មន្ត្រីអង្គការសហប្រជាជាតិគាំទ្រអត្ថាធិប្បាយរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ចំពោះការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហការជាមួយតុលាការដែលចូលរួមដោយអសបសម្រាប់កាត់ទោសខ្មែរក្រហម ក្រោយពេលដែលលោកឧបនាយករដ្ឋមន្ត្រីបានបដិសេធថា រដ្ឋាភិបាលកម្ពុជាមិនបានរារាំងយុត្តិធម៌ ហើយនៅបន្តសហការជាមួយនឹងអសបល្អនោះ។
ថ្លែងប្រាប់ VOA ពីបូរីញ៉ូវយ៉ក អ្នកនាំពាក្យរងរបស់អសបនាង Eri Kanako បានគាំទ្រការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងសាលាក្តីខ្មែរក្រហម។
«អសបសូមស្វាគមន៍ចំពោះអត្ថាធិប្បាយអំពីការតាំងចិត្តនយោបាយរបស់មន្ត្រី ជាន់ខ្ពស់ចំពោះដំណើរការឯករាជ្យនៃសាលាក្តីខ្មែរក្រហមក្នុងរង្វង់មូលដ្ឋាននៃ កិច្ចព្រមព្រៀងរវាងកម្ពុជានិងអសបស្តីពីការបង្កើតតុលាការខ្មែរក្រហមហៅថា ECCC»។
លោកស្រីថ្លែងយ៉ាងដូច្នេះដោយយោងថាអ្នកជំនាញការពិសេសរបស់លោក អគ្គលេខាធិការអសបសម្រាប់តុលាការខ្មែរក្រហមគឺលោក David Scheffer បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ អានក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធអំពីបញ្ហានានាពាក់ព័ន្ធនឹងក្តីបារម្ភរៀងៗខ្លួនទៅវិញទៅមក។
ភាគីទាំងពីរពុំបានបញ្ជាក់ពីការជួបប្រជុំហើយនឹងការពិភាក្សារឿងអ្វីទេតែការជួបប្រជុំរវាងភាគីទាំងពីរនេះគឺកើតឡើងក្រោយពេលដែលមានការរិះគន់ពីអង្គការ អន្តរជាតិរួមនឹងអង្គការសិទ្ធិមនុស្ស Human Rights Watch ទាក់ទងនឹងការរារាំងយុត្តិធម៌ ហើយនឹងការទាមទារ ឲ្យអសបដកខ្លួនចេញពីដំណើរការសាលាក្តី ដោយសារថា ជនសង្ស័យទាំងពីរដែលចៅក្រមអសបបានចោទមិន ត្រូវគេនាំខ្លួនមកកាន់តុលាការ៕