ស្របពេលដែលវិស័យប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ា ស្វាគមន៍ការវិនិយោគរបស់ចិន អ្នកវិភាគមួយចំនួនបារម្ភអំពីកង្វះតម្លាភាពនៅក្នុងវិស័យនេះ ក៏ដូចជាការអភិវឌ្ឍន៍យឺតនៃទីផ្សារថាមពលកកើតឡើងវិញនៃប្រទេសនេះ។
នៅពេលដែលមន្ត្រីជាន់ខ្ពស់មួយរូបមកពីក្រុមហ៊ុនប្រេងធំបំផុតទីបី ក្នុងប្រទេសចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា កាលពីខែមុន លោកត្រូវបានផ្ដល់យោបល់ដោយថ្នាក់ដឹកនាំកំពូលមួយរូបមកពីក្រុមហ៊ុនប្រេងដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា ថាឲ្យក្រុមហ៊ុនបង្កើនថវិកាវិនិយោគ
ក្នុងវិស័យប្រេងក្នុងប្រទេសនីហ្សេរីយ៉ា។
លោក Mele Kyari ប្រធានគ្រប់គ្រង សាជីវកម្មជាតិនៃប្រទេសនីហ្សេរីយ៉ា ឬ NNPC អរគុណសាជីវកម្មប្រេងជាតិក្នុងសមុទ្រនៃប្រទេសចិន ឬ CNOOC សម្រាប់ការគាំទ្រវិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសនីហ្សេរីយ៉ា។ ការវិនិយោគរបស់ចិនក្នុងវិស័យនេះបានកើនឡើងដល់ ១៦ពាន់លានដុល្លារ។ លោក Kyari បន្ថែមថា ប្រទេសនីហ្សេរីយ៉ាត្រូវការដៃគូដូចប្រទេសចិន។
ប្រទេសទាំងពីរនេះត្រូវការគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅផលិតប្រេងរបស់ពួកគេ។ នីហ្សេរីយ៉ា ជាប្រទេសដែលផលិតប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្វ្រិក ដែលមួយថ្ងៃផលិតប្រេងបានប្រមាណ ២លានបារ៉ែល និងបានកំណត់គោលដៅផលិតឲ្យបាន ៣លានបារ៉ែលក្នុងមួយថ្ងៃត្រឹមឆ្នាំ ២០២៣។ ការផលិតប្រេងក្នុងស្រុករបស់ចិនកំពុងតែ ធ្លាក់ចុះជាលំដាប់ ដោយសារតែការថយចុះនៃធនធានធម្មជាតិ និងបញ្ហាប្រឈមខាងភូមិសាស្ត្រផ្សេងៗទៀត។ ដូច្នេះអ្នកជំនាញទស្សន៍ទាយថា ៨០% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសចិន នឹងត្រូវបានគេនាំចូលត្រឹមឆ្នាំ២០៣០។
ហើយប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលនឹងផ្គត់ផ្គង់ប្រេងដល់ប្រទេសចិន។
ក្រុមហ៊ុន CNOOC ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសនីហ្សេរីយ៉ានៅក្នុងឆ្នាំ ២០០៥ ហើយបច្ចុប្បន្នជាក្រុមហ៊ុនចិន ដែលវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា។ បើនិយាយពីការវិនិយោគក្រៅប្រទេសវិញ ចិនគឺជាប្រទេសដែលធ្វើការផលិតប្រេង និងឧស្ម័នធម្មជាតិក្នុងសមុទ្រធំជាងគេផងដែរ។
អនុប្រធានប្រតិបត្តិក្រុមហ៊ុន CNOOC លោក Lu Yan Ji បាននិយាយនៅក្នុងអង្គប្រជុំនោះថា ប្រទេសនីហ្សេរីយ៉ា គឺជាគោលដៅវិនិយោគដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនលោក។ លោកក៏បាននិយាយថា ក្រុមហ៊ុន CNOOC កំពុងផលិតប្រេង ៨០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែក្រុមហ៊ុនចង់ផលិតឲ្យបាន ១លាន២សែនបារ៉ែលក្នុងមួយថ្ងៃ។ លោក Ji សង្ឃឹមថាប្រទេសនីហ្សេរីយ៉ាអាចជួយលើរឿងនេះបាន។
ប៉ុន្តែមានមន្ទិលសង្ស័យចំពោះរឿងនេះ។
ប្រទេសនីហ្សេរីយ៉ា ជួបប្រទះបញ្ហាមួយចំនួនក្នុងការផលិតឲ្យបានគ្រប់តាមចំនួនគោលដៅ។ មានការការពារដោយយោធាយូរៗម្ដងនៅតាមតំបន់ផលិតប្រេង ដោយសារតែមានការវាយប្រហារហិង្សាពីសំណាក់ក្រុមយុវជន ទាមទារឲ្យមានការបើកទូលំទូលាយជាងមុនក្នុងការប្រើប្រាស់ធនធានប្រេងរបស់ប្រទេសនេះ។ ក៏មានការលួចប្រេងកើតឡើងជាញឹកញាប់ផងដែរនៅបំពង់បង្ហូរប្រេងតែម្ដង។ អគ្គីភ័យតែងតែកើតឡើងនៅកន្លែងណាដែលបំពង់ប្រេងមានច្រែះច្រើន ហើយប្រតិបត្តិការផលិតប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានរំខានជាញឹកញាប់ក្នុងមួយឆ្នាំៗ។
មិនតែប៉ុណ្ណោះក៏មានផងដែរនូវកង្វះខាតតម្លាភាព។ ក្រុមហ៊ុន NNPC មានប្រវត្តិរឿងអាស្រូវជាច្រើន ដែលបច្ចុប្បន្នមានការចោទថាប្រកាន់ពុករលួយជាច្រើនករណី។
ការនាំចេញប្រេងឆៅ គឺជាការនាំចេញដែលរកចំណូលបានច្រើនបំផុតរបស់ប្រទេសនីហ្សេរីយ៉ា ប៉ុន្តែក្រុមហ៊ុន NNPC មិនដែលរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារនោះទេ។ នេះជាហេតុផលដែលធ្វើឲ្យលោកប្រធានាធិបតី Muhammadu Buhari មិនតែងតាំងរដ្ឋមន្ត្រីប្រេង។ លោកប្រធានាធិបតី ចាត់ចែងលើបញ្ហាប្រេងនេះដោយខ្លួនឯង ដូចកាលដែលលោកបានធ្វើកាលពីអាណត្តិមុន។
អំពើពុករលួយក៏ជាហេតុផលដែលមិនធ្វើឲ្យប្រជាជននីហ្សេរីយ៉ាអបអរសាទរនឹងការវិនិយោគប្រាក់រាប់លានដុល្លារនៅក្នុងវិស័យប្រែងរបស់ប្រទេសនេះដែរ។
ពិធីការនីដ៏ល្បីឈ្មោះមួយរូបរបស់នីហ្សេរីយ៉ា នៃបណ្ដាញទូរទស្សន៍ Wazobia TV អ្នកនាង Uvbi Ehigiamusoe បាននិយាយថា៖ «ក្រុមហ៊ុនប្រេងរបស់ចិន នឹងមិនត្រួតពិនិត្យមើល ពីវិធីដែលប្រទេសនីហ្សេរីយ៉ា នឹងចំណាយប្រាក់ ១៦ពាន់លានដុល្លារពីការវិនិយោគនេះទេ។ ហើយយើងដឹងថាប្រាក់ទាំងនោះនឹងទៅកន្លែងណាក្នុងប្រទេសនីហ្សេរីយ៉ា។
អ្នកខ្លះទៀតនិយាយថា ដល់ពេលហើយដែលប្រទេសនីហ្សេរីយ៉ា ត្រូវដើរចេញពីការពឹងផ្អែករបស់ខ្លួន។ ប្រាក់ចំណូលពីឧស្សាហកម្មប្រេង មានប្រមាណ ៧៥ ភាគរយនៃថវិការដ្ឋាភិបាលសហព័ន្ធ នេះបើយោងតាមក្រុមឃ្លាំមើលថវិកាជាតិនីហ្សេរីយ៉ាដែលមានឈ្មោះថា BudgIT។
លោកបណ្ឌិត Nwoke Okala អ្នកជំនាញផ្នែកថាមពលនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ Nigeria Nsukka University បាននិយាយថា ប្រទេសនីហ្សេរីយ៉ា គួរតែដើរតាមនិន្នាការសកល ទាក់ទងនឹងការស្វែងរកប្រភពថាមពលកកើតឡើងវិញ ស្របពេលដែលធនធានប្រេងកំពុងតែថយចុះ។
ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ប្រទេសនីហ្សេរីយ៉ា នឹងបន្តកំណត់មហិច្ឆតាផលិតប្រេងរបស់ខ្លួន។ មហាសេដ្ឋីជំនួញរបស់នីហ្សេរីយ៉ា និងជាបុរសដែលមានជាងគេបំផុតនៅក្នុងទ្វីបអាហ្រិក លោក Aliko Dangote កំពុងតែសាងសង់រោងចក្រចម្រាញ់ធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក នៅក្នុងទីក្រុងពាណិជ្ជកម្ម Lagos ។
ជាមួយនឹងសមត្ថភាពចម្រាញ់ប្រេងសាំងចំនួន ១០លាន ៤សែនតោន ក្នុងមួយឆ្នាំ រោងចក្រចម្រាញ់ប្រេងថ្មីនេះ នឹងបង្កើនចំនួនផលិតនេះទ្វេដង ហើយក៏នឹងជួយផ្គត់ផ្គង់តម្រូវការប្រេងក្នុងស្រុកឲ្យបានគ្រប់ចំនួនផងដែរ។
រោងចក្រដ៏ធំដែលចំណាយទុនសាងសង់ប្រមាណ ៩ពាន់លានដុល្លារនេះ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់រួចរាល់នៅក្នុងឆ្នាំ ២០២០ ហើយក៏នឹងប្រែមុខមាត់ប្រទេសនីហ្សេរីយ៉ាពីប្រទេសដែលនាំចូលប្រេង ទៅជាប្រទេសដែលនាំចេញប្រេងជាក់ជាមិនខាន៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា