មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មទៅនឹងការចោទប្រកាន់របស់អង្គការអន្តរជាតិដែលថា រដ្ឋាភិបាលជាអ្នករារាំងយុត្តិធម៌ក្នុងសំណុំរឿងបន្ថែមចំនួនពីរដើម្បីកាត់ទោសខ្មែរក្រហម ដែលជនសង្ស័យមិនត្រូវបានចាប់ខ្លួនមកកាន់តុលាការ ក្រោយពីចៅក្រមបរទេសបានធ្វើការចោទប្រកាន់។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា រដ្ឋាភិបាលមិនអាចលូកដៃចូលក្នុងកិច្ចការតុលាការបានទេ។
ឆ្លើយតបទៅនឹងការរិះគន់របស់អង្គការសិទ្ធិមនុស្ស Human Rights Watch និងអង្គការមួយចំនួនទៀត ដែលថា រដ្ឋាភិបាលរារាំងយុត្តិធម៌ក្នុងសំណុំរឿងខ្មែរក្រហមបន្ថែមគឺសំណុំរឿង០០៣ និង០០៤ ជាពិសេសលើការមិននាំខ្លួនជនសង្ស័យពីររូបមកតុលាការនោះ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសចរចារឿងតុលាការខ្មែរក្រហម បានថ្លែងនៅថ្ងៃនេះថា រដ្ឋាភិបាលមិនអាចបង្គាប់តុលាការបានទេ។
«អង្គការក្រៅរដ្ឋាភិបាលមួយចំនួនហ្នឹងគាត់តែងតែទិតៀនរដ្ឋាភិបាល ហើយលើកនេះគាត់មិនមែនគ្រាន់តែទិតៀនរដ្ឋាភិបាលទេ គាត់ទិតៀនអ.ស.ប.ដែរ។ អញ្ចឹងនេះជាចម្រៀងចាស់ទេ។ វាអត់មានអីថ្មីទេ។ យើងមិនអាចទៅសង្កត់ ទៅចង្អុលប្រាប់ចៅក្រមថា ត្រូវធ្វើអញ្ចេះ ធ្វើអញ្ចុះទេ។ បើយើងចង្អុលអញ្ចឹង វាជាការគាបសង្កត់តុលាការ ហើយវាជាការខុសឆ្គង ជាកំហុសមួយ យ៉ាងពិតប្រាកដ»។
លោកថ្លែងថា រឿងនេះគេត្រូវរង់ចាំការដោះស្រាយរវាងសហចៅក្រមអ.ស.ប. និងសហចៅក្រមកម្ពុជាជាមុនសិន។
ជនសង្ស័យពីរនាក់ដែលធ្លាប់ធ្វើជាអភិបាលស្រុក និងជាមេបញ្ជាការកងយោធាគឺអ្នកស្រីអ៊ឹម ចែម ជនសង្ស័យនៃសំណុំរឿង០០៤ និងលោកមាស មុត ជនសង្ស័យក្នុងសំណុំរឿង០០៣។ ជនទាំងពីរត្រូវសហចៅក្រមស៊ើបអង្កេតអ.ស.ប.គឺលោកម៉ាក ហាមែន (Mark Harmon) ចោទប្រកាន់កាលពីដើមខែមិនាថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមតែដីការនោះមិនត្រូវគេអនុវត្តក្នុងការចាប់ខ្លួន ឬនាំខ្លួននៅឡើយទេ ហើយអង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅស.រ.អា.ចោទប្រកាន់ថា ចៅក្រមភាគីកម្ពុជាធ្វើតាមគោលនយោបាយមិនសហការ ពុំបានបញ្ជូនដីការទៅកាន់ប៉ូលិសលើករណីទាំងនេះ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់បានបដិសេធមិនឲ្យចាត់វិធានការ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាច្រើនលើកហើយនោះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃច័ន្ទ លោកប្រ៊េដ អាដាំ (Brad Adam) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា៖
«ការបដិសេធរបស់រដ្ឋាភិបាលកម្ពុជាមិនសហការក្នុងការនាំខ្លួនមេដឹកនាំខ្មែរក្រហមមកកាត់ទោសនៅមុខតុលាការដែលគាំទ្រដោយអ.ស.ប.នោះ វាជាពេលវេលាដែលអ.ស.ប.ត្រូវបញ្ចប់ការចូលរួមរបស់ខ្លួន ហើយជាពេលវេលាដែលក្រុមប្រទេសម្ចាស់ជំនួយបញ្ឈប់ការផ្តល់ថវិការដល់សាលាក្តីខ្មែរក្រហមដែរ៕