នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ នៅក្នុងប្រទេសជប៉ុន មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់លោកស្រីគឺអនុវត្តទៅតាមច្បាប់នៅក្នុងការដោះស្រាយចំពោះស្ថានការណ៍នៅក្នុងរដ្ឋ Rakhine ដែលនៅក្នុងរដ្ឋនេះ ប៉ូលិសត្រូវគេរាយការណ៍ថា បានវាយធ្វើបាប និងចាប់រំលោភជនជាតិមូស្លីមភាគតិច Rohingya។
ការបញ្ជាក់របស់លោកស្រីដូច្នេះ បានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃក្រោយពីសហរដ្ឋអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាអនុញ្ញាតឲ្យអង្គការមនុស្សធម៌នានាមានលទ្ធភាពពេញលេញក្នុងការចូលទៅកាន់តំបន់ដែលមានជម្លោះស្ថិតនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលអង្គការសហប្រជាជាតិបានបញ្ជាក់ថា នៅក្នុងតំបន់នោះ មនុស្សច្រើនជាង១សែន៥ម៉ឺននាក់ កំពុងតែរងគ្រោះដោយសារតែគ្មានជំនួយ។
នៅក្នុងជំនួបជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida នៅក្នុងទីក្រុងតូក្យូ លោកស្រី ស៊ូជី បាននិយាយថា បញ្ហានៅក្នុងរដ្ឋ Rakhine គឺងាយនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរណាស់ ហើយបញ្ហានេះត្រូវតែដោះស្រាយដោយហ្មត់ចត់។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីសង្ខេបព័ត៌មាន ដែលចេញដោយក្រសួងការបរទេសជប៉ុន។
លោកស្រី ស៊ូជី បានប្រាប់លោក Kishida ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងឆ្លើយតបជាមួយនឹងស្ថានការណ៍នៅក្នុងតំបន់នោះ ដោយផ្អែកលើគោលការណ៍នីតិរដ្ឋ។
លោក Kishida ថា អំពើហិង្សាមិនគួរអនុញ្ញាតឲ្យកើតឡើងនោះទេ ហើយលោកស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងណា ដែលអាចបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ លោកបន្ថែមថា ប្រទេសជប៉ុននឹងគាំទ្រនូវកិច្ចប្រឹងប្រែងទាំងនេះ ដោយឧបត្ថម្ភកប៉ាល់ថ្មីមួយគ្រឿង បន្ថែមទៅលើនាវាដែលប្រើហើយពីរគ្រឿង និងជំនួយម្ហូបអាហារ ដែលបានផ្ដល់ឲ្យអ្នកគេចចេញពីផ្ទះសម្បែងកាលពីលើកមុន៕