គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា«ការពារ»ឯករាជ្យភាពរបស់សាលាក្តីខ្មែរក្រហមនិងជំរុញឲ្យរដ្ឋាភិបាលសហការជាមួយសាលាក្តីពិសេសនេះ។
នៅក្នុងសេចក្តីសន្និដ្ឋានក្រោយពីកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សកាលពីខែមិនាដែលត្រូវផ្សព្វផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ បានលើកពីការព្រួយបារម្ភរបស់ខ្លួនចំពោះដំណើរការនៃសាលាក្តីខ្មែរក្រហម។
អង្គការសហប្រជាជាតិបានកត់សម្គាល់ជាពិសេសយ៉ាងដូច្នេះថា៖ «មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានថ្លែងការណ៍ម្តងហើយម្តងទៀតដោយធ្វើការជ្រៀតជ្រែកក្នុងដំណើរការនិងឯករាជ្យភាពរបស់សាលាក្តីខ្មែរក្រហម។ ហើយសេចក្តីថ្លែងការណ៍ទាំងនោះបង្ហាញការមិនចូលរួមរបស់រដ្ឋាភិបាលក្នុងការស៊ើបអង្កេតលើជនជាប់សង្ស័យក្នុងសំណុំរឿងបន្ថែម»។
កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនបានប្រឆាំងជាថ្មីម្តងទៀតចំពោះការពង្រីកវិសាលភាពកាត់ទោសអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿង០០៣ និង០០៤ ដោយលោកព្រមានថា វាអាចនឹងបង្កឲ្យមានការកើតសង្គ្រាមស៊ីវិលនៅកម្ពុជាឡើងវិញ។
ក្នុងសំណុំរឿងទាំងពីរ ដែលរុញទៅមុខដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិនោះ មានជនជាប់សង្ស័យបីនាក់ក្នុងចំណោមប្រាំនាក់ត្រូវចោទប្រកាន់។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតជាតិមិនបានសហការក្នុងកិច្ចការនេះទេ។
គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទូចថា ប្រទេសកម្ពុជា«គួរតែចាត់វិធានការដើម្បីគោរពឯករាជ្យភាពពេញលេញរបស់សាលាក្តីខ្មែរក្រហម និងសហការជាមួយសាលាក្តីនេះក្នុងការបំពេញមុខងាររបស់តុលាការ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបកស្រាយថា ការសន្និដ្ឋានរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សជាការយល់ច្រឡំចំពោះអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាស។
«ជាការវាយប្រហារ និងជាការយល់ច្រឡំចំពោះសាររបស់សម្តេចអគ្គសេនាបតីហ៊ុន សែន។ ទីមួយតុលាការនេះបង្កើតឡើងស្ថិតនៅក្នុងច្បាប់របស់កម្ពុជា។ ជាមួយគ្នានោះដែរ យើងមានសហចៅក្រម សហព្រះរាជអាជ្ញាដែលមានក្នុងនោះ។ ដូច្នេះដៃគូទាំងពីរធានាដល់ការប្រព្រឹត្តទៅប្រកបដោយវិជ្ជាជីវៈ ទីមួយទទួលខុសត្រូវចំពោះច្បាប់ខ្មែរ និងមួយទទួលខុសត្រូវចំពោះស្តង់ដារអន្តរជាតិ»។
ក្រៅពីសំណុំរឿងសាលាក្តីខ្មែរក្រហម គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានលើកបង្ហាញពីការព្រួយបារម្ភជាច្រើនលើប្រព័ន្ធយុត្តិធម៌ដែលនៅទុនខ្សោយនៅកម្ពុជា បង្ហាញពីការសោកស្តាយចំពោះការយឺតយូរក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ បង្ហាញពីការព្រួយបារម្ភអំពីតួលេខស្ត្រីនៅមានចំនួនតិចតួចក្នុងនយោបាយ និងស្ថាប័នរដ្ឋ។
ក្រៅពីនោះទៀត គណៈកម្មការសិទ្ធិមនុស្សសហប្រជាជាតិក៏បានលើកពីការព្រួយបារម្ភផងដែរអំពីការរើសអើង និងអំពីអំពើហិង្សាប្រឆាំងនឹងជនជាតិវៀតណាម ប្រឆាំង និងពលរដ្ឋខ្មែរក្រោម ការរើសអើងប្រឆាំងនឹងជនភេទទី៣ឬខ្ទើយ។ កង្វះព័ត៌មានអំពីការរំលោភផ្លូវភេទក្នុងរបបខ្មែរក្រហម អំពីនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ចំពោះការប្រព្រឹត្តខុស អំពីអំពើហិង្សា និងការសម្លាប់ក្រោយការបោះឆ្នោត ដោយមិនមានព័ត៌មាន និងការស៊ើបអង្កេតនោះ ក៏ជាកង្វល់របស់គណៈកម្មការនៃអង្គការសហប្រជាជាតិដដែលនេះដែរ។ ហើយគណៈកម្មការនេះបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការកែលំអ។
លោក ផៃ ស៊ីផាន បន្ទោសថា ការលើកឡើងទាំងនេះបានបំភ្លេចកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល៕