ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ប្រជុំ​​សប្តាហ៍​នេះ ដើម្បី​ស្វែង​រក​ច្រក​ចេញ​ថ្មី​សម្រាប់​វិបត្តិ​មីយ៉ាន់ម៉ា


រូបឯកសារ៖ បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​ស្លាកសញ្ញា​អាស៊ាន​នៅ​សណ្ឋាគារ​មួយ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​ស្លាកសញ្ញា​អាស៊ាន​នៅ​សណ្ឋាគារ​មួយ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​អាស៊ាន​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​តុលា ឆ្នាំ​២០២២​នេះ ដើម្បី​ស្វះ​ស្វែង​រក​មធ្យោ​បាយ​ថ្មី​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​Reuters កាលពី​ថ្ងៃ​អាទិត្យ។

កិច្ច​ពិភាក្សា​នៅ​ទីក្រុងហ្សាការតា​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​អនុវត្ត​នូវចំ​ណុច​ឯកច្ឆន្ទ​ ៥ របស់​មេដឹកនាំ​អាស៊ាន ដែល​រួម​មាន​ទាំង​មេដឹក​នាំ​យោធា​ភូមា​ផង កាល​ពី​ខែ​មេសា ឆ្នាំ​មុន ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​ក្រុម​យោធា​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២១​ មក។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នា​សប្តាហ៍​នេះ ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​មេដឹកនាំ​កំពូល​របស់​សមាគម​មួយ​នេះ ដែល​ធ្វើ​ឡើង​នា​ខែ​វិច្ឆិកា​ខាង​មុខ ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជុំ សុន្ទរី អ្នកនាំក្រសួង​ការបរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​ចន្ទ​នេះ។

អ្នក​ស្រាវ​ជ្រាវ​នៅវិ​ទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហប្រតិ​បត្តិ​ការ​ និងស​ន្តិ​ភាព​ លោក វណ្ណ ប៊ុនណា យល់​ថា​កិច្ច​ប្រជុំ​ពិភាក្សា​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ​ ជា​ការ​ជួប​ជុំស្វែង​រក​មធ្យោ​បាយ​ថ្មី​សម្រាប់​ការ​ដោះ​ស្រាយវិបត្តិ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា ខណៈ​ថា​វា​អាច​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២៣។ អ្នកស្រាវ​ជ្រា​វ​រូប​នេះ​ជំរុញ​ឱ្យ​អាស៊ាន​មាន​ចំណាត់​ការ​ជាក់​លាក់​ទៅ​លើ​មេដឹកនាំ​យោធា​ភូមា​តាម​រយៈ​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​របប​សឹក​ភូមា​ឱ្យ​នៅ​ឯកោ​ ឈាន​ដល់​ការ​ព្យួរ​សមាជិក​ភាព​ពី​សមាគម​អាស៊ាន និង​ប្រើ​ប្រាស់​យន្ត​ការ​របស់​អាស៊ាន​ជាមួយ​យន្តការ​អង្គ​ការ​សហប្រជាជាតិផង​ដែរ។

លោក​ថ្លែង​ថា៖ «អាស៊ាន​ប្រហែល​ជា​ចង់​ប្តូរ​ជំហរ​ថ្មី​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។ អាច​ជា​ជម្រើ​សមួយ​ដែរ​នៅ​ក្នុង​ព្យួរ​សមាជិក​ភាពរ​បស់​មីយ៉ាន់​ម៉ា​ ហើយ​ក៏​មាន​នីតិ​វិធី​ផ្សេង​ទៀត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផង​ដែរ។ ប៉ុន្តែ​ជារួម​ ការ​ព្យួរ​សមាជិក​ភាព គឺ​វា​នៅ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពិ​ចារណា​របស់​មេដឹកនាំ​អាស៊ាន»។

ដោយ​សារ​មិន​មាន​ការ​វិវឌ្ឍ​នៃ​ចំណុច​ឯកច្ឆន្ទ​ទាំង​ ៥ ទៅ​លើ​បញ្ហា​មីយ៉ាន់ម៉ា មេដឹកនាំ​អាស៊ាន​ទាំង​ ៩ ​ប្រទេស​ទៀត​មិន​អាច​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស និង​មេដឹកនាំ​យោធា​របស់​របប​សឹកមីយ៉ាន់ម៉ា ចូល​រួម​ប្រជុំ​នានា​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឡើយ រួម​មាន​ទាំង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​កំពូល​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត មាស នី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អាស៊ាន​ត្រូវ​តែ​មាន​ចំណាត់​ខ្លាំង​ជាង​នេះ​ដាក់​ទៅ​លើ​របប​សឹក​ភូមា ខណៈ​បើ​នៅ​តែប្រើ​ប្រាស់​យន្តការ​ដោះ​ស្រាយ​ដដែល​ នោះ​នឹង​នាំ​ឱ្យ​ជា​គំរូ​អាក្រក់​ដល់​ស​មាជិក​ផ្សេង​ទៀត​ធ្វើ​នូវ​អំពើ​ដូ​ច​មេដឹកនាំ​យោ​ធា​ភូមា​ ដែល​នាំ​ឱ្យ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​លោក​ខាង​លិច​កាន់​តែ​មាន​បញ្ហា។

អ្នក​វិភាគ​រូប​នេះ​អះអាង​ថា​អ្វី​ដែល​អាស៊ាន​អាច​ធ្វើ​បាន គឺ​ជំរុញ​ឱ្យ​របប​សឹក​ភូមា​អនុវត្ត​ទៅ​តាម​កិច្ច​ព្រម​ព្រៀ​ង​៥​ចំណុច​តាម​រយៈ​ការ​បញ្ជាក់​នូវ​ជំហរ​របស់​អាស៊ាន​សាជា​ថ្មី ការ​ព្យួរ​សមាជិក​ភាព​របស់​ភូមា​ជា​បណ្តោះ​អាសន្ន និង​រួម​គ្នា​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរ​ជាតិ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​មេដឹក​នាំ​យោ​ធា។

លោក​ថ្លែង​ថា​៖ «ប្រសិន​បើ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​រឹង​ទទឹង​នូវ​អ្វី​ដែល​ជា​ការ​ស្នើ​សុំ​របស់​សមា​គមន៍​អាស៊ាន ខ្ញុំ​គិត​ថា​ជម្រើស​នៃ​ការ​ព្យួរ​សមាជិក​ភាព​អាច​នឹង​ចេញ​រួច​ ហើយ​ទុក​រហូត​ដល់​ភូមា​សម្រេច​ចិត្ត​វិល​ត្រឡប់​វិញ ឬ​ស្ថាន​ការណ៍​នយោបាយ​នៅ​ភូមា​ត្រូវ​បាន​ដោះ​ស្រាយ​រួច»។

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​ ៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បីផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

XS
SM
MD
LG