នៅឆ្នាំ២០០៣ លោក Olusegun Obasanjo ដែលនៅពេលនោះ ជាប្រធានាធិបតីនីហ្សេរីយ៉ា បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់សិទ្ធិកុមារឲ្យទៅជាច្បាប់នៅក្នុងឆ្នាំ២០០៣ នោះ ដើម្បីការពារសិទ្ធិកុមារនិងការពារពួកគេពីការកេងប្រវ័ញ្ចពលកម្ម។ ក៏ប៉ុន្តែ ១៧ ឆ្នាំក្រោយមកកុមារនីហ្សេរីយ៉ារាប់លាននាក់នៅតែបន្តធ្វើការងារដែលប្រើកម្លាំងកាយ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ឬ ផ្គត់ផ្គង់គ្រួសារ។
កុមារ Awwal Abdulahi អាយុ ១៣ ឆ្នាំនិងមិត្តរបស់ខ្លួនកំពុងរុញរថយន្តខូចមួយគ្រឿង ដើម្បីឲ្យម៉ាស៊ីនរថយន្តនោះឆេះ។ កុមារនេះ បានរៀនជួសជុលរថយន្តនៅក្នុងហាងជួលជុលរថយន្តមួយកន្លែង អស់រយៈពេល ៣ ឆ្នាំមកហើយ។
Awwal Abdulahi ថ្លែងថា៖
«ខ្ញុំចេះជួសជុលចង្កូត ប៉ះកង់ឡាន ជួសជុលម៉ាញ៉េឡាន និងដូរកង់ឡាន ជាដើម។ ជាច្រើនដង ខ្ញុំអស់កម្លាំងដោយសារការងារទាំងនោះ ហើយកម្តៅថ្ងៃរឹតតែធ្វើឱ្យខ្ញុំកាន់តែអស់កម្លាំងថែមទៀត»។
ឪពុកម្តាយរបស់ Abdulahi មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់កូនៗទាំង៧នាក់របស់ខ្លួនទេ។ ប៉ុន្តែ Abdulahi រីករាយដែលអាចផ្គត់ផ្គង់ខ្លួនឯងបាន។
Awwal Abdulahi ថ្លែងបន្តថា៖ «ខ្ញុំរកបានប្រហែលមួយដុល្លារក្នុងមួយថ្ងៃ។ សូម្បីតែពេលដែលខ្ញុំរកបានមួយដុល្លារ ក៏ខ្ញុំមិនចាយដែរ។ ខ្ញុំសន្សំវាទុកនៅក្នុងកូនជ្រូករបស់ខ្ញុំ ទុកដល់ពេលខ្ញុំត្រូវចំណាយ»។
មានក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំជាង ២០ នាក់ ដែលធ្វើការនៅហាងជួសជុលរថយន្តមួយកន្លែង។ ពួកគេភាគច្រើនមិនបានទៅសាលារៀន ហើយធ្វើការពេញម៉ោងជាកូនជាងជួសជុលរថយន្ត។
ថៅកែរបស់ពួកគេនិយាយថា ខ្លួនមិនហៅថា នេះជាពលកម្មកុមារទេ។ ពួកគេនិយាយថា ពួកគេមើលថែរក្សាក្មេងៗទាំងនោះ ដូចជាកូនរបស់ពួកគេដូច្នោះដែរ។
លោក Alaba Omuwuri ជាថៅកែហាងជួលជុលរថយន្ត ថ្លែងថា៖ «នៅពេលយើងបិទហាងម្តងៗ យ៉ាងហោចណាស់ក៏យើងឱ្យលុយខ្លះទៅពួកគេដើម្បីទិញម្ហូប និងសាប៊ូបោកខោអាវដែរ ដែលនេះ ជួយឱ្យពួកគេមានជីវិតប្រសើរឡើង ជាជាងការនៅផ្ទះ និងធ្វើអ្វីផ្តេសផ្តាស ឬ ដើររើសសំរាមអីជាដើមនោះ។ នៅទីនេះយើងលើកទឹកចិត្តពួកគេ ដូច្នេះពួកគេក៏លើកទឹកចិត្ត អ្នកដែលនៅផ្ទះផ្សេងៗទៀត ឲ្យមកទីនេះ ហើយរៀនធ្វើការងារនេះ ពីព្រោះនេះ ជាការងារល្អ»។
កុមារដទៃទៀតដូចជា Abdul Multalif និង Yusuf ប្អូនប្រុសរបស់ខ្លួន ត្រូវដើរសុំទាននៅតាមផ្លូវរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ខ្លួនឯង។
Abdul Multalif ថ្លែងថា៖
«និយាយដោយត្រង់ទៅខ្ញុំមិនចង់សុំទានគេនោះទេ។ ខ្ញុំចង់បានប្រាក់ខ្លះដើម្បីទិញស្ករគ្រាប់ និងសូកូឡា ដើម្បីលក់»។
ក្នុងឆ្នាំ ២០០៣ លោកប្រធានាធិបតី Obasanjo បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្តីពីសិទ្ធិកុមារ ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិរបស់កុមារនីហ្សេរីយ៉ា។
ក៏ប៉ុន្តែ លោក Ibrahim Carson អ្នកជំនាញផ្នែកច្បាប់ បានថ្លែងថា មានកត្តាជាច្រើនកំពុងរារាំងមិនឲ្យគេពង្រឹងច្បាប់នេះបាន។
«ជាអកុសល នៅក្នុងទ្វីបនេះភាពក្រីក្រ អនក្ខរកម្ម ជំនឿវប្បធម៌ និងការរើសអើងផ្នែកសាសនា គឺជាហេតុផលមួយចំនួន ដែលជាក់ស្តែងបានជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីសិទ្ធិកុមារនៅក្នុងប្រទេសនីហ្សេរីយ៉ានេះ»។
អង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា កុមារនីហ្សេរីយ៉ាចំនួន ៤៣ ភាគរយបានចូលរួមក្នុងទម្រង់ផ្សេងៗនៃពលកម្មកុមារទោះបីមានអនុសញ្ញាអន្តរជាតិហាមឃាត់ក៏ដោយ។
អ្នកជំនាញនិយាយថា បើសិនជា ការហាមឃាត់មិនត្រូវបានអនុវត្តពេញលេញទេនោះ កុមារនីហ្សេរីយ៉ាជាច្រើន នឹងមិនអាចទទួលបាននូវភាពរីករាយទៅតាមវ័យជាកុមារនោះទេ៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់