លោក ភី ភួន អតីតកងការពាររបស់ ប៉ុល ពត ជាជនជាតិចារ៉ាយ បានទទួលមរណភាពនៅព្រឹកព្រលឹមថ្ងៃអាទិត្យដោយជំងឺលើសឈាម។
លោក រចឹម ទន់ ហៅ ភី ភួន បានឡើងសម្ពាធឈាមខ្លាំងនៅព្រឹកព្រហាមហើយគាត់បានស្លាប់នៅវេលាម៉ោង១និង៣០នាទីភ្លឺក្នុងអាយុ៦៨ឆ្នាំនៅក្នុងភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក សួង ស៊ីគឿន អតីតអ្នកនាំពាក្យក្រសួងការបរទេសនៃសម័យកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមបានឲ្យដឹងថាលោក ភី ភួន មានជំងឺទឹកនោមផ្អែមនិងលើសឈាមជាប់នឹងខ្លួន។
«ព្រឹកមិញម៉ោង១កន្លះ។គឺភ្លាមៗដឹកទៅពេទ្យមិនទាន់។ គាត់ឡើងឈាមដាច់សរសៃខួរក្បាលហើយគាត់មានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម»។
លោក ភី ភួន ឬ រចឹម ទន់ ហៅចៀម បានចូលក្នុងចលនាតស៊ូជាមួយខ្មែរក្រហមនៅឆ្នាំ១៩៦៣នៅក្នុងខេត្តរតនគិរីដែលជាស្រុកកំណើតរបស់លោក។ លោកគឺជាអង្គរក្សឬកងការពាររបស់ប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហមផងនិងជាអ្នករត់សំបុត្រពីប៉ុល ពតទៅឲ្យមេដឹកនាំខ្មែរក្រហមដទៃទៀតដូចជាអៀង សារី សោ ភឹម និងតា ម៉ុក ជាដើម។
តាមគម្រោងលោកត្រូវរៀបចំនឹងចេញដំណើរទៅខេត្តរតនគិរីនៅថ្ងៃអាទិត្យទី១២ខែមេសាដើម្បីចូលរួមពិធីចូលឆ្នាំខ្មែរជាមួយសាច់ញាតិ។
លោក ភី ភួន ធ្លាប់ធ្វើជាភ្នាក់ងារសម្របសម្រួលមួយរូបដើម្បីអូសទាញកងទ័ពខ្មែរក្រហមក្នុងខេត្តចំនួនប្រាំបួនឲ្យចុះចូលជាមួយរដ្ឋាភិបាលក្រោយពីអៀង សារី និងលោកអ៊ី ឈាន បានចុះចូលជាមួយរដ្ឋាភិបាលនៅខេត្តប៉ៃលិននៅឆ្នាំ១៩៩៦។
លោកបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាស្រុកម៉ាឡៃហើយលោកធា្លប់បានចូលផ្តល់សក្ខីកម្មក្នុងការកាត់ទោសក្នុងសំណុំរឿង០០២កាលពីឆ្នាំ២០១២។
លោកសួង ស៊ីគឿន សម្តែងការសោកស្តាយចំពោះអតីតអ្នកតស៊ូក្នុងចលនាជាមួយគ្នានេះ។
«លោកស្តាយណាស់ពីព្រោះគាត់ជាតំណាងម្នាក់របស់អ្នកតស៊ូនៃបក្សកុម្មុយនិស្តកម្ពុជាប្រជាធិបតេយ្យដែលគេហៅធម្មតាថាជាខ្មែរក្រហម។ទី១គាត់ជាជនជាតិចារ៉ាយដែលចាប់តស៊ូពេលដែលលោកប៉ុល ពតនិងលោកអៀង សារី ចាប់ផ្តើមបដិវត្តន៍នៅរតនគិរី គាត់ចូលតស៊ូចាប់ពីពេលនោះមក។ទី២ គាត់ជាយុទ្ធជនអង់អាចក្លាហានណាស់។គាត់មានស្មារតីទទួលខុសត្រូវហើយឆ្លាតបើទោះជាគាត់មិនបានចូលសាលារៀនចេះដឹង ប៉ុន្តែឈ្លៀសវៃនិងមានចិត្តទូលាយ។ម្យ៉ាងវិញទៀតខួរក្បាលគាត់ចាំបានល្អណាស់។ កន្លែងណាដែលគាត់ទៅ ទាំងថ្ងៃខែ ទីកន្លែងគាត់ចាំបានទាំងអស់»។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគិតថាការស្លាប់របស់លោកភី ភួន ជាការបាត់បង់សាក្សីសំខាន់ម្នាក់ក្នុងរឿងរ៉ាវសម័យខ្មែរក្រហម។
«សាក្សីសំខាន់ៗ(ស្លាប់)ទៅម្តងមួយៗហើយតុលាការហាក់ដូចជាមិនមានល្បឿនស្មើនឹងការបាត់បង់របស់សាក្សី។ នេះជាការព្រួយបារម្ភរបស់យើង។យើងបានសាក្សីល្អៗដែរតែយើងចេះតែបណ្តោយឲ្យបាត់បង់ហាក់ដូចជាយើងមិនលះបង់ទៅនឹងការប្តេជ្ញាចិត្តរបស់យើង»។
តាមគម្រោងសពរបស់អតីតកងការពារនិងជាអ្នកនាំសាររបស់ប៉ុល ពត លោកភី ភួន នឹងត្រូវបូជាថ្ងៃពុធទី១៥ ខែមេសាដោយរង់ចាំសាច់ញាតិមកពីខេត្តរតនគិរី៕