នៅថ្ងៃពុធនេះ របបយោធាមីយ៉ាន់ម៉ាបានព្រលះដាក់សមាគមអាស៊ាន (ASEAN) ថាមិនបានបញ្ចូលថ្នាក់ដឹកនាំយោធារបស់ខ្លួននៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់អាស៊ានថាបានរង «សម្ពាធពីខាងក្រៅ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
បណ្ដាប្រទេសជាសមាជិកអាស៊ានបានថ្កោលទោសជាបន្តបន្ទាប់លើរបបយោធាមីយ៉ាន់ម៉ា ដោយពួកគេបានបញ្ជាក់ថា របបយោធានេះបានបរាជ័យនៅក្នុងការធ្វើឱ្យមានការវិវឌ្ឍទៅមុខនៃផែនការសន្តិភាពដែលបានឯកភាពជាមួយនឹងអាស៊ានកាលពីឆ្នាំមុន។ ចំណុចមួយចំនួននៅក្នុងផែនការសន្តិភាពនោះតម្រូវឱ្យរបបយោធាមីយ៉ាន់ម៉ាប្រឡូកជាមួយនឹងគូប្រជែងនិងបញ្ឈប់អរិភាព។
កន្លងមក អាស៊ានបានរារាំងថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំនានារបស់ខ្លួន ហើយរបបយោធាមីយ៉ាន់ម៉ាបានបដិសេធនូវសំណើរបស់អាស៊ានដែលចង់ឱ្យខ្លួនបញ្ជូនអ្នកតំណាងមិនមែនយោធាទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។
អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃពុធនេះថា៖ «ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះគេមិនគួរហៅកិច្ចប្រជុំនោះថាជាកិច្ចប្រជុំកំពូលអាស៊ាននោះទេ»។ លោកបានបន្ថែមថា មីយ៉ាន់ម៉ាកំពុងធ្វើការលើការអនុវត្តផែនការសន្តិភាពនេះ។
លោកបានលើកឡើងថា៖ «អ្វីដែលអាស៊ានចង់បានគឺឱ្យយើងជួបនិងនិយាយជាមួយនឹងពួកភេរវករ»។ របបយោធាមីយ៉ាន់ម៉ាប្រើពាក្យ «ភេរវករ» នេះចង់សំដៅលើចលនាគាំទ្រប្រជាធិបតេយ្យដែលបានងើបប្រឆាំងនឹងខ្លួន។
លោក Zaw Min Tun បានបញ្ជាក់បន្ថែមថា អាស៊ានបានរំលោភលើគោលនយោបាយរបស់ខ្លួននៃការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ និងថាអាស៊ានកំពុងប្រឈមនឹង «សម្ពាធពីខាងក្រៅ»។
យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីឆ្នាំមុន ហើយតាំងពីពេលនោះមកបានបង្ក្រាបយ៉ាងចាស់ដៃលើក្រុមអ្នកប្រឆាំង។ នៅពេលថ្មីៗនេះ របបយោធានេះបានរងការរិះគន់ខ្លាំងក្លាដោយសារតែខ្លួនបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤ នាក់ និងកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារបន្ថែមទៀត៕