រដ្ឋមន្រ្តីក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរការសកម្មភាពជាបណ្តោះអាសន្នរបស់ក្រុមហ៊ុនវារីអគ្គិសនី ស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower)ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដោយលើកហេតុផលថា ក្រុមហ៊ុននេះបានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងប្រមូលផល-អនុផលព្រៃឈើខុសពីកិច្ចសន្យា។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី ២ ខែកញ្ញា ដាក់ទៅលោក លី យ៉ុងផាត់ ដែលក្រសួងបរិស្ថានបញ្ជាក់ថា ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ។
ចំណាត់ការរបស់ក្រសួងបរិស្ថានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បញ្ជាក់ក្នុងលិខិតនោះថា អ្នកតំណាងរបស់ក្រុមហ៊ុនពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងសមត្ថកិច្ចមន្ទីរបរិស្ថានឡើយ។
លិខិតដដែលបញ្ជាក់ថា ក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័ររបស់លោក លី យ៉ុងផាត់ បានធ្វើសកម្មភាពល្មើសនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិរហូតដល់បីលើក ដោយលើកទី ១ ដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត លើកទី ២ កាប់ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី និងលើកទី ៣ ដឹកជញ្ជូនកែច្នៃឈើដែលមិនទាន់បង់ថ្លៃសួយសារអាករ។
សកម្មភាពល្មើសខាងលើនេះត្រូវបានមន្ត្រីមានសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់វិធានការទប់ស្កាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ក្នុងនោះឃាត់ខ្លួនជនល្មើសចំនួន ១រូប និងស្នើចោទប្រកាន់បុគ្គលពាក់ព័ន្ធចំនួន ៩រូប។ នេះបើតាមលិខិតរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា៖ «ហេតុដូច្នេះ ក្នុងគោលបំណងទប់ស្កាត់រាល់សកម្មភាពល្មើសនិងដើម្បីពង្រឹងការគ្រប់គ្រងប្រមូលផល អនុផលព្រៃឈើឱ្យបានត្រឹមត្រូវតាមប្បញត្តិនៃលិខិតបទដ្ឋានគតិយុត្ត ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពប្រមូលផល-អនុផលព្រៃឈើសម្អាតផ្ទៃអាងស្តុកទឹក និងរោងម៉ាស៊ីនអារ កែច្នៃឈើទាំងអស់ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុងរបស់ក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រូផៅវ័រ ចាប់ពីពេលនេះតទៅរហូតដល់ក្រុមហ៊ុនមានយន្តការគ្រប់គ្រង តាមដានច្បាស់លាស់ប្រកបដោយការទទួលខុសត្រូវ និងធានាមិនឱ្យសកម្មភាពល្មើសច្បាប់កើតឡើងជាថ្មី»។
លោក អេង រស្មី ប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ចំពោះករណីនេះ ក្រសួងបរិស្ថានកំពុងធ្វើកិច្ចការជាមួយក្រុមហ៊ុន និងថា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់មានសមត្ថកិច្ចតែក្នុងការអនុវត្តតាមគោលការណ៍ច្បាប់ និងកិច្ចការងារបន្តតាមនីតិវិធីតែប៉ុណ្ណោះ។ លោកស្នើឱ្យវីអូអេទាក់ទងទៅក្រសួងបរិស្ថានបន្ថែមជុំវិញករណីនេះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ឱ្យវីអូអេមើលទៅតាមលិខិតដែលក្រសួងបានដាក់ទៅលោក ឧកញ៉ា លី យ៉ុងផាត់។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «មានខ្លឹមសារនៅក្នុងលិខិតហ្នឹង! មានខ្លឹមសារហ្នឹងហើយ។ ពូអត់មានអីឆ្លើយ»។
ចំណែកលោក ជួប ប៉ារីស៍ អ្នកនាំពាក្យក្រសួងបរិស្ថានម្នាក់ទៀតបានស្នើឱ្យទាក់ទងសួរលោក ខ្វែ អាទិត្យាវិញ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជាបាននៅឡើយទេ។
ក្នុងករណីផ្សេងទៀត លោក លី យ៉ុងផាត់ និងអាជីវកម្មរបស់លោកត្រូវបានក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម នៅថ្ងៃព្រហស្បតិ៍នេះ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមអនឡាញ។
គួរបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអានុភាព ១៥០មេហ្គាវ៉ាត់ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនស្ទឹងមេទឹកហាយដ្រូផៅវ័រ ក្នុងរយៈពេល ៤៥ឆ្នាំ ដោយក្នុងរយៈពេល ៥ឆ្នាំដំបូងជាដំណាក់កាលស្រាវជ្រាវ និងសាងសង់។ អាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីនេះស្ថិតក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អាងស្តុកទឹកក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានផ្ទៃដីអភិវឌ្ឍន៍ចំនួន ២.៦៦០ហិកតា និងខេត្តកោះកុង មានផ្ទៃដីចំនួន ៩៩៤ហិកតា។ ផ្ទៃអាងស្តុកទឹកក្នុងខេត្តពោធិ៍សាត់ត្រូវធ្វើការសម្អាតបាតអាងមុនគេ ដែលមានរយៈពេល៥ឆ្នាំ ដោយគិតចាប់ផ្តើមពីដើមខែមករា ឆ្នាំ ២០២៤ តទៅ។ នេះបើយោងតាមការផ្សព្វផ្សាយព័ត៌មានរបស់អាជ្ញាធរកម្ពុជាកាលពីកន្លងទៅ។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ជំរុញឱ្យមានវិធានការតឹងរ៉ឹងលើសកម្មភាពល្មើសរបស់ក្រុមហ៊ុនឬបុគ្គលដែលពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
លោកថ្លែងថា៖ «ជុំវិញករណីនេះ ខ្ញុំយល់ថា ក្រសួងបរិស្ថានត្រូវធ្វើការស៊ើបអង្កេតថា ហេតុអីបានក្រុមហ៊ុនហ៊ានថ្លើមធំរហូតដល់ប្រព្រឹត្ត លក់យ៉ាងគឃ្លើនខុសពីច្បាប់ដោយមិនខ្លាចក្រសួងបរិស្ថាន អាជ្ញាធរបែបនេះបាទ។ បើសិនរកឃើញមានទំនាក់ទំនងជាមួយនរណាម្នាក់ ឬក៏អ្នកដែលបញ្ជានៅពីខាងក្រោយខ្នង ជានរណាម្នាក់ ទោះបីជាធំកម្រិតណាក៏ដោយ ត្រូវតែឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋត្រូវដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាទីបំផុតទៅដល់សកម្មភាពល្មើសរបស់ក្រុមហ៊ុននេះ បើសិនរកឃើញមានចេតនាដោយក្រុមហ៊ុន ឬម្ចាស់របស់ក្រុមជាអ្នកមានចេតនា»។
លោក ហេង គឹមហុង ជំរុញឱ្យក្រសួងបរិស្ថានស៊ើបអង្កេតទៅលើអាជ្ញាធរតាមមូលដ្ឋានផងដែរ ដើម្បីធានាថា មិនមានការបណ្តែតបណ្តោយឱ្យកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្ស៕
វេទិកាបញ្ចេញមតិ