ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​​​ចោទ​ប្រកាន់​ជន​​សង្ស័យ​​ម្នាក់​​ទៀត​​ក្នុង​សំណុំ​រឿង​​០០៤


តា​អាន ឬ ឱម អាន ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​និយាយ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ផ្ទះ​របស់​លោក​នៅ​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។ (សុខ ខេមរា/VOA)
តា​អាន ឬ ឱម អាន ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​និយាយ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១ នៅ​ផ្ទះ​របស់​លោក​នៅ​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។ (សុខ ខេមរា/VOA)

សហ​ចៅក្រម​ស៊ើប​សញ្ជាតិ​អាមេរិក​នៃ​សាលាក្តី​ខ្មែរក្រហមគឺ​លោក ​ម៉ាក ហាម៉ុន​ (Mark B. Harmon) នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ដាក់​អោ អាន ​ដែល​ជាជន​ជាប់​សង្ស័យ​ម្នាក់​ទៀត​ក្នុង​សំណុំ​រឿង០០៤​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទមនុស្សឃាត​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​នេះគឺ​ដូច​គ្នា​ទៅ​នឹង​ការ​ចោទ​ប្រកាន់ដែរ។​ហើយ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើងនៅ​ចំពោះ​មុខ​ជន​ជាប់​សង្ស័យ​នៅ​ក្នុង​ខេត្ត​បាត់ដំបង។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​រសៀល​នេះ​ លោក​ចៅ​ក្រម​ម៉ាក ហាម៉ុន ​ ​បានចោទ​ជន​សង្ស័យ​អោ អាន ​ហៅ​តា អាន​ អតីត​អនុ​ប្រធាន​តំបន់​មជ្ឈឹម​ខេត្ត​កំពង់ចាម​ពាក់​ព័ន្ធ​នឹង​កន្លែង​សម្លាប់​មនុស្ស​គោក​ព្រីង ​មន្ទីរ​សន្តិសុខ​ទួល​បេង មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន។​

សហ​ចៅ​ក្រម​បញ្ជាក់​ថា ​បទ​ឧក្រិដ្ឋ​ទាំង​នេះ​បង្ហាញ​ពី​ការ​ធ្វើ​មនុស្ស​ឃាត ​ការ​សម្លាប់​រង្គាល ​ការ​ធ្វើទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ​ និង​សាសនា ​និង​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង។​

លោក​ឡាស អលសិន​ (Lars Olsen) ​មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ច​ការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ បាន​ឲ្យ​ដឹង​ថា​ ​ជន​ជាប់​សង្ស័យ​និង​មេធាវីបាន​បង្ហាញ​មុខ​នៅ​ចំពោះ​មុខ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ នៅ​ពេល​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ។​

នៅ​ពេល​ដែល​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​ជន​សង្ស័យ​ តែ​មិន​មាន​ការ​ចាប់​ខ្លួន​បែប​នេះ ​មន្ត្រី​អ្នក​នាំពាក្យ​រូប​នេះពន្យល់​ថា ​ការ​ចោទ​ប្រកាន់​និង​ការ​ចាប់​ខ្លួន​ជា​នីតិ​វិធី​ពីរ​ផ្សេង​គ្នាពោល​ គឺ​ការ​ចោទ​ប្រកាន់​មិន​មែន​មាន​ន័យ​ថា ​ត្រូវ​តែ​ចាប់​ខ្លួន​នោះ​ទេ។​

យ៉ាង​ណាក្តី​ ការ​ចោទ​នេះបាន​ធ្វើ​ឲ្យ​មាន​ការប្រឆាំង​ជំទាស់​ភ្លាមៗ​ពីលោក​ យូ ប៊ុនឡេង​ សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា។​

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគីជាតិ​ បាន​ស្រង់​សម្តីលោក​យូ ប៊ុនឡេង ដោយ​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ជន​សង្ស័យ​ថា​ តើ​ជន​សង្ស័យ​ត្រូវ​ស្ថិត​ក្រោម​វិសាលភាព​ត្រូវ​ចោទ​ប្រកាន់​ដែរ​ឬ​យ៉ាង​ណា។​

«ចំពោះ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​គឺ​ឯកឧត្តម​ យូ ប៊ុនឡេង​ យល់​ឃើញ​ថា សម្រាប់នីតិវិធី​ស៊ើប​អង្កេត​ពេល​នេះ​គឺ​មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ដាក់​ជន​សង្ស័យ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​ទេ​ ដោយសារ​តែ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​ ភស្តុតាង​បង្ហាញ​ថា​ មាន​វិមតិ​សង្ស័យ​ច្រើន​ទៅ​លើ​ថា ​តើ​ជន​សង្ស័យ​ចូល​ទៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលាក្តី​ដែរ​ ឬ​យ៉ាង​ណា»។​

នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿងដ៏​ចម្រូង​ចម្រាស់​ទី​៣​ហើយ​ បន្ទាប់​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​ម៉ាក ហាម៉ុន​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ឯកតោ​ភាគី​កាល​ពី​ពេល​ថ្មីៗ​នេះលើ​ជន​សង្ស័យ​ឈ្មោះ​មាស មុត​ ក្នុង​សំណុំ​រឿង​០០៣​ និង​អ្នក​ស្រី​អ៊ឹម ចែម​ក្នុង​សំណុំ​រឿង​០០៤។​

ការ​ចោទ​ប្រកាន់​នេះ​នាំ​ឲ្យ​មាន​ការ​សាទរ​ពី​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។​

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ឡើង​វិញ​ថា​ ការ​ចោទ​ប្រកាន់​និង​ការ​ពង្រីក​វិសាល​ភាព​ការ​កាត់​ទោស​លើ​សំណុំ​រឿង​បន្ថែម​នឹង​នាំ​ឲ្យ​មាន​ហានិភ័យ​ផ្នែក​សន្តិសុខ​ជាតិ។​

កាល​ពី​ឆ្នាំ​ទៅ​ ជន​ជាប់​សង្ស័យ​អោ អាន​បាន​បដិសេធ​ពី​ការ​ជាប់​ពាក់​ព័ន្ធទៅ​នឹង​បទ​ឧក្រិដ្ឋនានា​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។​

«ដូច្នេះ​ខ្ញុំ​ជម្រាប​ប្រសាសន៍​ក្មួយ​អញ្ចឹង។​ បច្ចុប្បន្ន​នេះ​ក៏​ខ្ញុំ​អត់​ភ័យ​នឹង​តុលាការ។​ ពេល​អនាគត​ទៅ​ទៀត ​ពេល​ខ្ញុំ​ស្លាប់​ទៅ​ ក៏​ខ្ញុំ​អត់​ភ័យ​នឹង​យមបាល។ ​អត់​ភ័យ​ទេ! ​បុណ្យ​ ឥឡូវ​ខ្ញុំធ្វើ!​ សីល​ខ្ញុំ​កាន់!​ ពី​មុន​មក​ខ្ញុំ​អត់​មាន​កាប់​សម្លាប់​ ខ្ញុំ​ខ្លា​ចយមបាល?​ បើ​មាន​សិទ្ធិ​តវ៉ា​ ដូច​ខ្ញុំ​ថា​ អញ្ចឹង​គឺ​ខ្ញុំ​អត់​បាន​បញ្ហា​អី​ទាក់ទង​នឹង​ឃាតកម្ម​អស់​ហ្នឹង​ទេ។ ​អត់​មាន​ទេ!​ ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​អញ្ចឹង​គឺ​ថា ​ពេល​ដែល​ខ្ញុំ​ទៅ​ គឺ​អស់​ហើយ​តាំង​ពី​ក្រោម​រហូត​ដល់​លើ ​នៅ​សល់​តែ​កែវ ពក​មួយ​ទេ។ ​ពេល​ខ្ញុំ​ទៅ ​ខ្ញុំ​រៀបចំ​ភូមិ​ឃុំ​ថ្មី។​ ខ្ញុំ​មាន​ការ​ទាក់ទង​រឿង​អីទេ! ​អត់!»​

នៅ​ដើម​សប្តាហ៍​នេះ​អង្គការ​ Human Rights Watch ​ដែល​មាន​មូល​ដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់ការ​រារាំង​ដល់ការ​ចាត់​នីតិវិធី​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤​ខាង​លើ​នេះ។​ ប៉ុន្តែ​លោក​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ក្រុម​ចរចា​កិច្ច​ការ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា​ រដ្ឋាភិបាល​ខ្មែរ​មិន​បង្ក​ការ​គាប​សង្កត់​លើ​តុលាការនោះ​ទេ៕

XS
SM
MD
LG