ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​សម្រេច​បន្ត​បង្ហូរ​ទឹក​ដល់​កម្ពុជា​និង​ប្រទេស​មេគង្គ​ក្រោម


រូបឯកសារ៖ សាឡាង​ដឹក​​ជញ្ជូន​អ្នក​ភូមិ​ សិស្ស និង​មន្ត្រី​រាជការ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​អរិយក្សត្រ​ដែល​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ ខណៈ​ដែល​ព្រះអាទិត្យ​រៀប​លិច​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ័​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)
រូបឯកសារ៖ សាឡាង​ដឹក​​ជញ្ជូន​អ្នក​ភូមិ​ សិស្ស និង​មន្ត្រី​រាជការ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​អរិយក្សត្រ​ដែល​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​មេគង្គ ខណៈ​ដែល​ព្រះអាទិត្យ​រៀប​លិច​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ័​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥។ (AP Photo/Heng Sinith)

នេះ​គឺ​ជា​លើក​ទី​បី ​ដែល​រដ្ឋាភិបាល​ចិន​ព្រម​បន្ត​បង្ហូរ​ទឹក​មក​ក្នុង​ប្រទេស​ស្ថិត​តំបន់​ទន្លេ​មេគង្គ។

ប្រទេស​ចិន​បាន​យល់​ព្រម​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ សម្រាប់​ការ​បន្ត​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារីអគ្គិសនីរបស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ទន្លេ​មេគង្គ​ក្រោម ​ខណៈ​ដែល​គ្រោះ​រាំង​ស្ងួត​បាន​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់នេះ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។​

​ការ​យល់​ព្រម​របស់​ភាគី​ចិន​នេះ កើត​មាន​ផង​ដែរ​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ច័ន្ទ​ម្សិល​មិញ​នេះ​ ថា​លោក​បាន​ស្នើ​ឲ្យ​ភាគី​ចិនបន្ត​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ជីងហុង​មក​កាន់​ប្រទេស​ស្ថិត​ក្នុង​តំបន់​ទន្លេ​មេគង្គ។​

លោក​ ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ភាគី​ចិន​បាន​យល់​ព្រម​បន្ត​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារី​អគ្គិសនី​របស់​ខ្លួន។​ នេះ​គឺ​ជា​លើក​ទី​បី ​ដែល​រដ្ឋាភិបាល​ចិន​ព្រម​បន្ត​បង្ហូរ​ទឹក​មក​ក្នុង​ប្រទេស​ស្ថិត​តំបន់​ទន្លេ​មេគង្គ។​ ការ​បង្ហូរ​លើក​ទី​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មករា​ រហូត​ដល់​កុម្ភៈ​ និង​លើក​ទី​ពីរ​ ​ពី​ថ្ងៃ​ទី​១៥​ មីនា​ មកដល់​ថ្ងៃ​ទី​ ១០​ ខែ​មេសា​។​ ​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ថ្លែង​ប្រាប់​ VOA ថា៖

«រដ្ឋាភិបាល​ចិន​បាន​សម្រេច​ បាន​សម្រេច​បន្ត​បង្ហូរ​ទឹក​ ទន្លេ​មេគង្គ​ហ្នឹង​បន្ត​ទៅ​ទៀត​ បាន​ន័យ​ថា​ នៅ​ពេល​ដែល​ផុត​ថ្ងៃ​១០​ហ្នឹង​ ចូល​ថ្ងៃ​១១​មេសា​ហ្នឹង​គឺ​ ភាគី​ចិន​គឺ​នៅ​តែ​បន្ត​បង្ហូរ​ទឹក​ទន្លេ​មេគង្គ​ហ្នឹង​ ចូល​មក​មេគង្គ​ក្រោម​បន្ត​ទៀត‍»។

លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ ថា​រដ្ឋាភិបាល​ចិន​នឹង​បញ្ឈប់​ការ​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​ នៅ​ពេល​ណា​នោះ។​ ​

រដ្ឋាភិបាល​ចិន​បាន​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​ជីងហុង​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​កន្លង​ទៅនេះ​ ដើម្បីជួយ​សម្រាល​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ភាព​រាំងស្ងួត​នៅ​ក្នុង​ប្រទេស​តំបន់​មេគង្គ​ក្រោម​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

​លោក សម វិទូ​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ (CDAC)​ ថ្លែង​ថា​ គ្រោះ​រាំង​ស្ងួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​នេះ​ គឺ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​នៅ​ទូទាំង​សាកលលោក។​ លោក​បញ្ជាក់​ថា ​កង្វះ​ប្រព័ន្ធ​តភ្ជាប់​ទៅ​ប្រឡាយ​មេ​ដែល​ជាប់នឹង​ជាប់​ទន្លេ​ អាចបង្ក​ផលវិបាក​ដល់​ការ​ទាញ​យក​ទឹក​ដែល​បង្ហូរ​ពី​ប្រទេស​ចិន​ ហើយ ​កង្វះ​ប្រព័ន្ធ​ប្រកាស​ភាព​អាសន្ន​អាច​នឹងធ្វើ​ឲ្យ​ដំណាំ​កសិករ​នៅ​មាត់​ទន្លេ​ជួប​ការ​ជន់​លិច។

លោក សម វិទូ ពន្យល់​ថា៖

«យើង​អា​ការ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ទន្លេ​ហ្នឹង​ជាមួយ​ប្រឡាយ​មេ​របស់​យើង​ គឺ​អត់​មាន​ទេ​ ហើយ​មាន​ មាន​តិចតួច​ណាស់​ ដែល​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ទាញ​ទឹក​យក​មក​ប្រើប្រាស់​បាន​បាទ។​ អា​ហ្នឹង​ទី​មួយ​ ហើយ​ ទី​ពីរ​តំបន់​ខ្លះ​ដែល​គាត់​កំពុង​ដាំ​ដំណាំ​នៅ​តាម​មាត់​ទន្លេ​ ឬ​អី​ហ្នឹង​ ប្រសិន​បើ​យើង​អត់​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​អី​ទេ​ វា​អាច​ទឹក​ធ្វើ​ឲ្យ​ជន់​ខូច​ដំណាំ​របស់​គាត់​វិញ»។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​រៀបចំ​ប្រព័ន្ធ​ស្រោច​ស្រព​ឲ្យ​បាន​ច្រើន​ ដូច​ជា​ការ​កសាង​បន្ថែម​ប្រឡាយ​តូចៗ​ សម្រាប់​តភ្ជាប់​ទៅ​នឹង​ប្រឡាយ​មេ​ធំៗ​ ដែល​ការណ៍​នេះ​ អាច​ជួយ​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត​ ដែល​នឹង​អាច​អូស​បន្លាយ​ទៅ​ដល់​ឆ្នាំ​ខាង​មុខ​ទៀត។​ លោក​សង្កត់​ថា ខេត្ត​ដែល​កំពុង​រង​ផង​ប៉ះពាល់​ខ្លាំង​ពី​គ្រោះ​រាំងស្ងួត​នៅ​ពេល​នេះ​ គឺ​ជា​ខេត្ត​ផលិត​ស្រូវ​ធំៗ​របស់​កម្ពុជា។ ខេត្ត​ទាំង​នោះ​រួម​មាន​ ខេត្ត​កំពង់ស្ពឺ​ ព្រៃវែង​ តាកែវ​ និង​ខេត្តកំពង់ធំ។​ ​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ព្រះវិហារ​ នៅ​ក្នុង​ខេត្ត​ព្រៃវែង​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ លោក​បាន​ស្នើ​ឲ្យ​ភាគី​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​លើ​ បើក​ការ​បង្ហូរ​ទឹក​មក​កាន់​ប្រទេស​ក្នុង​តំបន់​មេគង្គ​ក្រោម​ផង​ដែរ​ ដើម្បី​សម្រួល​ដល់​ការ​រាំងស្ងួត​ក្នុង​តំបន់​នេះ​ ក្រៅ​ពី​ការ​ស្នើ​សុំ​រដ្ឋាភិបាល​ចិន​ឲ្យបើក​ទំនប់​បង្ហូរ​ទឹក​ចេញ​នេះ។​

លោក ហ៊ុន សែន ថ្លែង​ថា៖

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ភូមា​ ប្រទេស​មីយ៉ាន់ម៉ា​ ប្រទេស​ថៃ​ និង​ប្រទេស​ឡាវ​ កុំ​ទប់​ស្កាត់​ទឹក​នឹង​ច្រើន​ពេក ដើម្បី​ទម្លាក់​ឲ្យ​មក​ដល់​កម្ពុជា​ និង​វៀតណាម​ផង​ដែរ វៀតណាម​ផង​ដែរ។»​

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​សាងសង់​ និង​សំណង់​ទំនប់​វារីអគ្គិសនី​ធំៗ​ ដូច​ជាគម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​ (Don Sahong) ក្នុង​ប្រទេស​ឡាវ​និងមិន​អាច​ជា​មូលហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​នោះ​ទេ​ តែ​មូលហេតុ​ចម្បង​នោះ​ គឺ​ការ​ធ្លាក់​ភ្លៀង​ដែល​មាន​ភាពមិន​ប្រក្រតី។​

«បញ្ហា​មាន​ទឹក​ ឬ​អត់​ទឹក​ វា​ក៏​ចំណុះ​នៅ​លើ​មេឃ​ នៅ​លើ​មេឃ​ឯ​ណោះ។​ ប៉ុន្តែ​មេឃ​របស់​យើង​នេះ​ វា​នាំ​ទឹក​ភ្លៀង​ទៅ​ធ្លាក់​កន្លែងណា​ ដែល​វា​ គេ​មិន​ត្រូវការ​រហូត​ដល់​ស្លាប់​មនុស្ស​ទៀត​ផង។​ ព្យុះ​កន្លង​ទៅ​នៅ​ហ្វីលីពីន​ ក៏​ប្រទះ​នឹង​ព្យុះ​ ហើយ​នៅ​ប្រទេស​ឥណ្ឌា​ នៅ​ប្រទេស​ប៉ាគីស្តង់​ (ប៉ាគិស្ថាន) ទៅ​ជា​មាន​ទឹក​ជំនន់​ ​ទៅ​មាន​ទឹកជំនន់​ទៅ​កន្លែង​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ជន់​ ទៅ​ប្រទេស​ឯ​ហ្នុង​វិញ។​ ឯ​យើង​នេះ​ ដែល​ធ្លាប់​មាន​ទឹក​ជំនន់​ធ្លាប់​មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​បែរ​ជា​អត់​ទឹក។»​

កាល​ពី​ខែ​មីនា​កន្លង​ទៅ​ គណៈកម្មការ​ទន្លេ​មេគង្គ​បាន​បង្ហាញ​ ការ​សាទរ​និង​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារី​អគ្គិសនី​ដើម្បី​ជួយ​សម្រាល​បញ្ហា​រាំង​ស្ងួត​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ។​ ប្រទេស​ស្ថិត​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដែល​កំពុង​ជួប​ប្រទះ​នឹង​ភាព​រាំងស្ងួត​នោះ​ រួម​មាន​ប្រទេស​កម្ពុជា ​ថៃ​ ឡាវ​ និង​វៀតណាម។​

VOA ​ព្យាយាម​ទាក់​ទង​លោក​ ចាន់ យុទ្ធថា​ អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់ទិន​ផែនការ​ឆ្លើយ​តប​ចំពោះ​ការ​ត្រៀម​ជួយ​ប្រជាកសិករ​ ប្រសិន​បើ​ទឹក​ដែល​បង្ហូរ​ពី​ប្រទេស​ចិន​នោះ​ មិន​អាច​រួម​ចំណែក​ដល់ការ​សម្រាល​គ្រោះ​រាំង​ស្ងួត​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ គ្មាន​អ្នក​ទទួល។​

លោក​ ហ៊ីង ហុន​ ប្រធាន​បណ្តាញ​កសិករ​ធម្ម​ជាតិ​ក្នុង​ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ​ មាន​ប្រសាសន៍​ថា​ ស្ថានភាព​រាំង​ស្ងួត​ឆ្នាំ​នេះ​ គឺ​អាក្រក់​ជាង​ឆ្នាំ​មុន​ ដោយសារ​តែ​ប្រជាកសិករ​នៅ​ពេល​នេះ​ ពុំ​ទាន់​មាន​លទ្ធភាព​ធ្វើ​ការ​ដាំដុះ​បានទេ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។​ លោក​បញ្ជាក់​ថា​ បើ​ទោះ​ជា​ប្រទេស​ចិន​បាន​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឧត្តុង្គ​នៅ​មាន​ក្តី​បារម្ភ​អំពី​អវត្តមាន​នៃ​ភ្លៀង​កក់​ខែ​ ដែល​គួរ​តែ​កើត​មាន​នៅ​ក្នុង​ខែ​នេះ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​អ្នក​ជំនួញ​ធំៗ​ ចូលរួម​ចំណែក​ជួយ​ប្រជាពលរដ្ឋ​ ប្រសិន​បើ​ពុំ​មាន​ភ្លៀង​កក់ខែ​ច្រើន​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ ទៅ​បី​ខែ​ទៀត។​ ​

«ខ្ញុំ​ចង់​សំណូមពរ​ដែរ​ ទី​មួយ​គឺ​រដ្ឋាភិបាល​ ឬក៏​ក្រសួង​ណា​ ឧកញ៉ា​ណា​ ឯកឧត្តម​ណា​ ដើម្បី​ត្រៀម​ សម្រាប់​ដល់​ពេល​ ពីរ​ បី​ខែ​ហ្នឹង​ណ៎ា។​ ពីរ បី​ខែទៅ​មុខ​ហ្នឹង បើ​អត់​កក់​ខែ​ទេ​ ឲ្យ​គាត់​ត្រៀម​ដើម្បី​ថា​ដឹក​ទឹក​ ដឹក​អី​ជួយ​ ​ជួយ​កសិករ​ហ្នឹង​ណ៎ាដែល​គាត់​ខ្វះខាត​ទឹក​ណ៎ា»។​

លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ជីក​ស្រះ​ធំៗ​នៅ​តាម​ភូមិ ឃុំ​ ដើម្បី​ស្តុក​ទឹក​ ប្រយោជន៍​ជួយ​ដល់​ប្រជាកសិករ​ មាន​ទឹក​ប្រើប្រាស់​ និងស្រោចស្រព​ដំណាំ​របស់​ខ្លួន ជា​ជាង​តែ​ការ​ពឹង​ផ្អែក​ទាំង​ស្រុងទៅលើ​ទឹក​ភ្លៀង។​

ដោយឡែក​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ អំពី​ការ​កើន​កម្តៅ​ខ្លាំង​ពី​ថ្ងៃ​ទី​១១​ ដល់​ថ្ងៃ​ទី​១៧​ខែ​មេសា​នេះ។​ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ បាន​ឲ្យ​ដឹង​ថា​ តំបន់​វាល​ទំនាប​ សីតុណ្ហភាព​អតិបរមា​ នឹង​មាន​ពី​៣៧​ ទៅ​៤០​ អង្សារ​សេ តំបន់​មាត់​សមុទ្រ​ សីតុណ្ហភាព​អតិបរមា​នឹង​មាន​ពី​៣៤​ ទៅ​៣៧​អង្សារ​សេ និង​តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​នឹង​មាន​ពី​៣៦ ទៅ​៣៩​អង្សារ​សេ៕

XS
SM
MD
LG