ប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari គ្រោងនឹងជួបជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចន្ទនេះ ដែលនេះជាជំនួបលើកដំបូងបង្អស់របស់មេដឹកនាំអាហ្វ្រិកមកកាន់សេតវិមានរបស់លោក ត្រាំ។
មេដឹកនាំទាំងពីរនាក់គ្រោងនឹងពិភាក្សាគ្នាទៅលើការគំរាមកំហែងភេរវកម្មនិងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអាហ្វ្រិកដែលមានចំនួនប្រជាជនច្រើនបំផុតនេះ គឺដល់ទៅ២០០លាននាក់។
ប្រទេសនីហ្សេរីយ៉ាត្រូវបានញ៉ាំញីដោយក្រុមជ្រុលនិយម Boko Haram ដែលបានធ្វើការបះបោរកាលពី៩ឆ្នាំមុនដោយមានគោលបំណងបង្កើតរដ្ឋឥស្លាមមួយ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយសិស្សស្រីរាប់រយនាក់ត្រូវបានចាប់ជំរិត ខណៈដែលក្រុមនេះត្រូវបានគេដឹងឮគ្រប់គ្នា ហើយបានរីកសាយដល់ប្រទេសជិតខាងទៀត និងបានបង្កឲ្យមានការគំរាមកំហែងខ្លាំងបំផុតទៅកាន់តំបន់ Sahel នៃអាហ្វ្រិកខាងលិចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំមុន រដ្ឋបាលរបស់លោក ត្រាំ បានអនុម័តលក់យន្តហោះវាយប្រហារដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងសម្ភារៈដែលមានតម្លៃ៦០០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធានីហ្សេរីយ៉ាប្រឆាំងនឹងក្រុម Boko Haram និងក្រុមរដ្ឋឥស្លាម និងដើម្បីត្រួតពិនិត្យលើថ្នាំញៀន សព្វាវុធ និងការជួញដូរមនុស្សផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានផ្អាកក្រោមរដ្ឋបាលរបស់លោក អូបាម៉ា ស្របពេលដែលមានការព្រួយបារម្ភទៅលើការបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
ខណៈដែលលោក Buhari ប្រឈមនឹងការបោះឆ្នោតកាន់តំណែងម្តងទៀត គេរំពឹងថា លោកនឹងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដើម្បីបំពេញទៅតាមការសន្យារបស់លោកក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថានឹងកម្ចាត់ក្រុម Boko Haram ឲ្យបាន៕