ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ឥណ្ឌា​បង្ក្រាប​ពលកម្ម​កុមារ​ក្នុង​ទីក្រុង​ទេសចរណ៍ Jaipur


រូបភាព​ឯកសារ៖ អ្នក​ទេសចរណ៍​ដើរ​កំពង់ផែ​ក្នុង​ក្រុង Jaipur រដ្ឋRajasthan ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២។
រូបភាព​ឯកសារ៖ អ្នក​ទេសចរណ៍​ដើរ​កំពង់ផែ​ក្នុង​ក្រុង Jaipur រដ្ឋRajasthan ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២។

នៅ​ក្នុង​ទីក្រុង Jaipur អាជ្ញាធរ​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នានា​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដ៏​សំខាន់​មួយ​ដើម្បី​បញ្ចប់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ស្រប​ពេល​ដែល​ក្មេង​ប្រុស​កាន់តែ​ច្រើន​ឡើង​ត្រូវ​បាន​គេ​ជួញដូរ​ពី​រដ្ឋ​ក្រីក្រ​នានា​ទៅ​កាន់​ទីក្រុង​នេះ។

នៅ​ក្នុង​ទីក្រុង Jaipur ដែល​ជា​ទីក្រុង​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌា អាជ្ញាធរ​រដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នានា​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ដ៏​សំខាន់​មួយ​ដើម្បី​បញ្ចប់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ស្រប​ពេល​ដែល​ក្មេង​ប្រុស​កាន់តែ​ច្រើន​ឡើង​ត្រូវ​បាន​គេ​ជួញដូរ​ពី​រដ្ឋ​ក្រីក្រ​នានា​ទៅ​កាន់​ទីក្រុង​នេះ។

គេ​ប្រើ​កុមារ​ទាំង​នេះ​ឲ្យ​ធ្វើ​ផលិតផល​នានា​ដោយ​ដៃ។ ផលិតផល​សិប្បកម្ម​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទីក្រុង Jaipur នេះ ក្លាយជា​ទិសដៅ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ទិញ​ទំនិញ​មក​ពី​ទូទាំង​ប្រទេស​ឥណ្ឌា។

ផលិតផល​ចម្បង​បំផុត​ដែល​អ្នក​ទេសចរ​ចង់​ទិញ​នៅ​ក្នុង​ទីក្រុង Jaipur នេះ គឺ​ផលិតផល​ពិសេស​របស់​ទីក្រុង​នេះ ដែល​នោះ​គឺ​កង​ដៃ​ដែល​ធ្វើ​ដោយ​ដៃ គ្រឿង​អលង្ការ​សម្រាប់​សម្លៀកបំពាក់​បុរាណ និង​ក្រណាត់​ប៉ាក់។ អតិថិជន​ភាគ​ច្រើន​មិន​ដឹង​ថា ទំនិញ​ទាំង​នេះ​ភាគ​ច្រើន​ធ្វើ​ដោយ​ក្មេង​ប្រុស​នោះ​ទេ។

អង្គការ Childline ដែល​តាមដាន​អំពី​សិទ្ធិ​របស់​កុមារ បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ក្មេង​ប្រុស​ដែល​ត្រូវ​គេ​ជួញដូរ​ពី​រដ្ឋ​ក្រីក្រ​នានា​ទៅ​កាន់​ទីក្រុង Jaipur ដើម្បី​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​តូចៗ​តាម​ផ្ទះ​នានា បាន​កើន​ឡើង​រហូត​ដល់​ជាង ១ សែន​នាក់។

អ្នកស្រី Varsha Joshi ប្រធាន​អង្គការ Childline ប្រចាំ​ទីក្រុង Jaipur ប្រទេស​ឥណ្ឌា និយាយ​ថា៖ «រឿងរ៉ាវ​គឺ​ថា គេ​ប្រាប់​ថា គេ​នឹង​យក​កូន​របស់​អ្នក​ទៅ​ដើម្បី​បាន​ការ​អប់រំ​ល្អ ហើយ​កូន​របស់​អ្នក​នឹង​រក​ចំណូល​បាន​ផ្ញើ​មក​ឲ្យ​អ្នក។ ប៉ុន្តែ អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ​គឺ​ថា ក្នុង​ករណី​ភាគ​ច្រើន គេ​ឲ្យ​លុយ​សរុប​មួយ​ចំនួន​នៅ​ពេល​គេ​យក​កូន​របស់​អ្នក​ទៅ។ កុមារ​ទាំង​នេះ [ត្រូវ​គេ​តម្រូវ​ឲ្យ​ធ្វើ​វត្ថុ​នានា​ដោយ​ដៃ​ក្នុង​សិប្បកម្ម​តូចៗ​តាម​ផ្ទះ]។ សិប្បកម្ម​ទាំង​នោះ​មាន​ដូចជា​ផ្នែក​ដេរ​ប៉ាក់ ផ្នែក​ធ្វើ​កង​ដៃ និង​ផ្នែក​ច្នៃ​ថ្ម​ត្បូង​ជា​ដើម»។

ការ​បង្ក្រាប​ដែល​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ការពារ​កុមារ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​កុមារ​ចំនួន ៣៥០ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយ​នេះ។

លោក Nishkam Diwakar ប្រធាន​នាយកដ្ឋាន​សិទ្ធិ​កុមារ​ប្រចាំ​រដ្ឋ Rajasthan លើក​ឡើង​ថា៖ «យើង​បាន​រក​ឃើញ​កុមារ​ទាំង​នោះ​ក្នុង​ស្ថានភាព​វេទនា ដោយ​ត្រូវ​គេ​ឃុំ​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​ដែល​មាន​បង្គន់​ប្រើប្រាស់។ ពួកគេ​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​នោះ​ទេ។ កុមារ​ទាំង​នោះ​ត្រូវ​គេ​ផ្ដល់​ម្ហូប​អាហារ និង​ទឹក​ឲ្យ​ដល់​ក្នុង​បន្ទប់ និង​តម្រូវ​ឲ្យ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ពួកគេ​នឹង​រង​ការ​វាយ​ដំ ប្រសិនបើ​ធ្វើ​ការ​មិន​ហើយ»។

លោក Diwakar សង្ឃឹម​ថា ការ​សម្រេច​ចាត់​វិធានការ​តឹងតែង​ជាង​មុន​ដូចជា​ទោស​ជាប់​ពន្ធនាគារ​ជា​ដើម នឹង​រារាំង​សិប្បកម្ម​តូចៗ​តាម​ផ្ទះ​ទាំង​នោះ​មិន​ឲ្យ​ប្រើប្រាស់​ពលកម្ម​កុមារ​ដើម្បី​ផលិត​ទំនិញ​របស់​ខ្លួន​តទៅ​ទៀត។

នៅ​ក្នុង​ទីផ្សារ​ជឿនលឿន​របស់​ទីក្រុង Jaipur នេះ អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​បញ្ចុះបញ្ចូល​សហគមន៍​អាជីវកម្ម​កុំ​ឲ្យ​ប្រើ​ផលិតផល​ដែល​ធ្វើ​ដោយ​ក្មេង​ប្រុស។ កិច្ចការ​នេះ​គឺ​មិន​ងាយស្រួល​នោះ​ទេ ដោយសារតែ​ម្ចាស់​ហាង​មួយ​ចំនួន​និយាយ​ថា ពួកគេ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ទិញ​ទំនិញ​ដែល​លក់​ឲ្យ​ក្នុង​តម្លៃ​ថោក​ជាង​គេ​នេះ ដើម្បី​ធានា​យ៉ាង​ណា​មិន​ឲ្យ​បាត់បង់​អតិថិជន។

លោក Wahid Hasan ម្ចាស់​ហាង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Jaipur និយាយ​ថា៖ «មាន​ការ​ប្រកួត​ប្រជែង​ជា​ច្រើន។ មនុស្ស​គ្រប់​គ្នា​ចង់​បន្ថយ​តម្លៃ​ទំនិញ។ ប្រសិនបើ​ខ្ញុំ​លក់​ទំនិញ​ក្នុង​តម្លៃ​មួយ​ដុល្លារ​កន្លះ អ្នក​ផ្សេង​ទៀត​នឹង​លក់​ក្នុង​តម្លៃ​មួយ​ដុល្លារ»។

ប៉ុន្តែ ម្ចាស់​ហាង​ខ្លះ​ទៀត​បាន​ចូលរួម​នៅ​ក្នុង​ការ​ជួយ​លុប​បំបាត់​ពលកម្ម​កុមារ​នេះ។ អ្នកស្រី Shruti Misra ម្ចាស់​ហាង​លក់​សំលៀកបំពាក់ Apash Boutique បាន​ត្រួត​ពិនិត្យ​មើល​កន្លែង​សិប្បកម្ម​ដែល​អ្នកស្រី​បញ្ជា​ទិញ​សំលៀកបំពាក់ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ធានា​ថា​កន្លែង​ទាំង​នោះ​មិន​ជួល​ក្មេងៗ​ឲ្យ​មក​ធ្វើ​ការ។ ករណី​នេះ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​កើន​ឡើង ប៉ុន្តែ​តម្លៃ​ថ្លៃ​នេះ​ទទួល​បាន​ការ​គាំទ្រ។

អ្នកស្រី Misra និយាយ​ដូច្នេះ​ថា៖ «អតិថិជន​ជា​អ្នក​មាន​ការ​អប់រំ​គឺ​ល្អ​ណាស់។ ខ្ញុំ​ចង់​និយាយ​ថា យុវជន​ក្មេងៗ​និយាយ​អំពី​រឿង​នេះ។ នៅ​ពេល​ដែល​ខ្ញុំ​ពន្យល់​អតិថិជន​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​នោះ ពួកគេ​គាំទ្រ​ខ្ញុំ។ ការងារ​សង្គម និង​ចំណេះដឹង​សហគ្រិន​ភាព​សង្គម​គឺ​ពិតជា​មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នា​ពេល​បច្ចុប្បន្ន​នេះ»។

ចំណុច​នេះ​គឺ​ជា​គោល​បំណង​ដែល​គេ​ចង់​សម្រេច​ឲ្យ​បាន ដែល​នោះ​គឺ​ការ​មិន​ទិញ​ផលិតផល​ណា​ដែល​ធ្វើ​ដោយ​កុមារ ដើម្បី​ធានា​ថា កុមារ​ទាំង​នោះ​មិន​រង​ទុក្ខ​ដោយសារ​តែ​ទីផ្សារ​រស់​រវើក​ពេញ​និយម​នៅ​ក្នុង​ទីក្រុង Jaipur៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG