ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​កក​ដែល​កំពុង​រលាយ​នៅ​តំបន់​ទីបេ​អាច​គំរាម​កំហែង​ជីវិត​មនុស្ស​រាប់​ពាន់​លាន​នាក់


ផែន​ទី​បង្ហាញ​ពី​តំបន់​ទី​បេ។
ផែន​ទី​បង្ហាញ​ពី​តំបន់​ទី​បេ។

ដោយ​មាន​សីតុណ្ហភាព​កើន​ឡើង​បួន​ដង​លឿន​ជាង​ទី​កន្លែង​ដទៃ​ទៀត​នៅ​ទ្វីប​អាស៊ី ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន​និយាយ​ថា ​តំបន់​ខ្ពង់រាប​ទីបេ (Tibetan Plateau) ​អាច​បាត់បង់​ផែន​ ទឹកកក​ ក៏​ដូចជា​ដី​កំណក​មួយ​ភាគ​ធំ​ ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ទូទាំង​ទ្វីប​អាស៊ី។

ដោយ​មាន​សីតុណ្ហភាព​កើន​ឡើង​បួន​ដង​លឿន​ជាង​ទី​កន្លែង​ដទៃ​ទៀត​នៅ​ទ្វីប​អាស៊ី ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន​និយាយ​ថា ​តំបន់​ខ្ពង់រាប​ទីបេ (Tibetan Plateau) ​អាច​បាត់បង់​ផែន​ទឹកកក​ ក៏​ដូចជា​ដី​កំណក​មួយ​ភាគ​ធំ​ ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ទូទាំង​ទ្វីប​អាស៊ី។

តំបន់​ខ្ពង់រាប​ទីបេ​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា ​«ដំបូល​ពិភពលោក»។ វា​មាន​ទំហំ​ប៉ុន​អឺរ៉ុប​ភាគ​ខាង​លិច ហើយ​បាន​ផ្គត់ផ្គង់​ទឹក​ទៅ​ឲ្យ​មនុស្ស​ជិត​ពីរ​ពាន់​លាន (ប៊ីលាន) ​នាក់​នៅ​ទ្វីប​អាស៊ី ដោយ​សារ​ខ្ពង់រាប​នេះ​ជា​ប្រភព​ទឹក​នៃ​ទន្លេ​ធំៗ​មួយ​ចំនួន​ដូចជា​ ទន្លេ​យ៉ាងសេ (Yangze) ទន្លេ​មេគង្គ (Mekong) ទន្លេ​សាលវីន (Salween) ទន្លេ​អ៊ីនឌូស (Indus) ទន្លេ​ប្រាម៉ាពូត្រា (Brahmaputra) និង​ទន្លេ​លឿង​ (Yellow Rivers)។

ក៏ប៉ុន្តែ​ ដោយសារ​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ​ ផែន​ទឹកកក​នៅ​តំបន់​នោះ​បាន​រួម​តូច​យ៉ាង​ឆាប់​រហ័ស​ ហើយ​វាលស្មៅ​ក៏​បាន​រួម​តូច​ផង​ដែរ​ ខណៈ​ពេល​ដែល​ការ​វិវត្ត​ទៅជា​វាល​ខ្សាច់​កំពុង​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ វដ្ដ​ទឹកភ្លៀង​នៅ​ក្នុង​តំបន់​នោះ​ចាប់​ផ្តើម​មាន​ភាព​មិន​ទៀងទាត់ កម្រិត​កម្ពស់​ទឹក​កំពុង​ធ្លាក់​នៅ​តាម​ទន្លេ​ធំៗ ហើយ​ដី​កំណក​កំពុង​រលាយ​បាត់បង់​នៅ​ស្រប​ពេល​ជាមួយ​គ្នា។

ការ​រលាយ​ផែន​ទឹកកក​នៅ​តំបន់​ទីបេ​ ដែល​ជា​ផ្ទាំង​ទឹកកក​សាប​ធំ​បំផុត​ស្ថិត​នៅ​ក្រៅ​តំបន់​ប៉ូល មាន​ទំនាក់ទំនង​ជាមួយ​នឹង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ទាំង​ក្នុង​ប្រទេស និង​នៅ​លើ​ពិភពលោក រួម​មាន​រលក​កម្តៅ​នៅ​ទ្វីប​អឺរ៉ុប​ផង​ដែរ។ នេះ​បើ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​ចំនួន។

​ការ​រួម​តូច​នៃ​ផែន​ទឹកកក

ក្រុម​មន្រ្តី​ចិន​ប៉ាន់​ប្រមាណ​ថា តំបន់​ទីបេ​មាន​ផ្ទាំង​ទឹកកក​ស្មើ​នឹង​១៤,៥ភាគរយ​នៃ​ផែន​ទឹកកក​សរុប​នៅ​លើ​ពិភពលោក។ នៅ​ខណៈ​ដែល​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​មួយ​ចំនួនទៅ​លើ​អ្វី​ដែល​បង្ក​ឲ្យ​មាន​ការ​រលាយ​ទឹកកក​នៅ​ទី​នោះ​ ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ស្រប​គ្នា​ថា ល្បឿន​នៃ​ការ​រលាយ​នេះ​កំពុង​តែ​កើន​យ៉ាង​ខ្លាំង។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ (Xinhua) ដែលគ្រប់គ្រង​ដោយ​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​រាយការណ៍​នៅ​ក្នុង​ខែ​មេសា​ថា ផែន​ទឹកកក​ជា​មធ្យម​២៤៧គីឡូម៉ែត្រ​ការ៉េ​កំពុង​តែ​បាត់​បង់​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​មក ផែន​ទឹកកក​ប្រហែល​៧.៦០០​គីឡូម៉ែត្រ​ការ៉េ ឬ​ប្រហែលស្មើ​១៨​ភាគរយ​នៃ​បណ្តុំ​ផែន​ទឹកកក​ទាំង​មូល​បាន​រលាយ​បាត់។

លោក​ Zhang Mingxing មន្រ្តីចិន​ដែល​ដឹកនាំ​រដ្ឋបាល​ផ្នែក​កីឡា​ឡើង​ភ្នំ​នៅ​តំបន់​ទីបេ​ (Tibetan Mountaineering Administration) បាន​និយាយ​ថា​ ផែន​ទឹកកក​នៅ​មូលដ្ឋាន​ភ្នំ​អេវឺរ៉េស (Everest)​ ដែល​មាន​កម្ពស់​ប្រហែល​៥.២០០​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ​បាន​បាត់បង់​រួច​ទៅ​ហើយ។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​ដកស្រង់​សម្តី​របស់​លោក​ដែល​បាន​និយាយ​ថា៖ «មិន​មាន​អ្វី​សោះ​ឡើយ​ក្រៅ​ពី​ដុំ​ថ្ម»។

ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​ពី​មុនៗ​បាន​និយាយ​ថា ធាតុ​កាបូន​ពី​ភ្លើង​ឆេះ​ព្រៃ​ ការ​ដុត​ចម្ការ​ដំណាំ​ក្រោយ​ពេល​ប្រមូល​ផល​ និង​ចង្រ្កាន​ចម្អិន​អាហារ​ក្នុង​ស្រុក​ពី​ប្រទេស​ឥណ្ឌា​បាន​បង្ក​ឲ្យ​ផែន​ទឹកកក​នៅ​តំបន់​ទីបេ​រលាយ។ ការ​រក​ឃើញ​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិនិត្យ​សារធាតុ​ផ្សេងៗ​នៅ​ក្នុង​ផែន​ទឹកកក​នៅ​ទីនោះ។ ស្រប​ពេល​ដែល​មាន​ការ​សន្និដ្ឋាន​ពី​កត្តា​រួម​ចំណែក​ទាំង​នេះ​ក្នុង​ការ​ធ្វើ​ឲ្យ​ទឹក​កក​រលាយ​នោះ​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ការ​ឡើង​កម្តៅ​នៅ​លើ​ពិភពលោក​កំពុង​ក្លាយ​ជា​បុព្វហេតុ​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ដែល​ធ្វើ​ឲ្យ​ទឹក​កក​រលាយ។

ប្រជាជន​នៅ​តំបន់​ទីបេ​និយាយថា​ សីតុណ្ហភាព​នៅ​តំបន់​នោះ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក។ បុរស​ជនជាតិ​ទីបេ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​ ដែល​មិន​ចង់​ឲ្យ​បង្ហាញ​ឈ្មោះ​បាន​និយាយ​ថា នៅ​ពេល​លោក​វិល​ត្រឡប់​មក​ក្រុង​ Lhasa នា​ពេល​ថ្មីៗ​នេះ​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​បាន​ឃើញ​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ទៅ​លើ​របៀប​របប​ស្លៀកពាក់​របស់​ប្រជាជន​នៅ​ទី​នោះ។ លោក​បាន​និយាយ​ថា៖ «កាល​ពី​ពេល​ដែល​ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង Lhasa ខ្ញុំ​កម្រ​ឃើញ​មនុស្ស​ដើរ​ខាង​ក្រៅ​ដោយ​ពាក់​តែ​អាវ​យឺត​ណាស់។ ឥឡូវ​នេះ​ ប្រជាជន​ថែម​ទាំង​ដើរ​ខាង​ក្រៅ​ដោយ​ស្លៀក​ត្រឹមតែ​ខោ​ជើង​ខ្លី​ទៀត​ផង!»។

ទស្សនាវដ្តី ​National Geographic​ បាន​រាយការណ៍​នៅ​ក្នុង​ឆ្នាំ​២០១០​ថា ផ្ទាំង​ទឹកកក​មួយ​ផ្ទាំង​បាន​រួម​តូច​ប្រហែល​៣០០​ម៉ែត្រ​ក្នុង​មួយ​ឆ្នាំ ដែល​ទំហំ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​តារាង​ប្រកួត​បាល់​ឱប​នៅ​សហរដ្ឋ​អាមេរិក។

អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បី​ម្នាក់​របស់​ចិន​ផ្នែក​ការ​ស្រាវជ្រាវ​ផែន​ទឹកកក​ លោក Qin Dahe បាន​និយាយ​ថា​ នៅ​ឆ្នាំ​២០០៩​ ផែន​ទឹកកក​នៅ​តំបន់​ខ្ពង់រាប​ទីបេ​បាន​កំពុង​រលាយលឿន​ជាង​ផែន​ទឹកកក​នៅ​ផ្នែក​ដទៃ​ទៀត​នៃ​ពិភពលោក។ លោក​បាន​ព្រមានថា ក្នុង​រយៈពេល​ខ្លី ការ​រលាយ​នោះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់​ និង​ការ​បាក់​ល្បាប់​ភក់​ច្រើន​ជាង​មុន ហើយ​នៅ​ក្នុង​រយៈ​ពេល​វែង​ «ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​តំបន់​នោះ​នឹង​រង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ»។

អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ព្យាករណ៍​ថា​ ភាគ​ច្រើន​នៃ​ផែន​ទឹកកក​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ (Himalayas) នឹង​រលាយ​បាត់បង់​នៅ​ក្នុង​រយៈពេល​២០ឆ្នាំ​ខាង​មុខ។

តម្រូវការ​ទឹក

ផែន​ទឹកកក​ដែល​រលាយ​ទាំង​នោះ​បាន​ផ្តល់​ជា​ប្រភព​ទឹក​សម្រាប់​ទន្លេ​ធំៗ​ ដែល​ហូរ​កាត់​ប្រទេស​ចិន ឥណ្ឌា​ ប៉ាគីស្ថាន​ បង់ក្លាដែស​ មីយ៉ាន់ម៉ា​ ឡាវ​ ថៃ​ វៀតណាម​ និង​កម្ពុជា។

លោក R. Rangachari ​បណ្ឌិត​កិត្តិយស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ និង​អតីត​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​ឥណ្ឌា​បាន​មាន​ប្រសាសន៍​ថា៖ «ទឹក​ជា​ធនធាន​ដ៏​សំខាន់​បំផុត​ដែល​តំបន់​នេះ​មាន។ តំបន់​នេះ​រួម​មាន​មួយ​ផ្នែក​នៃ​តំបន់​ទីបេ​របស់​ចិន ​ឥណ្ឌា​ ប៊ូតង់ ហើយ​និង​តំបន់​ទាំងអស់​នោះ»។ លោក​បាន​ប្រាប់​ VOA ​ផ្នែក​ផ្សាយ​នៅ​តំបន់​ទីបេ​ថា៖ «ទឹក​ជា​គន្លឹះ​នៃ​ការ​លុប​បំបាត់​ភាព​ក្រីក្រ ផ្តល់​ជា​ថាមពល ​និង​ផ្គត់ផ្គង់​សម្រាប់​កសិកម្ម»។

អតីត​អ្នក​ស្រាវជ្រាវ​លើ​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​ខ្ពង់រាប​ទីបេ​មក​ពី​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​ចិន​បាន​និយាយ​ថា នៅ​ផ្នែក​មួយចំនួន​នៃ​តំបន់​ទីបេ​ ការ​ផ្គត់ផ្គង់​នៃ​ធនធាន​ទឹក​កំពុង​ថយ​ចុះ​រួច​ទៅ​ហើយ​ ហើយ​កម្រិត​ទឹក​នៅ​ក្នុង​ទន្លេ​នានា​ដូច​ជា​ ទន្លេ​យ៉ាងសេ និង​ទន្លេ​លឿង​ក៏​កំពុង​តែ​ធ្លាក់​ចុះ​ដូច​គ្នា។

អតីត​អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «អព្ភូតហេតុ​មួយ​ទៀត​នោះ​គឺ​ ការ​ថយ​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ទៅ​កាន់​ទន្លេ​ធំៗ។ ប្រភព​ទឹក​ចម្បងៗ​នៃ​ទន្លេ​ធំៗ​ទាំង​នោះ​គឺ​មក​ពី​តំបន់​ខ្ពង់រាប​ទីបេ ហើយ​មាន​ការ​ផ្គត់ផ្គង់​ទឹក​តិច​ជាង​មុន​ទៅ​កាន់​មេ​ទន្លេ​ទាំង​នោះ»។

ក្រសួង​ធនធាន​ទឹក​ចិន​បាន​ប្រកាស​កាល​ពី​ឆ្នាំ​២០១៣​ថា មាន​ទន្លេ​តូចៗ​រហូត​ដល់​ទៅ​២៨.០០០​ទន្លេ​នៅ​ប្រទេស​ចិន​បាន​បាត់បង់​រូប​រាង​យ៉ាង​ឆាប់​រហ័ស​នៅ​ត្រឹម​ឆ្នាំ​២០១១។ ទោះបី​ជា​ក្រសួង​នោះ​មិន​បាន​លើក​ឡើង​ពី​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​នោះ​ក៏​ដោយ​ អតីត​អ្នក​ស្រាវជ្រាវ​នៅ​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​បាន​និយាយ​ថា ការ​ឡើង​កម្តៅ​នៅ​តំបន់​ខ្ពង់រាប​ទីបេ​គឺ​ជា​កត្តា​មួយ​ដែល​រូម​ចំណែក​ដល់​ការ​បាត់​បង់​ទន្លេ​ទាំង​នោះ។

អ្នក​ស្រាវជ្រាវ​រូប​នោះ​បាន​និយាយ​ថា «ហេតុផល​សំខាន់​មួយ​ទៀត​គឺ​ ការ​រលាយ​នៃ​ដី​កំណក» ដែល​បង្ក​ឲ្យ​មាន​ការ​ច្រោះ​ទឹក​ចូល​ទៅ​ខាង​ក្រោម​ដី​កាន់​តែ​ច្រើន​។ វា​ដូច​ពេល​ដែល​អ្នក​មាន​អេប៉ុង​ក្រាស់​ជាង​មុន​អញ្ចឹង»។

ការ​សិក្សា​ចុង​ក្រោយ​បង្អស់​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​បាន​ព្យាករណ៍​ថា ​ជាង​៨០ភាគរយ​នៃ​ដី​កំណកនៅ​តំបន់​ខ្ពង់រាប​ទីបេ​អាច​នឹង​ត្រូវ​រលាយ​បាត់​បង់​នៅ​ឆ្នាំ​២១០០​ ហើយ​ថា ប្រហែល​៤០​ភាគរយ​នៃ​ដី​កំណក​នោះ​នឹង​ត្រូវ​រលាយ​បាត់​នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី។

​កំណើន​ហានិភ័យ​នៃ​ជម្លោះ

ការ​ប្រែប្រួល​ផ្សេងៗ​នៅ​តំបន់​ខ្ពង់រាប​ទីបេ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ពី​លទ្ធភាព​នៃ​ការ​កើត​មាន​ជម្លោះ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ទឹក ជា​ពិសេស​រវាង​ប្រទេស​ចិន និង​ឥណ្ឌា។

នៅ​ស្រប​ពេល​ដែល​ការ​ប្រែប្រួល​ខ្លាំង​នៃ​បរិស្ថាន​តំបន់​ទីបេ​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ឡើង ចិន​បាន​បង្កើន​ការ​សាងសង់​ទំនប់​នៅ​តាម​ដង​ទន្លេ​ ដែល​ហូរ​ចេញ​ពី​តំបន់​ខ្ពង់រាប​ទីបេ​ ទោះ​បី​ជា​មាន​ការ​រអ៊ូ​រទាំ​ពី​បណ្តា​ប្រទេស​នៅ​តំបន់​ខាង​ក្រោម ដែល​ទទួល​ផល​រួម​ពី​ទន្លេ​ទាំងនោះ​ក៏​ដោយ។

តាម​ពិត​ទៅ​ មាន​តែ​ទន្លេ​សាវីន ឬ​ទន្លេ ​Gyalmo Ngulchu​ តែ​មួយ​គត់​នៅ​តំបន់​ទីបេ​ដែល​មិន​ត្រូវ​បាន​រំខាន​ដោយ​ទំនប់​វារីអគ្គិសនី​ធំៗ​ទាំង​នោះ។ ទំនប់​វារី​អគ្គិសនី​ធំ​មួយ​ត្រូវ​បាន​សាងសង់​ឡើង​នា​ពេល​ថ្មីៗ​នេះ នៅ​តាម​ដង​ទន្លេ ​Yarlung Tsangpo ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ដល់​ទន្លេ​ប្រាម៉ាភូត្រា​ (Brahmaputra) នៅ​ប្រទេស​ឥណ្ឌា។

លោក​ Rangachari ​បាន​និយាយ​ថា​ ឥណ្ឌា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​មុតមាំ​ទៅ​លើ​បញ្ហា​ទឹក។ លោក​បាន​មាន​ប្រសាសន៍​ថា «គ្មាន​នរណា​ចង់​លះបង់​សិទ្ធិ​របស់​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ទេ យើង​ធ្វើ​អ្វី​ដែល​អ្នក​ដទៃ​ទៀត​កំពុង​ធ្វើ។ ព្រំដែន​នយោបាយ​ប្រហែល​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ ប៉ុន្តែ​ព្រំដែន​ភូមិសាស្ត្រ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​អាទិទេព»។

ប្រជាជន​ទីបេ​កំពុង​តែ​អំពាវនាវ​ឲ្យ​មានការ​ធ្វើ​អន្តរាគមន៍​ជា​អន្តរជាតិ​ និង​ការ​យកចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​លើ​តំបន់​ខ្ពង់រាប​ទីបេ​ ដោយ​ពួក​គេ​និយាយ​ថា ទឹក​នឹង​ក្លាយ​ជា​ប្រេង​នា​ពេល​បន្ទាប់​ ហើយ​វា​អាច​ជា​ធនធាន​មួយ​ដែល​មនុស្ស​ដណ្តើម​គ្នា។

លោក ​Lobsang Sangay ​ប្រមុខនៃ​រដ្ឋបាល​ទីបេ​និរទេស (Tibetan Administration in Exile) បាន​និយាយ​ថា៖ «ទីបេ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ពីព្រោះ​ក្រុម​អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា កាល​ពីមុន​សង្រ្គាម​កើត​ឡើង​ពាក់ព័ន្ធ​នឹង​ទឹកដី​ ប៉ុន្តែ​សព្វថ្ងៃ​នេះ ​សង្រ្គាម​បាន​កើត​ឡើង​ពាក់ព័ន្ធ​នឹង​ថាមពល ហើយ​នា​ពេល​ឆាប់ៗ​នេះ នឹង​មាន​សង្រ្គាម​ពាក់ព័ន្ធ​នឹង​ទឹក»។

រដ្ឋាភិបាល​ទីបេ​និរទេស​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​កោះ​ហៅ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន ​ទៅ​លើ​បរិស្ថាន​នៃ​តំបន់​ដែល​ជា​ដំបូល​ពិភពលោក​ នៅ​ឯ​កិច្ចប្រជុំកំពូល​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស។

កាល​ពី​ខែ​កញ្ញា ​មេដឹកនាំ​ខាង​ផ្លូវ​ចិត្ត​ដែល​កំពុង​និរទេស​ខ្លួន​ សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា (Dalai Lama) ក៏​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ធ្វើ​ការ​ផ្តោត​អារម្មណ៍​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ដល់​ការ​ប្រែប្រួល​នៃ​បរិស្ថាន​ ដែល​កំពុង​តែ​កើត​មានឡើង​នៅ​ក្នុង​ស្រុក​កំណើត​របស់​ព្រះ​អង្គ។

សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ បាន​មាន​សង្ឃដីកានៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ថា៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​ជីវិត​មនុស្ស​រាប់​ពាន់​លាន​នាក់»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG