ដោយតភ្ជាប់ទៅនឹងឧបករណ៍បញ្ជូនសំឡេងមួយដែលមានអានុភាពជាមួយនឹងរយៈចម្ងាយនៃការផ្សាយប្រហែល ២០០គីឡូម៉ែត្រ ស្ទូឌីយោ Laiza FM ធ្វើការចាក់ផ្សាយ ១០ ម៉ោងក្នុងមួយថ្ងៃពីទីក្រុង ឡៃហ្សា (Laiza) ដែលជាទីក្រុងជាប់ព្រំដែននិងជាកន្លែងក្រុមបះបោរកាជីនដ៏រឹងមាំនៅតាមតំបន់ភ្នំ និងជាព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិន។ ការផ្សាយនេះបានទៅដល់មួយភាគធំនៃរដ្ឋកាជីន និងរដ្ឋ Shan ភាគខាងជើង ទីដែលជនជាតិភាគតិចកាជីនភាគច្រើនបានបើកស្តាប់មតិយោបល់របស់ក្រុមឧទ្ទាមទៅលើតំបន់ដ៏ជ្រួលច្រាល ដែលពួកគេកំពុងរស់នៅក្នុង។
លោក Maram Bawk La ដែលជាបុរសវ័យក្មេងមានបទពិសោធន៍ខាងបច្ចេកវិទ្យាម្នាក់ដែលគ្រប់គ្រងស្ថានីយវិទ្យុនេះបាននិយាយថា៖ «វិទ្យុ Laiza FM របស់យើងគឺពេញនិយមណាស់»។
ថៅកែរបស់គាត់ លោកវរសេនីយ៍ឯក Naw Bu ដែលជាប្រធាននាយកដ្ឋានកងទ័ព ព័ត៌មាន និងការផ្សាយកាជីន (Kachin Independence Army (KIA) News and Information Department) បានអះអាងថា៖ «យើងបានផ្សព្វផ្សាយទៅដល់ ៨០ ភាគរយនៃចំនួនប្រជាជនកាជីន» ។
វិទ្យុ Laiza FM ត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ២០១២ ក្នុងរយៈពេលខ្លីបន្ទាប់ពីបទឈប់បាញ់គ្នា ដែលមានរយៈពេល ១៧ ឆ្នាំរវាង ក្រុម KIA ដែលមានយុទ្ធជនប្រមាណ ១ម៉ឺននាក់ និងកងទ័ពមីយ៉ាន់ម៉ាបានដួលរលំ។ គោលបំណងរបស់វិទ្យុនេះគឺ ដើម្បីអនុញ្ញាតឱ្យក្រុមឧទ្ទាមផ្តល់ដំណឹងដល់ជនជាតិភាគតិចកាជីន ៧សែននាក់ ដែលភាគច្រើនរស់នៅក្នុងតំបន់របស់រដ្ឋាភិបាល ឆ្ងាយពីតំបន់ព្រំដែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។ ជនស៊ីវិលប្រហែល ១សែននាក់បានបាត់បង់ទីលំនៅដោយសារការប៉ះទង្គិចគ្នា ដែលមានសភាពកាន់តែខ្លាំងឡើងនៅពេលថ្មីៗនេះ។
លោក Naw Bu បាននិយាយថា៖ «ស្ថានីយវិទ្យុនេះត្រូវបានគេបង្កើតឡើងដើម្បីនាំយកព័ត៌មានពិតទៅកាន់ជនភាគតិចកាជីននិងដើម្បីចែករំលែកចំណេះដឹង»។
លោកបានពន្យល់ថា ស្ថានីយវិទ្យុនេះផ្សាយដំណឹង និងព័ត៌មានក្នុងស្រុក ព័ត៌មានអន្តរជាតិ និងព្រមទាំងព័ត៌មានថ្មីរបស់ KIA អំពីតំបន់ ចម្រៀងរបស់ជនជាតិកាជីន និងការពិភាក្សាអំពីប្រធានបទដូចជាសុខភាពសាធារណៈជាដើម។ នាយកដ្ឋានរបស់លោកក៏បានដំណើរការគេហទំព័រព័ត៌មាន Kachinnet.net និងទូរទស្សន៍ឡៃហ្សា (Laiza) បើទោះបីក្រោយមកទៀតទូរទស្សន៍នេះអាចត្រូវបានគេមើលឃើញតែនៅក្នុងទីក្រុងឡៃហ្សាក៏ដោយ។
ស្ថានីយវិទ្យុដ៏ពេញនិយមមួយ
ប្រជាជនកាជីនបានខឹងសម្បាចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលទៅលើរដ្ឋកាជីនអស់រយៈពេលតាំងពីយូរមក និងបានរងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងទសវត្សរ៍ដែលគ្រប់គ្រងដោយយោធា។ ពួកគេមានចំនួនតិចជាងពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងរដ្ឋនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាភាសាក្នុងស្រុកត្រូវបានហាមឃាត់រហូតដល់ពីរបីឆ្នាំមុននេះ ហើយការបង្ហាញភាពជាតិនិយមរបស់ប្រជាជនកាជីននៅតែមានភាពរសើប។
ប្រជាជនជាច្រើនបានគាំទ្រដល់ការទាមទាររបស់ក្រុម KIA ដើម្បីស្វ័យភាពលក្ខណៈសហព័ន្ធ ហើយប្រជាជនទាំងនេះជាអ្នកដែលតែងស្ដាប់វិទ្យុ Laiza FM នេះបើយោងតាមលោក Brang Mai នាយកប្រតិបត្តិនៃកាសែត Myitkyina (Myitkyina News Journal) ដែលជាស្ថាប័នបោះពុម្ពផ្សាយឯកជនមួយនៅក្នុងក្រុង Myitkyina។
លោកបានថ្លែងថា៖ «ពួកគេបានប្រើភាសារបស់ពួកគេ ដូច្នេះប្រជាជនក្នុងស្រុកភាគច្រើនចូលចិត្តស្តាប់កម្មវិធីនោះ។ មូលហេតុមួយទៀតគឺថា ប្រជាជនចង់ឃើញ (នយោបាយ) ផ្លាស់ប្ដូរ ... ហើយពួកគេអាចទទួលបានដំណឹងរសើបគ្រប់ប្រភេទទាំងអស់អំពីតំបន់ព្រំដែននិងការប្រយុទ្ធគ្នានោះ»។ លោកបានបន្ថែមទៀតថា អ៊ិនធឺណិតលើទូរស័ព្ទដៃ ដែលមានលក្ខណៈប្រសើរ បានកាត់បន្ថយតួនាទីសំខាន់នៃវិទ្យុ Laiza FM ដែលជាកន្លែងផ្តល់ព័ត៌មានទាំងនេះ។
លោកស្រី Aung Aung ដែលជាបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងក្រុង Myitkyina បានថ្លែងថា៖ «នៅពេលខ្ញុំមើលទៅសមាជិកក្រុមគ្រួសារ និងអ្នកជិតខាងរបស់ខ្ញុំ ពួកគេគឺពិតជាសប្បាយរីករាយណាស់នៅពេលដែលពួកគេអាចស្តាប់វិទ្យុ Laiza FM ជាភាសារបស់គេជាពិសេសគឺផ្នែកតន្ត្រីតែម្តង»។ «ហើយតាមការសង្កេតផ្ទាល់របស់ខ្ញុំ ព័ត៌មានដែលពួកគេបានផ្សាយគឺអាចទុកចិត្តបាន»។
ដោយសារតែវិទ្យុ Laiza នៅតែបន្តផ្តល់ព័ត៌មានអំពីការប្រយុទ្ធគ្នាដល់អ្នកស្តាប់ ប្រជាជនកាជីនជាច្រើនបានដឹងថា ការប៉ះទង្គិចគ្នាមានសភាពកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានផ្ដើមការវាយលុកដ៏ធំមួយ ដើម្បីទន្រ្ទានយកតំបន់ភ្នំយុទ្ធសាស្រ្តដែលនៅប្រហែលជា ៣០ គីឡូម៉ែត្រភាគខាងជើងក្រុងឡៃហ្សា។ នៅក្នុងរយៈពេលថ្មីៗនេះ ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅក្បែររដ្ឋ Shan បន្ទាប់ពីក្រុម KIA និងក្រុមបះបោរដទៃទៀតបានវាយប្រហារទៅលើស្ថានីយប៉ូលិសនៅក្បែរតំបន់ Muse ដែលជាកន្លែងឆ្លងកាត់ព្រំដែនដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសចិន។
លោកស្រី Hkawn ដែលជាស្ត្រីមេផ្ទះ អាយុ៤១ ឆ្នាំនៅក្នុងក្រុងឡៃហ្សាបាននិយាយថា៖ «ខ្ញុំមើលទូរទស្សន៍ឡៃហ្សា ហើយខ្ញុំទទួលបានព័ត៌មានពីវិទ្យុ»។ ខ្ញុំព្រួយបារម្ភថាកងទ័ពមីយ៉ាន់ម៉ានឹងមកដល់ក្រុងឡៃហ្សា។ នៅក្នុងព្រះវិហារយើងបន់ស្រន់។ យើងជឿថាព្រះនឹងប្រទានពរដល់ទាហានរបស់យើង»។
វិទ្យុរបស់កងទ័ពវាយបកវិញ
ដោយដឹងថាខ្លួនទទួលបរាជ័យលើការប្រយុទ្ធតាមរលកធាតុអាកាសនេះក្នុងគោលបំណងកែប្រែមតិប្រជាជនកាជីន កងទ័ពមីយ៉ាន់ម៉ាបានបង្កើតស្ថានីយវិទ្យុ Thazin FM នៅក្នុងឆ្នាំ ២០១៣ នៅក្នុងតំបន់បញ្ជាការដ្ឋានខាងជើងនៅក្រុងMyitkyina។ វិទ្យុ Thazin FM ផ្សាយកម្មវិធី ជាភាសាកាជីនរយៈពេលប្រាំពីរម៉ោងក្នុងមួយថ្ងៃ ហើយស្ថានីយនេះបានព្យាយាមធ្វើអោយកកស្ទះរលកសញ្ញានៃវិទ្យុ Laiza FM ដោយកាន់កាប់ប្រេកង់៨៩,៥ដូចគ្នាដែរ ។
លោក Maram Bawk បាននិយាយជាមួយនឹងស្នាមញញឹមហើយបានបន្ថែមថា បើទោះបីជាមានបញ្ហានេះមានប្រជាជនកាជីនតិចតួចបំផុតដែលនឹងច្រឡំស្តាប់វិទ្យុ Thazin FM។ លោកបាននិយាយថា៖ «អ្នកស្តាប់វិទ្យុរបស់យើងត្រូវតែរកប៉ុស្តិ៍ដោយប្រុងប្រយ័ត្ន»។
លោកបាននិយាយថា៖
«ពួកគេមានការឃោសនាដោយមានព្រឹត្តិការណ៍ខាងមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។ យើងមានការឃោសនាតិចតួចហើយមានព័ត៌មានច្រើនសម្រាប់ប្រជាជន។ វិទ្យុ Laiza FM មានបទចម្រៀងកាជីនចាស់ៗ និងមានចំរៀងជាតិចំណែក ឯវិទ្យុ Thazin មិនមានបទចម្រៀងដូចគ្នានេះទេ។ ប្រជាជនគ្រប់រូបដឹងពីភាពខុសគ្នា »។
គាត់បាននិយាយបន្ថែមថា៖«វិទ្យុ FM របស់យើងមានអ្នកស្តាប់ច្រើនជាង»។
លោក Brang Mail នៃកាសែត Myitkyina យល់ស្របនឹងការយល់ឃើញនេះដែរ។ លោកនិយាយថា៖ «វិទ្យុ Thazin FM ប្រើភាសាជនជាតិដើមភាគតិចរបស់យើង ប៉ុន្តែប្រជាជនកាជីនភាគច្រើនដឹងយ៉ាងច្បាស់ថា វិទ្យុ Thazin FM គឺជាប្រភេទនៃការឃោសនាពីខាងយោធា ដូច្នេះប្រជាជនភាគច្រើនមិនអើពើនឹងវិទ្យុនោះទេ»៕
ប្រែសម្រួលដោយផន បុប្ផា