លោក Maximiliano Herrera អ្នកវិភាគអាកាសធាតុដ៏លេចធ្លោម្នាក់ដែលធ្វើការស៊ើបអង្កេតលើកំណត់ត្រាសីតុណ្ហភាពពិភពលោកបាននិយាយថា៖ «នៅតំបន់អាស៊ីអាគ្នេយ៍ រលកកម្តៅនេះដូចគ្នាទៅនឹងរលកកម្ដៅនៅឆ្នាំ១៩៦០ ឆ្នាំ១៩៨៣ និងឆ្នាំ១៩៩៨ ប៉ុន្តែបើនិយាយពីរយៈពេល អាំងតង់ស៊ីតេ និងតំបន់រងគ្រោះវិញ រលកកម្តៅនេះគឺជារលកកម្តៅដ៏ក្តៅបំផុតសម្រាប់ប្រទេសថៃ ឡាវ និងកម្ពុជា»។
គេរំពឹងថាចំនួនមនុស្សស្លាប់ដោយសារកម្តៅនឹងកើនឡើង
រលកកម្តៅនៅប្រទេសឥណ្ឌាកាលពីឆ្នាំមុនបានសម្លាប់មនុស្សចំនួន២.៤២២នាក់ ដែលជាចំនួនមនុស្សស្លាប់ខ្ពស់បំផុតមួយដោយសារកម្តៅនៅក្នុងប្រទេសនេះ ក្នុងរយៈពេលជាងពីរទសវត្សរ៍។
នៅក្នុងឆ្នាំនេះ ចំនួនមនុស្សស្លាប់ជាង១៥០នាក់នៅប្រទេសឥណ្ឌាត្រូវបានបន្ទោសលើកម្តៅកាលពីពាក់កណ្តាលខែមេសា។
លោក Herrera បានប្រាប់ VOA ថា៖ «ខ្ញុំខ្លាចថា កម្តៅនឹងបន្តកើនឡើងនៅសប្តាហ៍បន្តបន្ទាប់ទៀតហើយជាអកុសល ចំនួនមនុស្សស្លាប់ប្រាកដជានឹងកើនបន្ថែមទៀតមិនខាន»។
កម្តៅបានបំផ្លិចបំផ្លាញដំណាំកសិកម្មនិងសត្វចិញ្ចឹម
នៅរដ្ឋ Maharashtra ដែលជារដ្ឋសម្បូរសប្បាយបំផុតរបស់ឥណ្ឌា ភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈបួនទសវត្សរ៍នេះ មិនត្រឹមតែបានបំផ្លិចបំផ្លាញដំណាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសត្វចិញ្ចឹមផ្សេងៗស្លាប់ អាងស្តុកទឹករីងស្ងួត និងប៉ះពាល់ដល់ផលិតផលរបស់រោងចក្រវារីអគ្គិសនី និងរោងចក្រថាមពលកម្តៅផងដែរ។
នៅប្រទេសម៉ាឡេស៊ី សាលារៀនរាប់រយត្រូវបានបិទទ្វារហើយកសិករក្នុងប្រទេសនេះកំពុងតែបាត់បង់ដំណាំបន្លែរបស់ពួកគេ។
នៅភាគខាងជើងប្រទេសថៃវិញ គេបានព្យាករណ៍ថានឹងទទួលបានផលស្រូវទាបបំផុតមិនធ្លាប់មានសម្រាប់ដំណាំស្រូវប្រាំង។
ប្រទេសវៀតណាមដែលតែងតែជាអ្នកនាំចេញកាហ្វេធំបំផុតទី២ក្នុងពិភពលោក គេសង្កេតឃើញថាដំណាំកាហ្វេនៅតំបន់ខ្ពង់រាបកណ្តាលរបស់ខ្លួនបានក្រៀមស្វិត ដោយសារតែគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលយ៉ាងតិច៣ទសវត្សរ៍មកនេះ។
កំហុសត្រូវបានទម្លាក់លើបាតុភូត El Niño
វដ្តអាកាសធាតុរបស់មហាសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ ដែលមានឈ្មោះថាឥទ្ធិពល El Niño គឺជាការកើនឡើងនៃសីតុណ្ហភាពផ្ទៃទឹកសមុទ្រដែលកើតឡើងរៀងរាល់ពីរឬបីឆ្នាំម្តង។ ឥទ្ធិពលរបស់អាកាសធាតុ El Niño នេះ ត្រូវបានគេគិតថាបាតុភូតបង្កឲ្យមានរលកកម្តៅនិងគ្រោះរាំងស្ងួត។
លោក Jin-Yi Yu សាស្រ្តាចារ្យនៅដេប៉ាតឺម៉ង់វិទ្យាសាស្រ្តប្រព័ន្ធផែនដីនៅសាកលវិទ្យាល័យ California ក្នុងក្រុង Irvine បានពន្យល់ថា៖ «ដោយសារតែការរាំងខ្ទប់ចលនានៅក្នុងបរិយាកាស ចំហាយទឹកមិនអាចស្រូបឡើងទៅក្នុងបិរយាកាសបានទេ។ នេះក៏ជាហេតុផលមួយដែលទឹកភ្លៀងត្រូវបានរាំងខ្ទប់មិនឲ្យធ្លាក់នៅភូមិភាគអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលអាកាសធាតុ El Niño នេះកើតមាន»។
លោក Yu ប្រាប់ VOA បន្ថែមថា៖ «អ្វីដែលយើងដឹងក្នុងពេលនេះគឺថា អាំងតង់ស៊ីតេរបស់អាកាសធាតុ El Niño កំពុងធ្លាក់ចុះ។ វានឹងបាត់ទៅក្នុងរយៈពេលពីរបីខែទៀត។ ប៉ុន្តែ នេះមិនមែនមានន័យថា កម្រិតកម្តៅនឹងធ្លាក់ចុះនៅពេលឆាប់ៗនេះទេ នៅស្របពេលដែលឥទ្ធិពលអូសបន្លាយនៃអាកាសធាតុមហាសមុទ្រឥណ្ឌាដែលកាន់តែក្តៅនោះ នៅតែកើតមានឡើង»។
អាកាសធាតុ La Niña នឹងមកដល់
ប៉ុន្តែការថមថយកម្តៅមួយរយៈ ត្រូវបានគេព្យករណ៍ថានឹងកើតមាន។
លោក Blair Trewin គឺជាអ្នកនិពន្ធនាំមុខនៃសេចក្តីថ្លែងការណ៍ស្តីអំពីអាកាសធាតុរយៈពេល៥ឆ្នាំ (២០១១-២០១៥) របស់អង្គការឧតុនិយមពិភពលោក។ លោកបាននិយាយថា៖ «តាមពិតការព្យាករណ៍ទាំងនោះ ភាគច្រើនកំពុងព្យាករណ៍ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយឆ្ពោះទៅរកស្ថានភាព អាកាសធាតុ La Niña ក្នុងរយៈពេលពីរឬបីខែខាងមុខ»។
អាកាសធាតុ La Niña គឺជាការធ្លាក់ចុះនៃសីតុណ្ហភាពនៅផ្ទៃទឹកសមុទ្រ។
លោក Trewin បានប្រាប់ VOA ពីរដ្ឋធានី Melbourne ប្រទេសអូស្រ្តាលីមកថា៖ «លក្ខណៈនៃអាកាសធាតុ La Niña ជាធម្មតាមានជាប់ទាក់ទិនជាមួយនឹងភ្លៀងធ្លាក់ក្នុងកម្រិតមួយលើពីកម្រិតមធ្យមនៅផ្នែកជាច្រើននៃទ្វីបអាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍»។
ឆ្នាំ ២០១៦ ប្រហែលជាឆ្នាំដែលក្តៅបំផុត
លោក Dilip Kothawale គឺជាអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានផ្នែកឧតុនិយមក្នុងតំបន់ត្រូពិករបស់ប្រទេសឥណ្ឌា ហើយក៏ជាអ្នកនិពន្ធនាំមុខនៃអត្ថបទវិទ្យាសាស្រ្តចំនួន២លើប្រធានបទនេះ។ លោកបានប្រាប់ VOA ថា ខណៈដែលទ្វីបអាស៊ីខាងត្បូងធ្លាប់ជួបប្រទះនឹងរលកកម្តៅនៅមុនរដូវខ្យល់មូសុងមកដល់នោះ «កម្តៅនេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ» ជារៀងរាល់ឆ្នាំ។
បើយោងតាមការទាយទុករបស់កាសែត Times of India «រយៈពេល៣ខែដំបូងនៅក្នុងឆ្នាំនេះ អាកាសធាតុពិតជាក្តៅខ្លាំងដែលធ្វើឲ្យឆ្នាំ២០១៦នេះ គឺជាឆ្នាំដ៏ក្តៅបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ។
អ្នកវិទ្យាសាស្រ្តមួយចំនួននៅតែប្រុងប្រយ័ត្នអំពីការបន្ទោសលើបម្រែបម្រួលអាកាសធាតុ ចំពោះសីតុណ្ហភាពដែលកើនខ្លាំងនាពេលថ្មីៗនេះ ខណៈដែលរយៈពេលដែលគេកំណត់បានបង្ហាញទិន្នន័យមួយដែលមិនជាក់លាក់និងមានកម្រិត។
លោក Yu បានបន្តថា៖ «យើងពិតជាបានដឹងហើយថា បម្រែបម្រួលអាកាសធាតុបានប៉ះពាល់ដល់ចលនារបស់មហាសមុទ្រក្នុងតំបន់ត្រូពិចរបស់យើង បូករួមទាំងទីតាំងនិងសភាពនៃអាកាសធាតុ El Niño។ ប៉ុន្តែយើងពិបាកសន្និដ្ឋានណាស់ ថាតើរលកកម្តៅបច្ចុប្បន្ននេះទាក់ទងនឹងបម្រែបម្រួលអាកាសធាតុដែរឬអត់»។
កំណត់ត្រានៃសីតុណ្ហភាពក្តៅជាច្រើនជំនាន់ត្រូវបានបំបែក
តើវាក្តៅខ្លាំងប៉ុណ្ណាទៅ?
ទីក្រុង Titlagarh នៃរដ្ឋ Odisha របស់ប្រទេសឥណ្ឌាមានសីតុណ្ហភាពក្តៅខ្លាំងក្នុងកម្រិត៤៨.៥អង្សាសេ កាលពីថ្ងៃទី២៤ ខែមេសា ដែលជាសីតុណ្ហភាពក្តៅបំផុតដែលគេវាស់ស្ទង់ឃើញគួរឲ្យជឿទុកចិត្តបាន សម្រាប់ប្រទេសនេះក្នុងខែមេសា។ សាលារៀននៅរដ្ឋ Odisha ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមិនបានរំពឹងទុក សម្រាប់រដូវក្តៅកាលពីថ្ងៃអង្គារសប្តាហ៍មុន។ ថ្នាក់រៀនជាច្រើននឹងបន្តផ្អាករហូតដល់យ៉ាងហោចណាស់សប្តាហ៍ទី៣នៃខែកក្កដា។
ចំណែកប្រទេសកម្ពុជាវិញ ក៏ជួបនឹងកំណត់ត្រាជាតិនៃអាកាសធាតុក្តៅបំផុតដែរ ដែលមានកម្រិតរហូតដល់៤២.៦អង្សាសេ នៅខេត្តព្រះវិហារកាលពីថ្ងៃទី១៥ មេសាកន្លងទៅ។ សីតុណ្ហភាពក្តៅនោះកើតមាន២ថ្ងៃបន្ទាប់ពីប្រទេសឡាវដែលជាប្រទេសជិតខាងនៅភាគខាងជើងបានឈានដល់សីតុណ្ហភាពក្នុងកម្រិត៤២.៣ អង្សាសេនៅខេត្ត Seno ដែលជាកំណត់ត្រាជាតិនៃត្រាសីតុណ្ហភាពខ្ពស់បំផុតសម្រាប់ប្រទេសនេះ។
ស្ថានីយអាកាសធាតុរាប់សិបកន្លែងរបស់ប្រទេសថៃបានបំបែកកំណត់ត្រា ហើយបានកត់ទុកក្នុងកំណត់ត្រារបស់ពួកគេថាជាសីតុណ្ហភាពក្នុងកម្រិតអតិបរមា នៅក្នុងខែនេះ។
ទែម៉ូមែត្រ ឬឧបករណ៍វាស់សីតុណ្ហភាព បានឈានដល់កម្រិត៤៦អង្សាសេក្នុងក្រុងមួយចំនួននៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែនៅតែមិនអាចបំបែកកំណត់ត្រាជាតិ ដែលមានកម្រិត៤៧.២អង្សាសេដែលត្រូវបានវាស់ឃើញនៅក្នុងក្រុង Myinmu កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១០។
អ្នកព្យាករណ៍អាកាសធាតុនៅទីក្រុងមួយចំនួននៃទ្វីបអាស៊ីកំពុងជំរុញការដាស់តឿនសាមញ្ញៗដូចជា «ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ» ជាដើម។
សន្ទស្សន៍កាំរស្មី UV ដែលបង្ហាញពីអាំងតង់ស៊ីតេនៃវិទ្យុសកម្មកាំរស្មី UV ដែលធ្វើឲ្យរលាកស្បែកដោយសារកម្តៅថ្ងៃបានស្ថិតក្នុងកម្រិត១២ នៅក្នុងទីក្រុងបាងកក ទីក្រុងម៉ានីល និងទីក្រុងបុមបៃអស់រយៈពេលជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ។ សន្ទស្សន៍នេះគឺខ្ពស់ជាងកម្រិត១១ ដែលជាកម្រិតខ្ពស់បំផុតដែលអាចទ្រាំបាន៕
ប្រែសម្រួលដោយ ទុំ ម្លិះ