ប្រទេសកម្ពុជាបានធ្វើយុទ្ធនាការដើម្បីបញ្ចប់ពលកម្មកុមារក្នុងឧស្សាហកម្មផលិតឥដ្ឋនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះ។ អ្នកតាមដានស្ថានការណ៍ឧស្សាហកម្មផលិតឥដ្ឋនេះបានស្វាគមន៍ដោយប្រយ័ត្នប្រយែងចំពោះវិធានការនេះ និងនៅមានចម្ងល់ថាតើរដ្ឋាភិបាលកម្ពុជាអាចសម្រេចបានគោលបំណងនេះដែរឬក៏យ៉ាងណានោះ។ ស្របពេលនោះដែរ ពួកគេបានអំពាវនាវឲ្យមានការផ្លាស់ប្ដូររចនាសម្ព័ន្ធបន្ថែមទៀត។
ឧស្សាហកម្មផលិតឥដ្ឋនេះបានធ្វើឲ្យអន្តរជាតិចាប់អារម្មណ៍កាលពីឆ្នាំមុន នៅពេលដែលមានការចេញផ្សាយនូវរបាយការណ៍មួយ ដែលមានចំណងជើងថា៖ «ដុំឥដ្ឋលោហិត៖ រឿងពិតនៃទាសភាពសម័យទំនើប និងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា (Blood Bricks: Untold Stories of Modern Slavery and Climate Change from Cambodia)»។
របាយការណ៍នេះអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
អន្តរជាតិបានចាប់អារម្មណ៍ម្ដងទៀតលើបញ្ហាពាក់ព័ន្ធនឹងឧស្សាហកម្មផលិតឥដ្ឋនៅក្នុងប្រទេសកម្ពុជានេះកាលពីខែមីនាកន្លងទៅនេះ នៅពេលដែលក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់បានដាច់ដៃរបស់នាងនៅពេលធ្វើការក្នុងសិប្បកម្មឡឥដ្ឋនេះ។
រដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃទី ៣១ ខែសីហាថា លោក វ៉េង ហៀង ប្រធាននាយកដ្ឋានពលកម្មកុមារនៃក្រសួងការងារ បានចាប់ផ្ដើមយុទ្ធនាការនេះកាលពីថ្ងៃទី ២៦ ខែសីហា ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានរាយការណ៍ថា៖ «យោងទៅតាមប្រធាននាយកដ្ឋាន [ពលកម្មកុមារនៃក្រសួងការងារ] សិប្បកម្មឡឥដ្ឋមួយណាដែលត្រូវបានរកឃើញថាមានប្រើពលកម្មកុមារនឹងត្រូវផាកពិន័យធ្ងន់ធ្ងរដោយគ្មានការលើកលែង»។
លោក Laurie Parsons អ្នកនិពន្ធម្នាក់នៃរបាយការណ៍ខាងលើនេះ បានស្វាគមន៍គំនិតផ្ដួចផ្ដើមនេះ ដោយលោកបាននិយាយថា ពលកម្មកុមារនៅតែមានច្រើននៅក្នុងឧស្សាហកម្មផលិតឥដ្ឋ ហើយលោកបានប៉ាន់ប្រមាណថា កុមារដែលធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋមានចំនួន «រាប់ពាន់នាក់»។
លោក Parsons បាននិយាយថា រដ្ឋាភិបាលបានបដិសេធបញ្ហានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងរហូតមកទល់នឹងចុងឆ្នាំមុន ទោះបីជាមានរបាយការណ៍ជាច្រើនដែលបានចេញផ្សាយអំពីរឿងនេះដោយអង្គការក្រៅរដ្ឋាភិបាលក៏ដោយ។ លោកបានបន្ថែមថា ឥឡូវនេះរដ្ឋាភិបាលបានចាប់ផ្ដើមទទួលស្គាល់បញ្ហានេះ ដោយសារតែមានការរាយការណ៍ជាច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
លោក Parsons និយាយថា៖ «ទោះបីជាបញ្ហានេះត្រូវបានគេដឹងឭក៏ដោយ ក៏វានៅមិនទាន់ត្រូវបានគេដឹងឭជាអន្តរជាតិនៅឡើយទេ»។
លោកបានស្វាគមន៍គំនិតផ្ដួចផ្ដើមនេះ ប៉ុន្តែបានស្នើឲ្យផ្ដោតលើពលកម្មកុមារថាជា «វិធីសាស្ត្រផ្អែកលើបញ្ហា» មិនមែនដោះស្រាយឫសគល់នៃបញ្ហានេះទេ។ លោកបានបញ្ជាក់ថា ភាពក្រីក្របានជំរុញឲ្យមនុស្សធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅឯសិប្បកម្មឡឥដ្ឋ ស្ថានភាពការងារលំបាក និងកិច្ចសន្យាការងារនៅសិប្បកម្មឡឥដ្ឋដែលរារាំងមិនឲ្យកម្មករអាចធ្វើការនៅកន្លែងផ្សេងបាន។
លោកនិយាយដូច្នេះថា៖ «វាគឺជាការផ្ដោតដែលនឹងមិននាំឲ្យមានការផ្លាស់ប្ដូរជាក់ច្បាស់ណាមួយនោះទេ។ ការផ្ដោតនេះគឺជាការផ្ដោតផ្អែកលើបញ្ហា ដែលយើងយល់ឃើញថាជាការផ្ដោតសមហេតុផលលើបញ្ហាពលកម្មកុមារ ដែលជាប្រធានបទដ៏រំញោចមួយ។ វាជាប្រធានបទដែលមានការចាប់អារម្មណ៍ខ្លាំង។ ប៉ុន្តែសម្រាប់ពួកយើង ពលកម្មកុមារគឺជាផ្នែកមួយនៃបញ្ហារចនាសម្ព័ន្ធដ៏ធំជាងនេះ»។
លោកបានបន្ថែមទៀតថា៖ «មូលហេតុដែលស្ថានការណ៍នេះនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែមនុស្សមានការខ្វះខាត ដែលធ្វើឲ្យពួកគេនៅតែបន្តធ្វើការនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនេះ»។
ក្រសួងការងារនៅតែមិនច្បាស់អំពីថាតើគួរចាត់វិធានការជាក់លាក់ណាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ។ បន្ទាប់ពីត្រូវបានគេសួរសំណួរថាតើរដ្ឋាភិបាលនឹងធ្វើអ្វី នៅពេលដែលការស៊ើបអង្កេតបញ្ចប់រួចរាល់ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បាននិយាយថា៖ «ខ្ញុំចង់ប្រាប់អ្នកស្រីថា អ្នកត្រួតពិនិត្យរបស់យើងផ្នែកពលកម្មកំពុងបំពេញបេសកកម្មត្រួតពិនិត្យលើសិប្បកម្មផលិតឥដ្ឋទាំងអស់នៅទូទាំងប្រទេស ដែលការត្រួតពិនិត្យនេះនឹងបញ្ចប់នៅចុងខែតុលាខាងមុខនេះ។ យើងនឹងចេញផ្សាយរបាយការណ៍នៅខែវិច្ឆិកា»។
លោក ហេង សួរ មិនបានឆ្លើយសំណួរអំពីចំណុចលម្អិតបន្ថែមទៀតនៃយុទ្ធនាការនេះ និងអំពីជំហានអ្វីដែលរដ្ឋាភិបាលនឹងធ្វើនោះទេ។
លោក Parsons បាននិយាយថា ជោគជ័យនៃយុទ្ធនាការនេះគឺអាស្រ័យលើវិធានការជាក់លាក់ដែលត្រូវធ្វើ និងលើថាតើការអះអាងរបស់ម្ចាស់សិប្បកម្មឡឥដ្ឋដែលថាពួកគេមិនជួលកុមារឲ្យធ្វើការ ប៉ុន្តែពួកគេទិញតែឥដ្ឋនោះ អាចទទួលយកបានឬក៏យ៉ាងណានោះ។ លោក Parsons បានបន្ថែមថា៖ «[ដើម្បីទទួលបានជោគជ័យ] គឺត្រូវមានការសើរើទាំងស្រុងនៃឧស្សាហកម្មផលិតឥដ្ឋនេះ»។
លោក ស៊ូ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានឯកភាពចំពោះចំណុចនេះ។
លោក ស៊ូ ឆ្លូញ បាននិយាយថា សិប្បកម្មឡឥដ្ឋអាចមានការងាយស្រួលនៅក្នុងការជៀសវាងការផាកពិន័យ ប្រសិនបើការត្រួតពិនិត្យត្រូវបានធ្វើឡើងតែម្ដងគត់។ លោកបានបញ្ជាក់ថា ជាឧទាហរណ៍ សិប្បកម្មឡឥដ្ឋទាំងនោះអាចមិនឲ្យកុមារមកធ្វើការរយៈពេលមួយសប្ដាហ៍ ហើយឲ្យកុមារមកធ្វើការវិញ បន្ទាប់ពីការត្រួតពិនិត្យនេះបានបញ្ចប់រួចរាល់។
លោកបានបន្ថែមថា ដើម្បីធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញឡើង កុមារមិនត្រូវបានម្ចាស់សិប្បកម្មឡឥដ្ឋទាំងនោះជួលឲ្យធ្វើការដោយផ្ទាល់នោះទេ ប៉ុន្តែកុមារទាំងនោះជួយឪពុកម្ដាយរបស់ពួកគេដោយស្ម័គ្រចិត្ត ឬក៏ដោយមិនស្ម័គ្រចិត្ត ជាជាងទៅរៀន ដើម្បីជួយដោះបំណុលរបស់ឪពុកម្ដាយពួកគេ។
លោក ស៊ូ ឆ្លូញ បានបន្តទៀតថា ពេលខ្លះ ម្ចាស់សិប្បកម្មឡឥដ្ឋប្រាប់ឪពុកម្ដាយរបស់ពួកគេឲ្យយកពួកគេមកធ្វើការដើម្បីដោះបំណុល ប៉ុន្តែករណីនេះមិនសូវមាននោះទេ។
លោក ហេង សួរ បានប្រាប់ VOA ថា រដ្ឋាភិបាលនឹង «មិនអត់ឱនឲ្យជាដាច់ខាត» ចំពោះបញ្ហានេះ។
លោកបាននិយាយដូច្នេះថា៖ «បេសកកម្មចម្បងបំផុតគឺការមិនអត់ឱនឲ្យជាដាច់ខាតចំពោះពលកម្មកុមារ និងអន្ទាក់បំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។ ដូច្នេះ អ្នកត្រួតពិនិត្យពលកម្មនឹងធ្វើការត្រួតពិនិត្យលើរឿងនេះ នឹងធ្វើការអប់រំ និងពន្យល់ណែនាំកម្មករដែលធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋនេះ»។
លោក ស៊ូ ឆ្លូញ បាននិយាយថា ការបណ្ដុះបណ្ដាលអ្នកត្រួតពិនិត្យទាំងនោះគឺសំខាន់សម្រាប់ជោគជ័យនៃយុទ្ធនាការនេះ ហើយលោកមានចម្ងល់ថាតើពលកម្មកុមារអាចលុបបំបាត់បាននៅត្រឹមកាលបរិច្ឆេទកំណត់របស់រដ្ឋាភិបាល ឬក៏យ៉ាងណានោះ។
លោកបញ្ជាក់ដូច្នេះថា៖ «កាលបរិច្ឆេទកំណត់នោះជិតចូលមកដល់ហើយ។ យើងគួរតែបណ្ដុះបណ្ដាលអ្នកត្រួតពិនិត្យបន្ថែមទៀត [ជាមុនសិន]»។
ដោយលើកឡើងពីឧស្សាហកម្មផលិតឥដ្ឋធុនតូចនេះ លោក Parsons បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១ ម៉ឺននាក់កំពុងធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋប្រហែល ៤៥០ នៅទូទាំងប្រទេស ដែលអ្នកស្រាវជ្រាវបាននិយាយថា ការដោះស្រាយបញ្ហាគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់។
ប៉ុន្តែ លោក Parsons បានបញ្ជាក់ថា៖ «ជាការពិត បើតាមការអនុវត្ត រឿងនេះនឹងមិនសម្រេចបាននៅត្រឹមឆ្នាំ ២០២០ នោះទេ ដោយសារតែមិនមានធនធានគ្រប់គ្រាន់ និងមិនមានផ្នត់គំនិតជារួមចំពោះការធ្វើរឿងនេះ»៕
ប្រែសម្រួលដោយ ភី សុភាដា