ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី៖ សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​នៅ​តែ​ប្រើប្រាស់​និង​កេង​ប្រវ័ញ្ច​ពលកម្ម​កុមារ


រូបឯកសារ៖ ក្មេងស្រីម្នាក់​កំពុង​រៀប​ដុំ​ឥដ្ឋ​ក្រោម​កំដៅ​ថ្ងៃ​នៅ​សិប្បកម្មឡឥដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​ឈើទាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ច័ន្ទ ទី២ ខែឧសភា ឆ្នាំ​២០១១។ (AP Photo/Heng Sinith)
រូបឯកសារ៖ ក្មេងស្រីម្នាក់​កំពុង​រៀប​ដុំ​ឥដ្ឋ​ក្រោម​កំដៅ​ថ្ងៃ​នៅ​សិប្បកម្មឡឥដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​ឈើទាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ច័ន្ទ ទី២ ខែឧសភា ឆ្នាំ​២០១១។ (AP Photo/Heng Sinith)

អង្គការ​លីកាដូ បាន​ទៅ​ទីតាំង​ចំនួន​១១ ដែល​មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង​១០០ និង​មាន​កម្មករ​រាប់​ពាន់​នាក់ ដោយ​បាន​សម្ភាស​កម្មករ​ប្រមាណ​៥០​នាក់​ដែល​មាន​ទាំង​មនុស្ស​ពេញ​វ័យ និង​កុមារ។

ការ​បញ្ចាំ​ខ្លួន​ធ្វើ​ការ​ដើម្បី​ធ្វើការ​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​តែ​បន្ត​កើតមាន​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា តែ​អាជ្ញាធរ​មិន​បាន​ប្រឹងប្រែង​លុប​បំបាត់​នៅ​ឡើយ​ទេ​ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ពី​បទ​ល្មើស​ទាំង​នេះ​ក៏​ដោយ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ចំ​ទិវា​អន្តរជាតិ​លុប​បំបាត់​អំពើ​ទាសភាព​ថ្ងៃ​២ ខែ​ធ្នូ ។

របាយការណ៍​កម្រាស់​ជាង​២០​ទំព័រ​ក្រោម​ចំណង​ជើង​ថា «ការ​អភិវឌ្ឍ​លើ​ទាសភាព៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្មកុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​» ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​តំបន់​ផលិត​ឥដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​ត្បូង​ឃ្មុំ។

អង្គការ​លីកាដូ បាន​ទៅ​ទីតាំង​ចំនួន​១១ ដែល​មាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង​១០០ និង​មាន​កម្មករ​រាប់​ពាន់​នាក់ ដោយ​បាន​សម្ភាស​កម្មករ​ប្រមាណ​៥០​នាក់​ដែល​មាន​ទាំង​មនុស្ស​ពេញ​វ័យ និង​កុមារ។

នៅ​ក្នុង​របាយការណ៍​នេះ​ អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា​ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ជា​មធ្យោបាយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ដោយ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ ដើម្បី​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក​រយៈពេល​យូរ​ និង​ចេះ​ស្ដាប់​បង្គាប់។

របាយការណ៍​បន្ត​ថា មូលហេតុ​ដំបូង​ដែល​តម្រូវ​ឱ្យ​គ្រួសារ​កម្មករ​ខ្ចី​ប្រាក់​ជាទូទៅ​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូចជា​ការ​ឈឺ​ថ្កាត់​នៅ​ក្នុង​គ្រួសារ ឬ​ទិន្នផល​ដំណាំ​មិន​ល្អ​ ដោយ​ប្រាក់​កម្ចី​ដំបូង​ត្រឹម​តែ​ពី​២០០​ទៅ​៣០០​ដុល្លារ​ប៉ុណ្ណោះ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​នៅ​ក្នុង​សិប្បកម្ម​មាន​តម្លៃ​ទាប ធ្វើ​ឱ្យ​កម្មករ​ពុំ​មាន​លទ្ធភាព​សង​បំណុល​នោះ​ទេ។ រយៈពេល​កាន់​តែ​យូរៗ​ទៅ​ ប្រាក់បំណុល​កាន់តែ​កើន​ឡើង ហើយ​កម្មករ​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជំពាក់​បំណុល​សរុប​ចាប់​ពី​១០០០​ដុល្លារ​ទៅ​៦០០០​ដុល្លារ ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​ពួក​គេ​ទាំងនោះ​មិន​មាន​លទ្ធភាព​សង​នោះ​ទេ។

របាយ​ការណ៍​បន្ត​ថា នៅ​ពេល​ប្រាក់​បំណុល​កើន​ឡើង​កាន់​តែ​ច្រើន​បែប​នេះ ការ​សង​បំណុល​អាច​ត្រូវ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត ដោយ​គ្រួសារ​មួយ​ចំនួន​ត្រូវ​ធ្វើ​ការ​៣​ជំនាន់​មក​ហើយ​ដើម្បី​សង​បំណុល។

ការ​រក​ឃើញ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជា​ញឹកញាប់ កុមារ​ត្រូវ​បាន​បង្ខំ​ឱ្យ​ជួយ​ធ្វើ​ការងារ​របស់​ឪពុក​ម្ដាយ​ពួកគេ​នៅ​តាម​សិប្បកម្ម​ទាំងនោះ ដោយសារ​តែ​ប្រាក់​ឈ្នួល​ពលកម្ម​ទាប​ ហើយ​ការ​ផ្ដល់​ប្រាក់ឈ្នួល​ពល​កម្ម​គឺ​គិត​តាម​ចំនួន​ផលិតផល​ដែល​សម្រេច​បាន​ ដែល​មាន​ន័យ​ថា គ្រួសារ​មួយ​ផលិត​ឥដ្ឋ​បាន​កាន់​តែ​ច្រើន​គឺ​ទទួល​បាន​ចំណូល​កាន់​តែ​ច្រើន​ដែរ។

អ្នកស្រី ឈុន មុយលី កូន​ម្ចាស់​សិប្បកម្ម និង​ជា​មេការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ ​ឈុន ថ ក្នុង​ភូមិ​ក្ដី​ចាស់ ក្នុង​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ទទួល​ស្គាល់​ថា កម្មករ​នៅ​ក្នុង​សិប្បកម្ម​របស់​អ្នក​ស្រី ក៏​ដូច​ជា​សិប្បកម្ម​ផលិត​ឥដ្ឋ​ផ្សេងៗ​ទៀត​គឺ​ធ្វើ​ការ​ដើម្បី​ដោះ​បំណុល​របស់​ពួកគេ។

ទោះ​យ៉ាង​ណា អ្នកស្រី​អះអាង​ថា នោះ​គឺជា​ជម្រើស និង​ជា​អ្វី​ដែលកម្មករ​ចង់​បាន​ ដោយ​ពួកគេ​ចង់​បាន​លុយ​មុន​យក​ទៅ​ប្រើប្រាស់​ជាមួយ​នឹង​ការ​សន្យា​ថា​ នឹង​ធ្វើ​ការ​ឱ្យ​សិប្បកម្ម​ ជាជាង​ធ្វើការ​ដើម្បី​ទទួល​ប្រាក់​តាម​ក្រោយ។

«មិនមែន​តែ​ខាង​ខ្ញុំ​ទេ ឱ្យ​តែ​ឈ្មោះ​ថា​សិប្បកម្ម​ឡ​ឥដ្ឋ​១០០​សិប្បកម្ម​គឺ​ដឹង​តែ​១០០​សិប្បកម្ម​គឺ​ត្រូវតែ​ជំពាក់​អញ្ចឹង​ហ្មង​! ព្រោះ​គេ​មាន​ទម្លាប់​គេ​មួយ​... ឧបមា​ថា ឥឡូវ​ដូច​មនុស្ស​ម្នាក់ «ក‍» ហ្នឹង​ចង់​មក​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង។ អញ្ចឹង​មិនមែន​ថា យើង​ធ្វើ​ការ​ហើយ​យើង​បើក​លុយ​ទេ អត់ទេ​ គេ​អត់​ធ្វើ​អញ្ចឹង​ទេ។ គេ​ថា ឥឡូវ​ឱ្យ​ខ្ញុំ​ខ្ចី​ប៉ុន្មាន​១ពាន់ ២​ពាន់​ដុល្លារ​សិន​មក ខ្ញុំ​នឹង​យក​កូន យក​ប្រពន្ធ​មក​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ហ្នឹង»។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម អ្នកស្រី ឈុន មុយលី អះអាង​ថា​គឺ​ដូច​ជា​ការ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​បាន​ជួយ​រក​ចំណូល​ដល់​ក្រុម​គ្រួសារ​ ដោយសារ​ឪពុកម្ដាយ​របស់​ក្មេង​ទាំង​នោះ​ ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​របស់​ខ្លួន​ឱ្យ​ទៅ​រៀន។

«ធម្មតា​យើង​ជា​អ្នក​វិនិយោគ ខ្ញុំ​ជា​ម្ចាស់​ឡ ខ្ញុំ​គិត​ថា បើ​មាន​កម្លាំង​ពលកម្ម​ជំរុញ​ឱ្យ​សិប្បកម្ម​ដំណើរ​ការ​ទៅ​មុខ អា​ហ្នឹង​វា​ជា​ការ​ល្អ។ តែ​បើ​ចំពោះ​ឪពុកម្ដាយ​គេ​ ក៏​គេ​គិត​ថា​ល្អ​ដែរ​ព្រោះ​ទាញ​ពលកម្ម​កូន​ហ្នឹង​ទៅ​ប្រើ​ប្រាស់​ដើម្បី​ជំនួស។ តែ​បើ​និយាយ​ពី​អង្គការ អា​ហ្នឹង​វា​ជា​បញ្ហា​ហើយ ព្រោះ​ថា​ក្មេង​អត់​ទាន់​គ្រប់​អាយុ​ត្រូវ​ទុក​ឱ្យ​រៀន​សូត្រ​... តែ​គ្រាន់​តែ​ថា​បើ​គ្រួសារ​គេ​អត់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀន​ផង ​ហើយ​យើង​ទុក​ឱ្យ​កូន​រៀន​ រៀន​អត់​កើត ហើយ​យើង​មាន​អី​ចិញ្ចឹម​កូន? អា​ហ្នឹង​វា​អ៊ីចឹង»។

យោង​តាម​ច្បាប់​របស់​កម្ពុជា និង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន​ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ជា​ប្រភេទ​ការងារ​ខុសច្បាប់។

របាយការណ៍​របស់​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា ដោយសារ​តែ​ភាព​ភ័យ​ខ្លាច និង​ផល​វិបាក​នៃ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ម្ចាស់​សិប្បកម្ម កម្មករ​ជា​ច្រើន​គ្មាន​បំណង​តវ៉ា​ប្រឆាំង​ទៅ​នឹង​លក្ខខណ្ឌ​ដ៏​លំបាក​របស់​ពួក​គេ​នោះ​ទេ ​បើ​ទោះជា​ត្រូវ​បាន​រំលោភ​បំពាន​ក៏ដោយ។ ចំណែក​ឯ​អាជ្ញាធរ​ ក៏​មិន​បាន​ចាត់​វិធានការ​លើ​បញ្ហា​ទាំងអស់​នោះ​ដែរ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ដដែល។

លោក អំ សំអាត អ្នក​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ម្ចាស់​សិប្បកម្ម​គួរ​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្មករ​ដោយ​គួរ​គិតគូរ​ឱ្យ​សមាមាត្រ​ជាមួយ​នឹង​ប្រាក់កម្រៃ​ដែល​កម្មករ​ទទួល​បាន ដើម្បី​ប្រាកដ​ថា​ពួកគាត់​មាន​លទ្ធភាព​សង​វិញ។

រូបឯកសារ៖ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​បន្ថែម​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ច្រើន​លើស​ពី​លទ្ធភាព​របស់​កម្មករ​នេះ​ គឺជា​ចំណង​ឱ្យ​កម្មករ​នៅ​បន្ត​ធ្វើ​ការ​ឱ្យ​សិប្បកម្ម មិន​អាច​ចេញ​ទៅ​ណា​បាន។

«ការ​ឱ្យ​ខ្ចី​ហ្នឹង​ក្នុង​បំណង​មួយ​ដើម្បី​ គេ​ដាក់​លក្ខខណ្ឌ​ឱ្យ​គាត់​តែ​ម្ដង​គឺ​មិន​អាច​ចាកចេញ។ មាន​ឡឥដ្ឋ​ខ្លះ​យើង​ឃើញ​ជា​បទ​ពិសោធ នៅ​ពេល​ដែល​កូន​គាត់​[កម្មករ​] រៀបការ​ហើយ ហើយ​គាត់​ចេញ​ពី​កន្លែង​ហ្នឹង​គឺ ថៅកែ​ឡឥដ្ឋ​ហ្នឹង​គាត់​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​អាជ្ញាធរ​ឱ្យ​ចាប់​អ្នក​ហ្នឹង​មក​វិញ មក​ទាមទារ​ឱ្យ​សង​នេះ​សង​នោះ បើ​សិន​ជា​មិន​នៅ​បម្រើ​ការងារ​ឱ្យ​គេ​ទៀត​ទេ។ អា​នេះ យើង​ឃើញ​វា​ហាក់​ដូច​ជា​ទាសករ​ គ្មាន​សិទ្ធិ​សេរី​ភាព​អី​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ លោក អំ សំអាត យល់​ថា ម្ចាស់​សិប្បកម្ម​គួរ​រក​មធ្យោបាយ​ជាមួយ​ឪពុក​ម្ដាយ​ក្មេង ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ទទួល​បាន​ការ​សិក្សា ហើយ​ការ​ធ្វើ​ការ​ទៀត​សោត គឺ​ត្រូវ​សមស្រប​ទៅតាម​កម្លាំង​របស់​កុមារ និង​ស្រប​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​អនុញ្ញាត​ មិនមែន​ធ្វើ​ទាំង​ខុស​ច្បាប់​នោះ​ទេ។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ប្រាប់​ VOA នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ថា លោក​ពុំ​ទាន់​បាន​ឃើញ​របាយការណ៍​របស់​អង្គការ​លីកាដូ​នៅ​ឡើយ​ទេ ដោយ​បាន​ចោទ​ជា​សំណួរ​ពី​ភាព​អាច​ជឿជាក់​បាន​នៃ​របាយការណ៍​នេះ។

លោក ហេង សួរ បន្ត​ថា ក្រសួង​បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​មួយ​ចំនួន​ដើម្បី​ពិនិត្យ​មើល​បញ្ហា​នៃ​ការ​ដោះដូរ​ដោយ​បង្ខំ​នៃ​កម្លាំង​ពលកម្ម​ដើម្បី​ទូទាត់​បំណុល និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នេះ។

ទោះ​យ៉ាង​ណា លោក​អះអាង​ថា តាម​ការ​អង្កេត​កន្លង​មក​ ក្រសួង​ពុំ​ដែល​រក​ឃើញ​បទល្មើស​ណាមួយ​នៅ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នោះ​ទេ គឺ​មាន​តែ​ក្នុង​វិស័យ​កសិកម្ម និង​ស្រែ​អំបិល​ ហើយ​ក្រសួង​ក៏​បាន​ធ្វើ​ការ​ដោះស្រាយ​រួច​ដែរ។

លើស​ពី​នេះ លោក ហេង សួរ បាន​ធ្វើ​ការ​ស្ដីបន្ទោស​ដល់​ក្រុម​មន្ត្រី​របស់​អង្គការ​លីកាដូ​ថា​គួរ​រាយការណ៍​ទៅ​ក្រសួង​និង​សមត្ថកិច្ច​ នៅ​ពេល​ចុះ​អង្កេត​ឃើញ​មាន​ករណី​ល្មើស​បែប​នេះ មិន​គួរ​រង់ចាំ​រហូត​ដល់​ការ​ចេញ​របាយការណ៍​នោះ​ទេ។

«អ៊ីចឹង​បាន​ជា​ទី១​ខ្ញុំ​ចង់​ដឹង​ពី​គោលបំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់ ហើយ​ទី​២​ខ្ញុំ​ចង់​ដឹង​ពី​សុឆន្ទៈ​ពិត​ប្រាកដ​អ្នក​ដែល​ចុះ​ទៅ​ធ្វើ​ការ​អង្កេត​នេះ ហើយ​ទី​៣​ក៏​ខ្ញុំ​ចង់​ដឹង​អំពី​បេសកកម្ម​ពិត​របស់​អង្គការ​លីកាដូ​ពិត​ជា​អង្គការ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ គោរព​សិទ្ធិ​មនុស្ស ចង់​លើក​តម្កើង​សិទ្ធិ​មនុស្ស ចង់​ការពារ​សិទ្ធិ​កុមារ​ហ្នឹង​មែនទែន​ដែរ​ឬ​ក៏​អត់​? បើ​សិន​ជា​ដឹង​ថា​មាន​អញ្ចឹង​មែន មិន​គួរ​[ទុក]​ទេ គឺ​គួរ​តែ​ជូន​ដំណឹង»។

លោក ហេង សួរ បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​ការ​ពិនិត្យ​មើល​របាយការណ៍​នេះ ហើយ​បន្ត​ធ្វើការ​ជាមួយ​អង្គការ​ដៃ​គូ​បន្ត​ទៀត។

របាយការណ៍​របស់​អង្គការ​លីកាដូ​បាន​បង្ហាញ​ពី​លក្ខខណ្ឌ​ការងារ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ និង​កង្វះ​ខាត​អនាម័យ​នៃ​ការ​រស់នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

របាយការណ៍​នេះ​ក៏​បាន​លើក​ជា​ឧទាហរណ៍​មួយ​ចំនួន​ស្ដី​ពី​ការ​រង​របួស​របស់​កម្មករ ជា​ពិសេស​កុមារ​ដែល​បាន​បាត់បង់ដៃ​ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ។ អង្គការ​លីកាដូ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​អនុវត្ត​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​បាន​ធ្វើ​ឱ្យ​កម្មករ​ជាច្រើន​ជំនាន់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ និង​ការ​ជិះជាន់​ឥត​ឈប់ឈរ ហើយ​អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ គឺ​ម្ចាស់​សិប្បកម្ម។

របាយការណ៍​ដដែល​នេះ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ដោះលែង​កម្មករ​ដែល​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ទាំង​អស់ ដោយ​ការ​ចេញ​បទ​បញ្ជា​លុប​ចោល​បំណុល​ដែល​មាន​រវាង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​និង​កម្មករ។

លើស​ពី​នេះ អង្គការ​លីកាដូ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ធានា​ថា​វិនិយោគិន​បរទេស​បាន​ដឹង​ពី​បញ្ហា​ទាំង​នេះ ដើម្បី​គាំ​ទ្រ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​បញ្ហា​នៃ​ការបញ្ចាំ​ខ្លួន​ធ្វើ​ការ​ដើម្បី​ធ្វើការ​ដោះ​បំណុល និង​ពលកម្ម​កុមារ​នៅ​កម្ពុជា៕

XS
SM
MD
LG