាយថា លោកចង់ពិភាក្សាអំពីបញ្ហារូបិយវត្ថុនេះនៅក្នុងកិច្ចពិភាក្សារបស់លោកអំពីពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង៕