គណបក្សសង្គ្រោះជាតិនិងសមាជិករបស់ខ្លួនគ្រោងនឹងប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនាមួយនៅក្នុងសារមន្ទីរជើងឯកនាថ្ងៃសុក្រសប្ដាហ៍នេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម។ នេះបើតាមបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សនេះ។
ថ្ងៃសុក្រទី១៧ខែមេសាខាងមុខនេះគឺជាថ្ងៃខួបទី៤០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ បន្ទាប់ពីបានកាន់កាប់ក្រុងភ្នំពេញនាឆ្នាំ១៩៧៥ ខ្មែរក្រហមនិងបក្សពួកបាន ធ្វើការជម្លៀស ប្រជាជនចេញពីទីក្រុង។ ហើយនេះជាចំណុចចាប់ផ្តើមនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងដ៏ឃោរឃៅ។ ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ មានប្រជាជនកម្ពុជាយ៉ាងហោចណាស់១,៧លាន នាក់ បានស្លាប់ ដោយសារ ការសម្លាប់ ការធ្វើទារុណកម្ម ការបង្អត់បាយ និង ធ្វើការងារហួសកម្លាំងជាដើម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធនេះ គណបក្សជំទាស់បានប្រកាសឲ្យមានការចូលរួមពីប្រជាពលរដ្ឋដើម្បី«បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។ ក្នុងនោះប្រធាន គណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីនឹងចូលរួមពិធីនេះផងដែរ។
លោក យឹម សុវណ្ណអ្នកតំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលបានបាត់បង់ឳពុកបង្កើតនិងសាច់ញាតិមួយចំនួននៅក្នុងរបបនោះបានប្រាប់វីអូអេខេមរភាសាថាការឈឺចាប់ពីរបបឧក្រិដ្ឋកម្មមួយនេះគឺនៅតែមាននៅឡើយ ហើយអ្នកនយោបាយគ្រប់រូបគួរតែចៀសវាងការធ្វើនយោបាយ កាប់សម្លាប់ជនជាតិឯងដូចពួកខ្មែរក្រហម។
«ការឈឺចាប់ហ្នឹងគឺជាការឈឺចាប់ជាប្រវត្តិសាស្ត្រដែលខ្មែរគ្រប់រូបត្រូវតែចងចាំ ត្រូវតែរៀនសូត្រ ពីព្រោះនេះវាធ្វើឲ្យប្រទេសជាតិយើងនឹង ខ្ទេចខ្ទាំ រលាយសាបសូន្យ។ ហើយអ្នកនយោបាយខ្មែរត្រូវតែរៀនសូត្រចេញពីបទពិសោធន៍ហ្នឹងហើយកុំឲ្យធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនិងកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។
លោកបន្ថែមថា ពិធីបុណ្យពុទ្ធសាសនានេះនឹងចាប់ផ្តើមពីម៉ោង៧ព្រឹកថ្ងៃទី១៧ខែមេសា ដោយមានការរាប់បាតព្រះសង្ឃនិងបង្សុកូល។
ដោយឡែកលោក ជុំ ម៉ី អតីតអ្នកទោសក្នុងគុកទួលស្លែងឬ មន្ទីរសន្តិសុខស២១ បានមានប្រសាសន៍ថាលោកមិនបានដឹងរឿងពិធីបុណ្យនោះទេក៏ប៉ុន្តែលោកក៏នឹងមិនទៅចូលរួមផងដែរ ដោយសារតែអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា នៅជំពាក់ពាក្យសុំទោសលោកនិងជនរងគ្រោះនៅអតីតគុកទួលស្លែងនៅឡើយ។ លោកកឹម សុខា ត្រូវបានលោកជុំ ម៉ីចោទថាបានថ្លែងកាលពីឆ្នាំ២០១៣ថាគុកទួលស្លែងគឺបង្កើតឡើងដោយទាហានវៀតណាមដែលបានកាន់កាប់ទីក្រុងភ្នំពេញនាដើមឆ្នាំ១៩៧៩។
«ខ្ញុំអត់មានចូលរួមជាមួយពួកគាត់ទេ។ ពួកគាត់ខ្ញុំទំនាក់ទំនងកាលពីលើកមុន ពួកគាត់អត់មកជិតខ្ញុំទេ។ ដូចជាលើកមុន រឿងលោក កឹម សុខានិង ខ្ញុំសុំឲ្យគាត់មកអុចធូបបីសរសៃ គាត់អត់មក»។
ទោះជាយ៉ាងនេះក៏ដោយលោកតា ជុំ ម៉ី បានថ្លែងថាការឈឺចាប់របស់លោក ក្នុងការបាត់បង់ភរិយានិងកូនៗ៤រូប រួមទាំងការធ្វើទារុណកម្មមកលើរូបលោកផង នៅក្នុងរបបខ្មែរក្រហម នៅតែមាននៅឡើយ។
តែលោកបញ្ជាក់ថាលោកមានក្តីរីករាយនិងពេញចិត្តក្រោយពេលដែលតុលាការ ដាក់ទោសអតីតប្រធានពន្ធនាគារទួលស្លែងឈ្មោះ កាំង ហ្គិចអ៊ាវ ឱ្យជាប់គុកអស់មួយជីវិតនិងមានសំណងជាស្តូបដើម្បីរំលឹកដល់អ្នកដែលបានស្លាប់នៅមន្ទីរស២១នោះ៕
សូមប្រិយមិត្តិរង់ចាំតាមដានកម្មវិធីផ្សាយពិសេសរបស់ VOA ទាក់ទងនឹងខួបទី៤០នៃការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហមនៅក្នុងសប្តាហ៍នេះ។