ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជានេសាទ​កម្ពុជា​ងាក​ទៅ​ចិញ្ចឹម​អន្ទង់ នៅពេល​ផល​នេសាទ​ពី​បឹង​ទន្លេសាប​ធ្លាក់​ចុះ


រូបឯកសារ៖ លោក ឯម ផាត អាយុ៥៣ឆ្នាំនិងជាម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ លើកបង្ហាញសត្វអន្ទង់ពីក្នុងអាង នៅជាប់បឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ លោក ឯម ផាត អាយុ៥៣ឆ្នាំនិងជាម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ លើកបង្ហាញសត្វអន្ទង់ពីក្នុងអាង នៅជាប់បឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

លោក ឯម ផាត អាយុ ៥៣ ឆ្នាំ កំពុង​ពិនិត្យ​មើល​អាង​ចិញ្ចឹម​អន្ទង់​របស់​លោក​ដោយ​យកចិត្ត​ទុកដាក់​ ពីព្រោះ​វា​ជា​កត្តា​ដ៏​ចាំ​បាច់​សម្រាប់​ជីវភាព​រស់នៅ​របស់​លោក។

អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ អ្នក​នេសាទ​ដូចជា​រូប​លោក​បាន​ពឹងផ្អែក​លើ​ធនធាន​របស់​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹកសាប​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និង​ជា​កន្លែង​នេសាទ​ដ៏​សម្បូរ​ភោគផល​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។ ប៉ុន្តែ បញ្ហា​ប្រែប្រួល​អាកាសធាតុ ការ​សាងសង់​ទំនប់​នៅ​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បឹង​នេះ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​បាន​ធ្វើឱ្យ​អ្វីៗ​គ្រប់យ៉ាង​ប្រែប្រួល។

បច្ចុប្បន្ន​នេះ មិន​មាន​ត្រី​គ្រប់គ្រាន់​ដូច​មុន​ទេ ហើយ​ការ​រស់នៅ​តាម​មាត់​បឹង​គឺ​កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ព្យុះសង្ឃរា​ញឹកញាប់​ជាងមុន​ដោយសារ​ការ​ឡើង​កម្ដៅ​ផែនដី។ លោក ផាត ថា​ជីវិត​ជា​អ្នកនេសាទ​ដូច​រូប​លោក​គឺ​កាន់តែ​លំបាក។

លោក​សង្ឃឹម​ថា ការ​ចិញ្ចឹម​អន្ទង់​របស់​លោក​ដែល​ជា​អាហារ​ដ៏​មាន​ឱជារស​នៅ​ទីផ្សារ​អាស៊ី ដូចជា​នៅ​ចិន ជប៉ុន និង កូរ៉េ​ខាងត្បូង​ជាដើម នឹង​ជួយ​ឱ្យ​លោក​អាច​បន្ត​ជីវភាព​រស់នៅ​តទៅមុខ​ទៀត។ លោក​ចិញ្ចឹម​អន្ទង់​នៅ​ក្នុង​អាង​ផ្សេងៗ​គ្នា ដោយ​ពង​អន្ទង់​នៅ​ក្នុង​អាង​កញ្ចក់​តូចៗ កូន​អន្ទង់​តូចៗ​នៅ​ក្នុង​អាង​ប្លាស្ទិក ហើយ​អន្ទង់​ធំ​ល្មម​នៅ​ក្នុង​អាង​ធំ​ដែល​មាន​សំបក​កង់​ម៉ូតូ​ចាស់ៗ​ទុក​ក្នុង​អាង​នោះ​សម្រាប់​ឱ្យ​អន្ទង់​ទាំងនោះ​លាក់ខ្លួន។

ការ​ចិញ្ចឹម​អន្ទង់​អាច​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ ប៉ុន្តែ​វា​ជា​មុខរបរ​ដែល​មាន​ហានិភ័យ។ អន្ទង់​គឺ​ជា​សត្វ​ពិបាក​ចិញ្ចឹម​និង​ត្រូវការ​ចំណាយ​ច្រើន។ វា​ត្រូវការ​ទឹក​អនាម័យ​ស្អាត​ដែល​មាន​អុកស៊ីសែន​ជា​ប្រចាំ​និង​ត្រូវការ​ចំណី​ពិសេស ហើយ​វា​ងាយ​នឹង​ឆ្លង​ជំងឺ​ណាស់។

រូបឯកសារ៖ លោក ឯម ផាត អាយុ៥៣ឆ្នាំនិងជាម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ កំពុងមើលថែទាំងសត្វអន្ទង់នៅកសិដ្ឋានរបស់លោក ដែលជាប់បឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ លោក ឯម ផាត អាយុ៥៣ឆ្នាំនិងជាម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ កំពុងមើលថែទាំងសត្វអន្ទង់នៅកសិដ្ឋានរបស់លោក ដែលជាប់បឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ រូបភាពថតពីអាកាសបង្ហាញ​កសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ឯម ផាត នៅក្បែរបឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ រូបភាពថតពីអាកាសបង្ហាញ​កសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ឯម ផាត នៅក្បែរបឹងទន្លេសាប រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

អន្ទង់​របស់​លោក ផាត ជាច្រើន​បាន​ងាប់​នៅ​ពេល​ដាច់​ចរន្ត​អគ្គិសនី​ម្ដងៗ​ដោយសារ​ពេល​គ្មាន​អគ្គិសនី ចរន្ត​អុកស៊ីសែន​នៅ​ក្នុង​អាង​លែង​ដំណើរការ។ ប៉ុន្តែ លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត។ ប្រពន្ធ​របស់​លោក​ឈ្មោះ លុយ ង៉ា អាយុ ៥២ ឆ្នាំ អាច​ដាំដុះ​បន្លែបង្ការ​លើ​ដីធ្លី​ផ្ទះ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​និង​អាច​លក់​ខ្លះ​យក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។

លោក​និយាយ​ថា៖ «អន្ទង់​ជា​សត្វ​មាន​តម្លៃ ហើយ​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ថ្ងៃ​អនាគត»។

ប្រជា​នេសាទ​ដូច​លោក ផាត មិន​អាច​ពឹងផ្អែក​លើ​បឹង​ទន្លេសាប​សម្រាប់​ជីវភាព​រស់នៅ​របស់​លោក​បាន​ទៀត​ទេ ដែល​នេះ​បង្ហាញ​ពី​កម្រិត​ប្រែប្រួល​យ៉ាង​ខ្លាំង។ បឹង​នេះ​ធ្លាប់​មាន​ទំហំ​ធំជាង​នេះ ៤ ដង​ក្នុង​រដូវ​វស្សា​និង​គ្រប​ដណ្ដប់​ទៅ​លើ​តំបន់​ព្រៃ​លិច​ទឹក​ដែល​ជា​កន្លែង​បន្ត​ពូជត្រី​ផ្សេងៗ​ជាច្រើន។

«ចរន្ត​ទឹក​ឡើងចុះ» ដែល​ជា​ដំណើរការ​ធម្មជាតិ​ទៀងទាត់​នៅ​ក្នុង​ប្រព័ន្ធ​ទន្លេ បាន​ជួយ​ឱ្យ​អាង​ទន្លេមេគង្គ​ក្លាយជា​ជម្រក​ត្រី​ទឹកសាប​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ អាង​ទន្លេ​នេះ​ផ្គត់ផ្គង់​ត្រី​ទឹកសាប​រហូត​ដល់​ទៅ ២០% ដល់​ពិភពលោក។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល Stimson នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

មនុស្ស​ជាង ៣ លាន​នាក់​រស់នៅ​និង​ប្រកប​របរ​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប។ មួយ​ភាគ​បី​នៃ​ពលរដ្ឋ​កម្ពុជា​ទាំង ១៧ លាន​នាក់​ពឹង​លើ​វិស័យ​នេសាទ។

ប៉ុន្តែ ទំនប់​ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខាងលើ​ក្នុង​ប្រទេស​ចិន​និង​ឡាវ​កំពុង​កាត់​បន្ថយ​លំហូរ​ទឹក​ទន្លេ​មេគង្គ ដែល​ធ្វើ​ឱ្យ​ខ្សោយ​ដល់​បាតុភូត «ចរន្ត​ទឹក​ឡើងចុះ» នេះ។ បឹងបួរ​នានា​បាន​រង​ផល​ប៉ះពាល់​ពី​ការ​នេសាទ​ហួស​ប្រមាណ ហើយ​ព្រៃ​ភាគច្រើន​ជុំវិញ​បឹង​នេះ​ត្រូវបាន​កាប់​បំផ្លាញ​ឬ​កាប់ឆ្ការ​ធ្វើ​ចម្ការ។

បើ​យោង​តាម​គម្រោង​ឃ្លាំមើល​ទន្លេ​មេគង្គ (Mekong Dam Monitor) ក្នុង​ឆ្នាំ ២០២៤ នេះ ចរន្ត​ទឹក​ឡើងចុះ​នេះ​បាន​កើតឡើង​យឺត​រហូត​ដល់​ទៅ​ប្រហែល​ពីរ​ខែ។

នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ខូចខាត​មួយ​នេះ ការ​ចិញ្ចឹម​អន្ទង់​និង​ប្រភេទ​ត្រី​ផ្សេង​ទៀត​អាច​ជួយ​ទ្រទ្រង់​ជីវភាព​កសិករ​ដូចជា​លោក ផាត​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Zeb Hogan ជីវវិទូ​ផ្នែក​មច្ឆា​នៃ​សាកលវិទ្យាល័យ Nevada ដែល​បាន​ធ្វើការ​នៅ​ក្នុង​តំបន់​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍។

លោក​បាន​និយាយ​ថា៖ «វារីវប្បកម្ម​ដូចជា​ការ​ចិញ្ចឹម​អន្ទង់​ជាដើម​គឺជា​វិធី​ដែល​កសិករ​អាច​គ្រប់គ្រង​ទៅ​លើ​ប្រភព​ប្រាក់​ចំណូល​និង​ជីវភាព​របស់​ពួកគេ​បាន»។ លោក​បាន​បន្ថែម​ថា វា​ក៏​អាច​ឱ្យ​កសិករ​សម្រេច​ចិត្ត​ចិញ្ចឹម​ត្រី​ដែល​ពួកគេ​យល់​ថា​អាច​លក់​បាន​ថ្លៃ​ខ្ពស់​ផងដែរ។

រូបឯកសារ៖ អ្នកនេសាទម្នាក់អង្គុយលើទូកលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកនេសាទម្នាក់អង្គុយលើទូកលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។

លោក ស៊ុំ វី អ្នក​សម្របសម្រួល​នៅ​អង្គការ VSOដែល​ជា​អង្គការ​ជួយ​លើក​កម្ពស់​ប្រាក់​ចំណូល​របស់​ប្រជាជន​រស់នៅ​តាម​បឹង​ទន្លេសាប បាន​និយាយ​ថា អន្ទង់​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​កម្ពុជា​និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូច្នេះ​ហើយ​ការ​ចិញ្ចឹម​អន្ទង់​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់។ លោក​បាន​បន្ថែម​ថា នៅ​ពេល​កសិករ​ចេះ​ពី​របៀប​ចិញ្ចឹម​អន្ទង់​និង​របៀប​ភ្ញាស់​កូន​វា កសិករ​ផ្សេង​ទៀត​នឹង​ធ្វើ​តាម។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កសិករ​មិន​ត្រឹម​តែ​អាច​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ចែក​រំលែក​ចំណេះដឹង​ជាមួយ​អ្នក​ដទៃ​ទៀត​ផងដែរ»។

ការ​ពង្រីក​វារីវប្បកម្ម​ជួយ​ដល់​ការ​បង្កើន​ការ​នាំចេញ​របស់​កម្ពុជា។ ផលិតផល​ត្រី​ក្នុង​វិស័យ​នេះ​បាន​កើនឡើង ២៤ ដង​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​គិត​ត្រឹម​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) របស់​អង្គការ​សហប្រជាជាតិ។

កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​និង​បាន​ចាប់ផ្ដើម​នាំចេញ​អន្ទង់​បង្កក​ទៅកាន់​ទីក្រុង​សៀងហៃ​កាលពី​ឆ្នាំ​មុន។

លោក ហេង ម៉េងទី អ្នក​គ្រប់គ្រង​ផ្នែក​នាំចេញ​នៃ​ក្រុមហ៊ុន​នាំចេញ​ត្រី​កម្ពុជា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន​ថា៖ «ការ​នាំចេញ​នេះ​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច បង្កើត​ការងារ​សម្រាប់​កសិករ​និង​អ្នកនេសាទ»។

កំណើន​សេដ្ឋកិច្ច​មិន​អាច​ធ្លាក់​ដល់​ដៃ​កសិករ​កម្ពុជា​នៅ​ក្នុង​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​បាន​ភ្លាមៗ​នោះទេ។ គ្រួសារ​ខ្លះ​រស់នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក គ្រួសារ​ខ្លះ​ទៀត​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​សសរ​រហូត​ដល់​ទៅ ៨ ម៉ែត្រ​ដើម្បី​អាច​រស់នៅ​ផុត​ពី​ទឹក​ជំនន់​ក្នុង​រដូវ​វស្សា។

ការ​នេសាទ​គឺជា​មុខរបរ​ចិញ្ចឹម​ជីវិត​តែ​មួយ​គត់​សម្រាប់​គ្រួសារ​ជាច្រើន ប៉ុន្តែ​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​បាន​លេចឡើង​កាន់តែ​ច្បាស់។ ការ​នេសាទ​ដោយ​ប្រើ​សំណាញ់​អាច​ចាប់​បាន​តែ​ត្រី​តូចៗ​ឬ​ពេល​ខ្លះ​មិន​អាច​បាន​អ្វី​ទាល់តែ​សោះ។ គ្រួសារ​ជាច្រើន​និយាយ​ថា ត្រី​ធំៗ​ឥឡូវ​នេះ​កម្រ​នឹង​ឃើញ​មាន​ណាស់ និង​ថា​អ្វី​ដែល​ពួកគេ​អាច​នេសាទ​បាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​បាន​តែ​មួយ​ភាគ​តូច​នៃ​អ្វី​ដែល​ពួកគេ​ធ្លាប់​នេសាទ​បាន​ពី​មុន​តែ​ប៉ុណ្ណោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG