ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បង្កើត​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​​ ខណៈ​អ្នក​តាម​ដាន​ចង់​ឃើញ​របាយ​ការណ៍​ផល​ប៉ះពាល់​បរិស្ថាន


គម្រោង​រោងចក្រ​អគ្គិសនីដើរ​ដោយ​ឧស្ម័នដែល​នឹងត្រូវសាងសង់នៅ​ខេត្ត​កោះ​កុង(រូបភាព៖ FACEBOOK/KEO RATANAK)
គម្រោង​រោងចក្រ​អគ្គិសនីដើរ​ដោយ​ឧស្ម័នដែល​នឹងត្រូវសាងសង់នៅ​ខេត្ត​កោះ​កុង(រូបភាព៖ FACEBOOK/KEO RATANAK)

កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ​(LNG​)​ដែល​មាន​អានុភាព​៩០០​មេហ្កា​វ៉ាត់​ជា​លើក​ដំបូង ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី​សម្រាប់​បង្កើត​រោងចក្រ​អគ្គិសនី​ដុត​ដោយ​ធ្យូង​ថ្ម។ ​

បើ​តាម​រដ្ឋាភិបាល​ ការ​អនុញ្ញាត​ឱ្យ​ផលិត​រោងចក្រ​អគ្គិសនី​ដោយ​ប្រើ​ឧស្ម័ន​ធម្មជាតិ​ LNG ​ជួយ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយសារ​ការ​បំពុល​បរិស្ថាន​តិច​ជាង​ការ​ផលិត​អគ្គិសនី​ដោយ​ដុត​ធ្យូង​ថ្ម។​

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​ LNG​ មាន​អានុ​ភាព​៩០០​មេហ្កា​វ៉ាត​នេះ​ បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាលពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ​ឆ្នាំ​២០២៤​ ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ របស់​អ្នក​ឧកញ៉ា ​គិត​ ម៉េង ​បន្ទាប់​ពី​រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​សាង​សង់​រោងចក្រ​ដុត​ធ្យូង​ថ្ម​ទំហំ​ថាមពល​៧០០​មេហ្កា​វ៉ាត់​របស់​ក្រុមហ៊ុន​មួយ​នេះ​ នៅ​ក្នុង​ស្រុក​បទុម​សាគរ ​ខេត្ត​កោះកុង ​កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣។​

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​ LNG​ មាន​ទីតាំង​ក្នុង​ឃុំ​ថ្ម​ស ​ស្រុក​បទុម​សាគរ ​ខេត្ត​កោះកុង ​ដោយ​គ្រោង​ចំណាយ​ទុន​វិនិយោគ​ជាង​១ពាន់​៣​រយ​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក។​

លោក​ ហេង គឹមហុង ​នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​យល់​ថា ​ការ​បង្កើត​រោងចក្រ​អគ្គិសនី​បែប​នេះ ​គឺ​ជា​រឿង​ល្អ​ដោយសារ​វា​អាច​ជួយ​ធានា​នូវ​សន្តិសុខ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស។​ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របាយ​ការណ៍​វាយ​តម្លៃ​ប៉ះពាល់​បរិស្ថាន​ជា​សាធារណៈ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ស្វែង​យល់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់ ​និង​ដំណោះ​ស្រាយ​ និង​ទំហំ​នៃ​ថាមពល​ដាក់​ឱ្យ​ប្រើប្រាស់​ ជាពិសេស​ប្រភព​ឧស្ម័ន ​LNG ​សម្រាប់​យក​ទៅ​ផលិត​អគ្គិសនី​ទាំង​នោះ។​

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​មួយ កាលពី​កន្លង​ទៅ នៅ​រាជធានី​ភ្នំពេញ។ (រូប​ថត​ផ្តល់​ដោយ ​Cambodia Youth Network)
លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ក្នុង​កម្មវិធី​មួយ កាលពី​កន្លង​ទៅ នៅ​រាជធានី​ភ្នំពេញ។ (រូប​ថត​ផ្តល់​ដោយ ​Cambodia Youth Network)

លោក​ ហេង គឹមហុង​ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​ពេល​រោងចក្រ​សាង​សង់​រួច។

លោក​ប្រាប់​វីអូអេ​ថា៖ ​«បើ​សិន​ជា​កម្ពុជា​មាន​ផែនការ​ជា​ច្រើន​ជា​បន្ត​បន្ទាប់ ​យើង​បាន​ដឹង​ហើយ​មាន​ថាម​ពល​ស្អាត ​មាន​ថាម​ពល​ឧស្ម័ន​ មាន​ថាម​ពល​អ្វី​ផ្សេង​ទៀត​ហ្នឹង ​ខ្ញុំ​ក៏​ឆ្លៀត​ឱកាស​អំពាវនាវ​ដែរ​ ថា ​រដ្ឋា​ភិបាល​គួរតែ​ពិចារណា​ជំរុញ​ឱ្យ​មាន​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ក្នុង​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​ ដើម្បី​ឱ្យ​ពល​រដ្ឋ​ប្រើ​ប្រាស់​បាន​ក្នុង​តម្លៃ​សមរម្យ​ជាង​នេះ​បន្តិច​ទៀត»។​
វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នក​ឧកញ៉ា ​គិត​ ម៉េង​ បាន​នៅ​ឡើយ​ទេ។​

ចំណែក​អ្នក​នាំ​ពាក្យ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ ​និង​ថាមពល​ លោក ​ហេង គុណ​លាង ​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ។​

លោក ​កែវ រតនៈ​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ ​និង​ថាម​ពល ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ​ឆ្នាំ​២០២៤​ថា​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ LNG ​នេះ ​គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២៧។ ​ហើយ​រោងចក្រ​នេះ​មាន​តួនាទី​បង្កើន​ប្រភព​អគ្គិសនី​ និង​ជួយ​ពង្រឹង​សន្តិ​សុខ​ថាមពល​ជាតិ ​បង្កើន​ស្ថិរ​ភាព​របស់​បណ្តាញ​ជាតិ​ ដោយ​ជួយ​ធ្វើ​ជា​បង្អែក​ឱ្យ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ ​ថាម​ពល​ខ្យល់ ​ហើយ​បំពេញ​ការ​ខ្វះខាត​ឱ្យ​ថាមពល​វារី​អគ្គិសនី​នៅ​ខែ​ប្រាំង ​និង​បំភាយ​ជាតិ​ពុល​ទៅ​បរិយាកាស​តិច​ជាង​ថាម​ពល​ដើរ​ដោយ​ធ្យូង​ថ្ម។​

សារ​ព័ត៌មាន​ខេមបូណូ​មីស​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា ​បាន​ស្រង់​សម្តី​របស់​លោក ​Thomas Joseph​ អគ្គ​នាយក​ក្រុមហ៊ុន ​Royal Group Power ​ថា​ ក្រោយ​រោងចក្រ​នេះ​ដាក់​ឱ្យ​ដំណើរ​ការ ​វា​នឹង​រួម​ចំណែក​រហូត​ដល់​២៦% ​ក្នុង​ទិន្នផល​ផលិត​ថាមពល​សរុប​របស់​កម្ពុជា ​ហើយ​វា​នឹង​ក្លាយ​ជា​រោងចក្រ​ផលិត​ថាម​ពល​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ ​LNG ​ដ៏​ធំ ​និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។​

សារ​ព័ត៌មាន​ខេមបូណូមីស​ស្រង់​សម្តី​របស់​អគ្គ​នាយក​ក្រុមហ៊ុន​នេះ​បន្ថែម​ថា​ រោងចក្រ​នេះ​នឹង​ចូលរួម​ចំណែក​ជួយ​គាំទ្រ​ដល់​គម្រោង​បង្កើន​សមត្ថ​ភាព​ផលិត​ថាមពល​ស្អាត​ឱ្យ​បាន​៧០%​របស់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ​២០៣០។ ​ឧស្ម័ន​ធម្មជាតិ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ថាមពល​ស្អាត​ជាង​ធ្យូង​ថ្ម​ចន្លោះ​ពី​៥០​ទៅ​៦០% ​ដូច្នេះ​ រោងចក្រ​ផលិត​ថាមពល​របស់​ក្រុមហ៊ុន ​រ៉ូយ៉ាល់ ​គ្រុប​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​សម្រេច​គោល​ដៅ​ក្លាយ​ជា​ប្រទេស​បំភាយ​ឧស្ម័ន​សូន្យ​ភាគ​រយ​នៅ​ឆ្នាំ​២០៥០។​

កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ប្រកាស​ឈប់​ឱ្យ​មាន​ការ​អភិវឌ្ឍ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ ហើយ​ត្រូវ​ពិនិត្យ​លទ្ធ​ភាព​ចំពោះ​រោងចក្រ​ផលិត​អគ្គិសនី​ដុតធ្យូង​ថ្ម​ដែល​មាន​ស្រាប់ ​ឱ្យ​បញ្ឈប់​ដំណើរ​ការ​មុន​កំណត់​នៅ​កម្ពុជា។​

នា​ពេល​នោះ ​លោក​ហ៊ុន ម៉ាណែត ​បាន​បញ្ជា​ឱ្យ​លុប​ចោល​គម្រោង​សាង​សង់​រោងចក្រ​ដុត​ធ្យូង​ថ្ម ​ដែល​មាន​អានុភាព​ថាមពល​៧០០​មេហ្កា​វ៉ាត់​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប​ ក្នុង​ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង ​ដោយ​ឱ្យ​ពិនិត្យ​ប្តូរ​លទ្ធភាព​គម្រោង​នោះ​ទៅ​ជា​គម្រោង​ផលិត​អគ្គិសនី​ ដុត​ដោយ​ឧស្ម័ន​ LNG​ វិញ។ ​

បើ​តាម​លោក ​ហ៊ុន ម៉ាណែត​ ការ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ឧស្ម័ន​ LNG​ គឺ​បំពុល​បរិស្ថាន​តិច​ជាង​ ការ​ផលិត​អគ្គិសនី​ដោយ​ដុត​ធ្យូង​ថ្ម។ ​លោក​ថា​ ​នេះ​ជា​ជំហាន​មួយ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ ការ​ប្រែប្រួល​អាកាស​ធាតុ និង​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​បរិស្ថាន ​ដែល​កម្ពុជា​ បាន​សន្យា​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​ COP​26 ​នៅ​ចក្រភព​អង់គ្លេស ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១។​

ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​គម្រោង​សាង​សង់​រោងចក្រ​អគ្គិសនី​ដុត​ដោយ​ធ្យូង​ថ្ម​ ធ្វើ​ឡើង​ស្រប​ពេល​អ្នក​តស៊ូ​មតិ​លើ​ផ្នែក​បរិស្ថាន​ចង់​ឃើញ​កម្ពុជា​អភិវឌ្ឍ​អគ្គិសនី ​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ​ឬ​ថាម​ពល​ស្អាត ​ដែល​សំដៅ​លើ​ថាមពល​ព្រះ​អាទិត្យ ​និង​ ថាមពល​ខ្យល់​ជា​ដើម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG