ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បង់ក្លាដែស​បន្ត​បិទ​ច្រក​ព្រំដែន​មិន​ឲ្យ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ចូល​ពី​ប្រទេស​មីយ៉ាន់ម៉ា


ក្មេង​ៗកំពុង​​រើស​សម្ភារៈ​ពី​កម្ទេច​អាគារ​ទីផ្សារ​ដែល​ត្រូវ​បាន​ដុត​ចោល​នៅ​ភូមិ​របស់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​ Rakhine ប្រទេស​មីយ៉ានម៉ា កាល​ពី​ខែ​តុលា។
ក្មេង​ៗកំពុង​​រើស​សម្ភារៈ​ពី​កម្ទេច​អាគារ​ទីផ្សារ​ដែល​ត្រូវ​បាន​ដុត​ចោល​នៅ​ភូមិ​របស់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​ Rakhine ប្រទេស​មីយ៉ានម៉ា កាល​ពី​ខែ​តុលា។

ដោយ​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់​អន្តរជាតិ​ ប្រទេស​បង់ក្លាដែស​កំពុង​ប្រកាន់​ជំហរ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​រារាំង​ក្រុម​ជន​ភៀស​ខ្លួន​មូស្លីម​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រត់​គេច​ពី​ប្រទេស​មីយ៉ាន់​ម៉ា​តាម​ទូក​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ថ្មីមួយ​បាន​ផ្ទុះឡើង​ប្រឆាំង​នឹង​ពួក​គេ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ភាគ​ច្រើន។

ខណៈ​ដែល​មាន​ការ​ចាប់​បង្ខាំង​ដោយ​ក្រុម​យោធា​បាន​នៅ​ខេត្ត​ Rakhine ភាគ​ឦសាន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ឈាន​ដល់​ខែ​ទី​ពីរ​នោះ​ ​ជនអំបូរ​រ៉ូហ៊ីងយ៉ា​រាប់​រយ​នាក់​បាន​សម្រេច​ចិត្ត​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិតខាង។ អង្គការ​សហប្រជាជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​បាន​ឲ្យ​ដឹង​ថា​ ​មាន​មនុស្ស​៣ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​មូស្លីម​អំបូរ​រ៉ូហ៊ីងយ៉ា​បាន​បាត់​បង់​ទី​ជម្រក ​ហើយ​ក្រុម​ការពារ​សិទ្ធិមនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា​ ​មនុស្ស​ជាង​៨០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ក្រាប​នោះ។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ UNHCR បាន​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ធ្វើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ជន​ស៊ីវិល​នៅ​ក្នុង​ខេត្ត​ Rakhine។

លោក Adrian Edwards អ្នក​នាំពាក្យ​ UNHCR បាន​ថ្លែង​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​សប្តាហ៍​មុន​ថា៖ «យើង​ក៏​កំពុង​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​បង់ក្លាដែស​ ​ឲ្យ​រក្សា​ច្រក​ព្រំដែន​ជា​មួយ​ប្រទេស​មីយ៉ាន់ម៉ា​បើក​ចំហ​ ​ហើយ​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ចំពោះ​ជន​ស៊ីវិល​ណា​ដែល​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា»។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ឆ្មាំ​ច្រក​ព្រំដែន​ប្រទេស​បង់ក្លាដែស​និយាយ​ថា ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​រារាំង​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​មិន​ឲ្យ​ចូល​ប្រទេស​បង់ក្លាដែស។

នគរបាល​មីយ៉ាន់ម៉ា​ដើរ​ល្បាត​នៅ​តំបន់​ព្រំ​ដែន​ជាមួយ​បង់ក្លាដែស​នៅ​ខេត្ត​ Rakhinw កាល​ពី​ពាក់​កណ្តាល​ខែ​តុលា។
នគរបាល​មីយ៉ាន់ម៉ា​ដើរ​ល្បាត​នៅ​តំបន់​ព្រំ​ដែន​ជាមួយ​បង់ក្លាដែស​នៅ​ខេត្ត​ Rakhinw កាល​ពី​ពាក់​កណ្តាល​ខែ​តុលា។

វរសេនីយ៍​ទោ​ Abuzar Al Zahid​ មេ​បញ្ជាការ​នៃ​វរៈការពារ​ព្រំដែន​របស់​ប្រទេស​បង់ក្លាដែស​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់ក្លាដែសបាន​ប្រាប់​ VOA ថា៖ «កាល​ពី​៦​សប្តាហ៍​កន្លង​ទៅ​ យើង​បាន​រុញ​ត្រឡប់​ទូក​ដែល​មាន​ផ្ទុក​ជន​រ៉ូហ៊ីងយ៉ា​ឲ្យ​ត្រឡប់​ថយ​ក្រោយ​វិញ មុន​ពេល​ពួក​គេ​អាច​មក​ដល់​ទឹក​ដី​នៃ​ប្រទេស​បង់ក្លាដែស។ យើង​បាន​ប្រទះ​ឃើញ​ទូក​ប្រភេទ​នេះ​ពីរ ឬ​បី ជារៀង​រាល់​ថ្ងៃ។ ទូក​ទាំង​នោះ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ។

ទោះ​យ៉ាង​ណា ប្រជាជន​នៅ​ក្នុង​ទីក្រុង​ Teknaf ​ នៅ​ព្រំដែន​នៃ​ប្រទេស​បង់ក្លាដែស​បាន​ប្រាប់​ VOA ថា​ ​មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ពីរ​បី​រយ​នាក់​បាន​លួច​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​តាម​ច្រក​ព្រំដែន។​

ភាព​តាន​តឹង​នៅ​ជុំ​ចុងក្រោយ​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ Kahkine ដែល​មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​រស់​នៅ បន្ទាប់​ពី​មាន​ជន​ប្រដាប់​ដោយ​អាវុធ​បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ ​ហើយ​បាន​សម្លាប់​ប៉ូលិស​៩​នាក់ កាល​ពី​ថ្ងៃទី​៩ ខែ​តុលា។

កង​ទ័ព​ត្រូវ​បាន​ចោទ​ពី​បទរំលោភ​បំពាន

ដោយ​បន្ទោស​ជន​សកម្មប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​ចំពោះ​ការ​វាយប្រហារ​នោះ​ កងទ័ព​មីយ៉ាន់ម៉ា​បាន​បិទ​ភូមិដ្ឋាន​ជា​ច្រើន​របស់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា។ ចាប់​តាំង​ពី​ពេល​នោះ​មក​ កង​ទ័ព​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ប្រឆាំង​ទៅ​លើ​ក្រុម​ជនអំបូរ​រ៉ូហ៊ីងយ៉ា បូក​រួម​ទាំង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​រំលោភ​សេពសន្ថវៈ និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង។

ក្នុង​ពេល​ធ្វើ​ការ​បង្ក្រាប​ទាំង​នោះ កង​ទ័ព​បាន​បាញ់​ពីឧទ្ធម្ភាគចក្រ​ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បណ្តាល​ឲ្យ​ជនអំបូរ​រ៉ូហ៊ីងយ៉ា​រាប់សិប​នាក់​បាន​ស្លាប់។

ក្រុម​ឯករាជ្យ​ផ្សេងៗ​បាន​កំណត់​ចំនួន​មនុស្ស​ស្លាប់​ថា​មាន​ចន្លោះ​ពី​ ​១៥០នាក់ ទៅ​៣០០​នាក់ ប៉ុន្តែ​មិន​មាន​វិធីសាស្ត្រ​ដើម្បី​ផ្ទៀង​ផ្ទាត់​ការ​អះអាង​នេះ​ទេ។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ដោយ​ប្រើ​ឧបករណ៍​ចាប់​រូបភាព​ពី​ផ្កាយរណប​ ​ពួក​គេ​បាន​រក​ឃើញ​ផ្ទះ ឬ​អាគារ ​ចំនួន​១២៥០​ខ្នង ត្រូវ​បាន​កម្ទេច​នៅ​ខេត្ត Rakhine។

ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ស្ថិត​នៅ​ក្នុង​តង់​ធ្លុះធ្លាយ​នៅ​ជំរំ​សម្រាប់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​នៅ​ក្រុង​ Sittwe ខេត្ត​ Rakhine។
ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ស្ថិត​នៅ​ក្នុង​តង់​ធ្លុះធ្លាយ​នៅ​ជំរំ​សម្រាប់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​នៅ​ក្រុង​ Sittwe ខេត្ត​ Rakhine។

មគ្គុទេស​ទេសចរណ៍​ក្នុង​ក្រុង​ Teknaf ម្នាក់​គឺ​លោក​ Foizullah​ ដែល​ប្រើ​ឈ្មោះ​តែ​មួយ​ដូច​ប្រជាជន​អំបូរ​រ៉ូហ៊ីងយ៉ា​ទូទៅ​នោះ​និយាយ​ថា​ លោក​អាច​មើល​ឃើញ​អណ្តាត​ភ្លើង​ពី​ទីក្រុង​របស់​លោក​ទៅ ហើយ​ផ្សែងនៅ​តំបន់​ Maungdaw ដែល​មាន​ជនអំបូរ​រ៉ូហ៊ីងយ៉ា​រស់​នៅ គឺ​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​ Naf។

លោក Foizullah បាន​ប្រាប់​ VOA​ ថា៖ «យើង​បាន​និយាយ​ជាមួយ​ជន​រ៉ូហ៊ីងយ៉ា​មួយចំនួន​ដែល​មក​ពី​តំបន់​នោះ​ ពួក​គេ​និយាយ​ថា​ ផ្ទះ​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​ត្រូវ​បាន​ដុត​ចោល​ដោយ​កងកម្លាំង​សន្តិសុខស្ទើរ​តែរាល់​ថ្ងៃ។ ខ្ញុំ​បាន​ដឹង​ថា​ ជនអំបូរ​រ៉ូហ៊ីងយ៉ា​ទាំង​បុរស ទាំង​ស្ត្រី និង​កូន​ក្មេង​ ​យ៉ាង​ហោច​ណាស់​ចំនួន​៤០០​នាក់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ។ នេះ​ក៏​ជា​ការ​ពិត​មួយ​ដែល​ថា​ ឆ្មាំ​ព្រំដែន​បង់ក្លាដែស​បាន​រុញ​ច្រាន​ទូក​របស់​ជនអំបូរ​រ៉ូហ៊ីងយ៉ា​ជា​ច្រើន​ឲ្យ​ត្រឡប់​ទៅ​វិញ​ជា​រៀង​រាល់​ថ្ងៃ»។

កាល​ពីព្រឹក​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា លោក​ Foizullah និយាយ​ថា​ លោក​បាន​ឃើញ​ទូក​ប្រហែល​២០គ្រឿង​ពេញ​ទៅ​ដោយ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ទូក​ទាំង​នោះ​ប្រាកដ​ជា​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ឆ្នេរ​នៃ​ប្រទេស​បង់ក្លាដែស។ លោក​និយាយ​ថា​ ទូក​ទាំង​នោះមើល​ទៅ​ហាក់​ដូច​ជា​កំពុង​រង់​ចាំ​នៅ​ក្នុង​ទន្លេ Naf ​ដើម្បី​ព្យាយាម​ឆ្លង​ចូល​ទៅ​បង់ក្លាដែស​ម្តង​ទៀត។

លោក​ Asaduzzaman Khan Kamal រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​លំនៅដ្ឋាន​របស់​ប្រទេស​បង់ក្លាដែសនិយាយ​ថា​ ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ានម៉ា​ដែល​ចេះ​តែ​បន្ត​នេះ​គឺ​ជា​មូលហេតុ​នៃ​ភាព​មិន​សុខ​ស្រួល​សម្រាប់​ប្រទេស​របស់​លោក។

លោក Kmal ​បាន​ថ្លែង​កាល​ពី​ខែ​វិច្ឆិកា​ថា៖ «ទោះយ៉ាង​ណា ​យើង​ត្រូវ​តែរក្សា​ទុក​ឆ្មាំ​ព្រំដែន​ ឆ្មាំសមុទ្រ ហើយ​កម្លាំង​ប៉ូលិស​ត្រៀម​រារាំង​ការ​ហូរ​ចូល​នៃ​ក្រុម​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ពី​ប្រទេសមីយ៉ាន់ម៉ា»។

ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ការ​រារាំង​របស់​ប្រទេស​បង់ក្លាដែស​ទៅ​លើ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ដែល​មក​តាម​ទូក។
Worsening conditions

ស្ថានភាព​កាន់​តែ​អាក្រក់

លោក​ Chowdhury R Abrar ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ Odhikar នៅ​ក្រុង​ដាក្កា​និយាយ​ថា ​បើ​សិន​ប្រទេស​បង់ក្លាដែស​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ពួក​គេ​មិន​អាច​បដិសេធ​ចំពោះ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បាន​ទេ។

លោក Abrar និយាយ​ថា៖​ «ប្រទេស​បង់ក្លាដែស​គួរ​តែ​បើក​ព្រំដែន​របស់​ខ្លួន​សម្រាប់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រត់​គេច​ខ្លួន​ដោយ​សារ​តែ​បញ្ហា​សិទ្ធិមនុស្ស»។ លោក​ក៏ដឹក​នាំ​អង្គភាព​ស្រាវជ្រាវ​លើ​ចលនា​ជនភៀស​ខ្លួន​ និង​ការ​ធ្វើ​ចំណាក​ស្រុក​ (RMMRU) នៅ​សាកល​វិទ្យាល័យ​ដាក្កា​ផង​ដែរ។

លោក​ថ្លែង​ថា៖ «សហគមន៍​អន្តរជាតិ​ជា​ច្រើន​មាន​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការ​ផ្តួច​ផ្តើម​សកម្មភាព​ទៅ​លើ​បញ្ហាដែល​ទាក់​នឹង​ជន​អំបូរ​រ៉ូហ៊ីងយ៉ា។ ក្នុង​សភាព​ដែល​មិន​មាន​សម្ពាធ​ជា​សាកល​លើ​ប្រទេស​មីយ៉ាន់ម៉ា​ដូច្នេះ ស្ថានភាព​សម្រាប់​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​នេះ​ ​កំពុង​តែ​អាក្រក់​ទៅៗ»។

បុរស​រ៉ូហ៊ីងយ៉ា​មួយ​ចំនូន​បាន​ទៅ​ដល់​ប្រទេស​បង់ក្លាដែស​ក្នុង​ខេត្ត​ Cox's Bazar។ ពួក​គេ​បាន​ឆ្លង​ចូល​តាម​ទន្លេង​ Naf កាល​ពី​ចុង​ខែ​វិច្ឆិកា។
បុរស​រ៉ូហ៊ីងយ៉ា​មួយ​ចំនូន​បាន​ទៅ​ដល់​ប្រទេស​បង់ក្លាដែស​ក្នុង​ខេត្ត​ Cox's Bazar។ ពួក​គេ​បាន​ឆ្លង​ចូល​តាម​ទន្លេង​ Naf កាល​ពី​ចុង​ខែ​វិច្ឆិកា។

លោក Phil Robertson​ អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ ​និយាយ​ថា ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ដែល​បាត់​បង់​ទីជម្រក​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាតជំនួយ​ស្បៀង​អាហារ​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ជំនួយ​ផ្សេងៗ​ទៀត​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ Robertson​ ថ្លែង​ប្រាប់​ VOA ថា៖ «រដ្ឋាភិបាល​បង់ក្លាដែស​គួរ​តែ​ទទួល​ស្គាល់គ្រា​មាន​អាសន្ន​លើ​បញ្ហា​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​នេះ ហើយ​គួរ​តែ​អនុញ្ញាត​ឲ្យ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​គេច​ខ្លួន​ឆ្លងកាត់​តាម​ព្រំដែន​ដោយ​សុវត្ថិភាព។ ក្រុម​មនុស្ស​ដ៏​កម្សត់​នេះ​ជាក់​ស្តែង​គ្មាន​កន្លែង​ណា​ដែល​ត្រូវ​ទៅ​ទេ។ ពួក​គេ​ស្ថិត​នៅ​ចន្លោះ​ក្រុម​ខ្មោច​បិសាច និង​សមុទ្រ​មាន​ផ្ទៃ​ពណ៌​ខៀវ​យ៉ាង​ជ្រៅ​ល្វឹង​ល្វើយ​ ​ហើយ​ប្រទេស​បង់ក្លាដែស​គឺ​ជា​គោល​ដៅ​តែ​មួយ​គត់​ដែល​ពួក​គេ​អាច​រត់​គេច​បាន។ រដ្ឋភិបាល​បង់ក្លាដែស​ក៏​ត្រូវ​តែ​ទាម​ទារ​ថា ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​តែ​បញ្ឈប់​គោលនយោបាយ​រើសអើង​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ទៅ ដើម្បី​ឲ្យ​វិបត្តិ​នៃ​ការ​រត់​គេច​ចេញ​ពី​ខេត្ត Rakhine អាច​បញ្ឈប់​បាន»។

លោក ​Mark Farmaner ប្រធាន​អង្គការ Burma Campaign UK​ និយាយ​ថា ប្រទេស​បង់ក្លាដែស​កំពុង​តែ​កាត់​ទោស​ប្រហារជីវិត​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ក្រុម​អំបូរជន​រ៉ូហ៊ីងយ៉ា ​ដោយសារ​តែ​ការ​បដិសេធ​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ប្រទេស​នេះ។

លោក​ Farmaner ថ្លែង​ប្រាប់​ VOAថា៖ «ពួក​គេ​កំពុង​គេច​ចេញ​ពី​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ ​ហើយ​ប្រទេស​បង់ក្លាដែស​មាន​ភារៈកិច្ច​ជួយ​ពួក​គេ។ សហគមន៍​អន្តរជាតិ​គួរ​តែ​ដាក់​សម្ពាធ​លើ​ប្រទេស​បង់ក្លាដែសឲ្យ​បើក​ច្រក​ព្រំដែន​របស់​ខ្លួន​ និង​ទទួល​យក​ជំនួយ​អន្តរជាតិ​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា»៕

XS
SM
MD
LG