អ្នកនិពន្ធសៀវភៅស្តីជីវិតក្នុងរបបខ្មែរក្រហមម្នាក់បានបញ្ជាក់ថា បរទេសមានចំណែកក្នុងការធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ក៏ប៉ុន្តែគឺខ្មែរខ្លួនឯងជាអ្នកទទួលខុសត្រូវធំជាងគេហើយដល់ពេលដែលមេដឹកនាំគ្រប់ជំនាន់ត្រូវហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
៤០ឆ្នាំក្រោយពីការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ហើយបានបណ្តាលឱ្យសមាជិកក្រុមគ្រួសារផ្ទាល់របស់លោករ៉ូនី យឹមសុត ត្រូវបានសម្លាប់ស្ទើរអស់មួយពូជក៏អ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងរបបខ្មែរក្រហម»រូបនេះបានបញ្ជាក់ថាលោកមិនចង់ឃើញមានការសងសឹកនឹងជនដៃដល់ជាទូទៅទេប៉ុន្តែយុត្តិធម៌ត្រូវតែមានចំពោះជនរងគ្រោះ។
លោកបានបញ្ជាក់នៅ ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«៤០ឆ្នាំកន្លងទៅនេះគឺ នៅចងចាំជានិច្ចអត់មានភ្លេចទេនូវការវេទនា នូវការជូរចត់ក៏ប៉ុន្តែខ្ញុំក៏មិនឱ្យកំហឹងហ្នឹងសម្លាប់ឧត្តមគតិរបស់ខ្ញុំដែរព្រោះខ្ញុំយកកំហឹងហ្នឹងកសាងរបស់ល្អវិញ ទីមួយកសាងជីវិតរបស់ខ្ញុំឱ្យបានល្អ ទីពីរជួយដល់ខ្មែរយើងផ្ទាល់»។
របបខ្មែរក្រហមដែលបានឡើងមកកាន់អំណាចកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥បានធ្វើឱ្យពលរដ្ឋខ្មែរស្លាប់យ៉ាងហោចណាស់១,៧លាននាក់ដោយសារការកាប់សម្លាប់ បង្អត់អាហារ ជំងឺ និងធ្វើការហួសកម្លាំងមុននឹងរបបនេះដួលរលំទៅវិញនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
លោករ៉ូនី យឹមសុតបានបញ្ជាក់ថាវាជាការលំបាកសម្រាប់ពលរដ្ឋខ្មែរក្នុងការទទួលស្គាល់ថាគឺជនជាតិខ្មែរជាអ្នកសម្លាប់ជនជាតិខ្លួនឯងហើយអ្នកដឹកនាំ ជាពិសេសខ្មែរក្រហមបែរជារកមុខប្រទេសផ្សេងដើម្បីដាក់ទោសកំហុសទៅវិញ។
លោកបន្ថែមថា៖
«ខ្មែរសម្លាប់ខ្មែរ។ នេះទីមួយដែលយើងទទួលស្គាល់ហ្នឹងថាខ្មែរយើងធ្វើបាបគ្នាឯង។ (បរទេស)គេអាចលូកលាន់បាន។ ចិនអាចលូកលាន់បាន។ មានមិនអត់ទេ។ យួនអាចលូកដៃបានមិនអត់ទេ។ ប៉ុន្តែចុងក្រោយបំផុតខ្មែរយើងទេជាអ្នកទទួលខុសត្រូវព្រោះខ្មែរយើងសម្លាប់គ្នាឯង។ ប៉ុន្តែមេខ្មែរក្រហមគាត់អត់ទទួលខុសត្រូវទេ។ គាត់ចោទគេរហូត។ នេះខុសហើយ។ សូមទទួលស្គាល់ខ្លួនឯង»។
អ្នកនិពន្ធរូបនេះធ្លាប់ត្រូវខ្មែរក្រហមវាយសម្លាប់ហើយទុកឱ្យស្លាប់នៅកណ្តាលវាល ប៉ុន្តែមិនស្លាប់ ហើយបានរត់គេចខ្លួនទៅសំងំលាក់ខ្លួនក្នុងព្រៃនិងចេញមកសងសឹកដោយការវាយចូលបន្ទាយខ្មែរក្រហមវិញ។ ប៉ុន្តែលោកមិនចង់ឃើញខ្មែរសងសឹកគ្នាទេ។
លោកបានបន្ថែមថា៖
«ខ្ញុំធ្លាប់ហើយសងសឹកជាមួយនឹងពួកខ្មែរក្រហម ធ្លាប់ហើយផ្ទាល់ដៃហ្មង អត់បានលទ្ធផលដូចចិត្តទេ មានតែ បាបកម្មមានតែ វេទនាជាងមុនទៀត ប៉ុន្តែយើងត្រូវកសាងផលល្អ»។
ពេលបច្ចុប្បន្ននេះ មានអតីតមេខ្មែរក្រហមកំពូលក្នុងវ័យជរាចំនួនពីរនាក់កំពុងត្រូវតុលាការជំនុំជម្រះទោសទាក់ទងនឹងការដឹកនាំអតីតកាលរបស់ពួកគេ។ លោករ៉ូនី យឹមសុតសម្តែងការខកចិត្តចំពោះល្បឿនដ៏យឺតយ៉ាវនៃតុលាការដែលមានការគាំទ្រពីអង្គការសហប្រជាជាតិមួយនេះ។
«តុលាការគួរមើលគោលបំណងឱ្យច្បាស់លាស់ដើម្បី ជួយជនរងគ្រោះមិនមែនជួយខ្លួនឯងទេ មិនជួយឱ្យល្អមើលទេ មិនឆាកល្ខោនទេ។ ហ្នឹងប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ខ្ញុំជាបុគ្គលម្នាក់ដែរដែលប៉ះពាល់»។
លោកយល់ថាអ្នកដឹកនាំត្រូវចេះស្រឡាញ់ខ្មែរដើម្បី ជៀសវាងពីបទពិសោធន៍ ជូរចត់ក្នុងពេលអតីតកាល ហើយកុំប្រើការលាបពណ៍ដាក់គ្នាចំពោះអ្នកដែលមាននិន្នាការឬជំនឿនយោបាយខុសពីខ្លួន។
«ទីមួយខ្ញុំថាត្រូវតែចេះស្រឡាញ់ខ្មែរ កុំឱ្យស្រឡាញ់បុគ្គល កុំឱ្យស្រឡាញ់គណបក្ស ស្រឡាញ់ខ្មែរសិនបានយើងស្រឡាញ់គណបក្សបាន បានយើងស្រឡាញ់បុគ្គលបាន។ បើយើងនៅ តែស្រឡាញ់បុគ្គលយើងនៅ ស្រឡាញ់គណបក្សយើងនៅតែមានបញ្ហាដដែល»។
ពេលបច្ចុប្បន្ននេះលោករ៉ូនី យឹមសុតបានធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងកម្ពុជាដើម្បីជួយដល់គម្រោងមួយដែលបណ្តុះបណ្តាលបច្ចេកទេសដល់សិស្សជំនាន់ក្រោយ៕