ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រំឭក​ថ្ងៃ​ចងចាំ​នៃ​របប​វាលពិឃាត​ខ្មែរ​ក្រហម


 ការ​សម្តែងឡើងវិញ​នៃ​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​‍‍«ថ្ងៃ​នៃ​ការ​ចងចាំ និង​ថ្ងៃ​រំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
ការ​សម្តែងឡើងវិញ​នៃ​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​‍‍«ថ្ងៃ​នៃ​ការ​ចងចាំ និង​ថ្ងៃ​រំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ពលរដ្ឋ​ និង​មន្ត្រី​រាជការ​នៅ​ខេត្តក្រុង​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​«ចងចាំ‍»ព្រមគ្នា នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​រំឭក​ឡើង​វិញពី​របប​វាល​ពិឃាតខ្មែរក្រហម ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​ជិត​ពីរ​លាន​នាក់។​

ការ​រៀបចំ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​ដ៏​ជូចត់ ​និង​ភ័យខ្លាច​ ​ដែលធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​នេះ​មាន​ការ​ចូលរួម​ទាំង​ពលរដ្ឋ​កម្ពុជា​ ដែលបាន​រស់​រាន​មាន​ជីវិត​ពី​របប​មហា​ប្រល័យ​នេះ​ និង​ពលរដ្ឋ​កម្ពុជា​ដែល​ពុំបាន​ឆ្លង​កាត់​របប​នេះ។

នៅ​ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ ​កម្រង​ផ្កាហ៊ុំ​ដោយ​ក្រណាត់​ពណ៌​សខ្មៅ​ ហើយ​នឹង​ធូប​ទៀន ​ត្រូវ​បាន​គេដាក់​ និង​អុចនៅពី​មុខ​ស្តូប​រក្សា​ធាតុ​ជនរងគ្រោះ​ នៅក្នុង​បរិវេណ​សារ​មន្ទីរប្រល័យ​ពូជសាសន៍​ជើងឯក។​

លោក​ ប៉ា សុជាតិវង្ស ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​អុចធូប​នៅពី​មុខ​ស្តូប​ជន​រងគ្រោះ​ រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត។​ ក្រោយ​មក​តំណាង​ពលរដ្ឋ​កម្ពុជា​ ដែល​ជា​និស្សិត ​និង​ពលរដ្ឋ​សាមញ្ញ​ឡើង​ថ្លែងទាក់ទង​នឹង​របប​ខ្មែរក្រហម ដែល​ប្រកប​ដោយ​សោកនាដកម្ម​នេះ​ និង​សុំ​កុំ​ឱ្យ​បំភ្លេច​អំពើ​យង់​ឃ្នង​នេះ។​

ការ​សម្តែង​បង្ហាញ​ពី​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​‍‍«ថ្ងៃ​នៃ​ការ​ចងចាំ និង​ថ្ងៃ​រំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
ការ​សម្តែង​បង្ហាញ​ពី​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ខ្មែរ​ក្រហម​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​‍‍«ថ្ងៃ​នៃ​ការ​ចងចាំ និង​ថ្ងៃ​រំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

នៅក្នុង​ពិធី​នោះ​ដែរ​ ក្រុម​សិល្បៈ​ដែល​ត្រាប់​តាម​កងទ័ព​ខោ​អាវ​ខ្មៅ​របស់​ពួកខ្មែរ​ក្រហម​ បាន​សម្តែង​ នៅពី​មុខ​ស្តូប​ជនរងគ្រោះ​ក្នុង​បរិវេណ ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ដដែល​នេះ។​ ​ក្រុមសិល្បៈ​សិស្ស​និស្សិត​នៃ​សាលាមធ្យម​សិក្សា​វិចិត្រ​សិល្បៈ ​បានលើក​យក​សកម្មភាព​ចាប់​ប្រជាជន​សាមញ្ញ ​ទាហាន នៃ​របប​ លន់ នល់ ​និង​បញ្ញវ័ន្ត ​ហើយនឹង​ពលរដ្ឋ​ជនជាតិ​ ​មកសួរ​ចម្លើយ​ ហើយ​ធ្វើទារុណកម្ម​ មុន​នឹង​ពួកខ្មែរ​ក្រហម​យក​ទៅសម្លាប់​ចោល។​ ​

កញ្ញា ឡឹម​ លក្ខិណា ​អាយុ ២៣ឆ្នាំ ​ជា​និស្សិត​ពេទ្យឆ្មប​នៅ​ឯ​សាកល​វិទ្យាល័យ​សុខាភិបាល​ និង​ជា​តំណាង​សិស្ស​និស្សិត​ក្នុង​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​ជា​ពលរដ្ឋ​ សិស្ស​និស្សិត ព្រះសង្ឃ ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជាថា​៖

«មហា​សោកនាដ​កម្ម​នៃ​គុក​ឥត​ជញ្ជាំង​រយៈ​ពេលបីឆ្នាំ ​ប្រាំបី​ខែ​ ម្ភៃថ្ងៃ ​បាន​ជំរុញ​ឲ្យ​អ្នក​និពន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ចងក្រង​ឯកសារ​ ដើម្បី​ទុក​ជា​ភស្តុតាង​ដល់​យុវជន​ជំនាន់​ក្រោយ​ ឲ្យ​បាន​ដឹង និង​ជ្រួត​ជ្រាប​ពី​វប្បធម៌​ដ៏ខ្មៅ​ងងឹត​នេះ»។

កញ្ញា ឡឹម​លក្ខិណា​បន្ត​ថា៖ «គំនរឆ្អឹង​ក្នុងស្តូប ​រណ្តៅ​សាកសព​រួម​ នៅ​ចំពោះ​មុខ​យើង​នេះ​ជា​សក្ខី​ ភាពយ៉ាង​ច្បាស់​លាស់​ បញ្ជាក់​ឲ្យកូន​ខ្មែរ​គ្រប់​រូប ​ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​សម័យ​ខ្មែរក្រហម​ពិត​ជា​សម័យ​ដ៏ជូចត់​ និង​បាន​ចារ​ជា​ប្រវត្តិសាស្រ្ត​របស់​ប្រជាជាតិ​យើង​ទាំង​មូល»។​

អ្នកស្រី​ ថាត់ ថុន អាយុ​ ៦៦ ឆ្នាំ ​ដែល​ចូលរួម​ក្នុង​ពិធី​រាប់​បាត​បង្សុកូល​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់ក្នុង​របប​នោះ បានប្រាប់​វីអូអេខេមរភាសា​ថា​ លោក​ស្រី​បាន​បាត់បង់​ឪពុក ​និង​បង​ប្អូន​បង្កើតពីរនាក់​ក្នុងរបប​អាវខ្មៅ​ដែល​បាន​ជម្លៀស​ក្រុម​គ្រួសារ​លោក​ស្រី​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ខេត្តតាកែវ​ ដែល​ជាស្រុក​កំណើត​ស្វាមី​របស់​លោក​ស្រី។​

ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​បាន​ចូលរួម​ក្នុង​ពិធីរំឭក​ថ្ងៃ​នៃ​ការ​ចងចាំ និងរំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក។ (រូបថត៖​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា)
ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​បាន​ចូលរួម​ក្នុង​ពិធីរំឭក​ថ្ងៃ​នៃ​ការ​ចងចាំ និងរំឭក​វិញ្ញាណកន្ខ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក។ (រូបថត៖​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា)

លោកស្រី​រំលឹក​ថា៖ «អស់​បងមួយ​ ប្អូន​មួយ​ និង​ឪពុក​មួយ។​ វា​នឹក​ឃើញ​ជំនាន់​ហ្នឹង​វា​ជូរចត់​ណាស់​ក្មួយ»។

ដោយ​ហូប​តែបបរ​ពីរពេល​ក្នុង​មួយ​ថ្ងៃ ​ហើយត្រូវ​ដកស្ទូង​ពី​ព្រលឹម​ទល់​ព្រលប់ ​លោកស្រី ​ថាត់ ថុន ពុំមាន​ទឹកដោះ​គ្រប់​គ្រាន់​សម្រាប់​កូនស្រី​របស់​គាត់​ ហើយ​កូនស្រី​ម្នាក់​នេះ​ក៏បាន​ស្លាប់​បាត់​បង់​ជីវិត ​ក្រោយពេល​គាត់​បាន​សម្រាល​កូន​ស្រី​គាត់​រូប​នេះ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​ជិត​បួន​ឆ្នាំ​នោះ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖ ​«ជំនាន់​ហ្នឹង​រឿង​ហូបចុក​អត់​ឲ្យ​ហូប​ឆ្អែត​ទេ។ ជំនាន់​អ៊ុំ​ហ្នឹង​វា ​គេ​ឲ្យ​ហូប​ហ្នឹង ​គេ​ឲ្យ​វាល់​បបរ​ចែក​គ្នា។ មួយពេល​ហ្នឹង​គេ​ឲ្យ​មួយកា ​អាកា​គេដួស​ហ្នឹង តែ​ដួស​មក​សុទ្ធ​តែ​ទឹក»។

អ្នកស្រី​បន្ថែម​ថា៖ «ជំនាន់​ហ្នុងកើត​តែ​ម្នាក់ [ហើយ]​ស្លាប់។ តែស្លាប់​ហ្នឹង​អត់​អីហូប​ អត់​មាន​ទឹកដោះ​បំបៅ។​ យើង​មាន​អ្វី​ហូប​កាល​ហ្នឹង​គេបើ​កតែអង្ករ​ពោត​ឲ្យ»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​ត្រូវ​ផ្តួល​រំលំ ​នៅថ្ងៃ​ទី៧ ខែមករា​ ឆ្នាំ១៩៧៩។

បច្ចុប្បន្ន​មាន​មេដឹក​នាំជាន់​ខ្ពស់​បំផុត​នៃរបប​ខ្មែរ​ក្រហម​ចំនួនពីរនាក់​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ក្នុង​សំណុំ​រឿង​០០២​ គឺ​ នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ និង​ ខៀវ សំផន​ អតីប្រមុខរដ្ឋ៕

XS
SM
MD
LG