អ្នកចូលរួមក្នុងកម្មវិធីបញ្ចាំងខ្សែភាពយន្ត «កុំស្មានបងភ្លេច» ដែលឆ្លុះបញ្ចាំងអំពីប្រវត្តិសិល្បៈដូរតន្ត្រីខ្មែរពីអំឡុងទសវត្សរ៍១៩៥០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ នៅវិទ្យាស្ថានភាពយន្តស.រ.អា. American Film Intitute (AFI) នៅទីក្រុង Silver Spring រដ្ឋ Maryland ក្បែររដ្ឋធានីវ៉ាស៊ីនតោន និយាយថា តន្ត្រីរ៉ក់ខ្មែរសម័យនោះដក់ជ្រៅក្នុងអារម្មណ៍របស់គេ ព្រោះវាជាមោទនភាពរបស់ខ្មែរ។
ខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច»ដែលរំឭកអំពីប្រវត្តិដូរតន្ត្រីរ៉កខ្មែរនៅយុគសម័យមាសនៃបទចម្រៀងខ្មែរមុនសម័យខ្មែរក្រហម ធ្វើឲ្យអ្នកទស្សនានិងតន្ត្រីករកាន់តែមានមោទនភាពហើយកោតសរសើរស្នាដៃនិពន្ធរបស់ខ្មែរពិតៗ ដែលបង្កប់អត្ថន័យជ្រាលជ្រៅ។
លោកមិញ សុធីណ្ណ ជាអ្នកតែងបទភ្លេង បទចម្រៀងតារាចម្រៀងជើងចាស់ក្រោយសម័យខ្មែរក្រហម មានប្រសាសន៍ថា មោទនភាពរបស់ជនជាតិខ្មែរចំពោះបទចម្រៀងនៅយុគសម័យតន្ត្រីមាសនោះហើយ ដែលធ្វើឲ្យចម្រៀងសម័យនោះមិនស្លាប់ ថ្វីបើម្ចាស់បទចម្រៀងលាចាកលោកទៅហើយក្តី។
«អញ្ចឹងសរុបសេចក្តីទៅ អ្វីដែលយើងនិយាយថា ម៉េចក៏បទពីដើមមានឥទ្ធិពលនោះគឺអ្នកសរសេរក៏មានចំណេះដឹងខ្ពង់ខ្ពស់ អ្នកច្រៀងក៏មានចំណេះដឹងខ្ពង់ខ្ពស់ អ្នកស្តាប់ក៏មានចំណេះដឹងខ្ពង់ខ្ពស់។ ចំណុចសំខាន់ដែលយើងនឹកបទហ្នឹងតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ទីមួយគឺយើងមិនចម្លងគេ បទដែលយើងនិពន្ធសុទ្ធសាធ ដោយសា្នដៃកូនខ្មែរពិតប្រាកដ ធ្វើឲ្យបទនោះដែលមជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ជាបទរបស់យើង។អញ្ចឹងយើងនាំគ្នារក្សាអ្វីដែលជារបស់យើងរហូតដល់បច្ចុប្បន្ន។ បទបច្ចុប្បន្ននេះ ដែលចម្លងនោះ យើងតែងមានចិត្តថា អូ! ចម្លងទេ! អញ្ចឹងវារសាត់ឆាប់ពីត្រចៀកយើង ឆាប់ពីអារម្មណ៍យើងភ្លាមៗ បាទ»។
ក្រោយពីទស្សនាខ្សែភាពយន្ត«កុំស្មានបងភ្លេច» និងការប្រគុំតន្ត្រីរបស់អតីតតារាតន្ត្រីរ៉ក់ខ្មែរជើងចាស់ លោក ទី ឌួង ទស្សនិកជនមកពីរដ្ឋ Virginia ថ្លែងថា៖
«បានឃើញការសម្តែងនេះដោយផ្ទាល់មិនត្រឹមតែធ្វើឲ្យខ្ញុំមានមោទនភាពអំពីខ្មែរទេ តែថែមទាំងធ្វើឲ្យខ្ញុំដឹងថា ខ្ញុំខ្វះការយល់ដឹងអំពីរឿងនេះ។ ខ្ញុំចង់ចាំ ពេលខ្ញុំនៅក្មេងនៅស្រុកខ្មែរ ហើយខ្ញុំមានមោទនភាពថា ខ្ញុំមកពីកម្ពុជា»។
លោកស៊ីន សេដ្ឋកុល ចៅប្រុសរបស់អធិរាជសំឡេងមាសស៊ីន ស៊ីសាមុតបានចូលរួមក្នុងកម្មវិធីនេះ ជាកិត្តិយសតំណាងឲ្យជីតារបស់លោក។
«ជាមោទនភាពចំពោះខ្លួនខ្ញុំក៏ដូចជាតិទាំងមូលតែម្តង ពីព្រោះយកមកនេះគឺបង្ហាញឲ្យគេដឹង ឲ្យគេឮថា កម្ពុជាយើង ខ្មែរយើងហ្នឹង មានតន្ត្រី ហើយមកលេងបទខ្មែរហ្នឹងឲ្យគេស្តាប់ ឲ្យជនជាតិបរទេសស្តាប់។ បាទ! សប្បាយចិត្ត ជាមោទនភាពចំពោះខ្ញុំមែនទែន»។
លោក John Pirozzi ផលិតករខ្សែភាពយន្ត«កុំស្មានបងភ្លេច» ប្រាប់វីអូអេថា ក្រោយពេលលោកបានស្តាប់ចម្រៀងតន្ត្រីរ៉ក់ខ្មែរសម័យដើម លោកដុះគំនិតចង់បង្ហាញប្រវត្តិសាស្ត្រខ្មែរតាមរយៈតន្ត្រីរ៉ក់ខ្មែរដែលសឹងតែបាត់បង់ទៅហើយនោះ។
«ពេលខ្ញុំទៅប្រទេសកម្ពុជាលើកដំបូង ខ្ញុំដឹងអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសនេះ ហើយវាទាក់ទាញអារម្មណ៍ខ្ញុំណាស់។ ខ្ញុំគិតថា ថតកុនតែអំពីរឿងនេះទេ។ តែពេលខ្ញុំឮតន្ត្រីរ៉ក់ខ្មែរ វាកន្ត្រាក់អារម្មណ៍ខ្ញុំណាស់។ដូច្នេះខ្ញុំក៏បញ្ចូលគំនិតទាំងពីរនេះ។ រឿងនេះបង្ហាញអំពីតន្ត្រីខ្មែរហើយក៏ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រប្រទេសនេះដែរ។ រឿងមួយដែលដក់ក្នុងអារម្មណ៍របស់ខ្ញុំគឺសំឡេងអ្នកស្រីរស់ សេរីសុទ្ធា ដែលជាសំឡេងពិសេសគ្មានពីរ។ វាដក់ក្នុងអារម្មណ៍របស់ខ្ញុំ»។
តន្ត្រី និងបទចម្រៀងបម្រើសង្គម ហើយក៏មានឥទ្ធិពលលើសង្គមខ្លាំងដែរ។
លោកមិញ សុធីវណ្ណត្រូវខ្មែរអាមេរិកាំងដាក់រហស្សនាមថា «ម្ចាស់បទលក់ស្រែចូលបារ» ជាចម្រៀងដែលអប់រំកុំអ្នកស្តាប់ភ្លើតភ្លើន ភ្លេចខ្លួន លក់ទ្រព្យសម្បត្តិ កេរ្តិ៍អាករ។
បទចម្រៀងនេះចេញនៅពេលដីនៅប្រទេសកម្ពុជាចាប់ផ្តើមមានចរន្តទីផ្សារ មានបារ និងរង្គសាល និងមានបញ្ហាទំនាស់ដីធ្លីរហូតបច្ចុប្បន្ននេះ។
អ្នកនយោបាយបានប្រើមធ្យោបាយធ្វើឲ្យក្រុមអ្នកចម្រៀង អ្នកភ្លេងតែងបទភ្លេងបម្រើរបបនយោបាយរបស់ខ្លួន។
អ្នកគាំទ្រខ្សែភាពយន្ត«កុំស្មានបងភ្លេច»និយាយថា រដ្ឋាភិបាលគួរតែទុកឲ្យអ្នកចម្រៀង និងអ្នកភ្លេងមានសេរីភាពក្នុងការបម្រើសង្គម។
អ្នកនាង Sadira Benge កូនកាត់ខ្មែរអាមេរិកាំងថ្លែងថា៖
«ខ្ញុំគិតថា មិនល្អទេបញ្ចូលនយោបាយក្នុងចម្រៀង ព្រោះនយោបាយនឹងអូសទាញ តែអ្នកចម្រៀង អ្នកភ្លេងគួរតែឯករាជ្យក្នុងការតែងនិពន្ធតាមចិត្តរបស់គេ។ តែគេហាក់ដូចជាអត់ជម្រើស។ គេត្រូវបម្រើនយោបាយដើម្បីរស់។ វាមានជាទូទៅក្នុងប្រវត្តិសាស្ត្រ។ វាមានប្រសិទ្ធភាព លាងខួរក្បាលអ្នកខ្លះ តែអ្នកខ្លះយល់ថា វាមិនត្រូវទេ ដូចដែលគេបាននិយាយក្នុងខ្សែភាពយន្តនេះ»។
អ្នកចម្រៀងក៏ដូចជាតារាកំប្លែងក៏ត្រូវអ្នកនយោបាយខ្មែរជាច្រើនជំនាន់ប្រើប្រាស់ឲ្យបម្រើននយោបាយរបស់ខ្លួន។ អ្នកចម្រៀង អ្នកភ្លេង និងតារាកំប្លែងខ្លះត្រូវអ្នកនយោបាយបំពាក់ឋាន្តរសក្តិជាន់ខ្ពស់ ដែលមិនគួរឲ្យជឿ។
បទចម្រៀងក៏មានឥទ្ធិពលឆ្លងប្រទេសដែរ។ ឧទាហរណ៍ក្នុងរបបលោកលន់ នល់ ដែលធ្វើរដ្ឋប្រហារគាំទ្រដោយអាមេរិកាំងរំលំសម្តេចនរោត្តមសីហនុនៅថ្ងៃ១៨មិនាឆ្នាំ១៩៧០នោះ បទចម្រៀងអាមេរិកាំងបានជ្រាបចូលក្នុងសង្គមសម័យនោះ ជាពិសេសចម្រៀងរបស់ក្រុម hipppies។
ខ្មែរក្រហមបានសម្លាប់ជនជាតិខ្មែរជិត២លាននាក់ តែខ្មែរក្រហមមិនអាចសម្លាប់តន្ត្រីរ៉ក់ខ្មែរយុគសម័យមាសនោះបានឡើយ។ តន្ត្រីរ៉ក់ខ្មែរត្រូវលាក់ខ្លួនក្នុងបេះដូងពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម ដែលមានតែបទចម្រៀងបម្រើបដិវត្តន៍តែប៉ុណ្ណោះ។
អ្នកនាង Sadira Benge ពេញចិត្តដូចៗគ្នាចំពោះតារាទាំងអស់ក្នុងកម្មវិធីនេះ ហើយនាងពិបាកសម្រេចថា ពេញចិត្តមួយណាជាងគេ។
«គ្រប់ៗគ្នាធ្វើឲ្យយើងចាប់អារម្មណ៍ផ្សេងៗគ្នា។ អ្នកដឹងទេ ពេលគេពណ៌នា អូ! វាចាប់អារម្មណ៍ខ្ញុំយ៉ាងនេះ ឬយ៉ាងនោះ។ ដូច្នេះខ្ញុំមិនអាចសម្រេចថា ខ្ញុំចូលចិត្តអ្នកណាជាងគេទេ។ អូ! ចម្រៀងដែលធ្វើឲ្យខ្ញុំរំជួលចិត្តខ្ញុំបំផុតគឺ«ឱ ភ្នំពេញអើយ…»។ ពេលឮចម្រៀងនេះ យើងនឹកឃើញអំពីអ្វីបានកើតឡើង អ្វីដែលគ្រប់គ្នាបានឆ្លងកាត់។ ខ្ញុំរំជួលចិត្តបំផុត ពេលឮបទនេះ»។
ទស្សនិកជនបានសម្តែងការអបអរនិងកោតសរសើរខ្សែភាពយន្ត «កុំស្មានបងភ្លេច» ដែលកំពុងបន្តបញ្ចាំងនៅតាមរដ្ឋជាច្រើនទៀតនៅស.រ.អា.៕